វេទិកានេះ បានរៀបចំឡើងដោយអង្គការមិនមែនរដ្ឋាភិបាលចំនួន៥។
តំណាងពលរដ្ឋមួយចំនួនក្នុងចំណោមតំណាងពលរដ្ឋប្រមាណ ១០០នាក់ បានឡើងសួរទៅកាន់អ្នកនយោបាយនូវបញ្ហាជាច្រើន ដូចជា បញ្ហាដែលបណ្ដាលមកពីផលប៉ះពាល់ដោយការអភិវឌ្ឍនានា ប៉ុន្តែបញ្ហាលេចធ្លោជាងគេនោះ គឺបញ្ហាវិវាទដីធ្លី។
ពលរដ្ឋមកពីភូមិស្មាច់ដែក ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក ឯក ពិសិដ្ឋ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន បានថ្លែងថា ប្រជាពលរដ្ឋចំនួន ៧០គ្រួសារ រស់នៅតំបន់នោះតាំងពីឆ្នាំ១៩៩១ មក ហើយនៅឆ្នាំ២០០៤ បានរងផលប៉ះពាល់ដោយការវិនិយោគរបស់ក្រុមហ៊ុនមួយបានធ្វើឲ្យពលរដ្ឋមានជីវភាពកាន់តែក្រីក្រ។
តំណាងសហគមន៍ជនជាតិដើមភាគតិចគួយ មកពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ម្នាក់ទៀត គឺអ្នកស្រី វ៉ែន សាមីន ក៏បានឡើងសួរសំណួរទៅកាន់អ្នកតំណាងបក្សនយោបាយដែរ។ អ្នកស្រីបានលើកពីកង្វល់របស់ខ្លួនថា ជនជាតិដើមភាគតិចរស់នៅដោយពឹងផ្អែកលើអនុផលព្រៃឈើ និងដីធ្លី ប៉ុន្តែរាល់សកម្មភាពរបស់សហគមន៍ដែលចូលរួមបង្ក្រាបបទល្មើសព្រៃឈើនានា ពុំមានការសហការពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។
ការថ្លែងដូច្នេះនៅក្នុងវេទិកាទស្សនៈរបស់គណបក្សនយោបាយស្ដីពីបរិស្ថាន និងដីធ្លីក្នុងប្រទេសកម្ពុជា នៅពីថ្ងៃទី៣១ ឧសភា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា អេន.ជី.អូ ហ្វ័ររ៉ុម (NGO Forum) លោក ឈិត សំអាត បានថ្លែងថា វេទិកានេះមានបំណងឲ្យគណបក្សនយោបាយដែលមានអាសនៈនៅក្នុងសភាជាតិ បានបង្ហាញ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សខ្លួន ដើម្បីឆ្លើយតបទៅនឹងបញ្ហាដីធ្លី បញ្ហាបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា។ វេទិកានេះ ក៏ជាឱកាសសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា អាចទទួលបាននូវព័ត៌មានសមស្របពីគណបក្សនយោបាយនីមួយៗ ដែលជំរុញលើកទឹកចិត្តពលរដ្ឋក្នុងការចូលរួមបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ដោយសេរី និងយុត្តិធម៌។
វេទិកានេះមានគណបក្សនយោបាយចំនួន២ ចូលរួម គឺតំណាងមកពីគណបក្សសង្គ្រោះជាតិ និងតំណាងមកពីគណបក្សហ៊្វុនស៊ិនប៉ិច ប៉ុន្តែតំណាងពីគណបក្សប្រជាជនកម្ពុជា ពុំមានវត្តមានទេ។
យ៉ាងណា អភិបាលរងខេត្តព្រះសីហនុ លោក ស៊ុន សុខន បានគាំទ្រចំពោះការរៀបចំឲ្យមានវេទិកាបែបនេះ។
ការបោះឆ្នោតនឹងមកដល់នៅថ្ងៃទី២៨ ខែកក្កដា តំណាងគណបក្សនយោបាយទាំងនោះបានឆ្លៀតឱកាសនេះបង្ហាញពីគោលនយោបាយរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់ពលរដ្ឋ។
អគ្គលេខាធិការរងនៃគណបក្សហ៊្វុនស៊ិនប៉ិច លោក ទេព នន្នរី បានទទួលស្គាល់ចំពោះបញ្ហារបស់ពលរដ្ឋដែលបានលើកឡើង។ លោកបានបង្ហាញគោលនយោបាយរបស់គណបក្សនេះ ចំពោះការផ្ដល់ដីសម្បទានសេដ្ឋកិច្ច។
តំណាងមកពីគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងទៅកាន់តំណាងសហគមន៍ចំពោះគោលនយោបាយដោះស្រាយបញ្ហាដីធ្លីរបស់គណបក្សនេះដែរថា។ លោកថា ការពិនិត្យសើរើឡើងវិញទាំងអស់ ចំពោះរដ្ឋាភិបាលដែលបានជួលដីទៅឲ្យក្រុមហ៊ុនឯកជន ដើម្បីធានាថានឹងមានប្រយោជន៍ទាំងសងខាង ពោលគឺទាំងពលរដ្ឋ និងក្រុមហ៊ុន។
មន្ត្រីផ្នែកច្បាប់ និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (Comfrel) លោក សួន យុធ្យា មានមតិថា វេទិកានេះមានប្រយោជន៍ទៅដល់ការបោះឆ្នោតដែលកាន់តែខិតជិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។ ចំណុចសំខាន់នៃការជួបជុំរបៀបនេះ មានប្រយោជន៍ដល់អ្នកនយោបាយ និងជះឥទ្ធិពលល្អដល់ម្ចាស់ឆ្នោត ព្រោះពេលនេះជាឱកាសរបស់អ្នកនយោបាយក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួន រីឯម្ចាស់ឆ្នោតគាត់នឹងអាចធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការបោះឆ្នោត។
ទោះជាយ៉ាងណា អ្នកវិភាគសង្គមគិតថា នេះជាការបង្កើតនូវវប្បធម៌ថ្មីមួយនៃការចូលរួម។
អ្នកវិភាគសង្គមឯករាជ្យ លោក កែម ឡី មានមតិថា ការជួបជុំជាលក្ខណៈដូច្នេះបានច្រើននោះ បញ្ហាទាំងអស់នឹងឮ ហើយនឹងមានឥទ្ធិពលដល់អ្នកដឹកនាំ អាចធ្វើការសម្រេចចិត្តកែតម្រូវ។ ម្យ៉ាងទៀត គណបក្សនយោបាយដែលមកចូលរួមនេះ ទោះបីជាបានរៀបចំគោលនយោបាយហើយក៏ដោយ នៅពេលជាប់ឆ្នោត គណបក្សនោះនឹងអាចកែប្រែគោលនយោបាយរបស់ខ្លួនដោយផ្អែកលើអ្វីដែលជាទុក្ខកង្វល់របស់ពលរដ្ឋ។
បើទោះបីជាមានការសន្យាពីមន្ត្រីមកពីគណបក្សនានា ជុំវិញបញ្ហាដែលជាទុក្ខកង្វល់កំពុងកើតឡើងចំពោះពលរដ្ឋក្នុងពេលបច្ចុប្បន្នក្ដី គេនៅពុំទាន់ដឹងទេថា នៅពេលដែលគណបក្សណាមួយជាប់ឆ្នោតជាតិខាងមុខនេះ នឹងអាចអនុវត្តតាមការសន្យារបស់ខ្លួនបានត្រឹមកម្រិតណានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
