ក្រុមស្រាវជ្រាវនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរបស់រាជបណ្ឌិត្យសភាកម្ពុជា ចុះទៅពិនិត្យគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) នៅប្រទេសឡាវ រកឃើញថា រដ្ឋាភិបាលឡាវ មិនទាន់ចាប់ផ្ដើមសាងសង់នៅឡើយទេ។
លោកបណ្ឌិត សុខ ទូច ដែលដឹកនាំក្រុមស្រាវជ្រាវនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ចុះទៅពិនិត្យគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង របស់រដ្ឋាភិបាលឡាវ ថ្លែងថា ស្ថានភាពជាក់ស្ដែងនៅមិនទាន់មានអ្វីប្លែកនៅឡើយទេ។
លោកមានប្រសាសន៍បញ្ជាក់ពេលឆ្លងមកកម្ពុជា វិញ នៅព្រលប់ថ្ងៃទី១៥ កក្កដា ថា អ្វីៗដែលមានពីមុនមកនៅលើកោះដនសាហុង និងតំបន់ជុំវិញ គឺនៅមានស្ថានភាពដដែលទេ៖ «មកដល់ដំណាក់កាលនេះ មិនមែនបន្តការកសាងទេ គឺមិនទាន់មានការសាងសង់។ អត់ទាន់មានអីទេ។ អ្វីដែលមានកាលពី ១០០ឆ្នាំមុន វានៅតែដដែលអ៊ីចឹង វាអត់មានប្រែប្រួលអីទេ ហើយភូមិអ្នកស្រុកអីក៏អត់ដែរ ប្រែប្រួលតែឈូសផ្លូវ ឈូសផ្លូវធ្វើធំ ហើយផ្លូវហ្នឹងដឹកជាលក្ខណៈដែកអី គឺអត់មានទេ។ សាឡាង៣ មកហ្នឹង ដែលយើងបានថត យើងបានឈរឃើញហ្នឹងដឹកអេស្កាវ៉ាទ័រ និងរ៉ូឡូ កិនថ្នល់នោះទេ»។
លោកបណ្ឌិត សុខ ទូច ថ្លែងទៀតថា ផ្លូវដែលឈូសឆាយពង្រីកធំជាងមុននោះ គឺផ្លូវចាក់បេតុងប្រវែង ២០ម៉ែត្រឡើងច្រាំងទៅលើកោះដនសាហុង។ កម្មករដែលធ្វើផ្លូវ គឺជាអ្នកភូមិរស់នៅចុងកោះដនសាហុង។ ការប្រែប្រួលបន្តិចបន្តួចនេះ គឺលោកប្រៀបធៀបទៅនឹងស្ថានភាពដែលបានពិនិត្យកាលពីខែកុម្ភៈ។ លោកសន្និដ្ឋានថា ការមិនទាន់សាងសង់នេះ គឺលោកជឿថា ឡាវ គោរពតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងជាហត្ថលេខីនៃសេចក្ដីថ្លែងការណ៍ហួហ៊ីន ប្រទេសថៃ ឆ្នាំ២០១០ និងសេចក្ដីថ្លែងការណ៍ក្នុងហូជីមិញ ប្រទេសវៀតណាម ឆ្នាំ២០១៤ និងការសន្យាជាមួយកម្ពុជា៖ «ទីបួនហ្នឹង ប្រធានបក្សរបស់ប្រទេសឡាវ បានចរចាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយលើជំហរថា សិក្សាឲ្យបានសព្វគ្រប់ទើបសាងសង់។ ក្នុងករណីប៉ះពាល់មានលក្ខណៈជ្រាលជ្រៅ ភាគីឡាវ នឹងមិនធ្វើ។ អ៊ីចឹង យើងចង់ទៅត្រួតពិនិត្យថា តើឡាវ គោរពនូវកិច្ចសន្យាទាំងបួនចំណុចខាងលើហ្នឹងដែរឬទេ? អ៊ីចឹង យើងឃើញថា ភាគីឡាវ មិនមានប្រែប្រួលអ្វីជាដុំកំភួនដូចការផ្សព្វផ្សាយ ឬអ្នកស្រាវជ្រាវដទៃ ព្រោះយើងបានទៅដល់ទីនោះច្បាស់ណាស់ គ្មានការប្រែប្រួលទេ»។
លោកបណ្ឌិត សុខ ទូច បញ្ជាក់ថា ថ្វីបើការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង មិនចាប់ដំណើរការក៏ពិតមែន ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវនៅតែព្រួយបារម្ភចំពោះគម្រោងនេះ ព្រោះរហូតមកដល់ពេលនេះ រដ្ឋាភិបាលឡាវ មិនទាន់សិក្សាស៊ីជម្រៅ ឬបង្ហាញឯកសារពីផលប៉ះពាល់លើប្រទេសកម្ពុជា នៅឡើយទេ។ លោកទទូចឲ្យឡាវ សិក្សាស៊ីជម្រៅ ដើម្បីចៀសវាងការបាត់បង់ធនធានដ៏មានតម្លៃរបស់មនុស្សជាតិ។

ការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ជាបញ្ហាចម្រូងចម្រាសក្នុងសហគមន៍អន្តរជាតិ ជាពិសេសពលរដ្ឋ និងប្រទេសដែលនៅតាមដងទន្លេមេគង្គ។
កាលពីខែមីនា ឆ្នាំ២០១៤ ប្រធានគ្រប់គ្រងកម្មវិធីនៃអង្គការសម្ពន្ធភាព ដើម្បីអភិរក្សធនធានជលផល ឬហៅថា អង្គការហ្វែក (FACT) លោក យុគ សេងឡុង ថ្លែងថា ការសាងសង់ទំនប់ដនសាហុង មានកត្តាប៉ះពាល់សំខាន់បំផុត២។ ទីមួយ ធនធានជលផល គឺការរាំងខ្ទប់ការបន្លាស់ទីរបស់ត្រី។ ទីពីរ ប៉ះពាល់ជីវភាពរបស់ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ រហូតដល់ទៅ ៦០លាននាក់។ ពលរដ្ឋទាំងនេះ រស់នៅពឹងផ្អែកលើទន្លេមេគង្គ ទាំងធនធានជលផល ទាំងការងារ ចំណីអាហារ និងរបរកសិកម្ម។
សហគមន៍អន្តរជាតិ ទាមទារឲ្យឡាវ បញ្ឈប់គម្រោងសាងសង់នេះ ទោះជារដ្ឋាភិបាលឡាវ លើកហេតុផលយ៉ាងណាក៏ដោយ។
លោកបណ្ឌិត សុខ ទូច សង្ឃឹមថា រដ្ឋាភិបាលឡាវ នឹងមិនសង់ទំនប់វារីអគ្គិសនីនេះទេ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា នឹងប្រើគ្រប់លទ្ធភាព និងមធ្យោបាយ ដើម្បីទប់ស្កាត់ការសាងសង់ទំនប់ដនសាហុង នេះ។ លោកបញ្ជាក់ទៀតថា រាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តតាមដានដោយយកចិត្តទុកដាក់ ចំពោះគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ជានិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
