ដែន​អភិរក្ស​ជម្រក​សត្វ​ព្រៃ​ស្នួល​ត្រូវ​គេ​កាប់​រាន​ដី​ធ្វើ​ចម្ការ​ស្ទើរ​ទាំង​ស្រុង

សកម្មជន​ការពារ​ព្រៃ​ឈើ បាន​និយាយ​ថា ដែន​អភិរក្ស​ជម្រក​សត្វ​ព្រៃ​ស្នួល ជាង ២​ពាន់​ហិកតារ ក្នុង​ខេត្ត​ក្រចេះ ជិត​រលាយ​ទាំង​ស្រុង​ហើយ ព្រោះ​មាន​បទ​ល្មើស​ព្រៃ​ឈើ និង​សកម្មភាព​កាប់​រាន​ដី​ធ្វើ​ចម្ការ​ពី​ជន​ខិល​ខូច​គ្មាន​ការ​ទប់ស្កាត់។

0:00 / 0:00

សកម្មជន​ការពារ​ព្រៃ​ឈើ ខេត្ត​ក្រចេះ បាន​ចោទ​ថា មន្ត្រី​មាន​សមត្ថកិច្ច​មួយ​ចំនួន​ថា​ទំនង​ជា​នៅ​ពី​ក្រោយ​បទ​ល្មើស​កាប់​រាន​ដី​ព្រៃ ទើប​គ្មាន​វិធាន​ការ​ទប់ស្កាត់។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​មន្ត្រី​ជំនាញ​បដិសេធ។

មន្ត្រី​ស៊ើប​អង្កេត​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី១៧ ខែ​ឧសភា ថា ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល ដែល​ក្រសួង​បរិស្ថាន​ដាក់​ឲ្យ​អភិរក្ស ត្រូវ​ជន​ល្មើស​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​ចម្ការ និង​កាប់​ព្រៃ​ឈើ​ស្ទើរ​អស់​ទៅ​ហើយ។

លោក ឈឹម សាវុធ ដែល​បាន​ចូល​ព្រៃ​ជាមួយ​សកម្មជន​ការពារ​ព្រៃ​ឈើ ស្រុក​ស្នួល ក្នុង​ខែ​ឧសភា នេះ បាន​រក​ឃើញ​ថា សកម្មភាព​កាប់​បំផ្លាញ​ដែន​ជម្រក​សត្វ​ស្នួល បាន​ធ្វើ​សកម្មភាព​ទាំង​ថ្ងៃ​យប់ និង​គ្មាន​សមត្ថកិច្ច​បង្ក្រាប​ទេ៖ «នៅ​ខ្សឹម ចំនួន​ជាង ២​ពាន់​ហិកតារ ហើយ​ព្រៃ​អភិរក្ស​ហ្នឹង ដូច​ជា​គ្មាន​សេសសល់​អី​ទៀត​ទេ តាម​ខ្ញុំ​មើល​ទៅ គឺ​នៅ​មាន​ដុំៗ។ ទាំង​សហគមន៍ ទាំង​ក្រុមហ៊ុន ប៊ិញ ភឿក ក៏​បាន​ឈូស​រំលោភ​យក ទាំង​ជន​ចំណាក​ស្រុក ទាំង​អ្នក​មាន​អំណាច។ គឺ​ម្នាក់ៗ​បួន​ដប់​ហិកតារ ហា​ហុកសិប​ហិកតារ គឺ​កំពុង​តែ​កាប់​រំលោភ​យក​ដោយ​គ្មាន​ការ​ទប់ស្កាត់​អ្វី​ទាំងអស់។ ហើយ​សហគមន៍​ចុះ​ទៅ​ទប់ស្កាត់​ម្តង​ចាប់​ម៉ាស៊ីន​បាន​បួន​ដប់​គ្រឿង ប្រគល់​ជូន​រដ្ឋបាល​ព្រៃ​ឈើ ហើយ​ក្រោយ​មក​សកម្មភាព​ដដែល​ហ្នឹង បាន​កើត​ឡើង។ រហូត​ដល់​ចាប់​បាន​ដល់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​នាំ​យក​មក​ប្រគល់​ជូន​រដ្ឋបាល​ព្រៃ​ឈើ។ ហើយ​ចុង​ក្រោយ រដ្ឋបាល​ព្រៃ​ឈើ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វិញ ដោយ​គ្មាន​ទោសទណ្ឌ​អ្វី​ទាំងអស់»

