សហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិក្បាលរមាស ក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាសហគមន៍មួយទៀតក្រៅពីសហគមន៍ជនជាតិឡាវ ឃុំស្រែគរ ដែលកំពុងជម្នះនឹងការបណ្ដេញចេញពីភូមិ ដោយសារគម្រោងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដែលនឹងក្លាយជាទំនប់វារីអគ្គិសនីធំជាងគេបង្អស់នៅកម្ពុជា។
តំណាងអ្នកភូមិក្បាលរមាស អះអាងថា«ប្រជាជនខ្ញុំសុខចិត្តដាក់ឫស្សីក្រោមផ្ទះ ដើម្បីបណ្ដែតផ្ទះហ្នឹងឡើង។ ហេតុអីមិនចង់ចេញ ព្រោះពួកគាត់មានអីគ្រប់សព្វបែបយ៉ាងនៅក្នុងហ្នឹង។ យើងចង់ដឹងថា រដ្ឋាភិបាលហ្នឹងគិតយ៉ាងម៉េច?តើពិភពលោកគេនឹងគិតយ៉ាងម៉េច?យើងនៅទីនេះគឺយើងរស់ បើយើងទៅគឺយើងស្លាប់»។
ទោះបីជាប្រជាជនមួយភាគធំនៃភូមិក្បាលរមាស បានចាកចេញទៅតាំងទីលំនៅនៅតំបន់ថ្មីក្ដី ក៏ពលរដ្ឋជាជនជាតិដើមភាគតិចព្នង នៅសេសសល់ចំនួន ៥៣គ្រួសារទៀត នៅតែប្រកាន់ជំហរស៊ូស្លាប់ការពារសិទ្ធិជនជាតិដើមភាគតិចរបស់ខ្លួន ដែលការពារដោយច្បាប់ជាតិ និងអន្តរជាតិ។
ភូមិក្បាលរមាស មានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីទីតាំងទំនប់វារីអគ្គិសនីសេសានក្រោមពីរ លាតសន្ធឹងតាមដងទន្លេស្រែពក។ ភូមិនេះ ជាសហគមន៍ជនជាតិដើមភាគតិចព្នង ជាង ១៤០គ្រួសារ ដែលត្រូវបានចុះបញ្ជីជាផ្លូវការកាលពីឆ្នាំ២០១១។
« សំឡេងអ្នកភូមិជជែកគ្នាជាភាសាព្នង »
នៅពេលទៅដល់ភូមិក្បាលរមាស ទិដ្ឋភាពមួយដែលហាក់ប្លែកភ្នែកសម្រាប់អ្នកទីក្រុង គឺនៅតាមដើមឈើធំៗដែលដុះតាមមាត់ទន្លេស្រែពក ជាប់នឹងភូមិ ត្រូវបានអ្នកភូមិតុបតែងដោយឃ្លោងឃ្លាផ្សេងៗរៀបរាប់ពីសារសំខាន់នៃទន្លេ និងធនធានធម្មជាតិ ស្រដៀងនឹងទិដ្ឋភាពក្នុងភូមិស្រែគរ ដែលមានពលរដ្ឋជាង ២៥០គ្រួសារមិនព្រមទទួលយកសំណងដែរ។

ប៉ុន្តែទិដ្ឋភាពទាំងនេះ អាចនឹងត្រូវបាត់បង់ បើទំនប់វារីអគ្គិសនីសេសានក្រោមពីរ ចាប់ផ្ដើមដំណើរការនៅឆ្នាំ២០១៧ តាមការគ្រោងទុក។
