សហគមន៍រងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ បានបង្កើតផែនការសុំដោះស្រាយផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ ដោយខ្លួនឯង ដើម្បីទាមទារសំណងផលប៉ះពាល់ជាក់លាក់មួយផ្អែកលើតម្លៃទីផ្សារសេរី។ ការបង្កើតផែនការនេះ ព្រោះសហគមន៍ពុំមានជំនឿលើគោលនយោបាយរបស់រដ្ឋាភិបាល ដែលមិនទទួលយកការទាមទាររបស់ពួកគាត់ទាក់ទិនសំណងផលប៉ះពាល់។
សហគមន៍រងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ មកពីឃុំក្បាលរមាស និងឃុំស្រែគរ ដែលមិនព្រមទទួលយកសំណងផលប៉ះពាល់កន្លងមក បានប្ដូរឥរិយាបថទទួលសំណងឡើងវិញ។
ការសម្រេចចិត្តនេះ ដោយសារអ្នកភូមិពុំមានសមត្ថភាពតវ៉ាជាមួយរដ្ឋាភិបាល ឲ្យពិចារណាការអភិវឌ្ឍទំនប់វារីអគ្គិសនីឡើងវិញ។ ទន្ទឹមនឹងនេះ អ្នកភូមិខិតខំរកមធ្យោបាយបន្តប្រពៃណីបន់ស្រន់អ្នកតាក្រហមក ជួយជ្រោមជ្រែងសហគមន៍ ដើម្បីឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយការតវ៉ារបស់សហគមន៍ ទាក់ទិនការទូទាត់សំណងផលប៉ះពាល់។
ជនជាតិដើមភាគតិចព្នង មកពីឃុំក្បាលរមាស លោក សេត ញ៉ាល់ សម្ដែងការខកចិត្តថា ការបង្កើតទំនប់វារីអគ្គិសនី កំពុងបង្កផលលំបាកធ្ងន់ធ្ងរដល់ជីវិតរស់នៅរបស់ជនជាតិដើមភាគតិច ដូចជា ការបាត់បង់ប្រពៃណីវប្បធម៌ ការបាត់បង់ធនធានធម្មជាតិ និងការជម្លៀសអ្នកភូមិចេញពីលំនៅឋាន។ លោកទាមទារឲ្យរដ្ឋាភិបាល យកចិត្តទុកដាក់ដោះស្រាយនូវទុក្ខកង្វល់របស់ពួកគាត់ ទាក់ទិនផលប៉ះពាល់៖ « នៅឆ្នាំ២០១៦ នេះ សង្ឃឹមថានឹងបានជួបជាមួយរដ្ឋាភិបាល សង្ឃឹមថានឹងបានជួបក្រុមហ៊ុន សង្ឃឹមថារដ្ឋាភិបាល និងក្រុមហ៊ុន យកអនុសាសន៍របស់ប្រជាពលរដ្ឋដែលសម្រេចចិត្តព្រមគ្នា សងគោលនយោបាយសំណងរបស់ប្រជាពលរដ្ឋផ្ទាល់ខ្លួន »។
កាលពីថ្ងៃទី២៨ កុម្ភៈ សហគមន៍រងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ ជាង ៥០០នាក់មកពីឃុំចំនួន៣ គឺឃុំស្រែគរ ឃុំក្បាលរមាស និងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង និងមួយចំនួនតូចមកពីខេត្តរតនគិរី បានប្រារព្ធពិធីសែនព្រេនជាន់អារក្សអ្នកតាក្រហមក ប្រចាំឆ្នាំ ដែលផ្ដោតសំខាន់លើសំណងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២។
