ជនជាតិភាគតិចជង ៣ឃុំ រស់នៅក្នុងតំបន់ពាក់ព័ន្ធគម្រោងសង់ទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែង ក្នុងស្រុកថ្មបាំង ខេត្តកោះកុង គ្រោងដាក់ញត្តិទៅសាលាខេត្តកោះកុង នៅថ្ងៃច័ន្ទ ទី៣១ ខែមីនា បំណងទាមទារឲ្យបញ្ឈប់គម្រោងទំនប់វារីអគ្គិសនី ហើយប្ដូរទៅជាតំបន់ទេសចរណ៍ធម្មជាតិវិញ។
តំណាងឲ្យជនជាតិភាគតិចជង លោក ឌឹម គុនឌី ថ្លែងថា ជនជាតិជង ២០០នាក់ ប្រើម៉ូតូ ១០០គ្រឿង នៅថ្ងៃទី៣១ ខែមីនា នឹងចេញដំណើរពីភូមិជំនាប់ ទៅដាក់ញត្តិនៅសាលាខេត្តកោះកុង។ លោកបន្តថា ជនជាតិជង មិនចង់ឲ្យបាត់បង់ព្រៃធម្មជាតិចុងក្រោយ ដែលកំពុងគ្របដណ្ដប់ភ្នំក្រវាញ ភាគកណ្ដាលទេ៖ «ដើម្បីដាក់ញត្តិទៅស្ថាប័ននានាដែលពាក់ព័ន្ធនឹងអាគម្រោងទំនប់វារីអគ្គិសនី និងដើម្បីផ្សព្វផ្សាយឲ្យគេដឹងថា ប្រជាពលរដ្ឋនៅក្នុងតំបន់អារ៉ែង មិនត្រូវការទំនប់វារីអគ្គិសនី ហើយនិងចង់ឲ្យគេដឹងច្បាស់ថា ប្រជាពលរដ្ឋនៅក្នុងតំបន់អារ៉ែង សុទ្ធសឹងតែជាជនជាតិដើមភាគតិចជង។ គាត់ត្រូវការការអភិវឌ្ឍ ប៉ុន្តែមិនអភិវឌ្ឍជាទំនប់វារីអគ្គិសនីទេ។ គាត់ចង់បានជាតំបន់ទេសចរណ៍ធម្មជាតិ ដោយសារនៅក្នុងតំបន់អារ៉ែង ហ្នឹងមានតំបន់ទេសចរណ៍ច្រើនកន្លែង»។
ទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែង នឹងផលិតបានថាមពលអគ្គិសនីបាន ១០៨មេហ្គាវ៉ាត់ នៅក្នុងរដូវវស្សា។ តែបើនៅរដូវប្រាំង ថាមពលអគ្គិសនីផលិតបានតែ ៦០មេហ្គាវ៉ាត់ទេ។ គម្រោងទំនប់នោះ បានសិក្សាផលប៉ះពាល់តាំងពីឆ្នាំ២០០៦ ដោយក្រុមហ៊ុនមកពីប្រទេសចិន ឈ្មោះ ឆាយណា ផៅវើ ហ្រ្គីដ (China Power Grid) បន្ទាប់មកមានក្រុមហ៊ុនចិន ថ្មីឈ្មោះ ឆាយណា ហ្គ័ទៀន ហាយដ្រូផៅវើ (China GOUDIAN Hydropower) ចុះសិក្សាបន្ត។
ទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែង បើសង់នឹងត្រូវប្ដូរលំនៅជនជាតិភាគតិចជង ចំនួន ៦០០គ្រួសារ ប្ដូរចេញពីឃុំចំនួន៣ គឺឃុំជំនាប់ ឃុំថ្មដូនពៅ និងឃុំប្រឡាយ ទៅនៅតំបន់ផ្សេងដែលជាផ្លូវដំរីដើរ។
ប្រភពពីមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ឲ្យដឹងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ថា ទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែង តាមការលើកគម្រោងសាងសង់ គ្រោងចំណាយថវិកាអស់ជាង ៤០០លានដុល្លារ គិតទាំងសំណង ការអូសខ្សែ និងផលប៉ះពាល់ផ្សេងទៀត។ លោកថា គម្រោងទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែង កំពុងសិក្សានាពេលបច្ចុប្បន្ន ដោយក្រុមហ៊ុនថ្មីមួយទៀតឈ្មោះ ស៊ីនណូហាយដ្រូ រីសស (Sinohydro resources)។ ការសិក្សាថ្មីនេះ គឺឲ្យលម្អិត និងស៊ីជម្រៅពីផលប៉ះពាល់ធនធានព្រៃឈើ និងមនុស្សក្នុងតំបន់។ រដ្ឋាភិបាលកម្ពុជា មិនទាន់ចុះហត្ថលេខាប្រគល់ឲ្យក្រុមហ៊ុនណាមួយ ចូលសង់ទំនប់វារីអគ្គិសនីនៅតំបន់ស្ទឹងអារ៉ែង នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