ការសាងសង់ទំនប់វារីអគ្គិសនីនេះ គឺជាការវិនិយោគរួមគ្នាក្នុងទឹកប្រាក់ជិត ៨០០លានដុល្លារអាមេរិក របស់ក្រុមហ៊ុនចំនួនបី រួមមាន ក្រុមហ៊ុនចិន ឈ្មោះ ហាយដ្រូ ឡាងឆាន អ៊ិនធឺណេសសិនណល អេណឺជី (Hydrolancang International Energy) (មានភាគហ៊ុន ៥១%) ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់ លោក គិត ម៉េង (ភាគហ៊ុន ៣៩%) និងក្រុមហ៊ុនវៀតណាម អ៊ី.វី.អិន (EVN) (មានភាគហ៊ុន ១០%)។
លោក ដាំ សំណាង ជាយុវជនមួយរូបតំណាងឲ្យអ្នកភូមិក្បាលរមាស ៥៣គ្រួសារ ដែលមិនព្រមចរចារឿងទូទាត់សំណងផលប៉ះពាល់ជាមួយក្រុមហ៊ុន។ លោកមានប្រសាសន៍ថា ប្រពៃណីជនជាតិដើមភាគតិចព្នង ភូមិក្បាលរមាស ត្រូវបានគំរាមកំហែងតាំងពីពេលក្រុមហ៊ុន ហាយដ្រូ ផោវវើ ឡូវើ សេសានធូ (Hydro Power Lower Sesan 2) ចាប់ផ្ដើមសាងសង់ទំនប់មកម្ល៉េះ៖ « តាំងពីទំនប់ហ្នឹងកកើតនៅទីនេះ ស្ទើរតែកាប់សម្លាប់គ្នារហូតដល់អ្នកខ្លះបែកបាក់គ្រួសារ។ ដូចគ្រួសារនៅមុខផ្ទះខ្ញុំនេះ គាត់បែកបាក់គ្រួសាររហូតដល់វាយដំច្រំធាក់ ធ្វើទារុណកម្មដល់ប្រពន្ធអីអ៊ីចឹងទៅ។ ប្រពន្ធចង់នៅនេះ ប្ដីចង់ទៅ។ ហើយដូចគ្រួសារមួយទៀត ប្រពន្ធគាត់ចង់ទៅ ហើយគាត់អត់ចង់ទៅ គាត់ស្ដាយភូមិ ស្ដាយផ្ទះ ស្ដាយដីធ្លី ដំណាំដាំដុះរបស់គាត់។ យុវជនទាំងសហគមន៍នៅក្នុងភូមិ ក៏អត់ត្រូវគ្នាទៀត បែកជាពីរ។ ដល់ពេលអ៊ីចឹង ជនជាតិដើមភាគតិច ត្រូវបំបែកការសាមគ្គីហ្នឹងខ្លាំងមែនទែន »។
លោក ដាំ សំណាង រៀបរាប់ក្នុងទឹកមុខស្រពោនថា អ្វីដែលសហគមន៍ជនជាតិដើមភាគតិចព្នង ភូមិក្បាលរមាស ត្រូវការ គឺជីវភាពរស់នៅតាមបែបប្រពៃណីអាស្រ័យផលពីធនធានធម្មជាតិ មិនមែនអគ្គិសនីតម្លៃថោកឡើយ៖ « ទោះបីថោកតម្លៃប៉ុណ្ណាក៏ដោយ ក៏គាត់គិតពីផលប្រយោជន៍ ការរស់នៅតាមដងទន្លេ ជីវចម្រុះមិនអាចផលិតមកវិញបានទេ ព្រោះថាវានឹងបាត់ជារៀងរហូត បើកាលណាផលិតអគ្គិសនីហ្នឹងឡើង។ អគ្គិសនីហ្នឹងវាអត់មាននិរន្តរភាពរហូតអស់មួយជីវិត តកូនតចៅយើងបានទេ។ វាអាចសាមសែសិបឆ្នាំ វាអស់ធនធានជីវចម្រុះហ្នឹងអស់។ វាអាចធ្វើឲ្យទន្លេរាក់ រាក់ហ្នឹងវាអស់ទឹក វាអស់ថាមពល។ ហ្នឹងហើយអគ្គិសនីផលិតបាន។ ផលិតបាន ប៉ុន្តែជីវចម្រុះហ្នឹងផលិតអត់បាន។ ប្រព័ន្ធធារាសាស្ត្រពីបុរាណហ្នឹងផលិតអត់បាន ជាមរតករួមរបស់ជាតិ របស់កម្ពុជា យើងហ្នឹង »។
