បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងសប្ដាហ៍នេះ មានខេត្តចំនួន១០ នៅទូទាំងប្រទេសកំពុងជន់លិចដោយទឹកជំនន់ទឹកភ្លៀង។ ស្ថាប័នពាក់ព័ន្ធបានអំពាវនាវអោយពលរដ្ឋប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ ថ្វីត្បិតតែពុំទាន់មានចំណុចប្រកាសអាសន្នក៏ដោយ។
ខេត្តដែលកំពុងជន់លិចទាំង១០នោះរួមមាន ខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តស្វាយរៀង។ ប៉ុន្តែនៅពុំទាន់ឈានដល់ចំណុចប្រកាសអាសន្ននៅឡើយ។
នាយខុទ្ទកាល័យ និងជាអនុប្រធានព័ត៌មាននិងទំនាក់ទំនង នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី មានប្រសាសន៍នៅថ្ងៃទី២៩ កញ្ញា ថា ថ្វីត្បិតតែខេត្តទាំងនេះកំពុងជន់លិចប៉ុន្តែពុំមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។ លោកថា ខេត្តទាំង១០នោះ គឺមានស្ថានភាពលិចផ្លូវថ្នល់ និងទឹកភ្លៀងហូរកាត់ផ្លូវប៉ុន្តែមិនមានប៉ះពាល់ជាធំដុំនោះទេ។ លោកថា មានការលិចផ្ទះពលរដ្ឋពី១០ ទៅ២០ ខ្នងនៅតាមកន្លែងនីមួយៗ និងខូចផ្លូវលំ និងផ្លូវគ្រោះក្រហម ប៉ុន្តែមិនចោទជាបញ្ហានោះឡើយ៖ «ក្នុងរូបភាពតូចតាចវាអត់មានភាពធ្ងន់ធ្ងរ។ ខេត្តកំពង់ធំគ្រាន់តែកម្ពស់ទឹកវាឡើងជិតដល់ចំណុចប្រកាសអាសន្ន ស្ទឹងសែនវានៅខ្វះប្រហែល២ ៣ តឹកទៀត ដែលថាវាដល់ គ្រាន់តែវាអត់ឡើងដល់»។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងទៀតថា ស្រុកមួយចំនួននៅខេត្តឧត្ដរមានជ័យ ដូចជាក្រុងសំរោង អន្លង់វែង ស្រុកចុងកាល និងស្រុកត្រពាំងប្រាសាទជាដើម កំពុងរងការលិចលង់ច្រើនជាងខេត្តផ្សេងៗ ដោយសារតំបន់ក្បែរជួរភ្នំដងរែក នោះមានភ្លៀងធ្លាក់ច្រើន។
ទាក់ទងបញ្ហានេះ អភិបាលខេត្តឧត្ដរមានជ័យ លោក ស ថាវី ថ្លែងថា មានការជន់លិចទឹកភ្លៀងក្នុងក្នុងមួយចំនួន ដូចជា ស្រុកត្រពាំងប្រាសាទ បានស្រក ប៉ុន្តែទៅកើននៅស្រុកអន្លង់វែង បន្ទាប់ពីស្រកនៅស្រុកអន្លង់វែង ទៅជន់នៅក្រុងសំរោង ស្រកពីក្រុងសំរោង ទៅជន់នៅស្រុកចុងកាល់វិញ លោកថា អាជ្ញាធរក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ៖ «ខេត្តបានដាក់ចេញជាគោលការណ៍រួចហើយតាមបណ្ដាក្រុងស្រុកត្រៀមទីទួលសុវត្ថិភាព ទី២ តាមបណ្ដាឃុំសង្កាត់ត្រូវតាមដាន»។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃ២៧ ខែកញ្ញា ដល់ថ្ងៃទី៣ តុលា ថា តំបន់វាលទំនាបនិងខ្ពង់រាបមានភ្លៀងធ្លាក់រាយប៉ាយដោយមានបរិមាណកើនឡើងពីបង្គួរទៅច្រើន។ តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងពីមធ្យមទៅច្រើន។
ទន្ទឹមនឹងគ្នានេះ ក្រសួងធនធានទឹក បានធ្វើការអប់រំផ្សព្វផ្សាយពីការបង្ការគ្រោះថ្នាក់ផ្សេងៗ ដោយការជន់លិចនេះ និងបានប្រកាសឲ្យពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន នៅអំឡុងថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ដែលមានភ្លៀងធ្លាក់ច្រើនអាចបង្កឲ្យមានជំនន់ទឹកភ្លៀង នៅផ្នែកមួយចំនួននៃខេត្តពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង កណ្ដាល តាកែវ និងខេត្តកំពត។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អះអាងថា គណៈកម្មាធិការក៏បានត្រៀមលក្ខណៈជួយអន្តរាគមន៍នៅពេលមានអាសន្នមកដល់ផងដែរ។ លោកក៏បានអំពាវនាវអោយប្រជាពលរដ្ឋដែលរងប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ អោយបន្តការប្រុងប្រយ័ត្នពិសេសយកចិត្តទុកដាក់មើលកុមារតូចៗ បង្ការគ្រោះថ្នាក់ផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
