ផលិតករ​ហួស​ចិត្ត​នឹង​ក្រសួង​វប្បធម៌​មិន​អនុញ្ញាត​ឲ្យ​បញ្ចាំង​វីដេអូ​ឯកសារ​ជីវិត​លោក ឈុត វុទ្ធី

0:00 / 0:00

ផលិតករ​បរទេស​ដែល​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​ស្ដីពី​ជីវិត​របស់​អតីត​អ្នក​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០១២ សម្ដែង​ការ​ហួស​ចិត្ត​ចំពោះ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ​តាម​ការ​គ្រោង​ទុក នៅ​មជ្ឈមណ្ឌល​មេត្តា​ហោស៍ (Meta House)។ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អះអាង​ថា មជ្ឈមណ្ឌល​មេត្តា​ហោស៍ មិន​បាន​សុំ​ច្បាប់​ពី​ក្រសួង​ជា​មុន​ឡើយ។

ពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​ដែល​គ្រោង​ចូលរួម​ទស្សនា​ខ្សែ​ភាពយន្ត​ឯកសារ ស្ដីពី​ជីវិត​របស់ លោក ឈុត វុទ្ធី នៅ​ថ្ងៃ​ទី​២០ មេសា នឹង​មិន​បាន​ទស្សនា​ដូច​បំណង​ឡើយ ដោយសារ​តែ​ការ​ហាមប្រាម​មិន​ឲ្យ​បញ្ចាំង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ថៃ នរៈសត្យា ថ្លែង​នៅ​ថ្ងៃ​ទី​១៨ មេសា ថា មូលហេតុ​ដែល​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​មេត្តា​ហោស៍ ដាក់​បញ្ចាំង​ភាពយន្ត លោក ឈុត វុទ្ធី ដោយសារ​មេត្តា​ហោស៍ មិន​បាន​សុំ​អនុញ្ញាត​ច្បាប់​ពី​ក្រសួង។ លោក​ថា ទង្វើ​នេះ គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​របស់​កម្ពុជា និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ចុះ​រវាង​ក្រសួង​វប្បធម៌ និង​មជ្ឈមណ្ឌល​មេត្តា​ហោស៍ ក្នុង​ពេល​កន្លង​ទៅ។

លោក ថៃ នរៈសត្យា បញ្ជាក់​ថា ការ​មិន​អនុញ្ញាត​នេះ គឺ​មិន​មាន​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​អ្វី​ផ្សេង ក្រៅ​តែ​ពី​ផ្លូវ​ច្បាប់​ឡើយ។ មាន​ន័យ​ថា វា​មិន​មែន​ដោយសារ លោក ឈុត វុទ្ធី គឺ​ជា​សកម្មជន​ការពារ​បរិស្ថាន ដែល​ធ្លាប់​រិះគន់​សកម្មភាព​របស់​រដ្ឋាភិបាល ឬ​ដោយសារ​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​អ្វី​នោះ​ទេ៖ « ធម្មតា​ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​នីមួយៗ យើង​មិន​ដែល​មាន​ការ​ចង្អៀត​ចង្អល់​ទេ។ យើង​គ្រាន់​តែ​ចង់​សុំ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​នូវ​អ្វី​ដែល​ជា​មូលដ្ឋាន​ច្បាប់ ដែល​បាន​ចែង​រួច​ហើយ។ យើង​ទៅ​ធ្វើ​នៅ​ស្រុក​គេ អត់​សុំ​អ្នក​ណា សូម្បី​តែ​ក្រសួង​ពាក់ព័ន្ធ​ណា​មួយ ក៏​យើង​មិន​សុំ​ដែរ ស្រាប់​តែ​យើង​យក​ទៅ​បញ្ចាំង។ សួរ​ថា តើ​ប្រទេស​ណា​មួយ​ដែល​អនុញ្ញាត​ឲ្យ​បញ្ចាំង »

វីដេអូ​ឯកសារ​ដែល​មជ្ឈមណ្ឌល​មេត្តា​ហោស៍ គ្រោង​ដាក់​បញ្ចាំង​នោះ​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា I am Chut Wutty ឬ ខ្ញុំ ឈុត វុទ្ធី គឺ​ជា​ការ​ផលិត​របស់​ជនជាតិ​អង់គ្លេស ឈ្មោះ ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks)។ ខ្សែ​វីដេអូ​ឯកសារ​នេះ បង្ហាញ​ពី​សកម្មភាព​របស់ លោក ឈុត វុទ្ធី មុន​ពេល​លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ ពី​បទសម្ភាសន៍​នានា​ជាមួយ​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ និង​គ្រួសារ​ជន​រងគ្រោះ​ដែល​រស់នៅ​ពឹង​ផ្អែក​លើ​អនុផល​ព្រៃ​ឈើ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នៃ​មជ្ឈមណ្ឌល​មេត្តា​ហោស៍ ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​បាន​ទេ​ចំពោះ​ការ​មិន​អនុញ្ញាត​នេះ។

