"មន្ត្រី​កម្ពុជា​និង​យោធា​វៀតណាម​ទទួល​សំណូក​ឲ្យ​ដឹក​ឈើ​ខុស​ច្បាប់​ពី​កម្ពុជា​ទៅ​វៀតណាម"

ដោយ សាន សែល
2017-05-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
Photo courtesy of EIA

លទ្ធផល​ស៊ើប​អង្កេត​របស់​អង្គការ​ផ្នែក​បរិស្ថាន​មួយ​រក​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល និង​យោធា​របស់​ប្រទេស​វៀតណាម សម​គំនិត​ក្នុង​សកម្មភាព​ជួញដូរ​ឈើ​ខុស​ច្បាប់​ពី​ប្រទេស​កម្ពុជា។ សកម្មជន​បរិស្ថាន​កម្ពុជា បញ្ជាក់​ថា សកម្មភាព​នេះ​កើត​ឡើង​ជា​យូរ​មក​ហើយ។ ការ​ស៊ើប​អង្កេត ក៏​បាន​រក​ឃើញ​ថា ការ​នាំ​ឈើ​ចេញ​ពី​កម្ពុជា ទៅ​វៀតណាម នៅ​បន្ត​កើត​មាន។ ក៏ប៉ុន្តែ​ក្រសួង​បរិស្ថាន​កម្ពុជា អះអាង​ថា មិន​មាន​ការ​នាំ​ចេញ​ឈើ​ចេញ​ទៅ​វៀតណាម ទៀត​នោះ​ទេ ក្រោយ​ពេល​រដ្ឋាភិបាល​ចេញ​បម្រាម។

អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន ឬ EIA (Environmental Investigation Agency) ស្រាវជ្រាវ​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល និង​យោធា​វៀតណាម បាន​ទទួល​យក​ប្រាក់​សំណូក​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ពី​អ្នក​រត់​ពន្ធ​ឈើ ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ឈើ​រាប់​រយ​ពាន់​ម៉ែត្រ​គូប ដែល​បាន​មក​ដោយ​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ឧទ្យាន​ជាតិ​កម្ពុជា នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ហើយ​វៀតណាម នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ពិសេស​សហភាព​អឺរ៉ុប។

ស្ថានទូត​វៀតណាម ប្រចាំ​ប្រទេស​កម្ពុជា និង​ក្រសួង​ការពារ​ជាតិ​វៀតណាម មិន​បាន​លើក​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៧ ឧសភា ពេល​អាស៊ីសេរី ព្យាយាម​សុំ​ការ​បំភ្លឺ។

លោក ចាហ្គូ វ៉ាដ្លី (Jago Wadley) មន្ត្រី​យុទ្ធនាការ​ជាន់​ខ្ពស់​ផ្នែក​ព្រៃ​ឈើ​នៃ EIA បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល​វៀតណាម ដែល​បាន​រៀបចំ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​ឆ្លង​ដែន​ក្នុង​ទឹកប្រាក់​រាប់​លាន​ដុល្លារ​នោះ​ឡើយ ហើយ​សហភាព​អឺរ៉ុប ដាច់ខាត​មិន​ត្រូវ​នៅ​ស្ងៀម​ធ្វើ​មិន​ដឹង​មិន​ឮ​នោះ​ទេ៖ «ទី​មួយ វា​នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រព័ន្ធ​នីតិរដ្ឋ និង​ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា។ វា​ប៉ះពាល់​ដោយសារ​ការ​យក​លុយ​ទៅ​សូកប៉ាន់​អាជ្ញាធរ​កម្ពុជា ហើយ​ធ្វើ​ឲ្យ​ច្បាប់​កម្ពុជា ត្រូវ​បាន​គេ​បំពាន​ឲ្យ​ដល់​បាត​កន្ទេល។ ស្ថានភាព​នេះ​វា​មិន​ល្អ​ដល់​ព្រៃ​ឈើ​នៅ​ប្រទេស​ណា​ក៏ដោយ»

ទាក់ទង​នឹង​វិធី​ប្រមូល​ព័ត៌មាន​សម្រាប់​ចងក្រង​ក្នុង​របាយការណ៍​នេះ​វិញ លោក ចាហ្គូ វ៉ាដ្លី (Jago Wadley) មាន​ប្រសាសន៍​ថា ក្រុម​លោក​ស៊ើប​អង្កេត​ដល់​ទីកន្លែង៖ «ក្រុម​យើង​ចុះ​ស្រាវជ្រាវ​ដល់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​បន្លំ​ធ្វើ​ជា​អ្នក​ទិញ​ឈើ​ពី​ឈ្មួញ​ឈើ​ខុស​ច្បាប់​ទាំងនោះ​នៅ​ក្នុង​វៀតណាម»

