នៅរាជធានីភ្នំពេញ ជំនន់ទឹកភ្លៀងពីស្ទឹងព្រែកត្នោត ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ខណ្ឌដង្កោ ក្នុងតំបន់ដែលនៅតាមបណ្ដោយស្ទឹងនេះ។ អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធររាជធានីភ្នំពេញ បានចុះជួយដោះស្រាយបញ្ហាមួយចំនួនដែលកំពុងកើតឡើងក្នុងតំបន់មានការជន់លិច។
ភូមិមួយចំនួននៅក្នុងខណ្ឌដង្កោ ត្រូវជន់លិចដោយជំនន់ទឹកភ្លៀងចេញពីស្ទឹងព្រែកត្នោត ក្នុងនោះភូមិមួយចំនួនក្នុងសង្កាត់ស្ពានថ្ម បានជន់លិចនៅក្រោយពេលដែលទឹកបានបុកដាច់កំណាត់ផ្លូវមួយកន្លែងក្នុងភូមិសាលា សង្កាត់ទៀន។
កំណាត់ផ្លូវនោះ ត្រូវអ្នកភូមិហៅថា ទំនប់សណ្ដស្ទឹង ឋិតនៅប្របមាត់ស្ទឹងព្រែកត្នោត។ ទំនប់នោះបានបាក់ធ្លាយទំហំប្រមាណពី ៥០ ទៅ ៦០ម៉ែត្រ។
ចៅសង្កាត់ស្ពានថ្ម លោក អ៊ុំ ឡុង មានប្រសាសន៍ថា ភូមិចំនួន៨ នៅក្នុងសង្កាត់របស់លោក ទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ដោយធ្វើឲ្យលិចផ្ទះសម្បែង ដីស្រែចម្ការ ផលដំណាំ៖ « ឥឡូវនេះវាគ្រោះថ្នាក់ធ្ងន់ដោយសារភូមិគោកអញ្ចាញ គោកឪឡឹក វានៅចំមុខទឹកបាក់ ហើយទឹកវាច្រាលមកមកវិញលិចម្តុំមុខវត្តចេះតែលិចតៗទៀត ។ ទឹកវាបាក់ពីស្ទឹងទៅ បាក់ធ្លាយ ទំនប់សណ្ដស្ទឹង ទៅក្នុង អាង ស្តុកក្នុង សង្កាត់ »។
មន្ត្រីសាលារាជធានីភ្នំពេញ បញ្ជាក់ថា មានសង្កាត់ចំនួន៩ ដែលមានពលរដ្ឋចំនួនជិត ២ពាន់គ្រួសារ បានរងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោតនេះ។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានចុះទៅពិនិត្យទីតាំងដែលផ្លូវបាក់ដាច់ដោយសារទឹកស្ទឹងព្រែកត្នោត ដែលជន់ខ្លាំង បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា មានពលរដ្ឋចំនួន ២០០គ្រួសារដែលរងផលប៉ះពាល់ខ្លាំង ចាំបាច់ត្រូវផ្ដល់ជំនួយសង្គ្រោះ។
អ្នកភូមិគោកឪឡឹក ក្នុងសង្កាត់ស្ពានថ្ម លោកស្រី យឿន ចាន់ធួក មានប្រសាសន៍ថា ស្រូវរបស់លោកស្រីជាងមួយហិកតារដែលត្រូវជន់លិច។ លោកស្រីថា ដីស្រែរបស់លោកស្រី ឋិតនៅចំនឹងមុខទឹកដែលបាក់ទំនប់ ដែលធ្វើឲ្យលោកស្រីបារម្ភថាមិនអាចទទួលបានផលនៅក្រោយពេលទឹកស្រកទៅវិញ៖ « ប៉ះពាល់ផ្លូវចិត្តខ្លាំង ដោយសារស្រូវ មួយហិកតារ ជាង វាអាចទៅអស់ហើយបើទឹកហូរត្របាញ់ម្លឹងៗ ( តើសង្ឃឹមថាអាចប្រមូលផលបានទេក្រោយទឹកស្រកទៅវិញ ?) សង្ឃឹម តិចតួចណាស់ តែចេះតែការពារទៅ បើឃើញក្មេងៗវាលោតអី ចេះតែហាមវាទៅ ក្រែងនៅសល់ខ្លះ ។ បើលិចហ្នឹងក្រោមតែមួយអាទិត្យអាចសល់ តែបើផុតពី ១អាទិត្យទៅ អស់សង្ឃឹម ហើយ គឺដឹងតែ ពីរលួយ បណ្ដូលអស់ បើនៅពី ១អាទិត្យ ចុះក្រោមអាចនៅ សល់ខ្លះ »។
អ្នកភូមិគោកឪឡឹក មួយរូបទៀត លោក ឡុង សុទ្ធី មានប្រសាសន៍ថា ក្នុងសង្កាត់របស់លោកធ្លាប់ជួបបញ្ហាបែបនេះដែរកាលពី ៤ឆ្នាំមុន។ លោកថា គេអាចទប់ស្កាត់បញ្ហានេះបាន ប្រសិនបើមានទំនប់រឹងមាំត្រឹមត្រូវតាមបច្ចេកទេស៖ « ធ្វើ វាល្អ ហើយ ប៉ុន្តែការសិក្សា អំពីបញ្ហាធ្វើទំនប់ហ្នឹងឃើញថា បើ ១០ គឺនៅតែ ៧ ទេវាបាត់ ៣ ហើយ។ បើអ៊ីចឹងបើកាលណាតែយើងដឹកចាក់ខ្ពស់ៗពេក ហើយកៀរកិន នោះ ដុំដីវានៅធំៗ ចឹង ពេលណា ទឹកមកវាជ្រាបបង្កើតជា រន្ធនាគ »។
នៅមុនពេលបាក់ទំនប់សណ្ដស្ទឹង ទឹកបានទៅជន់លិចផ្ទះអ្នកភូមិ និងវត្តអារាម ដែលនៅម្ខាងទៀតនៃទំនប់។
ព្រះតេជព្រះគុណ យិន រតនៈសុភាវី ដែលគង់ចាំព្រះវស្សានៅក្នុងវត្តចម្ការខ្សាច់ មានថេរដីកាថា ទឹកដែលជន់លិចមានភាពរហ័សពេក ធ្វើឲ្យខូចខាតសម្ភារៈមួយចំនួនក្នុងវត្ត ប៉ុន្តែទឹកបានស្រកចុះវិញក្រោយបាក់កំណាត់ផ្លូវ ឬទំនប់សណ្ដស្ទឹង៖ « ប៉ះពាល់វត្តហ្នឹង គឺមានដូចជាទៀនព្រះវស្សា ដូចជាអង្ករ និងសម្ភារៈប្រើប្រាស់ ផ្សេងទៀត ។ សាមណេរ តូចៗចំនួន ១៦ព្រះអង្គដែលគង់នឹងវត្តនេះ បានជួយជញ្ជូនមួយផ្នែកទៅដាក់សាលាឆាន់ មួយផ្នែក ទៀតដូច ជាអង្ករអីហ្នឹង ញោមៗបាន យកទៅហាល ព្រោះត្រូវ ទឹកដោយសារវាឡើង លឿនពេក »។
អ្នកភូមិក្នុងសង្កាត់ស្ពានថ្ម រំពឹងថា ទឹកដែលជន់លិចភូមិពួកគាត់ អាចស្រកចុះវិញបាននៅពេលដែលអាជ្ញាធរអាចទប់ទំនប់សណ្ដស្ទឹងបាន។ ប៉ុន្តែពួកគេក៏បារម្ភដែរថា កម្ពស់ស្ទឹងនឹងមិនថមថយ ប្រសិនបើភ្លៀងបន្តធ្លាក់ក្នុងតំបន់នេះ។
បើទោះជាយ៉ាងណា អាជ្ញាធរខណ្ឌដង្កោ បានដាក់កម្លាំងចុះទៅជួសជុលកំណាត់ផ្លូវដែលខូចខាតដោយជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាលា សង្កាត់ទៀន នោះហើយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
