ពលរដ្ឋ​សហគមន៍​ខ្វា​ក្នុង​ខណ្ឌ​ដង្កោ​ត្អូញត្អែរ​ពី​ទឹក​ជន់​លិច​ភូមិ​និង​ផ្ទះ​សម្បែង

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​គ្រួសារ ក្នុង​ភូមិ​ខ្វា និង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កំពុង​រងគ្រោះ​ដោយសារ​ទឹក​ជន់​លិច​ភូមិ​ផ្ទះ​សម្បែង ធ្វើ​ឲ្យ​ពួក​គាត់​គ្មាន​ទីជម្រក​ស្នាក់នៅ និង​ប្រឈម​នឹង​ការ​លំបាក​ជាច្រើន​ផ្សេងៗ​ទៀត។ ក្រុម​អ្នក​ភូមិ ទាមទារ​ឲ្យ​អាជ្ញាធរ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រំដោះ​ទឹក​ចេញ​ពី​តំបន់​នោះ​ឲ្យ​បាន​ឆាប់។

រហូត​មក​ដល់​ចុង​រដូវ ឬ​ជិត​ផុត​រដូវ​វស្សា​ទៅ​ហើយ តំបន់​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ជាយ​ក្រុង ឬ​តំបន់​ដែល​កំពុង​អភិវឌ្ឍ​សំណង់​ធំៗ នៅ​តែ​រងគ្រោះ​ដោយសារ​ទឹក​ជន់​លិច​នៅ​ឡើយ។

ផ្ទះ​សម្បែង​អ្នក​ភូមិ​ក្នុង​សហគមន៍​ខ្វា សង្កាត់​ដង្កោ ត្រូវ​ទឹក​ភ្លៀង និង​ទឹក​លូ​ហូរ​ពី​តំបន់​ខ្ពស់​ជុំវិញ​នោះ​ជន់​លិច​ជាង ២​ខែ​មក​ហើយ។ ផ្ទះ​នៅ​តំបន់​នោះ ខ្លះ​សង់​ពី​ឈើ ខ្លះ​សង់​ពី​ថ្ម​ពីរ​ជាន់ ប៉ុន្តែ​ត្រូវ​លិច​មួយ​ជាន់​ក្រោម​បាត់ ហើយ​ផ្ទះ​ខ្លះ​លិច​នៅ​សល់​តែ​ដំបូល​បន្តិច​ប៉ុណ្ណោះ។

ពលរដ្ឋ​ខ្លះ​ដែល​នៅ​មាន​ផ្ទះ​ពីរ​ជាន់ នៅ​តស៊ូ​រស់នៅ​ប្រឈម​នឹង​ការ​លំបាក​ផ្សេងៗ ដោយ​ធ្វើ​ទូក​ឆ្លង ខ្លះ​យក​សំបក​ដប​ទឹក​សុទ្ធ​ច្នៃ​ធ្វើ​ក្បូន​សម្រាប់​ឆ្លង​មក​រក​ទី​ទួល ឬ​ថ្នល់​ខ្ពស់។ ចំណែក​ខ្លះ​ទៀត ត្រូវ​ជម្លៀស​ខ្លួន​មក​នៅ​លើ​ថ្នល់​ជាប់​នឹង​របង​សាកលវិទ្យាល័យ​កសិកម្ម​ចម្ការ​ដូង។

ក្រុម​អ្នក​ភូមិ តែង​តែ​ត្អូញត្អែរ​ពី​ការ​លំបាក​ចំពោះ​បញ្ហា​ទឹក​លិច​ផ្ទះ និង​មិន​សប្បាយ​ចិត្ត​ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ ថា​ហាក់​មិន​ខ្វាយខ្វល់​ចូលរួម​ដោះស្រាយ និង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​លំបាក​របស់​ពួក​គាត់ ប្រាប់​ទៅ​អ្នក​ធ្វើ​ដំណើរ​កាត់​តំបន់​នោះ និង​អ្នក​សារព័ត៌មាន។

