សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពង្រឹង​ច្បាប់​គ្រប់គ្រង​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព

0:00 / 0:00

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា ព្រួយ​បារម្ភ​ពី​ការ​បំផ្លិចបំផ្លាញ​ព្រៃ​ឡង់​ដែល​កំពុង​តែ​កើត​មាន​ឥត​ឈប់ឈរ។ ទន្ទឹម​គ្នា​នេះ សហភាព​អឺរ៉ុប ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ច្បាប់​គ្រប់គ្រង​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃ​ឡង់។

សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា ចាត់​ទុក​ព្រៃ​ឡង់​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ ក្នុង​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ការពារ​បរិស្ថាន និង​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា និង​ពិភពលោក។

ការ​លើក​ឡើង​របស់​សហភាព​អឺរ៉ុប នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​លទ្ធផល​ការ​ការពារ​ព្រៃ​ឡង់ ដែល​រៀបចំ​ដោយ​តំណាង​សហគមន៍​ព្រៃ​ឡង់ ៤​ខេត្ត នា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា លោក ច្សច អេដហ្គា (George EDGAR) សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ តាម​រយៈ​ការ​ដាក់​តំបន់​ព្រៃ​មួយ​ចំនួន​ជា​តំបន់​ការពារ ពិសេស​ទប់ស្កាត់​រាល់​ការ​នាំ​ចេញ​ឈើ​ទៅ​ក្រៅ​ប្រទេស ដូចជា​ប្រទេស​វៀតណាម ក្តី។ ប៉ុន្តែ​បន្ទាប់​ពី​លោក​ទៅ​ទស្សនកិច្ច​ព្រៃ​ឡង់​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ឃើញ​ស្ថានភាព​កាប់​ឈើ និង​ដឹក​ឈើ​រាប់​រយ​ដើម ត្រូវ​បាន​គេ​កាប់​ផ្ដួល​រំលំ និង​កាត់​ច្រៀក​ជា​កំណាត់ៗ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប រូប​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ច្បាប់​គ្រប់គ្រង​បទល្មើស​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ទាក់ទាញ​ជំនួយ និង​ការ​គាំទ្រ​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​លើ​កិច្ច​ការពារ​ព្រៃ​ឈើ « ខ្ញុំ​យល់​ថា ការ​ទប់ស្កាត់​រាល់​បទល្មើស​ព្រៃ​ឈើ ទាមទារ​ឲ្យ​មាន​ឆន្ទៈ​នយោបាយ ត្រូវ​មាន​ការ​សហការ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ហើយ​ខ្ញុំ​យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​កាន់​តែ​មាន​ប្រសិទ្ធភាព វា​នឹង​ជួយ​ជំរុញ​សហគមន៍​អន្តរជាតិ​ផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​លើ​ការងារ​នេះ »

ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​សហភាព​អឺរ៉ុប នាយក​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា គាំទ្រ​ចំពោះ​ការ​ជំរុញ​របស់​សហភាព​អឺរ៉ុប ទៅ​កាន់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ច្បាប់ គឺ​ជា​រឿង​សំខាន់​ដែល​លុប​បំបាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​តំបន់​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព « ការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព​ត្រឹមត្រូវ គឺ​ជា​គន្លឹះ និង​វិធានការ​ដ៏​សំខាន់​ក្នុង​កិច្ច​ការពារ​តំបន់​ព្រៃ​ឡង់ ពិសេស​អាច​បើក​ឱកាស​ឲ្យ​បណ្ដាញ​ព្រៃ​ឡង់​គាត់​មាន​លទ្ធភាព​គ្រប់គ្រង និង​ប្រើប្រាស់​ព្រៃ​ឡង់​ឲ្យ​មាន​និរន្តរភាព »

ចំណែក​ឯ​សមាជិក​បណ្ដាញ​យុវជន​ព្រៃ​ឡង់ លោកស្រី ផន សុភ័ក្ត្រ និង​ជា​ស្ត្រី​ម្នាក់​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​កាប់​ត្រូវ​ជើង ខណៈ​នាង​ល្បាត​ព្រៃ​ឡង់​នោះ ឲ្យ​ដឹង​ថា កន្លង​មក សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឡង់​ក្នុង ៤​ខេត្ត គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​កំពង់ធំ នៅ​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ កើត​ឡើង​ដោយសារ​កង្វះ​ការ​សហការ​ពី​អាជ្ញាធរ និង​ការ​អនុវត្ត​ច្បាប់​ទប់ស្កាត់​នៅ​ធូរ​រលុង « កន្លង​មក​យើង​មាន​សិទ្ធិ ហើយ​តែ​សិទ្ធិ​របស់​យើង​ត្រូវ​បាន​លុប​បាន យើង​មិន​ទាន់​អាច​គ្រប់គ្រង​បាន​ធំ​ទូលាយ តែ​បើ​ដូច​ការ​ស្នើ​របស់​សហភាព​អឺរ៉ុប ធ្វើ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​តាម​សហគមន៍​យើង​ទាំង ៤​ខេត្ត មាន​ឥទ្ធិពល​ក្នុង​ការ​ការពារ​ព្រៃ​ឡង់ »

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​របស់​សហភាព​អឺរ៉ុប នេះ​បាន​ឡើយ នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា។

ព្រៃ​ឡង់ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ព្រៃ​ធំ​ចុង​ក្រោយ​មាន​ទំហំ ៣.៦០០​គីឡូម៉ែត្រ​ក្រឡា មាន​ព្រំ​ប្រទល់​ជាប់​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ។ តំណាង​បណ្ដាញ​ការពារ​ព្រៃ​ឡង់​បញ្ជាក់​ថា មាន​សហគមន៍​ចំនួន​ជិត ២០០ កំពុង​ចូលរួម​ការពារ​ព្រៃ​នេះ​ដោយ​ចុះ​ល្បាត​ការពារ​ព្រៃ​ជា​ប្រចាំ។ សហគមន៍​ទាំង​នេះ មាន​សកម្មជន​ដែល​ជា​ជន​បង្គោល​ប្រមាណ ៤០០​នាក់ និង​សមាជិក​ជាច្រើន​រយ​នាក់​ផ្សេង​ទៀត កំពុង​ការពារ​ព្រៃ​ដោយ​ស្ម័គ្រ​ចិត្ត។

ក្រៅ​ពី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ច្បាប់​គ្រប់គ្រង​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព សហភាព​អឺរ៉ុប សង្គម​ស៊ីវិល និង​សហគមន៍​ព្រៃ​ឡង់ ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បន្ថែម​ទៀត ដោយ​ដក​ហូត​ម៉ាស៊ីន​រណារ​យន្ត​ខុស​ច្បាប់​ចេញ​ពី​ភូមិ ឃុំ ស្រុក និង​ទីតាំង​ធ្វើ​អាជីវកម្ម​ឈើ​នៅ​ជុំវិញ​ព្រៃ​ឡង់ ព្រម​ទាំង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​មន្ត្រី អាជ្ញាធរ​ដែនដី និង​មេ​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់ ជាដើម៕

វីដេអូ៖ សហភាព​អឺរ៉ុប​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ច្បាប់​គ្រប់​គ្រង់​ព្រៃ​ឈើ​​

សហភាព​អឺរ៉ុប​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ច្បាប់​គ្រប់​គ្រង់​ព្រៃ​ឈើ សហភាព​អឺរ៉ុប​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ច្បាប់​គ្រប់​គ្រង់​ព្រៃ​ឈើ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។