សកម្មភាពឈូសឆាយ និងកាប់រានព្រៃឈើយកដីនៅតែបន្តកើតមាននៅឯតំបន់ព្រំដែនខេត្តរតនគិរី ជាប់នឹងប្រទេសវៀតណាម។ សកម្មជនឃ្លាំមើលបញ្ហាព្រៃឈើ អះអាងថា ក្រុមហ៊ុនសម្បទានរបស់ខ្មែរ ប៉ុន្តែក្រុមអ្នកបញ្ជាគ្រឿងចក្រឈូសឆាយសុទ្ធសឹងជាពលរដ្ឋវៀតណាម បានឈូសឆាយព្រៃឈើនោះ។
ចំណែកក្រុមសហគមន៍អ្នកអភិរក្សព្រៃឈើនៅតំបន់នោះ ក៏បានកាប់រានព្រៃឈើនៅតំបន់នោះបន្ថែមទៀត ដើម្បីប្រជែងយកដីដោយខ្លាចក្រែងក្រុមហ៊ុនឈូសឆាយព្រៃយកដីអស់។
ព្រៃឈើរាប់រយហិកតារថ្មីទៀត កំពុងត្រូវបានគ្រឿងចក្រឈូសឆាយរំលំចោលដើម្បីយកដីនៅចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីព្រំដែនប្រទេសវៀតណាម ផ្នែកក្រោយភូមិឡំ ក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
«សំឡេងធម្មជាតិ»
ក្រុមសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិឡំ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា រួមទាំងមេភូមិរបស់ខ្លួន បាននាំគ្នាទៅរារាំងគ្រឿងចក្រប្រភេទបុលឌុលហ្សែ ដែលកំពុងឈូសឆាយព្រៃឈើឲ្យផ្អាកឈូសឆាយជាបណ្ដោះអាសន្ន ដោយសម្អាងថា ព្រៃឈើដែលក្រុមហ៊ុនកំពុងឈូសឆាយនោះ គឺជាព្រៃដែលក្រុមសហគមន៍អភិរក្សសម្រាប់ចុះបញ្ជីជាព្រៃការពារ និងព្រៃត្រៀមបម្រុងអាស្រ័យផលរបស់អ្នកភូមិ។
«សំឡេងធម្មជាតិ»
តំណាងសហគមន៍ លោក រចំ ថាំ មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនដែលបានមកឈូសឆាយព្រៃឈើនៅតំបន់នោះ គឺជាក្រុមហ៊ុន ម៉ែន សារុន ហៅកាត់ថាក្រុមហ៊ុន៧២ ក៏ប៉ុន្តែអ្នកបញ្ជាគ្រឿងចក្រឈូសឆាយសុទ្ធសឹងតែជាជនជាតិវៀតណាម មិនចេះនិយាយភាសាខ្មែរឡើយ។ លោកបន្តថា នេះគឺជាលើកទី២ ហើយ នៅក្នុងខែមេសា នេះដែលក្រុមសហគមន៍បាននាំគ្នាទៅរារាំងមិនឲ្យគ្រឿងចក្រឈូសឆាយព្រៃ ក៏ប៉ុន្តែក្រុមហ៊ុនមិនយកចិត្តទុកដាក់បញ្ឈប់សកម្មភាពឡើយ។
លោក រចំ ថាំ៖ «គេឈូសប៉ុន្មានថ្ងៃហ្នឹង ចាប់ផ្ដើមមួយខែហើយ ឈូសរហូតឃាត់ម្តងហើយមិនព្រមឈប់ទេ គេចង់ឈូសរហូតចម្ការខ្ញុំហ្នឹង។ យល់ព្រមស្អីឲ្យគេដកទាំងអស់តែម្តង កុំឲ្យវាឈូសតទៅទៀត។ កន្លែងនេះ ឥឡូវពិបាក ហើយឈើឯណាមានទៀត ឈើទាំងអស់គេឈូសហើយ ឈើធំៗមានផ្ចឹក ឈើក្រំស្អីហ្នឹងខ្ទេចខ្ទី គេឈូសដុតៗត្រាចត្បែង គេឈូសហើយមានកន្លែងណាពឹងទៀត»។
ចំណែកប្រជាពលរដ្ឋភូមិឡំ លោក សេវ ស្វិន មានប្រសាសន៍បញ្ជាក់ដែរថា ដោយសារខ្លាចក្រុមហ៊ុនឈូសឆាយព្រៃយកដីអស់ អ្នកភូមិក៏បាននាំគ្នាទៅកាប់រានព្រៃនៅតំបន់នោះដូចគ្នា ដើម្បីដណ្ដើមយកដីទុកដាំដំណាំចិញ្ចឹមជីវិត។