ទាក់ទងនឹងផលប៉ះពាល់លើធនធានតាមដងទន្លេនេះ អ្នកសម្របសម្រួលបណ្ដាញការពារទន្លេបី លោក មៀច មាន កត់សម្គាល់ថា ទោះបីជាការសាងសង់ទំនប់នេះទើបតែសម្រេចបានជាងពាក់កណ្ដាលក៏ដោយ ក៏ផលប៉ះពាល់ទៅលើចរាចរណ៍របស់ត្រី ត្រូវបានគេមើលឃើញថា មានភាពធំធេងទៅហើយ៖ « គម្រោងសេសានក្រោមពីរ ទើបតែសម្រេចបានប្រមាណ ៦០ % ប៉ុន្តែត្រីមិនចរាចរណ៍ឡើងទៅហើយ។ ត្រីត្រូវបានគេចពង្វាងចាប់តាំងពីរដូវកាលឆ្នាំទៅម្ល៉េះ។ តាំងពីទំនប់ចាប់ផ្ដើមសាងសង់ភ្លាមនោះ ត្រីចាប់ផ្ដើមបែរទិសហើយ »។
លោក មៀច មាន បន្តថា ក្រៅពីប៉ះពាល់ដោយផ្ទាល់ដល់ពលរដ្ឋរាប់ម៉ឺននាក់មានលំនៅឋានជាប់នឹងទន្លេសេសាន ស្រែពក និងសេកុង នៅមានពលរដ្ឋរាប់សិបម៉ឺននាក់ទៀតដែលនៅឆ្ងាយពីទន្លេ ក៏ត្រូវរងគ្រោះដោយប្រយោល ដោយសារបរិមាណត្រីថយចុះជាលំដាប់ចាប់តាំងពីទំនប់ចាប់ផ្ដើមសាងសង់មក។
ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ត្រូវបានអ្នកជំនាញបរិស្ថានសិក្សាឃើញថា នឹងបង្កផលប៉ះពាល់ធំធេងដល់ប្រព័ន្ធជីវចម្រុះតាមដងទន្លេមេគង្គទាំងមូល ផ្ទុយពីការអះអាងរបស់ក្រុមហ៊ុនវិនិយោគ និងរដ្ឋាភិបាល ដែលបានវាយតម្លៃផលប៉ះពាល់លើបរិស្ថានដោយឯកឯង មិនគ្រប់ជ្រុងជ្រោយតាមស្តង់ដារអន្តរជាតិ។
ពាក់ព័ន្ធនឹងផលប៉ះពាល់លើបរិស្ថាននេះ អ្នកសម្របសម្រួលបណ្ដាញការពារទន្លេបី លោក មៀច មាន លើកឡើងថា ជនជាតិដើមភាគតិចនឹងក្លាយជាក្រុមរងគ្រោះខ្លាំង ដោយសារការសាងសង់ទំនប់នេះធ្វើឲ្យធនធានធម្មជាតិដែលពួកគេធ្លាប់អាស្រ័យផលតាមប្រពៃណី និងជំនឿត្រូវបាត់បង់៖ « វប្បធម៌ប្រពៃណីរបស់គាត់ គឺពឹងផ្អែកទៅលើ គាត់មានជំនឿយ៉ាងជ្រៅជ្រះទៅលើទឹកទន្លេ មានកន្លែងខ្លះគេហៅដល់អន្លង់ព្រះ មានកន្លែងខ្លះគេហៅថាអារក្សទឹកអារក្សអីអ៊ីចឹង ដោយសារជំនឿប្រពៃណី វាដក់ជាប់ទៅនឹងធនធានធម្មជាតិ ដក់ជាប់ទៅនឹងទីតាំងដែលពួកគាត់កំពុងតែរស់នៅកំពុងតែអាស្រ័យផលហ្នឹងឯង។ វាផ្សារភ្ជាប់គ្នាជាលក្ខណៈប្រពៃណីនៅហ្នឹង »។
