ប្រជាពលរដ្ឋនៅស្រុកសំពៅលូន ខេត្តបាត់ដំបង អះអាងថា សកម្មភាពឈ្មួញលួចនាំឈើចេញទៅប្រទេសថៃ តាមច្រករបៀងនៅខេត្តបាត់ដំបង កំពុងមមាញឹក ហើយពុំមានសមត្ថកិច្ចណាទប់ស្កាត់នៅឡើយទេ។ អ្នកភូមិថ្លែងបែបនេះ បន្ទាប់ពីពួកគាត់ប្រទះឃើញរថយន្តដឹកឈើឆ្លងដែនដោយខុសច្បាប់ ធ្វើសកម្មភាពកាលពីរសៀលថ្ងៃទី៦ ធ្នូ កន្លងទៅ។
ប្រជាពលរដ្ឋនៅតំបន់ស្រុកសំពៅលូន អំពាវនាវឲ្យអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ ទប់ស្កាត់ការលួចនាំឈើចេញអនាធិបតេយ្យនេះជាបន្ទាន់ ដើម្បីរក្សាសម្បត្តិធនធានធម្មជាតិរបស់ខ្មែរ កុំឲ្យហិនហោចនៅថ្ងៃខាងមុខ។
តំណាងប្រជាពលរដ្ឋម្នាក់រស់នៅឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ថ្លែងក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះនៅថ្ងៃទី៨ ធ្នូ ថា សកម្មភាពក្រុមឈ្មួញរកស៊ីដឹកឈើតាមរថយន្តយីហ៊ុបចំណុះប្រមាណ ៣០ម៉ែត្រគូប នាំចេញទៅលក់នៅប្រទេសថៃ តាមច្រករបៀងគីឡូលេខ៩ នៅចំណុចភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ អ្នកភូមិរូបនេះបន្តថា សកម្មភាពលួចនាំឈើចេញទៅក្រៅប្រទេសដោយខុសច្បាប់នេះ ច្រើនប្រទះឃើញនៅពេលរសៀល ហើយប្រមាណជា ៤លើកក្នុងមួយខែ និងធ្វើសកម្មភាពប្រមាណជិតមួយឆ្នាំមកហើយ។
អ្នកភូមិរូបនេះឲ្យដឹងទៀតថា ក្រុមឈ្មួញដឹកឈើដំណើរការទៅបានដោយរលូននេះ លុះណាមានភ្លើងខៀវពីសំណាក់អាជ្ញាធរប្រចាំការនៅតំបន់នោះ៖ «ហើយពេលយប់ឡើងប្រហែលជាម៉ោង៦ទៅយប់៧អីហ្នឹង គឺគេចាប់ផ្ដើមដឹកឈើចេញទៅចក្ររបៀង រួចគេទម្លាក់ឈើតាមមាត់អូរ ដើម្បីរង់ចាំឲ្យរថយន្តរបស់ថៃ មកប្រមូលដឹកបន្ត ហើយនៅក្នុងឃើញមាននៅច្រកនគរបាលវីរការពារព្រំដែនគីឡូ៩ និងនៅមួយកន្លែងទៀត ចំណុះឲ្យច្រកគីឡូលេខ៩ ដែរ»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកសំពៅលូន លោក ជា សម្បត្តិ មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធពុំមែនមិនគិតគូរចំពោះករណីដែលឈ្មួញនាំឈើចេញទៅលក់ប្រទេសថៃ ដូចការចោទប្រកាន់របស់អ្នកភូមិនោះទេ គឺសមត្ថកិច្ចកំពុងរិះរកវិធី ដើម្បីទប់ស្កាត់សកម្មភាពនេះឲ្យមានប្រសិទ្ធភាពយូរអង្វែងនាពេលអនាគត៖ «បាទ! ខ្ញុំកំពុងតែចាត់វិធានការរឿងហ្នឹង ហើយគណៈបញ្ជាការឯកភាពបានរាយការណ៍ឲ្យខ្ញុំទាំងអស់ ពាក់ព័ន្ធនឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ហើយក្នុងហ្នឹងក៏មាននិយាយអំពីបទល្មើសហ្នឹងដែរ»។
ទោះយ៉ាងនេះក្ដី មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ខេត្តបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា ឈើហុបដឹកតាមរថយន្តរាប់សិបម៉ែត្រគូបបែបនេះ គឺមិនអាចនាំចេញទៅក្រៅប្រទេសបានដោយងាយស្រួលនោះទេ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងនោះ។ លោកបញ្ជាក់ថា ការនាំឈើចេញទៅប្រទេសថៃ នេះ ពុំបានផ្ដល់ផលចំណេញអ្វីដល់ប្រទេសជាតិនោះទេ ផ្ទុយទៅវិញ គឺរឹតតែធ្វើឲ្យហិនហោចដល់សម្បត្តិធនធានធម្មជាតិរបស់ខ្មែរទៅវិញទេ៖ «ហើយករណីនេះប្រហែលជាមានអំពើពុករលួយហើយ បានជាមានរឿងបែបហ្នឹងទៅរួចនោះ។ ហើយយើងត្រូវត្រួតពិនិត្យឲ្យមែនទែន ព្រោះព្រៃខ្មែរយើងវាចង់រលាយអស់ទៅហើយ ដូចជានៅជាយដែនខេត្តបាត់ដំបង អីហ្នឹង គឺពុំមានព្រៃឈើនោះទេ»។
ទោះយ៉ាងនេះក្ដី អ្នកភូមិឲ្យដឹងថា ឈើដែលក្រុមឈ្មួញនាំចេញទៅលក់នៅប្រទេសថៃ នោះ ភាគច្រើនជាប្រភេទឈើលេខ២ ក្នុងនោះឈើមួយចំនួនដឹកមកពីស្រុកវាលវែង ខេត្តពោធិ៍សាត់ និងនៅតាមតំបន់មួយចំនួននៃខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