ចំណែក​លោក អ៊ូច ឡេង សកម្មជន​បរិស្ថាន និង​ជា​ម្ចាស់​ពាន​រង្វាន់ Goldman Prize យល់ស្រប​នឹង​ការ​រក​ឃើញ​របស់​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) នេះ ដោយ​លើក​ឡើង​ថា រឿងរ៉ាវ​នេះ​កើត​មាន​ជា​យូរ​មក​ហើយ៖ «»

ការ​រក​ឃើញ​របស់ EIA នេះ ត្រូវ​ផ្សាយ​នៅ​ក្នុង​របាយការណ៍ «អ្នក​ប្រព្រឹត្ត​បទល្មើស​ដដែល៖ អាជីវកម្ម​ជួញដូរ​ឈើ​ខុស​ច្បាប់​របស់​វៀតណាម ដែល​កើត​មាន​មិន​ចេះ​ចប់»

ដឹក​ជញ្ជូន​ឈើ​ទៅ​វៀតណាម ២០១៧ ១៤៤០
គំនរ​ឈើ​ដែល​ដឹក​ពី​ប្រទេស​កម្ពុជា ទៅ​ស្តុក​ទុក​នៅ​ខេត្ត​យ៉ាឡាយ (Gai Lai) ប្រទេស​វៀតណាម កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧។ Photo courtesy of EIA Photo courtesy of EIA

របាយការណ៍​នេះ ចេញ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​រដ្ឋាភិបាល​វៀតណាម និង​សហភាព​អឺរ៉ុប គ្រោង​ចុះ​កិច្ចព្រមព្រៀង​ធានា​ថា សហភាព​អឺរ៉ុប នឹង​ទទួល​ទិញ​តែ​ឈើ​ស្រប​ច្បាប់​ពី​ប្រទេស​វៀតណាម។

បើ​យោង​តាម​គេហទំព័រ​របស់​សហភាព​អឺរ៉ុប ប្រទេស​វៀតណាម ជា​មជ្ឈមណ្ឌល​ពិភពលោក​នៃ​ពាណិជ្ជកម្ម​ផលិតផល​ឈើ ហើយ​កាល​ពី​ឆ្នាំ​២០១៤ ពាណិជ្ជកម្ម​ឈើ​ទ្វេ​ភាគី​រវាង​វៀតណាម និង​សហភាព​អឺរ៉ុប មាន​តម្លៃ ៧០៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

EIA បញ្ជាក់​ថា អាជ្ញាធរ​វៀតណាម ដែល​ពុក​រលួយ​ទាំងនោះ មិន​ត្រឹម​តែ​មិន​ចាប់​ឈើ​ខុស​ច្បាប់​ដែល​ដឹក​ជញ្ជូន​ពី​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ចេញ​លិខិត​ស្នាម​ធ្វើ​ឲ្យ​ឈើ​ដែល​គេ​កាប់​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​អភិរក្ស​ព្រៃ​ឈើ​កម្ពុជា ក្លាយ​ជា​ឈើ​ស្រប​ច្បាប់​សម្រាប់​ការ​នាំ​ចេញ​ទៅ​ប្រទេស​ទី​បី។

ក្រុម​ស៊ើប​អង្កេត​របស់ EIA តាមដាន​ឃើញ​ថា ការ​ឃុបឃិត​សម​គំនិត​របស់​មន្ត្រី និង​យោធា​វៀតណាម ដែល​អនុញ្ញាត​ឲ្យ​ឈើ​ដែល​កាប់​ដោយ​ខុស​ច្បាប់​ចេញ​ពី​ប្រទេស​កម្ពុជា អាច​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម ក្រោម​រូបភាព​ស្រប​ច្បាប់ មិន​ត្រឹម​តែ​ផ្តល់​ប្រយោជន៍​ដល់​ក្រុម​អាជ្ញាធរ​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​វៀតណាម ផង​ដែរ។

ការ​ស៊ើប​អង្កេត​រក​ឃើញ​ថា ឈ្មួញ​ឈើ​វៀតណាម ក៏​បាន​បង់​ប្រាក់​សំណូក​រាប់​លាន​ដុល្លារ​ឲ្យ​មន្ត្រី​កម្ពុជា ដើម្បី​អាច​ចូល​ទៅ​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ក្នុង​ប្រទេស​កម្ពុជា។

ឈ្មួញ​ទាំងនោះ​បាន​ប្រាប់​អ្នក​ស៊ើប​អង្កេត​នៃ EIA ថា ពួក​គេ​បាន​សូក​ប្រាក់ ៤៥​ដុល្លារ​សម្រាប់​ឈើ ១​ម៉ែត្រ​គូប​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម រួម​ទាំង​ប្រធាន​គណៈកម្មាធិការ​នៃ​ខេត្ត​យ៉ាឡាយ (Gai Lai) ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​សិទ្ធិ​ដឹក​ជញ្ជូន​ឈើ​ចូល​ទៅ​ប្រទេស​វៀតណាម។

