មន្ត្រី​ជំនាញ​បរិស្ថាន​បារម្ភ​ពី​ការ​កើន​ឡើង​អ្នក​នេសាទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ត្រី​កម្រ​បន្ត​ពូជ

ដោយ ម៉ែន សុធីរ
2016.05.16
នេសាទ ស្ទឹងត្រែង ៨៥៥ ២០១៦ ពលរដ្ឋ​នេសាទ​នៅ​ដង​ទន្លេ​មេគង្គ​លើ ឋិត​នៅ​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Men Sothyr
RFA/Men Sothyr

មន្ត្រី​ជំនាញ​បរិស្ថាន អំពាវនាវ​ឲ្យ​ក្រសួង​កសិកម្ម ស្រាវជ្រាវ​លក្ខណៈ​ធម្មជាតិ​ត្រី​កម្រ​មាន​តម្លៃ​ខ្ពស់ ដូចជា​ត្រី​ប៉ាសេអ៊ី និង​ប៉ាវា ជាដើម នៅ​ខេត្ត​ស្ទឹងត្រែង ដែល​ច្រាល​ឡើង​នៅ​ដើម​ខែ​វស្សា​នេះ ត្រូវ​ប្រឈម​ហានិភ័យ​ខ្ពស់ បន្ទាប់​ពី​ក្រុម​អ្នក​នេសាទ​បាន​ដាក់​មង​រាំង​ខ្ទប់​ទន្លេ ដែល​រារាំង​ការ​បន្លាស់​ទី​ត្រី​ទាំង​នោះ​មិន​ឲ្យ​បន្ត​ពូជ​បាន បន្ទាប់​ពី​លក្ខណៈ​ភូមិសាស្ត្រ​ដែល​ជា​ទី​ជម្រក​ត្រី​នោះ​កំពុង​រំខាន​ដោយ​សីតុណ្ហភាព​ឡើង​កម្តៅ​ផង។

អ្នក​អភិរក្ស​ផ្នែក​បរិស្ថាន​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ចំនួន​អ្នក​ចាប់​ត្រី​ក្នុង​តំបន់​បាន​កើន​ឡើង​នៅ​ដើម​ខែ​វស្សា​នេះ ខណៈ​ប្រភេទ​ត្រី​កម្រ​ជាច្រើន ដូចជា​ត្រី​ប៉ាសេអ៊ី ជាដើម កំពុង​ច្រាល​ឡើង​ពី​អន្លង់​ជ្រក និង​អន្លង់​អភិរក្ស​នៅ​តាម​ដង​ទន្លេ​ស្រែពក ទន្លេ​សេកុង និង​ទន្លេ​សេសាន អាច​នឹង​ជាប់​មង​អ្នក​នេសាទ​ច្រើន​ស្អេកស្កះ​តាម​ដង​ទន្លេ។

ទីប្រឹក្សា​នៃ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង លោក មៀច មាន អំពាវនាវ​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ជលផល និង​ដាក់​បម្រាម​ហាមឃាត់​ការ​នេសាទ​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ទន្លេ ដើម្បី​ធានា​ពី​សុវត្ថិភាព​ការ​ចរាចរ​ត្រី​មេ​ពូជ​ទាំង​នោះ​អាច​គេច​ផុត​ពី​អន្ទាក់​អ្នក​នេសាទ។ លោក​សន្និដ្ឋាន​ថា ចំនួន​ត្រី​ប៉ាសេអ៊ី ច្រាល​ឡើង​ខុស​ប្រក្រតី​នេះ អាច​បណ្ដាល​មក​ពី​បម្រែបម្រួល​អាកាសធាតុ​ឡើង​កម្តៅ និង​លក្ខណៈ​ធម្មជាតិ​របស់​ត្រី​នោះ​ដែល​ច្រាល​ឡើង​នៅ​ដើម​ខែ​វស្សា​តាម​អាកាសធាតុ​រាល់​ឆ្នាំ៖ «អ្នក​នេសាទ​បិទ​ផ្លូវ​ទឹក ឬ​បិទ​ត្រី​ធ្វើ​ចរាចរ គឺ​មិន​អាច​ឲ្យ​ត្រី​ធ្វើ​ចរាចរ​បាន។ ចឹង​អំពាវនាវ​សុំ​ឲ្យ​ក្រសួង​កសិកម្ម ចុះ​ធ្វើ​ការ​សិក្សា និង​ពិភាក្សា​ជាមួយ​ក្រុម​អ្នក​នេសាទ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​បើក​ផ្លូវ​ត្រី​ដើម្បី​ឲ្យ​ត្រី​អាច​ចរាចរ​ចុះ​ឡើង​បាន»

