លោក ហ៊ុន សែន បញ្ជា​ឲ្យ​លោក សៅ សុខា ប្រើ​រ៉ុកកែត​​បាញ់​កម្ទេច​ឈ្មួញ​កាប់​ព្រៃ​ឈើ

ដោយ ប្រាជ្ញ ចេវ
2016.02.25
ហ៊ុន សែន ៨៥៥ ២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ លោក សៅ សុខា ឲ្យ​ប្រើ​គ្រាប់​រ៉ុកកែត​បាញ់​កម្ទេច​ក្រុម​ឈ្មួញ​រក​ស៊ី​ព្រៃ​ឈើ​ដែល​ព្រហើន។ ប៉ុន្តែ​សង្គម​ស៊ីវិល មិន​ទាន់​មាន​ជំនឿ​លើ​ប្រសាសន៍​របស់ លោក ហ៊ុន សែន ទេ ដោយ​លើក​ឡើង​ថា លោក ហ៊ុន សែន បរាជ័យ​ក្នុង​ការ​ការពារ​ព្រៃ​ឈើ ហើយ​នេះ​ក៏​មិន​មែន​ជា​លើក​ទី​មួយ​ដែរ​នៃ​ការ​សន្យា​ចាត់​វិធានការ​ការពារ​ព្រៃ​ឈើ។

បទបញ្ជា​ផ្ទាល់​មាត់​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ដោយ​លើក​ឡើង​ថា លោក​ឃើញ​សារព័ត៌មាន​ស្រុក​ចុះ​ផ្សាយ​ពី​កាប់​បំផ្លាញ​ព្រៃ​ឈើ កំពុង​ផ្ទុះ​ឡើង ហើយ​លោក​កំពុង​ឈឺ​ចិត្ត ព្រោះ​មាន​អ្នក​រិះគន់​ពី​រឿង​កាប់​បំផ្លាញ​ព្រៃ​ឈើ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​លោក​ទទួល​ស្គាល់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ហើយ​លោក​ត្រូវ​តែ​បង្ក្រាប​ករណី​នេះ។ លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ករណី​នេះ​នៅ​តែ​មាន។ ដូច្នេះ ក្រុម​ឈ្មួញ​រក​ស៊ី​ព្រៃ​ឈើ​ណា​ព្រហើន ត្រូវ​ប្រើ​គ្រាប់​រ៉ុកកែត​បាញ់​កម្ទេច៖ «យើង​ទទួល​ស្គាល់​ការ​កាប់​ព្រៃ​ឈើ​នេះ គឺ​ត្រូវ​តែ​មាន​ទោស​ទណ្ឌ និង​ត្រូវ​តែ​បង្ក្រាប​ហើយ ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង សៅ សុខា មិន​ទាន់​បាញ់​មួយ​គ្រាប់​នៅ​ឡើយ​ទេ។ ខ្ញុំ​ឲ្យ​បាញ់ បើ​ថា​វា (ក្រុម​បំផ្លាញ​ព្រៃ​ឈើ) ព្រហើន រ៉ុកកែត​ដាក់​ពី​លើ​ម្តង​ទៅ»

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​នៃ​ការ​អះអាង​ពី​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ។ កន្លង​ទៅ លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា​នឹង​កាត់​ក្បាល​ចោល ប្រសិន​បើ​ការពារ​ព្រៃ​ឈើ​មិន​បាន៖ «សុំ​សាក​មើល​ទៅ បើ​មិន​ដក​យក​ព្រៃ​បិទ​រោងចក្រ​ទេ ខ្ញុំ​ហ៊ាន​កាត់​ក​គ្រវាត់​ចោល»