ដឹក​ជញ្ជូន​ឈើ​ទៅ​វៀតណាម ២០១៧ ១៤៤០
គំនរ​ឈើ​ដែល​ដឹក​ពី​ប្រទេស​កម្ពុជា ទៅ​ស្តុក​ទុក​នៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧។ Photo courtesy of EIA Photo courtesy of EIA

ទិន្នន័យ​របស់​អង្គការ​ស៊ើប​អង្កេត​បរិស្ថាន (EIA) បង្ហាញ​ថា ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មក ឈើ​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប​ត្រូវ​បាន​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់ និង​ត្រូវ​អាជ្ញាធរ​វៀតណាម ជួយ​ប្រែ​ក្លាយ​ជា​ឈើ​ស្រប​ច្បាប់ ដែល​វា​មាន​តម្លៃ​ជាង ១៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ចំណែក​របាយការណ៍​របស់​អង្គការ Forest Trades ក៏​បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា បាន​នាំ​ចេញ​ឈើ​មាន​តម្លៃ ១២១​លាន​ដុល្លារ​ទៅ​ប្រទេស​វៀតណាម ក្នុង​រយៈពេល ៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦ ដែល​ទិន្នន័យ​នេះ​បង្ហាញ​នៅ​ក្នុង​ស្ថាប័ន​គយ​របស់​វៀតណាម។

ការ​រក​ឃើញ​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ប្រកែក​ថា មិន​មាន​ការ​នាំ​ចេញ​ឈើ​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម ទៀត​នោះ​ឡើយ​ចាប់​តាំង​ពី​រដ្ឋាភិបាល​កម្ពុជា ហាមឃាត់​មិន​ឲ្យ​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៦៖ «»

ទោះ​ជា​យ៉ាង​ណា លោក​មិន​បាន​បញ្ជាក់​លម្អិត​អំពី​សកម្មភាព​អ្វី​ដែល​ភាគី​ទាំង​ពីរ​ធ្លាប់​បាន​សហការ​គ្នា ដើម្បី​ទប់ស្កាត់​ការ​នាំ​ចេញ​ឈើ​នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​ស៊ើប​អង្កេត​បរិស្ថាន (EIA) រក​ឃើញ​ថា ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៧ នៅ​តែ​មាន​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់ រួម​ទាំង​នៅ​តំបន់​ព្រៃ​អភិរក្ស​សហគមន៍​នៅ​ឧទ្យាន​ជាតិ​វីរជ័យ និង​អូរយ៉ាដាវ នៅ​តំបន់​អភិរក្ស​សត្វ​ព្រៃ​លំផាត់ ក្នុង​ខេត្ត​រតនគិរី ដែល​គម្រោង​ការពារ​ទាំងនេះ ខ្លះ​ត្រូវ​បាន​ផ្តល់​ជំនួយ​ដោយ​សហភាព​អឺរ៉ុប។

លោក ចាហ្គូ វ៉ាដ្លី (Jago Wadley) មន្ត្រី​យុទ្ធនាការ​ជាន់​ខ្ពស់​ផ្នែក​ព្រៃ​ឈើ​នៃ EIA ថ្លែង​ថា រដ្ឋាភិបាល​វៀតណាម ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ការ​ចុះ​ហត្ថលេខា​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​កម្ចាត់​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​អាជីវកម្ម​ដែល​ពាក់ព័ន្ធ ក៏ប៉ុន្តែ​ការ​មិន​ដោះស្រាយ​បញ្ហា​ជា​មូលដ្ឋាន ដែល​បច្ចុប្បន្ន វៀតណាម កំពុង​ព្រងើយ​កន្តើយ នឹង​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​គ្មាន​ប្រយោជន៍។

ចំណែក​សកម្មជន​បរិស្ថាន លោក អ៊ូច ឡេង វិញ​ក៏​យល់​ថា ប្រទេស​អ្នក​ទទួល​ទិញ​ឈើ​ពី​វៀតណាម ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ការ​ជួញដូរ​ខុស​ច្បាប់​នៅ​ប្រទេស​កម្ពុជា៖ «»

សហភាព​អឺរ៉ុប មិន​ទាន់​ឆ្លើយតប​អ៊ីមែល​ដែល​អាស៊ីសេរី បាន​សាកសួរ​ចំពោះ​ការ​លើក​ឡើង​នេះ​ទេ នៅ​ថ្ងៃ​ទី​៧ ឧសភា៕

ដឹក​ជញ្ជូន​ឈើ​ទៅ​វៀតណាម ២០១៧ ១៤៤០
សញ្ញា​បង្ហាញ​ផ្លូវ​នៅ​ក្នុង​ព្រៃ​ទៅ​កាន់​ប៉ុស្តិ៍​ការពារ​ព្រំដែន​វៀតណាម។ Photo courtesy of EIA Photo courtesy of EIA

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Please,UE you're doing something for Khmer forests if you don't reinforces forest while Cambodia have no more forest in the future as they will destroy every thing and Climate has problems and it is so threating our land on earth.

May 08, 2017 08:06 AM

គេហទំព័រ​ទាំងមូល