ទោះ​បី​ជា​យ៉ាង​ណា ផលិតករ​ខ្សែ​ភាពយន្ត I am Chut Wutty អ្នកស្រី ហ្វ្រាន ឡាំប្រីកស៍ ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល (email) ថា អ្នកស្រី​ហួស​ចិត្ត​ចំពោះ​ការ​ហាមប្រាម​របស់​ក្រសួង​វប្បធម៌ នៅ​ពេល​នេះ។ អ្នកស្រី​ថា ក្រសួង​វប្បធម៌ ឬ​រដ្ឋាភិបាល គួរ​លើក​កម្ពស់​ការ​ផលិត​ខ្សែ​ភាពយន្ត​ប្រភេទ​នេះ និង​គួរ​ចាត់​ទុក លោក ឈុត វុទ្ធី ថា​ជា​វីរបុរស​គំរូ​មួយ​រូប​នៅ​ក្នុង​ការ​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

អ្នកស្រី ហ្វ្រាន ឡាំប្រីកស៍ បច្ចុប្បន្ន​អាយុ ២៩​ឆ្នាំ អះអាង​ថា អ្នកស្រី​ចាប់​ផ្តើម​ផលិត​ភាពយន្ត​ឯកសារ​ជីវិត លោក ឈុត វុទ្ធី តាំង​ពី​អ្នកស្រី​មាន​អាយុ ២៥​ឆ្នាំ។ អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​បាន​ជួប លោក ឈុត វុទ្ធី នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ក្នុង​ឆ្នាំ​២០១១ នៅ​ពេល​អ្នកស្រី​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ពី​ព្រៃ​ឡង់ ដើម្បី​សរសេរ​និក្ខេបបទ​ថ្នាក់​បណ្ឌិត។ អ្នកស្រី​ចាត់​ទុក លោក ឈុត វុទ្ធី ជា​មនុស្ស​គំរូ​ម្នាក់​ក្នុង​ការ​ការពារ​បរិស្ថាន​ដែល​អ្នកស្រី​មាន​ព្រេង​សំណាង​បាន​ជួប។ អ្នកស្រី​ថា ការ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​នេះ គឺ​មាន​បំណង​ចែក​រំលែក និង​ផ្សព្វផ្សាយ​ឲ្យ​មនុស្ស​ទូទៅ​បាន​ដឹង​ពី​សកម្មភាព និង​រឿងរ៉ាវ​ជីវិត​របស់ លោក ឈុត វុទ្ធី បើ​ទោះ​បី​ជា​សកម្មជន​ការពារ​បរិស្ថាន​រូប​នេះ ត្រូវ​បាន​គេ​ផ្តាច់​ផ្តិល​ជីវិត​គាត់​ហើយ​ក្តី។

អ្នកស្រី ហ្វ្រាន ឡាំប្រីកស៍ សង្កត់​ធ្ងន់​ថា មាន​មនុស្ស​ច្រើន​ណាស់​ចង់​ទស្សនា​ភាពយន្ត​ឯកសារ​នេះ មិន​គួរ​ណា​ក្រសួង​វប្បធម៌ ហាមប្រាម​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា អ្នកស្រី ហ្វ្រាន ឡាំប្រីកស៍ បង្ហាញ​ក្តី​សង្ឃឹម​ថា ខ្សែ​ភាពយន្ត​ឯកសារ​នេះ នឹង​ត្រូវ​ក្រសួង​វប្បធម៌ អនុញ្ញាត​ឲ្យ​ដាក់​បញ្ចាំង​នៅ​ពេល​ខាង​មុខ។ អ្នកស្រី ហ្វ្រាន ឡាំប្រីកស៍ ឲ្យ​ដឹង​ដែរ​ថា ភាពយន្ត​ឯកសារ​ជីវិត លោក ឈុត វុទ្ធី ត្រូវ​បាន​ដាក់​បញ្ចាំង​ចំនួន ៦​លើក​ហើយ​នៅ​តាម​រោង​ភាពយន្ត​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។