ទោះ​បី​ជា​មាន​ការ​អះអាង​បែប​នេះ​ពី​ប្រមុខ​រដ្ឋាភិបាល​ជា​ញឹកញាប់ ស្ដីពី​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ក្តី ប៉ុន្តែ​សុវត្ថិភាព និង​ជោគ​វាសនា​អ្នក​ការពារ​ព្រៃ​ឈើ មិន​បាន​ធានា​ឲ្យ​នោះ​ទេ។ ជាក់ស្តែង សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់ សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង​ខេត្ត​កោះកុង លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា ហើយ​នៅ​ពេល​នេះ សកម្មជន​ការពារ​ព្រៃ​ឈើ គឺ​លោក វ៉ែន វ៉ន និង​យុវជន​មួយ​ចំនួន​ទៀត កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ព្រោះ​រឿង​ការពារ​បរិស្ថាន និង​ព្រៃ​ឈើ។ ករណី​ទាំង​នោះ​ខុស​គ្នា​ឆ្ងាយ​ពី ឧកញ៉ា ទ្រី ភាព ដែល​ល្បី​ខាង​បំផ្លាញ​ព្រៃ​ឈើ ប៉ុន្តែ​បែរ​ជា​ទទួល​បាន​សញ្ញាបត្របណ្ឌិត​កិត្តិយស​ទៅ​វិញ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នាង សុវ៉ាត សង្កេត​ឃើញ​ថា អនុសាសន៍ និង​បទបញ្ជា​របស់ លោក ហ៊ុន សែន មាន​ប្រសិទ្ធភាព​តែ​រយៈពេល​ខ្លី។ លោក​យល់​ថា ដើម្បី​អាច​ការពារ​ព្រៃ​ឈើ​បាន លោក ហ៊ុន សែន ត្រូវ​មាន​វិធានការ​ចំពោះ​មន្ត្រី​ធំៗ និង​ឧកញ៉ា​មួយ​ចំនួន​ជា​ឈ្មួញ​ព្រៃ​ឈើ៖ «អនុសាសន៍​សម្ដេច​នាយក​ឃើញ​ថា​មាន​ច្រើន ប៉ុន្តែ​អត់​មាន​និរន្តរភាព​ទេ បាន​តែ​មួយ​ភ្លែតៗ ហើយ​បាត់​ទៅ​វិញ អត់​ឃើញ​មាន​អ្នក​ណា​ធ្វើ​អី កាប់​ខ្ទេច​កាប់​ខ្ទី ព័ត៌មាន​ផ្សាយ​ហ្វេសប៊ុក (Facebook) បង្ហោះ​ព្រោងព្រាត​ក៏​មិន​ឃើញ​ធ្វើ​អី»

របាយការណ៍​នៅ​ឆ្នាំ​២០១៥ របស់​អង្គការ ហ្វរែស ទ្រែនស៍ (Forest Trends) រក​ឃើញ​ថា ព្រៃ​ឈើ​ជា​មធ្យម​ជាង ២​ពាន់​គីឡូ​ម៉ែត្រ​ការ៉េ​ជា​រៀង​រាល់​ឆ្នាំ ត្រូវ​បាន​កាប់​បំផ្លាញ ដោយសារ​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យែម បុញ្ញឫទ្ធិ យល់​ថា ការ​ចាត់​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ត្រូវ​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ ព្រោះ​បទបញ្ជា​ផ្ទាល់​មាត់​របស់ លោក ហ៊ុន សែន បែប​នេះ គឺ​ធ្វើ​ហួស​ច្បាប់។ លោក​ថា ត្រូវ​ស្រាវជ្រាវ​រក​មេខ្លោងជួញ​ដូរ​បំផ្លាញ​ព្រៃ​ឈើ ទើប​អាច​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​ឈើ​បាន៖ «យើង​សង្កេត​ឃើញ​ថា​នៅ​តែ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ នៅ​តែ​មាន​ហូរហែ វិធានការ​យ៉ាង​ណា​ត្រូវ​ជៀសវាង​ប្រការ​ណា​មួយ​ដែល​ធ្វើ​ហួស​ច្បាប់»

រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន បាន​បង្កើត​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​មាន​អគ្គ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ជា​ប្រធាន ប៉ុន្តែ​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​គណៈកម្មការ​នេះ​បង្ហាញ​លទ្ធផល​ជា​ដុំ​កំភួន ឬ​បង្ហាញ​មុខ​មេខ្លោង​ព្រៃ​ឈើ​ធំៗ​នៅ​ឡើយ​ទេ។

នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ក្រសួង​មហាផ្ទៃ លោក ហ៊ុន សែន ថា​បើ​មាន​ឱកាស លោក​នឹង​ចុះ​ទៅ​មើល​ឈើ​ដែល​ក្រុម​ការងារ​គណៈកម្មការ​បង្ក្រាប​ព្រៃ​ឈើ ប្រមូល​បាន​នៅ​ថ្ងៃ​ណា​មួយ។

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​បរិស្ថាន ស្នើ​ទៅ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​មធ្យោបាយ​ដល់​ប្រជា​សហគមន៍​ដែល​ការពារ​ព្រៃ​ឈើ ដើម្បី​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​ការពារ​ព្រៃ​ឈើ ព្រោះ​ជា​អ្នក​នៅ​ជាប់​ព្រៃ​ឈើ​ជាង​មន្ត្រី​រដ្ឋាភិបាល។

ទាក់ទង​ករណី​បំផ្លាញ​ព្រៃ​ឈើ​ទំហំ​ជិត ២.០០០​ហិកតារ​ក្នុង​សហគមន៍​ជាំពេន នៅ​ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បង្កើនផល បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ព្រៃ​ឈើ​នៅ​ជិត​តំបន់​ពួក​គេ​រស់នៅ ហើយ​បាន​រួម​គ្នា​ប្រឹងប្រែង​ការពារ​ដោយ​ខ្លួន​ឯង

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។