ដោយឡែកទីប្រឹក្សានៃអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន លោកកត់សម្គាល់ថា ភាពមិនច្បាស់លាស់នៃការផ្តល់សំណងរបស់រដ្ឋាភិបាល គឺជាសញ្ញាបង្ហាញពីក្តីបារម្ភរបស់សហគមន៍ដែលរងផលប៉ះពាល់ ពុំមានជំនឿចិត្តចំពោះគោលនយោបាយរបស់រដ្ឋាភិបាល។ លោកសង្កត់ធ្ងន់ថា គោលនយោបាយសំណងកន្លងទៅមិនបានជជែកពិភាក្សាជាមួយសហគមន៍ គឺសម្រេចតែរដ្ឋាភិបាល។ លោកថា កន្លងមកការទាមទាររបស់សហគមន៍ទាក់ទិនសំណងផលប៉ះពាល់ រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ដោះស្រាយឡើយ៖ « ខាងក្រុមហ៊ុន និងខាងគណៈកម្មការខេត្ត យកគោលនយោបាយសំណងយកមកផ្សព្វផ្សាយជូនគាត់ តែគោលនយោបាយសំណងមិនត្រូវបានទទួល។ ខ្លះក៏ទទួលទៅ ទទួលដោយមិនដឹងខ្លួន ឬក៏ទទួលដោយមិនមានភាពច្បាស់លាស់។ បច្ចុប្បន្ន គាត់មូលមតិគ្នាបង្កើតឡើងសំណើមួយដ៏ជាក់លាក់របស់គាត់។ គាត់បានបង្កើតតម្លៃទីផ្សារផលដំណាំ ឬផ្ទះរបស់គាត់ »។
មេឃុំស្រែគរ លោក សៀក មេគង្គ មានប្រសាសន៍ថា កន្លងមក សហគមន៍មិនព្រមទទួលយកសំណងផលប៉ះពាល់ក្នុងឃុំស្រែគរ មានជាង ២៤០គ្រួសារ បានប្ដូរឥរិយាបថព្រមទទួលយកសំណង ក៏ប៉ុន្តែសហគមន៍មាន ៣លក្ខខណ្ឌ រួមមាន ការផ្តល់សំណងជាក់លាក់ ការផ្តល់សំណងលក្ខណៈគ្រួសារដែលបែកចេញ និងការផ្តល់សំណងឲ្យស្មើភាពនូវដីផ្នូរកប់សពជាលក្ខណៈគ្រួសារ។ លោកបញ្ជាក់ថា ជុំវិញការទាមទាររបស់សហគមន៍ អាជ្ញាធរឃុំបានធ្វើរបាយការណ៍ដាក់ជូនអាជ្ញាធរស្រុក និងខេត្តរួចរាល់ហើយ តែពុំទាន់មានការឆ្លើយតប៖ « ចង់បានជជែកសាថ្មីទៀតទាក់ទងសំណងនោះទៀត។ ជជែកបីចំណុចនោះ ទី១ សំណងឲ្យជាក់លាក់ ទី២ ផ្នូរដូនតានោះឲ្យសងជាបុគ្គល សងតាមគ្រួសារ »។
លោក មៀច មាន ឲ្យដឹងទៀតថា កន្លងមកសហគមន៍រងផលប៉ះពាល់មួយចំនួន ទទួលយកសំណងផលប៉ះពាល់ដោយមិនដឹងខ្លួន ឬភាពមិនច្បាស់លាស់ ហើយខ្លះក៏មិនព្រមទទួលយកសំណង។ លោកថា ភាពមិនច្បាស់លាស់នៃគោលនយោបាយដោះស្រាយផលប៉ះពាល់របស់រដ្ឋាភិបាល មិនទទួលយកការទាមទាររបស់សហគមន៍រងផលប៉ះពាល់ បណ្ដាលឲ្យពួកគាត់នៅតែព្រួយបារម្ភ។ លោករំពឹងថា រដ្ឋាភិបាលនឹងពិចារណាសំណើរបស់ពលរដ្ឋ ដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនេះ។
កន្លងទៅនៅឃុំស្រែគរ និងឃុំក្បាលរមាស ពលរដ្ឋដែលមិនព្រមទទួលយកសំណងមានចំនួនជាង ២៤០គ្រួសារក្នុងចំណោមពលរដ្ឋ ៥៧០គ្រួសារ។ ដោយឡែកនៅឃុំក្បាលរមាស មានពលរដ្ឋ ៥៤គ្រួសារក្នុងចំណោមពលរដ្ឋ ១៤០គ្រួសារដែលមិនយល់ព្រមចាកចេញ។ បច្ចុប្បន្ន គម្រោងសាងសង់ទន្លេសេសានក្រោម២ នេះ សម្រេចបានជាង ៥០ភាគរយហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
