សហគមន៍ភូមិប៉ាតត់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី រួមទាំងមន្ត្រីមូលដ្ឋាន មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃ តំណាងក្រុមហ៊ុនជីងហ្យុងរី និងមន្ត្រីសង្គមស៊ីវិល គ្រោងជួបជុំគ្នាលើកទីពីរ ដើម្បីដោះស្រាយបាតុភាពបង្ក្រាបបទល្មើសព្រៃឈើ។ កន្លងទៅ សហគមន៍រឹបអូសរថយន្តស្ទូចឈើមួយគ្រឿង និងឈើមូល ៩ដើម និងចោទថា មន្ត្រីអនុរក្ស និងក្រុមហ៊ុន ឃុបឃិតគ្នាដឹកជញ្ជូនឈើចេញពីក្នុងព្រៃអភិរក្ស។
មន្ត្រីគម្រោងសិទ្ធិទទួលបានយុត្តិធម៌នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អះអាងថា ការសម្របសម្រួលបាតុភាពបង្ក្រាបបទល្មើសព្រៃឈើរបស់សហគមន៍ភូមិប៉ាតត់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា បន្ទាប់ពីភាគីពាក់ព័ន្ធបានឯកភាពគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី។
កាលពីថ្ងៃទី១៩ ខែសីហា ឈើមូល ៩ដើម និងរថយន្តរ៉េវស្ទូចឈើមួយគ្រឿង ត្រូវបានសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ភូមិប៉ាតត់ ឡោមព័ន្ធចាប់យកមករក្សាទុកនៅសាលាភូមិរបស់សហគមន៍។ អ្នកភូមិចោទថា ឈើនេះមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃលំផាត់បីនាក់ ឃុបឃិតជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះជីងហ្យុងរី កាប់ពីក្នុងព្រៃអភិរក្សសហគមន៍។
មន្ត្រីក្រុមការងារថ្នាក់មូលដ្ឋាននៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មាស សុភា មានប្រសាសន៍បញ្ជាក់ថា ភាគីពាក់ព័ន្ធបានឯកភាពគ្នាបញ្ចប់បញ្ហាតាមរយៈការសម្របសម្រួល ឲ្យសហគមន៍ប្រគល់រថយន្តជូនមន្ត្រីបរិស្ថានវិញ ពីព្រោះការចាប់ឃាត់រថយន្ត គឺជាការភ័ន្តច្រឡំ។ លោកពន្យល់ថា មន្ត្រីបរិស្ថានបានបញ្ជាក់ថា ឈើនោះ គឺមន្ត្រីបរិស្ថានបានរឹបអូសពីក្នុងព្រៃ ហើយខ្ចីរថយន្តក្រុមហ៊ុនដឹកជញ្ជូនពីព្រៃមករក្សាទុកនៅស្នាក់ការអនុរក្សដែនជម្រកសត្វព្រៃ ប៉ុន្តែសហគមន៍បានឃើញ ហើយនាំគ្នាចោទថា មន្ត្រីបរិស្ថានកាប់ឈើនោះ៖ «រឿងនេះសហគមន៍គាត់ប្រើសិទ្ធិរបស់គាត់អត់ហួសអ្វីដែលគាត់មានទេ គឺគាត់ការពារព្រៃសហគមន៍។ គាត់គ្រាន់តែអាចមានការយល់ច្រឡំ។ មានការចោទប្រកាន់ខុសថា ឈើហ្នឹងជាឈើរបស់បរិស្ថាន និងក្រុមហ៊ុនឃុបឃិតគ្នា។ ប្រហែលជាការយល់ច្រឡំ»។