ក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នាពេលថ្មីៗនេះ អ្នកភូមិក្បាលរមាស ក្មេងចាស់ប្រុសស្រីលើកឡើងថា ប្រពៃណីជនជាតិដើមភាគតិចព្នង នៃភូមិនេះនឹងត្រូវវិនាសទាំងស្រុង ប្រសិនបើពួកគេត្រូវទៅតាំងទីលំនៅនៅតំបន់ថ្មី ដែលរៀបចំចាត់ចែងដោយក្រុមហ៊ុនវិនិយោគ និងអាជ្ញាធរខេត្ត។
« សំឡេងអ្នកភូមិថ្លែងប្រាប់ទៅ អ្នកស្រី រ៉ូណា ស្មីត ក្រោមដើមជ្រៃ »
តបទៅនឹងកង្វល់របស់សហគមន៍ជនជាតិដើមភាគតិចព្នង ក្នុងភូមិក្បាលរមាស អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង អះអាងថា អាជ្ញាធរខេត្តនឹងមិនបំពានសិទ្ធិជនជាតិដើមភាគតិចឡើយ។ លោកថា អាជ្ញាធរនឹងរៀបចំដីព្រៃសហគមន៍នៅតំបន់ថ្មីជូនសហគមន៍ជនជាតិដើមភាគតិចទាំងនោះ ហើយនឹងធ្វើឲ្យពួកគេមានការរស់នៅប្រសើរជាងមុន។
លោក ម៉ែន គុង ថ្លែងថា « យើងនឹងរៀបចំកំណត់ផែនទីសហគមន៍ព្រៃឈើហ្នឹងសម្រាប់គាត់នៅទីតាំងថ្មីហ្នឹងទៀត។ ប៉ុន្តែនៅក្នុងអំឡុងពេលហ្នឹង បើសិនថាគាត់នៅតែអាស្រ័យផលពីសហគមន៍ហ្នឹងបាន គាត់អាស្រ័យផលចុះ។ យើងអត់មានទៅហាមឃាត់គាត់ទេ។ សូម្បីដីកសិកម្មរបស់គាត់នៅសហគមន៍របស់គាត់នៅទីតាំងចាស់ បើគាត់ថានៅបង្កបង្កើនផល គាត់បង្កបង្កើនផលចុះ។ យើងអត់មានទៅហាមឃាត់គាត់ទេ ប៉ុន្តែនៅទីតាំងថ្មី គាត់នៅតែទទួលបានដីប្រាំហិកតារ និងជំរុញឲ្យគាត់បង្កបង្កើនផលដូចគ្នាដែរ ដោយមិនឲ្យដីប្រាំហិកតារហើយ ឲ្យគាត់ទុកចោលទេ ត្រូវតែជំរុញគាត់។ ទោះបីក្នុងរូបភាពបែបណាក្ដី។ បើសិនជាគាត់ខ្វះនូវមធ្យោបាយ ដូចជាគ្រាប់ពូជអីមួយចំនួន យើងនឹងកៀរគរពីដៃគូអភិវឌ្ឍន៍ អ្នកគាំទ្រផ្សេងៗ ក៏ដូចជាការចូលរួមពីក្រុមហ៊ុន ឧបត្ថម្ភគ្រាប់ពូជដល់គាត់នៅក្នុងទីតាំងថ្មីដល់គាត់ ដើម្បីឲ្យគាត់អាចដំណើរការបាន »។
ទោះបីជាយ៉ាងណា អ្វីដែលអាជ្ញាធរខេត្តស្ទឹងត្រែង លើកឡើង មិនធ្វើឲ្យពលរដ្ឋក្នុងសហគមន៍ជនជាតិដើមភាគតិចព្នង ភូមិក្បាលរមាស ជឿជាក់ឡើយ។