លោក​សង្ស័យ​ថា សកម្មភាព​កាប់​បំផ្លាញ​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល ទំនង​អាច​មាន​មន្ត្រី​ជំនាញ​មួយ​ចំនួន​នៅ​មូលដ្ឋាន​នេះ​ជា​អ្នក​នៅ​ពី​ក្រោយ​បទ​ល្មើស ទើប​បទ​ល្មើស​អាច​ធ្វើ​សកម្មភាព​ទៅ​បាន​ដោយ​គ្មាន​ការ​ហាមឃាត់។

ទាក់ទិន​បញ្ហា​នេះ លោក ទាប គុន្ធពិដោរ នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ខ្សឹម ស្រុក​ស្នួល ថ្លែង​ថា ការ​គ្រប់គ្រង​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល មិន​ស្ថិត​ក្រោម​សមត្ថកិច្ច​លោក​ទេ គឺ​ក្រោម​ការ​គ្រប់គ្រង​របស់​ស្ថាប័ន​បរិស្ថាន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​មន្ទីរ​បរិស្ថាន ខេត្ត​ក្រចេះ ដើម្បី​បំភ្លឺ​ជុំវិញ​សកម្មភាព​បំផ្លាញ​ដែន​ជម្រក​សត្វ​ស្នួល បាន​ទេ នៅ​ថ្ងៃ​សុក្រ ទី១៧ ខែ​ឧសភា។

ទោះ​យ៉ាង​ណា លោក កៅ ម៉ាឌីឡែន ប្រធាន​មន្ទីរ​សុរិយោដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​ក្រចេះ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​បាន​សហការ​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល មិន​ធ្វេសប្រហែស​ទេ គឺ​មាន​វិធាន​ការ​ជា​បន្តបន្ទាប់។ លោក​បន្ត​ថា សព្វថ្ងៃ​នេះ​សមត្ថកិច្ច​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ​បាន​បង្កើត​កម្លាំង​បង្ក្រាប ដើម្បី​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល ឲ្យ​មាន​ប្រសិទ្ធភាព៖ «ឥឡូវ​ហ្នឹង​ចំពោះ​មុខ​ខាង​ស្រុក​គាត់​កំពុង​រៀបចំ​ក្រុម ដើម្បី​ចុះ​ទៅ​ល្បាត​ជា​អចិន្ត្រៃយ៍។ ពី​មុន គឺ​យើង​បាន​ទទួល​ព័ត៌មាន​តាម​ទូរស័ព្ទ គឺ​យើង​មាន​លេខ​ពិសេស គឺ​ប្រជាជន​គាត់​តេ​មក​ប្រាប់។ តែ​ឥឡូវ​នេះ ដើម្បី​កុំ​ឲ្យ​មាន​ការ​កាប់​ទន្ទ្រាន​នៅ​ពេល​យើង​កំពុង​រៀបចំ​ការ​បោះឆ្នោត ឬ​ក៏​មាន​មេ​ខ្យល់​ដែល​អាច​ដើរ​បំផុសបំផុល​ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​យល់​ច្រឡំ ឬ​ដើរ​តាម​គន្លង​ខុស​ផ្លូវ​ច្បាប់​ហ្នឹង គឺ​ថ្នាក់​ស្រុក​គាត់​កំពុង​បង្កើត​ក្រុម​ការងារ​អន្តរាគមន៍​ពិសេស ដើម្បី​ដើរ​ល្បាត»

មិន​ខុស​គ្នា​ទេ លោក គង់ គឹមនី អភិបាល​ស្រុក​ស្នួល បាន​ទទួល​ស្គាល់​ថា បទ​ល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​ដែន​ជម្រក​សត្វ​ស្នួល ពិត​ជា​បាន​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ពិត​មែន។ លោក​អំពាវនាវ​ដល់​សហគមន៍​នានា ឲ្យ​ជួយ​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ឈាន​ទៅ​បង្ក្រាប​បទ​ល្មើស​ដី​ព្រៃ​អភិរក្ស​សត្វ​ស្នួល ឲ្យ​មាន​ប្រសិទ្ធភាព៖ «ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល ហ្នឹង ឈឺ​ក្បាល​ណាស់​បង។ បង​ប្អូន​មួយ​ចំនួន គាត់​មិន​យល់​ពី​បញ្ហា​ផ្លូវ​ច្បាប់ គាត់​ចូល​មក​តាម​មេ​ខ្យល់​គាត់ តាម​អ្នក​បំផុសបំផុល​គាត់ៗ​មក​លួច​កាប់​ពេល​យប់​ពេល​អីចឹង​ទៅ​បង។ មេ​ខ្យល់​វា​ចេះ​តែ​មក​ចង្អុល​ព្រៃ ហើយ​ដល់​សមត្ថកិច្ច​មាន​ចំនួន​តិច ហើយ​ដី​អភិរក្ស​ធំ ហើយ​គាត់​ចូល​មក​ពី​គ្រប់​ច្រកល្ហក មក​កាប់​ទន្ទ្រាន​នៅ​ក្រោយ​បទ​បញ្ជា​លេខ​សូន្យ​អ៊ីចឹង​ទៅ។ ខាង​ខ្ញុំ​បាន​ហៅ​មក​ណែនាំ និង​ឲ្យ​គាត់​អញ្ជើញ​ទៅ​វិញ​អ៊ីចឹង​ទៅ និង​អនុវត្ត​តាម​ច្បាប់​ខ្លះ​ទៅ»

