គណៈកម្មការសហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ ស្ថិតក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត សម្ដែងក្តីព្រួយបារម្ភចំពោះអនាគតនៃសហគមន៍ព្រៃឈើមួយនេះ ក្រោយពេលបុគ្គលមានលុយ និងមានអំណាចមួយចំនួន បានដាំដំណាំ និងពង្រីកការរុករានទន្ទ្រានដីបន្ថែមទៀត ដោយគ្មានខ្លាចរអែង។ ពួកគាត់អំពាវនាវដល់សមត្ថកិច្ចជំនាញព្រៃឈើ និងស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍ទប់ស្កាត់ និងបង្ក្រាបបទល្មើសឧក្រិដ្ឋនេះកុំឲ្យរីករាលដាលតទៅមុខទៀត។
ប្រធានគណៈកម្មការសហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ លោក ម៉ម ផាត បញ្ជាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី១១ ខែមេសា ថា ការដាំដុះដំណាំលើដីព្រៃដែលរងការឈូសឆាយ និងសកម្មភាពឈូសរានទន្ទ្រានដីព្រៃសហគមន៍ជាបន្តបន្ទាប់នេះ កម្រើកឡើងកាន់តែខ្លាំង ក្រោយពេលអយ្យការអមសាលាដំបូងខេត្តកំពត សម្រេចតម្កល់បណ្ដឹងរបស់គណៈកម្មការសហគមន៍ទុកឥតចាត់ការ។
លោកព្រួយបារម្ភថា ព្រៃសហគមន៍នេះអាចប្រឈមនឹងការបាត់បង់ បើសិនជាមិនមានការជួយអន្តរាគមន៍ពីមន្ត្រីសមត្ថកិច្ចជំនាញ ព្រោះសព្វថ្ងៃ ខាងគណៈកម្មការសហគមន៍កំពុងបាក់ទឹកចិត្ត ដ្បិតបំពេញការងារនេះដោយស្ម័គ្រចិត្ត ហើយកង្វះមធ្យោបាយគ្រប់យ៉ាងដើម្បីការពារព្រៃនេះ៖ « វាសនាអនាគតសហគមន៍របស់ខ្ញុំ បើសិនណាជាផ្តល់ព័ត៌មានដល់តុលាការ ព្រះរាជអាជ្ញា ក្រឡាបញ្ជីហើយ គាត់សរសេរបកមកវិញថា មិនចំណាត់ការអ៊ីចឹង វាសនាអនាគតសហគមន៍ខ្ញុំប្រហែលជាបាត់ពីផែនទីហើយ »។

លោក ម៉ម ផាត បញ្ជាក់ថា គណៈកម្មការសហគមន៍បានរាយការណ៍អំពីបទល្មើសនេះជាច្រើនលើកច្រើនសាទៅកាន់រដ្ឋបាលព្រៃឈើខេត្ត ប៉ុន្តែមិនដែលឃើញអង្គភាពជំនាញនេះចុះទប់ស្កាត់ និងចាត់វិធានការផ្លូវច្បាប់ចំពោះជនល្មើសនោះឡើយ៖ « មានតែខណ្ឌរដ្ឋបាលព្រៃឈើ និងមេព្រៃទេ និងមន្ត្រីពាក់ព័ន្ធទេ ហើយបើខ្ញុំផ្តល់ព័ត៌មានឲ្យគាត់ហើយ គាត់មិនចំណាត់ការ នោះជារឿងរបស់គាត់។ ខ្ញុំម៉េចនឹងហ៊ានអារកាត់ ព្រោះរឿងនេះរឿងជាតិ មិនមែនរឿងបុគ្គលទេ មិនមែនសម្រាប់ខ្ញុំគណៈកម្មការ ៣ ឬ ៤នាក់ហ្នឹងឯណា។ អ៊ីចឹងទាល់តែអ្នកពាក់ព័ន្ធទាំងប៉ុន្មានហ្នឹង និងខាងរដ្ឋបាលព្រៃឈើជួយទប់ស្កាត់ ហើយដល់តែគាត់មិនទប់ស្កាត់ ជនល្មើសឈូសឆាយដាំពេញទឹកពេញដីអ៊ីចឹង ខ្ញុំមិនដឹងថាយ៉ាងម៉េចដែរ » ។
ទាក់ទងរឿងនេះ នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពត លោក ជួន សារ៉ា មិនធ្វើអត្ថាធិប្បាយអ្វីទេ ដោយលោកបញ្ជាក់ថាកំពុងជាប់ប្រជុំ។
សហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយមានការទទួលស្គាល់ពីអាជ្ញាធរខេត្តកំពត។ សហគមន៍នេះមានផ្ទៃដី ១.៦៦២ហិកតារ ស្ថិតក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ធនធានរបស់សហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ រួមមាន សត្វព្រៃ និងព្រៃធម្មជាតិ ដូចជា ព្រៃឈើ និងព្រៃឫស្សី ជាដើម។ សហគមន៍ព្រៃឈើមួយនេះ គឺជាទីអាស្រ័យផលរបស់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដែលរស់នៅក្នុងភូមិស្រកានាគ ភូមិត្រពាំងរុន ភូមិត្រពាំងក្តី និងភូមិជ័យសេនា នៃឃុំតាកែន ស្រុកឈូក ខេត្តកំពត។