លោកបន្តថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចចង់រក្សាព្រៃនោះសម្រាប់ជាព្រៃបម្រុងទុកចុះបញ្ជីជាព្រៃសហគមន៍ និងទុកព្រៃត្រៀមបម្រុង ហេតុនេះអ្នកភូមិ រួមនិងអាជ្ញាធរភូមិ បាននាំគ្នាបោះស្លាកសម្គាល់តំបន់ព្រៃសហគមន៍ថែរក្សា ប៉ុន្តែក្រុមហ៊ុនបានឈូសឆាយព្រៃ និងបំផ្លាញស្លាកសញ្ញានោះចោលអស់៖ «កូនចៅនៅច្រើន អត់ឃើញគោលនយោបាយដោះស្រាយប្រជាជនណា! យើងទុកដីហ្នឹងព្រៃហ្នឹង យើងរកស៊ីនៅកន្លែងហ្នឹង។ ប្រជាជនមិនដូចបងប្អូនខាងខ្មែរ ខាងជនជាតិចារ៉ាយ អត់ចេះរកស៊ីអ្វីទេ ចេះតែធ្វើចម្ការរកស៊ីក្នុងព្រៃរស់នៅក្នុងព្រៃ»។
ការប៉ាន់ប្រមាណរបស់សហគមន៍ភូមិឡំ ព្រៃដែលអ្នកភូមិអភិរក្សសម្រាប់ចុះបញ្ជីជាព្រៃសហគមន៍ការពារ មានទំហំជិត ២០០ហិកតារ និងព្រៃត្រៀមបម្រុងរបស់សហគមន៍ប្រើប្រាស់ និងអាស្រ័យផលមានទំហំប្រមាណជាង ១០០ហិកតារ ប៉ុន្តែក្រុមហ៊ុនកំពុងឈូសឆាយព្រៃឈើនោះដើម្បីពង្រីកដីសម្បទាន។
វិទ្យុអាស៊ីសេរី បានចុះទៅដល់ព្រៃដែលត្រូវបានគេឈូសឆាយនៅព្រឹកថ្ងៃទី២៥ ខែមេសា សង្កេតឃើញជាក់ស្តែង គ្រឿងចក្រពីរគ្រឿងបញ្ជាដោយជនជាតិវៀតណាម ពីរនាក់ កំពុងឈូសរំលំដើមឈើទាំងធំតូច ហើយរុញប្រមូលចូលអូរធម្មជាតិដើម្បីសម្អាតដី។
អ្នកបញ្ជាគ្រឿងចក្រទាំងពីរនាក់និយាយជាភាសាវៀតណាម ថា ពួកគេមកឈូសឆាយនេះតាមបញ្ជារបស់ម្ចាស់ក្រុមហ៊ុន ហើយពួកគេបង្ហាញឈ្មោះក្រុមហ៊ុនដែលបិទនៅផ្នែកខាងក្រោយគ្រឿងចក្រមានឈ្មោះថាក្រុមហ៊ុន ក្លូបល ធីក រ៉ាម៉ាខ្មែរ អន្តរជាតិ និងមិត្តភាព ម៉ែន សារុន (Globap Tceh Sd.,Bhd.Khmer International and Men Sarun Friendship)។
យ៉ាងនេះក្តី អ្នកបញ្ជាគ្រឿងចក្រទាំងពីរបានយល់ព្រមដកគ្រឿងចក្រ និងសម្ភារៈប្រើប្រាស់ចេញពីទីតាំងឈូសឆាយ បន្ទាប់ពីក្រុមសហគមន៍ស្នើសុំឲ្យពួកគេផ្អាកការឈូសឆាយ ហើយរាយការណ៍ជូនក្រុមហ៊ុនឲ្យជួបដោះស្រាយបញ្ហានេះជាមួយអាជ្ញាធរមូលដ្ឋាន៖ «ប្អូនអត់ដឹងក្រុមហ៊ុនឲ្យខ្ញុំឈូសៗក្រុមហ៊ុនមិនឲ្យឈូសប្អូនមិនឈូស»។
មេភូមិឡំ លោក សេវ លីន មានប្រសាសន៍បញ្ជាក់ថា តំណាងក្រុមហ៊ុនមិនបានទំនាក់ទំនង ឬផ្តល់ឯកសារទាក់ទិនច្បាប់អនុញ្ញាត ឬជូនដំណឹងមកអាជ្ញាធរឲ្យដឹងពីករណីឈូសឆាយព្រៃនោះទេ។ លោកបន្តថា អាជ្ញាធរភូមិ និងឃុំបានធ្វើការហាមឃាត់មិនឲ្យឈូសឆាយព្រៃនោះចំនួនពីរលើក ប៉ុន្តែក្រុមហ៊ុននៅតែបន្តឈូសឆាយដោយបំពាន៖ «ខ្ញុំទិញថ្នាំបាញ់ផង ទិញស័ង្កសីសរសេរដាក់ផ្លាកតាមព្រំ។ គេផ្សព្វផ្សាយហើយថាដីខាងនេះទុកឲ្យប្រជាពលរដ្ឋផង ហើយដីទុកជាការពារផង។ ឥឡូវហ្នឹង គេឈូសហើយ អាជ្ញាធររាយការណ៍ទៅឃុំហើយ មេឃុំគេធ្វើម៉េចក៏ធ្វើទៅ។ ថ្ងៃណាគេឈូសឆាយ ប្រជាពលរដ្ឋគេរាយការណ៍ដល់ខ្ញុំ រាយការណ៍ដល់មេឃុំទៀត»។
មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតសមាគមអាដហុក (Adhoc) លោក យី សុខសាន្ត អ្នកចុះអង្កេតករណីនេះ កត់សម្គាល់ថា ដីដែលក្រុមហ៊ុន និងប្រជាពលរដ្ឋសហគមន៍កំពុងឈូសឆាយ និងកាប់រានយក គឺជាតំបន់ព្រៃឈើទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ លោកចាត់ទុកថា នេះគឺជាវិនាសកម្មព្រៃឈើកាន់តែច្រើនថែមទៀត នៅខេត្តរតនគិរី ហេតុនេះលោកស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធបើកការស៊ើបអង្កេតករណីនេះ៖ «ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋរស់នៅតំបន់នេះ នៅភូមិឡំ នេះ គឺដីព្រៃនេះ បើតាមយើងបានសម្ភាសន៍ជាមួយប្រជាពលរដ្ឋថាជាដីព្រៃប្រើប្រាស់ និងគ្រប់គ្រងដោយសហគមន៍ ប៉ុន្តែបែរជាក្រុមហ៊ុន ម៉ែន សារុន មកឈូសឆាយបំផ្លាញទៅវិញ។ ចំណុចនេះ ធ្វើឲ្យមានការសង្ស័យ តើហេតុអ្វីបានជាក្រុមហ៊ុននេះមានឈ្មោះខ្មែរ ម៉ែន សារុន ដល់កម្មករហ្នឹងឈូសឆាយសុទ្ធតែគ្រឿងចក្រឈូសឆាយរបស់វៀតណាម ទៅវិញ»។
នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ផាន់ ភិន មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុន ម៉ែន សារុន មានអាជ្ញាប័ណ្ណធ្វើអាជីវកម្មដីសម្បទាន និងឈូសឆាយដីនៅតំបន់នោះទៅតាមផែនការកំណត់របស់ក្រសួងកសិកម្ម ក៏ប៉ុន្តែលោកមិនទាន់ដឹងថា តើក្រុមហ៊ុនអនុវត្តត្រឹមត្រូវតាមគោលការណ៍ ឬយ៉ាងណា? លោកបន្តថា សហគមន៍មិនមានសិទ្ធិកាប់រានព្រៃឈើយកដីទៀតទេ ហើយក្រុមជំនាញវាស់វែងចេញប័ណ្ណកម្មសិទ្ធិជូនតែប្រជាពលរដ្ឋមានដីដាំដុះជាក់ស្តែងមុនគោលនយោបាយកាត់ដីប្រជាពលរដ្ឋចេញពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច។ លោកអះអាងថា នឹងចុះពិនិត្យករណីនេះ៖ «ក្រុមហ៊ុនគេអត់ហ៊ានទេ ពីព្រោះតែកាលណាឈូសចូលដីព្រៃរដ្ឋហាមឃាត់ហ្នឹង គឺឈូសអត់បានទេ ព្រោះគេមានកិច្ចសន្យារបស់គេ។ តែបើប្រជាពលរដ្ឋគាត់អត់មានកិច្ចសន្យាអ្វីទេ គាត់ទៅកាប់ពេញទឹកពេញដី។ វាស្ដាយណាស់ព្រៃគេទុកការពារ រដ្ឋទុកការពារ គាត់ទៅកាប់ទៀត»។
សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋានភូមិឡំ ឲ្យដឹងថា ក្រៅពីឈូសឆាយព្រៃឈើ ក្រុមហ៊ុនបានឈូសឆាយលើដីចម្ការរបស់ប្រជាពលរដ្ឋបានដាំដុះជាក់ស្តែងជាង ១០គ្រួសារ។ អ្នកភូមិអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធជាតិ អន្តរជាតិ ជួយការពារសិទ្ធិរស់រានមានជីវិតលើដីធ្លីជូនក្រុមសហគមន៍ជនជាតិដើមភាគតិចផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