សហគមន៍ភូមិប៉ាតត់ គ្រោងបើកកិច្ចប្រជុំនៅសាលាប្រជុំភូមិប៉ាតត់ កាលពីថ្ងៃទី២០ ខែសីហា ដើម្បីដោះស្រាយករណីរឹបអូសរថយន្តដែលសហគមន៍ចាត់ទុកថា ជាវត្ថុតាងបទល្មើសព្រៃឈើ ក៏ប៉ុន្តែគម្រោងនេះត្រូវខកខានដោយសារមន្ត្រីបរិស្ថាន និងភាគីក្រុមហ៊ុន មិនមកចូលរួម។
ទាក់ទិនគម្រោងជួបប្រជុំនៅថ្ងៃទី២៨ ខែសីហា ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី លោក ជូ សុភ័ក្រ បដិសេធមិនធ្វើអត្ថាធិប្បាយ។ លោកបញ្ជាក់ខ្លីថា អ្វីៗនឹងបានដឹងច្បាស់នៅថ្ងៃសម្របសម្រួលនោះហើយ៖ «ខ្ញុំលែងបកស្រាយហើយ បងឯងទៅជួបខ្លួនឯងទៅណា!»។
ចំណែកអធិការប៉ូលិសស្រុកលំផាត់ លោក សូយ ថាវ បញ្ជាក់ដែរថា ប៉ូលិសបានចុះទៅស្រាវជ្រាវករណីនេះដែរ ប៉ុន្តែប៉ូលិសមិនអាចរកភស្តុតាងវាយតម្លៃថា ឈើ និងរថយន្តដែលសហគមន៍រឹបអូសពាក់ព័ន្ធបទល្មើសព្រៃឈើ ឬយ៉ាងណា ពីព្រោះព្រៃតំបន់នោះភាគីសហគមន៍អះអាងថាជាព្រៃអភិរក្ស។ ចំណែកក្រុមហ៊ុនអះអាងថា ជាព្រៃរដ្ឋផ្តល់ជាដីសម្បទានសេដ្ឋកិច្ចមកឲ្យក្រុមហ៊ុន៖ «យើងអត់ទាន់ដឹងខាងណាខុសខាងណាត្រូវទេ ពីព្រោះពីមុនមកអត់ទាន់មានអ្នកណាផ្ទៀងផ្ទាត់ដីក្រុមហ៊ុន និងដីសហគមន៍។ អត់មានផែនទីអះអាងម្ខាងៗ ខ្ញុំអត់ដឹងទេ»។
តំណាងសហគមន៍ លោក អិន ខាំបែក ធ្លាប់បានបញ្ជាក់មូលហេតុនាំឲ្យសហគមន៍លើកគ្នាទៅស្ទាក់ចាប់រថយន្តដឹកឈើនេះ គឺដោយសារតែអ្នកភូមិខឹងសម្បានឹងមន្ត្រីអនុរក្សដែនជម្រកសត្វព្រៃលំផាត់ តែងចាប់យកគ្រឿងសម្ភារៈមធ្យោបាយដឹកជញ្ជូនឈើដែលសហគមន៍អារក្នុងព្រៃ ដើម្បីធ្វើលំនៅឋាន។ ហេតុនេះ ខណៈសហគមន៍ឃើញមន្ត្រីអនុរក្សអមរថយន្តដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍ ក៏លើកគ្នាទប់ស្កាត់ ហើយរឹបអូសរថយន្តមករក្សាទុកជាបទល្មើសព្រៃឈើ៖ «ប្រជាពលរដ្ឋទៅអារឈើមានសំបុត្រពីភូមិឃុំ ហើយបរិស្ថានហាមឃាត់មិនឲ្យសហគមន៍អារឈើ ហើយមួយសន្ទុះទៀត ឃើញបរិស្ថានយកឡានមកដឹកឈើដើមឈើក្រំកាត់គល់កាត់ចុងទាំងមូលៗមកដឹក។ បរិស្ថានអ្នកអារកាត់ចុងកាត់គុល ត្រកូលអត់ស្គាល់ទេ ស្គាល់តែទូច សហគមន៍អារឈើខុសដល់ខ្លួនឯង អារទាំងមូលៗអត់ខុស អ៊ីចឹងហើយបានជាសហគមន៍ចុះទៅចាប់»។
ទោះជាយ៉ាងនេះក្តី មន្ត្រីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មាស សុភា អះអាងថា ការសម្របសម្រួលប្រគល់រថយន្តទៅឲ្យក្រុមហ៊ុនវិញ រួមទាំងការសន្យាមិនឲ្យក្រុមហ៊ុនចូលកាប់ឈើក្នុងតំបន់អភិរក្ស នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែសីហា នៅសាលាភូមិប៉ាតត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