លោក មៀច មាន បារម្ភ​ថា ចំនួន​ត្រី​ប៉ាសេអ៊ី និង​ត្រី​កម្រ​ផ្សេង​ទៀត​រស់នៅ​តាម​ដង​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង ច្រាល​ឡើង​ត្រូវ​អ្នក​នេសាទ​ចាប់​បាន អាច​បណ្ដាល​ឲ្យ​ត្រី​ទាំង​នោះ​ផុត​ពូជ ប្រសិន​បើ​អ្នក​នេសាទ​ប្រើ​ឧបករណ៍​នេសាទ​រាំង​ខ្ទប់​ការ​ចរាចរ​ត្រី​ទាំង​នោះ។ លោក​ទទូច​ឲ្យ​មន្ត្រី​ជំនាញ​ជលផល សិក្សា​ពី​ស្ថានភាព​ទន្លេ​ដើម្បី​ដាក់​បម្រាម​នៅ​ចន្លោះ​ណា​មួយ​ក្នុង​ទន្លេ ដើម្បី​បើក​ផ្លូវ​ទឹក​ឲ្យ​ត្រី​ចរាចរ៖ «ការ​បម្រែបម្រួល​អាកាសធាតុ ធ្វើ​ឲ្យ​ត្រី​ចលាចល វា​ដើរ​ទីកន្លែង​ជម្រក​ដែល​មាន​អន្លង់​ជ្រៅៗ»

ឆ្លើយ​តប​រឿង​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែង លោក ប៉ែន ឈុនឌី ឲ្យ​ដឹង​ថា ខេត្ត​ស្ទឹងត្រែង មាន​អន្លង់​អភិរក្ស​ចំនួន ៥០ ដែល​ហាម​មិន​ឲ្យ​នេសាទ​នៅ​តំបន់​នោះ។ លោក​ថា ត្រី​ប៉ាសេអ៊ី និង​ត្រី​កម្រ​ផ្សេង​ទៀត បាន​ច្រាល​ឡើង​ពី​អន្លង់ និង​រូង​ថ្ម​នៅ​ដើម​ខែ​វស្សា​នេះ គឺ​ជា​លក្ខណៈ​ធម្មជាតិ ដោយ​ត្រី​ទាំង​នោះ​មាន​ទម្លាប់​ច្រាល​ឡើង​ពេល​មេឃ​រក​ភ្លៀង​នៅ​ដើម​ខែ​វស្សា។ លោក​បន្ត​ថា ប្រភេទ​ត្រី​មេ​ពូជ​បាន​ច្រាល​ឡើង ដែល​អាច​ប្រឈម​ជាប់​មង​អ្នក​នេសាទ។ ដូច្នេះ ក្រសួង​កសិកម្ម បាន​ប្រកាស​បិទ​នេសាទ​នៅ​ខេត្ត​ស្ទឹងត្រែង ចាប់​ពី​ខែ​ឧសភា រហូត​ដល់​ខែ​វិច្ឆិកា។ លោក​ថា អំឡុង​ពេល​បិទ​នេសាទ មន្ត្រី​ជំនាញ​ហាម​មិន​ឲ្យ​អ្នក​នេសាទ​ប្រើ​មង​លើស​ពី ១៥០​ម៉ែត្រ ហើយ​ក្រឡា​មង​មិន​លើស​ពី ១៥​សង់ទីម៉ែត្រ៖ «នៅ​តាម​សហគមន៍​នីមួយៗ​យើង​មាន​អន្លង់​របស់​យើង។ ត្រី​កាល​ណា​ទឹក​វា​រាក់ វា​ក្តៅ​អ៊ីចឹង វា​ត្រូវ​ចូល​អន្លង់​ហើយ។ ជាទូទៅ​បើ​មាន​ភ្លៀង​ធ្លាក់​ដើម​ឆ្នាំ​ហ្នឹង គឺ​ត្រី​វា​ត្រូវ​ចឹង​ហើយ បាន​ខេត្ត​យើង​ចាប់​ផ្ដើម​បិទ​នេសាទ​ចាប់​ពី​ខែ​៥ ទៅ»

