សហគមន៍​ខ្មែរ​នៅ​អាមេរិក​រៃអង្គាស​ថវិកា​ជួយ​អង្គការ​មាតា​ធម្មជាតិ​ការពារ​តំបន់​អារ៉ែង

សហគមន៍​ខ្មែរ​នៅ​ក្រុង​ស្តុកថុន (Stockton) រដ្ឋ​កាលីហ្វ័រញ៉ា (California) រៀបចំ​ពិធី​ជួបជុំ​អង្គាស​ថវិកា​សម្រាប់​ជួយ​ដល់​អង្គការ​មាតា​ធម្មជាតិ ដែល​កំពុង​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​អារ៉ែង។

ប្រធាន​គណៈកម្មការ​ចាត់​ចែង​រក​ថវិកា​ជួយ​ដល់​អង្គការ​មាតា​ធម្មជាតិ លោក ម៉ែន សុធាវុឌ្ឍន៍ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា វត្តមាន លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) មាន​សារសំខាន់​ណាស់​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ដឹង​ពី​បញ្ហា​នៅ​តំបន់​អារ៉ែង និង​ចូលរួម​គាំទ្រ៖ «បាទ! ពួក​យើង​ខ្ញុំ​នៅ​ស្តុកថុន នេះ គឺ​មាន​បំណង​តែ​មួយ​គត់​គឺ​ការពារ​ព្រៃ​អារ៉ែង ហ្នឹង​ឲ្យ​បាន​គង់វង្ស កុំ​ឲ្យ​ពួក​អ្នក​មាន​អំណាច​មាន​លុយ​ទៅ​បំផ្លិចបំផ្លាញ ជាពិសេស​ព្រៃ​អារ៉ែង គឺ​ជា​ព្រៃ​ចុង​ក្រោយ​បង្អស់​របស់​ប្រទេស​កម្ពុជា យើង។ យើង​ធ្វើ​នេះ​ដើម្បី​ជួយ​គាំទ្រ មិន​មែន​តែ អាឡិក ម្នាក់​ឯង​ទេ ប៉ុន្តែ​ជាទូទៅ​ជា​ប្រជាជន​ខ្មែរ និង​យុវជន​ខ្មែរ​ទាំងអស់​ដែល​នៅ​ស្រុក​ខ្មែរ​ហ្នឹង​គាត់​ខំ​ប្រឹងប្រែង​ខ្លាំង​ណាស់។ ដោយ​ឡែក អាឡិក គាត់​គឺ​ជា​តំណាង ដូច្នេះ​បាន​គាត់​អញ្ជើញ​មក​អ៊ីចឹង​ជា​បច្ច័យ​មួយ​ដ៏​ល្អ​ដើម្បី​យើង​អាច​រៃអង្គាស (Raise fund) ខ្លះ​ដើម្បី​ទៅ​ជួយ​បង​ប្អូន​យើង​ដែល​កំពុង​ធ្វើ​ការ​ការពារ​នៅ​ព្រៃ​អារ៉ែង​ហ្នឹង​តែ​ម្ដង»

លោក ម៉ែន សុធាវុឌ្ឍន៍ បន្ត​ថា ពិធី​ជួបជុំ​គ្នា​នេះ រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែ​ឧសភា ខាង​មុខ​នៅ​ភោជនីយដ្ឋាន​ឈ្មោះ វិមាន​អាស៊ី (Asian Palace) ដែល​រំពឹង​ថា​នឹង​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា ៣០០​នាក់។ លោក​ថា លោក អាឡិក នឹង​ឆ្លើយ​តប​ចំពោះ​សំណួរ​ពលរដ្ឋ​ដែល​មាន​ការ​ងឿង​ឆ្ងល់ និង​ចង់​ដឹង​អំពី​សកម្មភាព​របស់​ក្រុម​យុវជន​នៃ​អង្គការ​មាតា​ធម្មជាតិ ដែល​កំពុង​ធ្វើ​សកម្មភាព​ការពារ​តំបន់​អារ៉ែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។