គណៈកម្មការសហគមន៍អះអាងថា ចាប់តាំងពីឆ្នាំ២០០៦ មក ព្រៃសហគមន៍នេះបានរងការកាប់រុករានទន្ទ្រានយកដីជាបន្តបន្ទាប់ រហូតដល់រាប់រយហិកតារ ហើយក្រោយមកនៅដើមឆ្នាំ២០១៦ គណៈកម្មការសហគមន៍បានដាក់ពាក្យប្ដឹងបុគ្គលមួយចំនួនដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់នេះ ក៏ប៉ុន្តែបណ្ដឹងនេះត្រូវបានតម្កល់ទុកឥតចាត់ការដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត លោក ខៃ សម្ផស្ស នៅដើមឆ្នាំ២០១៧ នេះ។
ទោះជាបែបនេះក្តី គណៈកម្មការសហគមន៍ដោយមានការចូលរួម និងជួយជ្រោមជ្រែងផ្នែកច្បាប់ពីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) បានសម្រេចប្ដឹងឧទ្ធរណ៍នឹងដីកាតម្កល់រឿងទុកឥតចាត់ការនេះ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ដែលជាភាគីដើមបណ្ដឹងម្នាក់ដែរជាមួយគណៈកម្មការសហគមន៍នោះ ថ្លែងថា ព្រៃសហគមន៍បានរងការកាប់រានកាន់តែខ្លាំង ដោយកន្លែងខ្លះដែលពីមុនមានសុទ្ធតែព្រៃ ឥឡូវនេះប្រែជាវាលរហោស្ថាន និងខ្លះមានដំណាំដាំដុះលើនោះទៅវិញ។ លោកថា នេះជាភាពឆកល្វែងមួយរបស់សមត្ថកិច្ចជំនាញ ដែលបណ្ដែតបណ្តោយឲ្យបទល្មើសឧក្រិដ្ឋនេះកើតមានកាន់តែខ្លាំង៖ « បុគ្គលដែលជាឈ្មួញ ឬជាអ្នកមានអំណាច លោកមិនខ្លាចការប្រព្រឹត្តបទល្មើសប្រឆាំងជាមួយច្បាប់នោះទេ ហើយយើងអាចគិតថា នេះក៏បណ្ដាលមកពីការតម្កល់មិនចាត់ការរបស់ស្ថាប័នអយ្យការដែរ ដែលធ្វើឲ្យមន្ត្រី ឬអ្នកផ្សេងៗទៀតយល់ថា អ្វីដែលការប្រព្រឹត្តបទល្មើសឧក្រិដ្ឋហើយ អត់មានការចោទប្រកាន់ វាជាគំរូមួយឲ្យអ្នកផ្សេងៗទៀតហ៊ាន » ។
លោក ប៉ែន ប៊ុណ្ណារ៍ អះអាងថា លោកកំពុងរៀបចំបណ្ដឹងបរិហារចំនួន៤ ដាច់ដោយឡែកពីគ្នា ដើម្បីដាក់ពាក្យប្ដឹងសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងឡាយណាដែលបណ្ដែតបណ្តោយឲ្យបទល្មើសព្រៃឈើនេះកើតឡើង ហើយការដាក់បណ្ដឹងនេះនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។
ច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ កំណត់ថា ការគាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ គឺជាបទល្មើសឧក្រិដ្ឋដែលជនប្រព្រឹត្តិល្មើសនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ដល់ ១០ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១០លានរៀលទៅ ១៥០លានរៀល។ ចំណែកមន្ត្រីពាក់ព័ន្ធណាដែលមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាល ឬ/និង ត្រូវចោទប្រកាន់ចំពោះមុខតុលាការ។ ហើយបើមន្ត្រីទាំងនោះសមគំនិតនឹងអ្នកប្រព្រឹត្តិបទល្មើស ឬជួយសម្រួលការប្រព្រឹត្តបទល្មើសនេះ ពួកគេក៏ត្រូវផ្ដន្ទាទោសដូចជនប្រព្រឹត្តិដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
