អង្គការទន្លេអន្តរជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក អំពាវនាវឲ្យមេដឹកនាំនៃប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ ទាមទារឲ្យប្រទេសឡាវ បញ្ឈប់ជាបន្ទាន់ការសាងសង់ទំនប់វារីអគ្គិសនីនានា នៅលើដងទន្លេមេគង្គ និងឲ្យប្រទេសឡាវ លុបចោលគម្រោងសាងសង់វារីអគ្គិសនីដទៃទៀត ដែលគេគ្រោងនឹងសាងសង់នៅថ្ងៃអនាគត។
ការអំពាវនាវនេះ ធ្វើឡើងមុនពេលមេដឹកនាំនៃប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គទាំង៤ រួមមានកម្ពុជា ថៃ ឡាវ និងវៀតណាម នឹងចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃគណៈកម្មការទន្លេមេគង្គ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ពីថ្ងៃទី៤ ដល់ទី៥ ខែមេសា ឆ្នាំ២០១៤។
ថ្លែងនៅក្នុងសេចក្តីប្រកាសរបស់ខ្លួន កាលថ្ងៃទី២ ខែមេសា អង្គការទន្លេអន្តរជាតិ បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការតំបន់ និងបានអំពាវនាវឲ្យមេដឹកនាំនៃប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ ប្រកាន់ជំហរប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនី នៅលើដងទន្លេមេនៃទន្លេមេគង្គ។
អង្គការការពារបរិស្ថានដែលប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីមួយនេះ បានលើកឡើងថា ប្រទេសឡាវ បានសម្រេចជាឯកតោភាគី ជំរុញទៅមុខការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរ៉ី និងទំនប់ដនសាហុង ហើយដែលប្រការនេះ អង្គការទន្លេអន្តរជាតិយល់ឃើញថា ប្រទេសឡាវ មិនបានគោរពតាមការទទួលខុសត្រូវរបស់ខ្លួន ដែលបានចែងក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ និងមិនបានយកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់ប្រទេសជិតខាង ដែលបានស្នើឲ្យមានការសិក្សា និងពិគ្រោះយោបល់បន្ថែមនោះទេ។
នាយកកម្មវិធីអង្គការទន្លេអន្តរជាតិ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ អ្នកស្រី អាមមី ត្រែនឌែម (Ame Trandem) បានថ្លែងក្នុងសេចក្តីប្រកាសថា រហូតមកដល់ពេលនេះ គណៈកម្មការទន្លេមេគង្គបានខកខានក្នុងការដោះស្រាយនូវគ្រោះថ្នាក់ ដែលកំពុងបង្កឡើងដោយប្រទេសឡាវ។ អ្នកស្រីបន្តថា វាជាការចាំបាច់ ដែលគ្រោះថ្នាក់កើតឡើងដោយសារការសាងសង់ទំនប់វារីអគ្គិសនីទាំងអស់នេះ នឹងត្រូវលើកយកមកដាក់ជារបៀបវារៈសំខាន់ ក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី២ នៅប្រទេសវៀតណាម។ អ្នកស្រីថា មេដឹកនាំប្រទេសទន្លេមេគង្គទាំងអស់ ត្រូវប្រើប្រាស់ឱកាសនេះ ដើម្បីថ្កោលទោសចំពោះស្ថានភាពនៃសហប្រតិបត្តិការតំបន់ដែលជាប់គាំងនាពេលបច្ចុប្បន្ន និងរិះរកមធ្យោបាយថ្មី ដើម្បីដោះស្រាយបញ្ហានេះ។
ទាក់ទងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ អង្គការសង្គមស៊ីវិល ក្រុមការងារសហគមន៍ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធផ្សេងទៀត បានសម្ដែងការព្រួយបារម្ភចំពោះគម្រោងនេះ ហើយបានស្នើឲ្យរដ្ឋាភិបាលប្រទេសឡាវ ផ្អាកគម្រោងសាងសង់ និងត្រូវសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយពីផលប៉ះពាល់នានា ដែលអាចកើតឡើងដោយសារគម្រោងសាងសង់ទាំងអស់នេះ ក្នុងនោះក៏មានការសិក្សាផលប៉ះពាល់ឆ្លងដែនផងដែរ។
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក លឹម គានហោ ដែលនឹងអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំនៅប្រទេសវៀតណាម នោះ លោកបានមានប្រសាសន៍នៅថ្ងៃទី៣ មេសា ថា ដោយសាររបៀបវារៈនៃកិច្ចប្រជុំ នឹងពិភាក្សាអំពីការអភិវឌ្ឍប្រកបដោយចីរភាព ប្រសិទ្ធភាព និងការពារបរិស្ថាននៃទន្លេមេគង្គ លោកគិតថា ច្បាស់ជានឹងមានការលើកឡើងអំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ជាមិនខាន។ លោកបន្តថា ជំហររបស់កម្ពុជា គឺគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ របស់គណៈកម្មការទន្លេមេគង្គ។ តាមកិច្ចព្រមព្រៀងនេះ ប្រទេសណាដែលចង់សាងសង់ទំនប់វារីអគ្គិសនីនៅលើដងទន្លេមេនៃទន្លេមេគង្គ ពួកគេត្រូវទទួលបានការព្រមព្រៀងពីបណ្ដាប្រទេសសមាជិកជាមុនសិន។
លោក លឹម គានហោ៖ «អ៊ីចឹងយើងសុំឲ្យការសិក្សាហ្នឹងឲ្យបានច្បាស់លាស់ ការវាយតម្លៃហ្នឹងឲ្យបានច្បាស់លាស់ពីការសាងសង់។ កម្ពុជា មានជំហរ គឺថាគិតផលប្រយោជន៍ពីកម្ពុជា។ កម្ពុជា ជាប្រទេសដែលនៅខាងក្រោមឡាវ ហើយក្រោមយើងទៅទៀត គឺប្រទេសវៀតណាម ក៏មានផលប៉ះពាល់ពីបញ្ហាការសាងសង់ តែខ្ញុំសូមបញ្ជាក់ជូនថា វាធម្មតាការសាងសង់អីក៏មានការប៉ះពាល់ដែរ ប៉ុន្តែការប៉ះពាល់អាចទទួលយកបាន ឬក៏យ៉ាងម៉េច បើថាការប៉ះពាល់មិនអាចទទួលយកបាន គឺថាមានការខូចខាតធ្ងន់ធ្ងរ។ អាហ្នឹង គឺយើងមិនអាចទទួលយកបានទេ»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំកំពូលលើកទី២ នៃគណៈកម្មការទន្លេមេគង្គនៅវៀតណាម នឹងពិភាក្សាលើបញ្ហាមួយចំនួន ដូចជា ពីបញ្ហាប្រឈមសម្រាប់អាងទន្លេមេគង្គ និងតួនាទីរបស់គណៈកម្មការទន្លេមេគង្គ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ពីកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ដើម្បីជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃទន្លេមេគង្គ និងពីបម្រែបម្រួលអាកាសធាតុ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