ប្រភេទ​ត្រី​ក្នុង​តំបន់ ដូចជា​ត្រី​ប៉ាវា​មុខ​ពីរ ឬ​ត្រី​មុខ​បាក់ ត្រី​ប៉ាសេអ៊ី និង​ត្រី​ក្អែក ជាដើម រស់នៅ​តំបន់​សម្បូរ​ថ្ម ស្លែ និង​អន្លង់​ជ្រៅ​នៅ​ដង​ទន្លេ​មេគង្គ​លើ ទន្លេ​សេកុង ទន្លេ​ស្រែពក និង​ទន្លេ​សេសាន ដែល​មន្ត្រី​ជំនាញ​សន្និដ្ឋាន​ថា ត្រី​ទាំង​នោះ​ស៊ី​ស្លែ និង​កម្អែល​ថ្ម។ លើស​ពី​នេះ ត្រី​ប្រភេទ​នេះ​អ្នក​នេសាទ​ចាប់​បាន​នៅ​ខែ​វិច្ឆិកា រហូត​ដល់​ខែ​មីនា ឬ​រហូត​ដល់​ខែ​ឧសភា បើ​រដូវ​ប្រាំង​អូស​បន្លាយ​ពេល​វែង។

អាជីវករ​ខេត្ត​ស្ទឹងត្រែង លោកស្រី សុផានី លើក​ឡើង​ថា បច្ចុប្បន្ន ត្រី​កម្រ​នៅ​មូលដ្ឋាន ដូចជា ត្រី​ប៉ាសេអ៊ី និង​ត្រី​ប៉ាវា មាន​លក់​លើ​ទីផ្សារ​តាម​រដូវ និង​តាម​អាកាសធាតុ។ លោកស្រី​បញ្ជាក់​ថា ប្រភេទ​ត្រី​កម្រ​ទាំង​នោះ​មិន​អាច​ផ្គត់ផ្គង់​ទីផ្សារ​គ្រប់គ្រាន់​ឡើយ។ ចំណែក​តម្លៃ​ត្រី​ប៉ាសេអ៊ី ដែល​កំពុង​លក់​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​មាន​តម្លៃ ៥​ម៉ឺន​រៀល​ដល់ ១០​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម។ ចំណែក​ត្រី​ប៉ាវា តម្លៃ ៤​ម៉ឺន​រៀល​ដល់ ៦​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម និង​ត្រី​ក្អែក តម្លៃ ២​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម។ លោកស្រី​បន្ត​ថា ត្រី​ប៉ាសេអ៊ី និង​ត្រី​ប៉ាវា ចាប់​ផ្ដើម​មាន​លក់​នៅ​លើ​ទីផ្សារ​ច្រើន​ចាប់​ពី​ថ្ងៃ​ទី​១៣ ឧសភា មក៖ «ទើប​ភ្លៀង​ចឹង​បាន​សម្បូរ​ត្រី​ប៉ាសេអ៊ី ៨​ខាំ​ឡើង​ប្រហែល​ជាង ១០​ម៉ឺន (រៀល)»

លោក មៀច មាន យល់​ថា មាន​ឧបសគ្គ​ច្រើន​នាំ​ឲ្យ​ចំនួន​ត្រី​កម្រ​ថយ​ចុះ គឺ​ស្ថានភាព​ទឹក​មិន​ទៀងទាត់ ការ​អភិវឌ្ឍ​តាម​ដង​ទន្លេ ការ​នេសាទ​ខុស​ច្បាប់ និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល ឬ​អាជ្ញាធរ​មូលដ្ឋាន​ទាក់ទិន​ការ​អភិរក្ស​នៅ​អន្លង់​អភិរក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។