យុវជនក្នុងភូមិក្បាលរមាស មួយរូប លោក ប្រាជ្ញ ឫទ្ធី ដែលមិនពេញចិត្តនឹងវត្តមាននៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ លើកឡើងថា ក្ដីកង្វល់របស់អ្នកភូមិក្បាលរមាស មិនត្រូវបានប្រមុខរដ្ឋាភិបាលយកចិត្តទុកដាក់ទេ៖ « កន្លងមកខាងយុវជនពួកខ្ញុំធ្លាប់ដាក់ញត្តិទៅស្ថានទូតចិន ហើយនិងភូមិ ឃុំ ស្រុក ខេត្ត នៅភ្នំពេញ ក៏ដូចជារដ្ឋសភា ប៉ុន្តែញត្តិហ្នឹងមិនមានការឆ្លើយតបដល់សហគមន៍ពួកខ្ញុំទេ គឺពួកយើងបញ្ជូនទៅស្ងាត់ឈឹងតែម្ដង មិនមានការឆ្លើយតប »។
ទោះបីជាមិនទទួលបានលទ្ធផល យុវជនជាជនជាតិដើមភាគតិចព្នង រូបនេះ នៅតែប្រកាន់ជំហរទាមទាររក្សាធនធានធម្មជាតិក្នុងសហគមន៍របស់ខ្លួន ហើយបន្តបដិសេធនឹងការអភិវឌ្ឍរបស់រដ្ឋាភិបាល៖ « ក្នុងនាមខ្ញុំជាយុវជន សូមសំណូមពរទៅរាជរដ្ឋាភិបាលបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ហើយយើងខ្ញុំសុំដី សុំទន្លេ សុំទឹក សុំព្រៃឈើទាំងអស់ សូមឲ្យពួកខ្ញុំវិញ ព្រោះអីពួកខ្ញុំមិនត្រូវការទំនប់សេសានក្រោមពីរ ទេ គឺបំផ្លាញប្រជាពលរដ្ឋខ្លាំងមែនទែន »។
តំណាងអ្នកភូមិក្បាលរមាស លោក ដាំ សំណាង អះអាងថា សហគមន៍ជនជាតិដើមភាគតិចព្នង នៃភូមិក្បាលរមាស ចំនួន ៥៣គ្រួសារ បានមូលមតិគ្នាហើយថា នឹងមិនបោះបង់ទឹកដីភូមិក្បាលរមាស ជាដាច់ខាត ទោះបីជាភូមិទាំងមូលត្រូវជន់លិចដោយសារទឹកទំនប់ក៏ដោយ៖ « ប្រជាជនខ្ញុំសុខចិត្តដាក់ឫស្សីក្រោមផ្ទះ ដើម្បីបណ្ដែតផ្ទះហ្នឹងឡើង។ ហេតុអីមិនចង់ចេញ ព្រោះពួកគាត់មានអីគ្រប់សព្វបែបយ៉ាងនៅក្នុងហ្នឹង។ អ៊ីចឹងយើងមានវិធីសាស្ត្រទៀត យើងនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃការរស់នៅ។ បើហានិភ័យកើតឡើង ធ្វើម៉េចយើងក៏ត្រូវជម្លៀសសត្វពាហនៈទៅដាក់ទួល ហើយយើងរៀបចំតំបន់ធម្មជាតិសម្រាប់ទស្សនា ទាក់ទាញគេមកលេងទៀត។ យើងចង់ដឹងថា រដ្ឋាភិបាលហ្នឹងគិតយ៉ាងម៉េច ? តើពិភពលោកគេនឹងគិតយ៉ាងម៉េច ? យើងនៅទីនេះគឺយើងរស់ បើយើងទៅគឺយើងស្លាប់ »។
ប្រជាពលរដ្ឋមួយចំនួនដែលបានយល់ព្រមទទួលយកសំណងទៅតាំងទីលំនៅនៅតំបន់ថ្មី បានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរី អំពីទុក្ខលំបាកមួយចំនួនដែលពួកគាត់កំពុងជួបប្រទះ ដោយសារក្រុមហ៊ុនមិនបានគោរពតាមពាក្យសន្យា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។