លោកស្រី មុំ សុគីម តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ស្រុក​ស្នួល បាន​ឲ្យ​ដឹង​ដែរ​ថា ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល មាន​ផ្ទៃដី​ជាង ២.៤០០​ហិកតារ ដែល​ក្រសួង​បរិស្ថាន ដាក់​ឲ្យ​អភិរក្ស​កាល​ពី​ឆ្នាំ​២០០៣ ស្ទើរ​បាត់បង់​អស់​ទៅ​ហើយ។ លោកស្រី​អះអាង​ថា សកម្មភាព​កាប់​រុករាន​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល ដែល​អាច​ធ្វើ​សកម្មភាព​ទៅ​បាន ទំនង​ជា​អាច​មាន​មន្ត្រី​មូលដ្ឋាន​ចូលរួម​ឃុបឃិត៖ «លោក​អភិបាល​ស្រុក​ហ្នឹង​គាត់​ក៏​ខិតខំ​ព្យាយាម​ស្រាវជ្រាវ​រឿង​ហ្នឹង​ដែរ ធ្វើ​ម៉េច​កុំ​ឲ្យ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍។ ប៉ុន្តែ ដល់​ពេល​ឥឡូវ​នេះ កាប់​អស់​រលីង កាប់​ឡើង​វាល​តាម​ផ្លូវ។ ហើយ​ខ្ញុំ​ឆ្ងល់​ថា​មេ​ភូមិ និង​មេ​ឃុំ តើ​គាត់​បាន​គិត ឬ​មិន​គិត​ទេ បាន​ជា​ដី​ព្រៃ​ឡើង​វាល​អស់​រលីង ឬ​ក៏​គាត់​ត្រូវ​រ៉ូវ​គ្នា​យ៉ាង​ម៉េច។ អ៊ីចឹង​បាន​ជា​លោក​អភិបាល​ស្រុក​ស្នួល គាត់​ចេះ​តែ​អំពាវនាវ​ថា សូម​ឲ្យ​សហគមន៍​ជួយ​ការពារ​ថែរក្សា ហើយ​សហគមន៍​យើង​ខ្ញុំ​នេះ​ខំ​ប្រឹង​ទប់ស្កាត់​ការពារ ហើយ​រហូត​ដល់​ឃាត់​វត្ថុ​តាង​យក​ទៅ​ប្រគល់​ជូន​អាជ្ញាធរ ឬ​រដ្ឋបាល​ព្រៃ​ឈើ ហាក់​ដូច​ជា​គេ​មិន​សូវ​ពេញ​ចិត្ត​សោះ»

មន្ត្រី​សិទ្ធិ​មនុស្ស និង​សកម្មជន​ការពារ​ព្រៃ​ឈើ ស្រុក​ស្នួល បាន​ឲ្យ​ដឹង​ថា បទ​ល្មើស​កាប់​រុក​រាន​ដី​ព្រៃ​អភិរក្ស​សត្វ​ស្នួល សហគមន៍​ធ្លាប់​បាន​ប្រមូល​ផ្តុំ​គ្នា​ចូល​ព្រៃ និង​ចាប់​បាន​ម៉ាស៊ីន​អារ​ឈើ និង​ត្រាក់ទ័រ​របស់​ជន​ល្មើស​ប្រគល់​ជូន​សមត្ថកិច្ច​ជាច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​មន្ត្រី​ជំនាញ​មាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ជាដើម មិន​ត្រឹម​តែ​គ្មាន​វិធាន​ការ​បង្ក្រាប​ទេ ថែម​ទាំង​បាន​ប្រគល់​សម្ភារៈ​ដែល​រឹប​អូស​បាន​ប្រគល់​ជូន​ជន​ល្មើស​ទៅ​វិញ ដើម្បី​យក​ទៅ​ធ្វើ​សកម្មភាព​ជា​បន្ត​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។