ប្រជាសហគមន៍សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលជាផ្នែកមួយនៃកិច្ចការពារធនធានធម្មជាតិ និងជីវចម្រុះ ក្នុងបឹងទន្លេសាប បានរកឃើញថា បច្ចុប្បន្ននេះ សត្វកម្រដែលរស់នៅក្នុងតំបន់ទន្លេសាប ដូចជាអំបូរស្វាព្រាហ្មណ៍ និងពស់ថ្លាន់ជាដើម កំពុងតែបាត់បង់ស្ទើរតែផុតពូជអស់។ មហន្តរាយនៃពូជសត្វទាំងនេះតែងកើតមាននៅរដូវរាំងស្ងួត ដោយសារតែភ្លើងឆេះព្រៃរនាមសម្លាប់ពួកគេ ចំណែកឯសត្វដែលរត់គេចពីភ្លើងមួយចំនួនទៀត ក៏ត្រូវអត់អាហារងាប់ ឬក៏ត្រូវអ្នកនេសាទចាប់យកទៅសម្លាប់ចម្អិនធ្វើជាម្ហូបអាហារជាដើម។
សហគមន៍កសិករប្រើប្រាស់ទឹកសង្កាត់ជ្រាវ ក្រុងសៀមរាប អំពាវនាវឱ្យមន្ត្រីឧទ្យានុរក្សបរិស្ថាន និងមន្ត្រីជលផលប្រចាំនៅបឹងទន្លេសាប ជួយការពារជីវិតសត្វស្វាព្រាហ្មណ៍និង ល្មូនសត្វជាច្រើនប្រភេទទៀត ឱ្យបានគង់វង្សនៅក្នុងរដូវប្រាំងដែលបានមកដល់ហើយនេះ។
ការអំពាវនាវធ្វើឡើងដោយសារតែគេដឹងថា នៅរដូវប្រាំង ពេលដែលភ្លើងចាប់ផ្ដើមឆេះព្រៃរនាម គឺបានសម្លាប់សត្វកម្រជាច្រើនប្រភេទ ដូចជាពស់ថ្លាន់ និងសត្វស្វាព្រាហ្មណ៍ជាដើម។
ប្រធានសហគមន៍កសិករប្រើប្រាស់ទឹកអាងទំនប់ជ្រាវ គឺលោក គង់ មង្គល។ លោកមានប្រសាសន៍នៅព្រឹកថ្ងៃពុធ ទី៨ ខែកុម្ភៈ ថា បច្ចុប្បន្នសហគមន៍របស់លោកកំពុងជួយសង្គ្រោះជីវិតសត្វស្វាព្រាហ្មណ៍ចំនួន ១៦ក្បាល ដែលយកចេញពីក្នុងបឹងទន្លេសាប។ លោកមង្គលបញ្ជាក់ថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ នៅពេលដែលភ្លើងព្រៃឆាបឆេះ ព្រៃរនាមនៅតំបន់ព្រែកទាល់ គឺបានធ្វើឱ្យជីវិតសត្វជាច្រើន ដូចជាពស់ថ្លាន់ និងសត្វស្វាព្រាហ្មណ៍បានរងគ្រោះដោយភ្លើងឆេះងាប់ ហើយសត្វខ្លះទៀតដែលខំរត់គេចពីភ្លើងក៏អត់អាហារងាប់ដែរ។

លោក គង់ មង្គល បញ្ជាក់ទៀតថា កាលណោះលោកបានចាត់ក្រុមការងារសហគមន៍ជាច្រើននាក់ឱ្យធ្វើដំណើរតាមទូក ដើម្បីសង្គ្រោះសត្វស្វាព្រាហ្មណ៍ដែលអត់អាហារ និងសត្វស្វាខ្លះទៀតដែលអ្នកនេសាទចាប់យកទៅសម្លាប់ដើម្បីធ្វើម្ហូប។ ក្រុមរបស់លោកបានជួយសង្គ្រោះសត្វស្វាព្រាហ្មណ៍ចំនួន ១៦ក្បាល និងពស់ថ្លាន់ចំនួន ៦ក្បាល៖ «បើសិនជាយើងមិនបានទៅសង្គ្រោះទាន់ពេលវេលាទេ សត្វស្វាមួយចំនួនគឺអាចស្លាប់ ទី២ ភ្លើងឆេះព្រៃនៅតំបន់ព្រែកទាល់ ធ្វើឱ្យសត្វជាច្រើនប្រភេទល្មូនបានឆេះស្លាប់ ឯសត្វជាច្រើនដែលរត់គេចពីភ្លើងទៀតសោត ក៏ស្លាប់ដោយអត់អាហារ និងមនុស្សចាប់យកធ្វើជាម្ហូប»។
