កាក​សំណល់​ពី​ចំណី​អាហារ​បោះ​ចោល​ខ្ជះខ្ជាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន

ចំណី​អាហារ​ជា​វត្ថុ​សំខាន់​សម្រាប់​ទ្រទ្រង់​ជីវិត​មនុស្ស។ បច្ចុប្បន្ន​នេះ នៅ​តំបន់​ខ្លះ​ជួប​បញ្ហា​កង្វះ​អាហារ ឯ​តំបន់​ខ្លះ​មាន​អាហារ​ហូរហៀរ​រហូត​បោះ​ចោល​ទៀត​ផង។ កាក​សំណល់​ពី​ចំណី​អាហារ ដែល​បណ្ដាល​មក​ពី​ការ​ខ្ជះខ្ជាយ​អាហារ ត្រូវ​បាន​អ្នក​ជំនាញ​ខាង​ការពារ​បរិស្ថាន អះអាង​ថា ជា​កត្តា​មួយ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ភព​ផែន​ដី។

0:00 / 0:00

ការ​អះអាង​អំពី​បញ្ហា​នេះ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ពេល​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​ពិភពលោក​លើក​ទី៣០ នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី៥ មិថុនា ឆ្នាំ​២០១៣ ដើម្បី​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា និង​ពិភពលោក ឱ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បរិស្ថាន ទាំង​អំពី​ការ​យល់​ដឹង​អំពី​បញ្ហា និង​ដំណោះស្រាយ​ចំពោះ​បញ្ហា​នោះ​ឱ្យ​បាន​ល្អ​ប្រសើរ។

ការ​ខ្ជះខ្ជាយ​អាហារ ត្រូវ​បាន​ផ្ដោត​ជា​សំខាន់​ស្រប​តាម​ប្រធាន​បទ​របស់​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ ដែល​ថា ត្រូវ​ពិចារណា​ពេល​បរិភោគ ដើម្បី​សន្សំ​សំចៃ​ធនធាន ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី និង​ការ​អភិវឌ្ឍ​ដោយ​ចិរភាព​សម្រាប់​មនុស្ស​ជាតិ​គ្រប់​រូប។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក ម៉ុក ម៉ារ៉េត មាន​ប្រសាសន៍​ថា ប្រធាន​បទ​ឆ្នាំ​នេះ គឺ​ជា​ការ​កែ​ទម្លាប់​ខ្ជះខ្ជាយ​ចំណី​អាហារ ដែល​ជា​កត្តា​មួយ​ប៉ះពាល់​ដល់​បរិស្ថាន​ភព​ផែន​ដី៖ «ប្រធាន​បទ​នេះ​បង្កប់​ន័យ​ជ្រាលជ្រៅ​បំផុត ដែល​ចង់​បញ្ជាក់​ថា ពាក្យ​ត្រូវ​ពិចារណា​ពេល​បរិភោគ ដើម្បី​សន្សំ​សំចៃ​ធនធាន គឺ​ជា​យុទ្ធសាស្ត្រ​ប្រឆាំង​ទៅ​នឹង​សំណល់​ចំណី​អាហារ និង​ការ​បាត់​បង់​ចំណី​អាហារ ដើម្បី​ជួយ​លើក​ទឹក​ចិត្ត​យើង​ឱ្យ​ចូលរួម​នៅ​ក្នុង​ការ​ជម្រុះ​ចោល​នូវ​ទម្លាប់​ខ្ជះខ្ជាយ​ចំណី​អាហារ​របស់​យើង»

លោក​ថ្លែង​បន្ត​ថា ការ​លើក​យក​ប្រធាន​បទ ត្រូវ​ពិចារណា​ពេល​បរិភោគ ដើម្បី​សន្សំ​សំចៃ​ធនធាន ដោយ​មិន​ត្រូវ​ខ្ជះខ្ជាយ​ចំណី​អាហារ គឺ​ជា​ការ​ពញ្ញាក់​ស្មារតី និង​ក្រើន​រំឭក​ដល់​មនុស្ស​គ្រប់​រូប ឱ្យ​គិតគូរ​ការពារ​គុណភាព​បរិស្ថាន​ភព​ផែន​ដី។ ម្យ៉ាង​ទៀត ការ​លើក​យក​ប្រធាន​បទ​នេះ ក៏​ព្រោះ​តែ​បច្ចុប្បន្ន ជីវភាព​រស់​នៅ​របស់​មនុស្ស​មាន​ភាព​ខុស​គ្នា​ខ្លាំង​ពេក ដោយ​អ្នក​ខ្លះ​ខ្វះ​អាហារ រីឯ​អ្នក​ខ្លះ​ទៀត ខ្ជះខ្ជាយ​អាហារ​ទៅ​ជា​កាក​សំណល់ ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​បរិស្ថាន​ផង ហើយ​ថែម​ជា​ការ​ធ្វើ​ឱ្យ​ខាត​បង់​ធនធាន​ធម្មជាតិ​យ៉ាង​ច្រើន​ទៀត​ផង។

នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក ឈិត សំអាត ថ្លែង​ថា របាយការណ៍​របស់​អង្គការ​ស្បៀង និង​កសិកម្ម​សហប្រជាជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ហ្វាវ (FAO) បាន​បង្ហាញ​ថា ជា​រៀង​រាល់​ឆ្នាំ​មាន​ស្បៀង​អាហារ​ប្រមាណ ១,៣​ពាន់​លាន​តោន នៅ​ទូទាំង​ពិភពលោក ត្រូវ​បាន​ខ្ជះខ្ជាយ​ចោល​ជា​សំណល់​អាហារ។ លោក​មាន​ប្រសាសន៍​ទៀត​ថា ចំនួន​ស្បៀង​អាហារ​ដែល​ត្រូវ​បាន​ខ្ជះខ្ជាយ​ចោល​ជា​សំណល់​នេះ គឺ​ស្មើ​នឹង​ចំនួន​ស្បៀង​អាហារ​សរុប​ដែល​ផលិត​បាន​នៅ​អនុ​តំបន់​វាល​ខ្សាច់​ទាំង​មូល​នៅ​ទ្វីប​អាហ្វ្រិក។ ការ​ខ្ជះខ្ជាយ​អាហារ ជា​សោកនាដកម្ម​មួយ​ដែល​មាន​មនុស្ស​ស្លាប់​ដោយ​សារ​ខ្វះ​អាហារ។

កត្តា​ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្ជះខ្ជាយ​អាហារ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ត្រូវ​លោក ឈិត សំអាត លើក​ហេតុ​ផល​ថា គឺ​ដោយសារ​ចង្វាក់​ផលិតកម្ម​ស្បៀង​កាន់​តែ​ច្រើន ថាមពល​ដែល​ត្រូវ​ប្រើប្រាស់​ក៏​ច្រើន ហើយ​ធ្វើ​ឱ្យ​កម្ដៅ​ផែន​ដី​ក៏​កាន់​តែ​កើន​ឡើង​ដែរ។

ចំណែក​នៅ​ប្រទេស​កម្ពុជា វិញ លោក ឈិត សំអាត មាន​ប្រសាសន៍​ថា ពលរដ្ឋ​កាន់​តែ​មាន​ចំនួន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ តម្រូវ​ការ​ស្បៀង​អាហារ​ក៏​កាន់​តែ​កើន ហើយ​ផ្ទៃ​ដី​កសិកម្ម​នៅ​ដដែល ដែល​មិន​មាន​តុល្យភាព​នឹង​គ្នា​ទេ។ បញ្ហា​នេះ ក៏​ជា​មូលហេតុ​នាំ​ឱ្យ​ប៉ះពាល់​បរិស្ថាន​ដែរ។ លោក​បន្ត​ថា ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​មួយ​ដែល​ងាយ​រង​គ្រោះ​ពី​អាកាសធាតុ​ពិភពលោក ហើយ​សន្តិសុខ​ស្បៀង​កំពុង​ប្រឈម​មុខ​យ៉ាង​ខ្លាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ជា​អវិជ្ជមាន ដូច​ជា​ការ​ប្រែប្រួល​របប​ទឹក​ភ្លៀង ទឹក​ជំនន់ ភាព​រីងស្ងួត ជំងឺ និង​សត្វ​ល្អិត​ជា​ដើម។ លោក​ថា ប្រជាជន​កម្ពុជា ចំនួន​ពីរ​ភាគ​បី ប្រកប​របរ​កសិកម្ម ក៏​ប៉ុន្តែ ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​ប្រឈម​បញ្ហា​ខ្វះ​ស្បៀង​អាហារ។

អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​អ្នកស្រី ទន់ សាអ៊ីម ថ្លែង​ថា ប្រធាន​បទ​ទិវា​បរិស្ថាន​នៅ​ឆ្នាំ​២០១៣ គឺ​ជា​ការ​រំឭក​ឱ្យ​មាន​ការ​ពិចារណា​ឡើង​វិញ​អំពី​ភាព​អត់​ឃ្លាន​ដោយសារ​កង្វះ​ស្បៀង​អាហារ។ អ្នកស្រី​វាយ​តម្លៃ​ថា ខ្លឹមសារ​នៃ​ប្រធាន​បទ​បរិស្ថាន​ឆ្នាំ​នេះ ក៏​ជា​គ្រឿង​ជំរុញ​ទឹក​ចិត្ត​ឱ្យ​បោះ​បង់​ទម្លាប់​ខ្ជះខ្ជាយ​ចំណី​អាហារ ហើយ​សម្រេច​ចិត្ត​ដោយ​ការ​ពិចារណា​មុន​ពេល​បរិភោគ ដើម្បី​កាត់​បន្ថយ​ថវិកា​ផង និង​គាំពារ​បរិស្ថាន​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។