សហគមន៍​ខេត្ត​ព្រះវិហារ​អំពាវនាវ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ជួយ​បង្ក្រាប​ការ​លួច​បរបាញ់​សត្វ​ព្រៃ

0:00 / 0:00

សកម្មភាព​លួច​បាញ់​សត្វ​ព្រៃ​យក​ទៅ​ជួញដូរ​ខុស​ច្បាប់ កំពុង​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​កំពង់​ស្រណោះ នៃ​ឃុំ​កំពង់ស្រឡៅ១ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ដែល​ជា​តំបន់​ជាប់​ព្រំដែន​កម្ពុជា-ឡាវ។

សកម្មភាព​លួច​បាញ់​សម្លាប់ និង​ដាក់​អន្ទាក់​ចាប់​យក​សត្វ​ព្រៃ​នេះ កើន​ឡើង​ខ្លាំង​ក្នុង​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ដី ហើយ​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​បាន​ចេញ​មក​ប្រមូល​ផ្ដុំ​គ្នា​ទាំង​ហ្វូងៗ។

សហគមន៍​ការពារ​ព្រៃ​ឈើ​កំពង់​ស្រណោះ នៅ​ឃុំ​កំពង់ស្រឡៅ១ ជាប់​ព្រំដែន​កម្ពុជា-ឡាវ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ដូចជា​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ព្រម​ទាំង​ក្រុម​ឧទ្យានុរក្ស​បរិស្ថាន​ជាដើម ជួយ​ចាត់​វិធានការ​ជា​បន្ទាន់ បង្ក្រាប​ក្រុម​ល្មើស​ដែល​កំពុង​តែ​លួច​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ដែល​ពួក​គេ​ការពារ។

គណៈកម្មការ​សហគមន៍​ការពារ​ព្រៃ​ឈើ​កំពង់​ស្រណោះ គឺ​លោក គឿង ផន។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​៥ ខែ​មេសា ថា ជា​រៀង​រាល់​ថ្ងៃ មាន​សកម្មភាព​លួច​បរបាញ់ និង​ដាក់​អន្ទាក់​សត្វ​ព្រៃ​ជាច្រើន​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​របស់​លោក។ ក្រុម​ជន​ល្មើស​បាន​ប្រើ​កាំភ្លើង​ឆ្នុក ដើម្បី​បាញ់​សម្លាប់​សត្វ​ព្រៃ​ធំៗ ដូចជា​ឈ្លូស ប្រើស និង​ទន្សោង ជាដើម។ ចំណែក​ឯ​អន្ទាក់​វិញ គឺ​ពួក​គេ​បាន​ចាប់​យក​ជ្រូក​ព្រៃ និង​សត្វ​តូចៗ​ជា​ប្រភេទ​ទៀត៖ « ភ្លៀង​ដើម​ឆ្នាំ​នេះ សត្វ​ចេញ​ដើរ​រក​ចំណី។ កាល​ពី​រដូវ​ប្រាំង​មុនៗ មាន​ការ​បាញ់​តិចតួច ប៉ុន្តែ​ឆ្នាំ​នេះ​បន្ទាប់​ពី​ធ្លាក់​ភ្លៀង​ជាច្រើន​មេ​មក គឺ​បាញ់​ខ្លាំង។ ក្រុម​របស់​ពួក​ខ្ញុំ​ដើរ​ល្បាត​ឮ​សូរ​តែ​កាំភ្លើង »

សហគមន៍​ការពារ​ព្រៃ​ឈើ​កំពង់​ស្រណោះ នៅ​ឃុំ​កំពង់ស្រឡៅ១ នៃ​ស្រុក​ឆែប ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា-ឡាវ បាន​ទទួល​ការពារ​ដី​ព្រៃ​ឈើ​ទំហំ​ជាង ៣.១០០​ហិកតារ កាល​ពី​ឆ្នាំ​២០១៣។

រយៈពេល ២-៣​ឆ្នាំ​មក​នេះ គេ​បាន​ប្រទះ​ឃើញ​សត្វ​ទន្សោង​ចំនួន​ប្រហែល​ជាង ២០​ក្បាល ព្រម​ទាំង​សត្វ​ខ្ទីង​ដែល​ជា​ប្រភេទ​សត្វ​កម្រ បាន​រស់នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​នោះ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក អ៊ា សុខា បាន​ឆ្លើយតប​នឹង​កង្វល់​សហគមន៍​នោះ​ថា ដោយសារ​តែ​តំបន់​ព្រៃ​សហគមន៍​នោះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃ​ឈើ គឺ​កម្លាំង​ឧទ្យានុរក្ស​បរិស្ថាន​របស់​លោក មិន​អាច​ចូល​ទៅ​ជួយ​អន្តរាគមន៍​ក្នុង​ការ​បង្ក្រាប​អំពើ​បរបាញ់​សត្វ​ព្រៃ​បាន​ទេ។ លោក​ជំរុញ​ឲ្យ​សហគមន៍​ការពារ​ព្រៃ​ឈើ​កំពង់​ស្រណោះ ទាក់ទង​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ៖ « ដោយឡែក​បើ​សិន​ជា​មាន​បញ្ហា​អ៊ីចឹង គឺ​សហគមន៍​ត្រូវ​ស្នើសុំ​ទៅ​រដ្ឋបាល​ព្រៃ​ឈើ​ឲ្យ​ជួយ​ការងារ​ហ្នឹង »

ទោះ​ជា​យ៉ាង​ណា ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ប្រចាំ​តំបន់​នោះ ដើម្បី​អធិប្បាយ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា។

ចំណែក​មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ ដែល​តែងតែ​ជួយ​ជ្រោមជ្រែង​ចំពោះ​សហគមន៍ លោក ប៉ិក សោភ័ណ សម្ដែង​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​បាត់បង់​សត្វ​ព្រៃ​ដ៏​កម្រ​នៅ​តំបន់​នោះ។ លោក​អំពាវនាវ​ដល់​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ឲ្យ​ចូលរួម​ការពារ​ពូជ​សត្វ​ព្រៃ​ដ៏​កម្រ​ទាំងនោះ​ឲ្យ​បាន​ទាន់​ពេលវេលា ដើម្បី​កុំ​ឲ្យ​ដាច់​ពូជ​ពី​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។