អនុប្រធានសហគមន៍កសិករប្រើប្រាស់ទឹកអាងទំនប់ជ្រាវ ដែលធ្លាប់ដើរជួយសង្គ្រោះសត្វព្រៃ លោក ក្អោប រិន ឱ្យដឹងថា សត្វស្វាព្រាហ្មណ៍ចំនួន ១៦ក្បាល ដែលសហគមន៍របស់លោកកំពុងតែថែទាំសព្វថ្ងៃនេះ គឺបានជួយសង្គ្រោះពីភ្លើងឆេះព្រៃរនាមខ្លះ និងជួយសង្គ្រោះពីដៃអ្នកនេសាទនៅស្រុកក្រឡាញ់ ខ្លះ ដែលចាប់ពួកវាបំណងយកទៅធ្វើម្ហូប។
លោក ក្អោប រិន រំលើកថា កាលពី ៣ខែមុន បន្ទាប់ពីភ្លើងបានឆេះព្រៃរនាមនៅតំបន់ព្រែកទាល់ គឺក្រុមរបស់លោកបានបើកកាណូតតាមទន្លេ ដើម្បីជួយសត្វក៏ឃើញស្វាព្រាហ្មណ៍ជាច្រើនក្បាល នាំគ្នាទុំនៅលើដើមកន្សែង ១ដើម ដោយមិនមានចំណីទេ គឺនាំគ្នាស៊ីសំបកដើមកន្សែងនោះ ទាល់តែអស់។ ក្រុមរបស់លោកក៏នាំគ្នាចាប់សត្វស្វាបានខ្លះយកមកសង្គ្រោះ រហូតមកដល់ពេលនេះ៖ «មានថតជាប់រូបភាពមក គឺដើមកន្សែង ១ដើម មានស្វានៅផ្ដុំគ្នាឡើងខ្មៅ ហើយអត់អាហារ។ ក្រុមសហគមន៍ក៏នាំគ្នាចាប់ស្វាព្រាហ្មណ៍ទាំងនោះ មកបានខ្លះយកមកសង្គ្រោះ»។
ទោះជាយ៉ាងណា អាស៊ីសេរីមិនអាចទាក់ទងប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប ដើម្បីសុំការអធិប្បាយជុំវិញរឿងនេះបានថា យ៉ាងណានៅឡើយ ដោយសារតែប្រធានមន្ទីរពីមុនបានផ្លាស់ប្ដូរទៅខេត្តផ្សេង ឯប្រធានមន្ទីរថ្មី មិនទាន់ចូលមកជំនួសកន្លែងនៅឡើយ។
អភិបាលរងខេត្តសៀមរាប លោក គឹម ឆៃហៀង មានប្រសាសន៍ថា កាលពីរដូវប្រាំង ឆ្នាំ២០១៦ គឺពិតជាមានសត្វព្រៃជាច្រើននៅតំបន់ទន្លេសាប រងគ្រោះដោយសារភ្លើងឆេះព្រៃមែន។ កាលណោះ អាជ្ញាធរខេត្តសៀមរាប បានសហការជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលជួយសង្គ្រោះសត្វស្វា និងសត្វខ្លះទៀតបានជាច្រើន។
លោក គឹម ឆៃហៀង ឱ្យដឹងថា ចាប់ពីសប្ដាហ៍ខាងមុខនេះ លោកនឹងរៀបចំកម្លាំង ព្រមទាំងជំរុញឱ្យមន្ត្រីបរិស្ថាន ព្រមទាំងមន្ត្រីជលផល ចុះធ្វើការអប់រំប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាប កុំឱ្យដុតព្រៃរនាម និងកាប់រានយកដីបឹងទន្លេសាបធ្វើស្រែចម្ការតទៅទៀត ដើម្បីជៀសវាងការប៉ះពាល់ដល់ជីវិតសត្វព្រៃជាច្រើននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
