ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​បន្ទាយមានជ័យ

ប្រជាពលរដ្ឋ​នៅ​ស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ជា​ច្រើន​រយ​គ្រួសារ កំពុង​រង​គ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង ដែល​ហូរ​ចាក់​មក​ពី​ប្រទេស​ថៃ។ ក្រុម​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​៩ សីហា ស្ថានភាព​ទឹក​ជំនន់​នៅ​តែ​បន្ត​ឡើង​ទៀត ដោយសារ​មេឃ​ភ្លៀង។

0:00 / 0:00

លំនៅឋាន​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ នៅ​ស្រុក​ម៉ាឡៃ និង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​ទឹក​ជន់​លិច​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា។ ទឹក​ជន់​នេះ កើត​ឡើង​ដោយសារ​ទឹក​ភ្លៀង។ ចំណែក​ឯ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ពុំ​ទាន់​មាន​វិធាន​ការ​ជាក់​លាក់​ណា​ក្នុង​ការ​រំដោះ​ទឹក​ជំនន់​នោះ​ចេញ​នៅ​ឡើយ។

មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ លោក ឃឹម សាលឿន ថ្លែង​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ថា លំនៅឋាន​អ្នក​ភូមិ​សន្តិភាព ក្នុង​ឃុំ​ទួលពង្រ ចំនួន ១៥៨​គ្រួសារ កំពុង​ជន់​លិច​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ។ នៅ​ថ្ងៃ​ទី​៩ សីហា នេះ ជំនន់​ទឹក​ភ្លៀង​នេះ​នៅ​តែ​មាន​កម្ពស់​កើន​ឡើង​ថែម​ទៀត៖ «ឥឡូវ​ហ្នឹង​វា​ចេះ​តែ​លិច​បន្តៗ មិន​ដឹង​ថា​យ៉ាង​ម៉េច បើ​តាម​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​សន្តិភាព ថា ខាង​ធារាសាស្ត្រ​របស់​ខេត្ត​ហ្នឹង មាន​វិធាន​ការ​ប្រុង​បើក​ទឹក​ទំនប់​អូរខៃដន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធូរ​ស្រាល​ខ្លះ»

ទឹក​ជំនន់​ក៏​បាន​ជន់​លិច​ដំណាំ​ស្រូវ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ទួលពង្រ អស់​ចំនួន ៦៧​ហិកតារ។ ជំនន់​ទឹក​ភ្លៀង​ពី​ប្រទេស​ថៃ បាន​ជន់​លិច​លំនៅឋាន​អ្នក​ភូមិ​ច្រើន​ខ្នង​ទៀត​នៅ​ភូមិ​ចំនួន​បី ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ក្រុម​អ្នក​ភូមិ​បាន​បញ្ជាក់​ថា ជំនន់​ទឹក​ភ្លៀង​ហូរ​ពី​ប្រទេស​ថៃ មក​ជន់​លិច​លំនៅឋាន​អ្នក​ភូមិ​នៅ​តំបន់​ជាយ​ដែន​នោះ គឺ​ដោយសារ​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​មួយ​របស់​លោក​ឧកញ៉ា កុក អាន បាន​សង់​ទំនប់​ស្តុក​ទឹក​ស្ទះ​មុខ​ទឹក ទើប​បណ្ដាល​ឲ្យ​កើត​មាន​ជំនន់​លិច​លំនៅឋាន​អ្នក​ភូមិ។

អ្នក​ភូមិ៖ «អាជ្ញាធរ​អត់​មាន​ចំណាត់​ការ​អី​ទេ បើ​ចង់​ឲ្យ​មាន​ចំណាត់​ការ​ទាល់​តែ​កាយ​ទំនប់​អូរខៃដន ចោល ប៉ុន្តែ​ពួក​គេ​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិល​ខូច បង្ក​ភាព​មហន្តរាយ​ដល់​ប្រជាពលរដ្ឋ ហើយ​យក​អំណោយ​មក​ជួយ​បន្តិចបន្តួច ប្រៀប​ដូច​ជា​វ៉ៃ​ក្បាល​គេ​បែក​អ៊ីចឹង ហើយ​ឲ្យ​លុយ​ទិញ​ថ្នាំ​ពេទ្យ​សម្រាប់​ប្រជាពលរដ្ឋ​គាត់​ចេះ​ដឹង ហើយ​មិន​អាច​ទទួល​យក​បាន​ទេ»

៩-សីហា-២០១៣៖ ផ្លូវ​ចូល​ទៅ​កាន់​លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
៩-សីហា-២០១៣៖ ផ្លូវ​ចូល​ទៅ​កាន់​លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ (RFA/Soun Sophalmony)

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​ពី​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក ទ្រី ណារិន និង​មន្ត្រី​ជំនាញ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ប៉ុន្តែ​ពួក​គេ​បាន​បដិសេធ​ពុំ​បាន​ផ្ដល់​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ឡើយ។

ក្រុម​អ្នក​ភូមិ អះអាង​ថា កន្លង​ទៅ​នេះ ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បាន​នាំ​អំណោយ​ចុះ​ចែក​ជូន​ពួក​គាត់​នៅ​ក្រុង​ប៉ោយប៉ែត ក៏​ពិត​មែន ប៉ុន្តែ​ពួក​គាត់​ចង់​ឲ្យ​មាន​ការ​កាយ​ទម្លាយ​ទំនប់​អាង​ស្តុក​ទឹក​របស់​ក្រុមហ៊ុន លោក​ឧកញ៉ា កុក អាន នោះ​ចេញ ដើម្បី​រំដោះ​ទឹក​កុំ​ឲ្យ​ជន់​លិច​លំនៅឋាន​របស់​អ្នក​ភូមិ។

តាម​តួលេខ​គ្រោះ​ថ្នាក់​កាល​ពី​បណ្ដា​ឆ្នាំ​មុនៗ ដូច​ជា​នៅ​ឆ្នាំ​២០១១ ទឹក​ជំនន់​បាន​ឆក់​យក​ជីវិត​មនុស្ស ៣៤​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ។ បន្ទាប់​មក នៅ​ឆ្នាំ​២០១២ ជំនន់​ទឹក​ភ្លៀង​បាន​សម្លាប់​មនុស្ស​អស់​ចំនួន ១២​នាក់​ទៀត នៅ​ខេត្ត​បន្ទាយមានជ័យ។ ជន​រងគ្រោះ​ស្លាប់​ដោយ​ទឹក​ជំនន់​នោះ ត្រូវ​គេ​រាយការណ៍​ថា បណ្ដាល​មក​ពី​ការ​ធ្វេស​ប្រហែស។ ទោះ​ជា​យ៉ាង​ណា នៅ​ឆ្នាំ​២០១៣ នេះ ពុំ​មាន​សេចក្ដី​រាយការណ៍​ថា​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំនន់​ទឹក​ភ្លៀង​ពី​ប្រទេស​ថៃ នេះ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។