បុរស​ម្នាក់​ជា​អ្នក​ភូមិ​ខ្វា ឈ្មោះ ចាន់ សុផល ជិះ​ទូក​អុំ​តូច​មួយ​ធ្វើ​ពី​ធុងសាំង​រាង​ឃ្លីងឃ្លោង​ស្ទើរ​លិច​ម្តងៗ។ លោក​អុំ​ទូក​ធុងសាំង​បណ្ដើរ រៀបរាប់​បង្ហាញ​ពី​ទិដ្ឋភាព​ទឹក​លិច​ផ្ទះ ពី​ការ​លំបាក​របស់​អ្នក​ភូមិ បញ្ហា​ប្រឈម​នានា និង​មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ទឹក​លិច​តំបន់​នេះ​ធ្ងន់ធ្ងរ៖ «អត់​ដែល​លិច​ទេ​ទើប​ពីរ​ឆ្នាំ​ហ្នឹង ដោយសារ​មាន​លូ​បង្ហូរ​ធ្លាក់​មក​រណ្ដៅ ព្រោះ​ពី​មុន​រណ្ដៅ​ជ្រៅ​កន្លែង​ហ្នឹង! ដល់​ពេល​អ៊ីចឹង គេ​ចង់​បំបិទ​អា​រណ្ដៅ​ហ្នឹង គេ​ថា​ធ្វើ​ជា​អាង​ស្តុក​ទឹក​អី​ណា ហើយ​អ៊ីចឹង​ប្រជាពលរដ្ឋ​ចង់​ឲ្យ​ធ្វើ​លូ​បណ្ដោះ​ទឹក​ចេញ តែ​អាជ្ញាធរ​ដែន​ដី​ថា​ទាល់​តែ​ថ្នាក់​លើ​បាន​ដោះស្រាយ​ចេញ បើ​អ៊ីចឹង​តើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ម៉េច​កើត»

លោក​ថា ដោយសារ​ទឹក​លិច​ផ្ទះ​នេះ ពលរដ្ឋ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង ដូចជា​ប៉ះពាល់​មុខ​របរ​រក​ស៊ី​ប្រចាំ​ថ្ងៃ ខូច​ខាត​ផ្ទះ​សម្បែង សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ជាពិសេស​ក្មេងៗ​ដែល​ត្រូវ​ទៅ​រៀន ត្រូវ​ឆ្លង​កាត់​ដោយ​ជិះ​ក្បូន​តូចៗ​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្សេងៗ ដូចជា​ធ្លាក់​ទឹក លង់​ទឹក ជាដើម៖ «មនុស្ស​យើង​កាល​ណា​លិច​ទឹក គឺ​វេទនា​ណាស់ មិន​ដូច​យើង​នៅ​លើ​គោក​ទេ យើង​អាច​ទៅ​នេះ​ទៅ​នោះ​បាន។ ដល់​ពេល​អ៊ីចឹង ខាត​គ្រប់​គ្នា​ទាំងអស់​ខាត​ក្នុង​ការ​រក​ស៊ី មក​ផ្ទះ​លិច​ទឹក​សព្វ​បែប​យ៉ាង​ទាំងអស់! ខ្លះ​ទៅ​ជួល​ផ្ទះ​គេ​នៅ​វេទនា​ណាស់ ខ្លះ​រក​អង្ករ​ច្រក​ឆ្នាំង​មិន​បាន​ផង»

ស្ត្រី​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ ចាន់ សុផា បាន​ថ្លែង​ពី​ទុក្ខ​លំបាក​ដោយសារ​ទឹក​លិច​ផ្ទះ​គាត់​ទាំង​ទឹក​ភ្នែក​ថា តំបន់​ពួក​គាត់​រស់នៅ​ជា​ដី​ទំនាប។ ក្រុមហ៊ុន​អភិវឌ្ឍន៍​ជុំវិញ​តំបន់​នោះ​ចាក់​ដី​ខ្ពស់ៗ ហើយ​បង្ហូរ​ទឹក​ចូល​មក​តំបន់​ទំនាប។ ចំណែក​អាជ្ញាធរ មិន​បាន​ទទួល​ខុស​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​រក​មធ្យោបាយ​រំដោះ​ទឹក​ចេញ​ទេ។ ពេល​ទឹក​លិច​ខ្លាំង ពលរដ្ឋ​តវ៉ា​សុំ​ដោះស្រាយ ទើប​យក​ម៉ាស៊ីន​មក​បូម ហើយ​អត់​មាន​ប្រេង​ចាក់​ទៀត៖ «ហើយ​ពួក​ខ្ញុំ​ទទូច​អង្វរ​ពួក​គាត់​ថា ប្រជាពលរដ្ឋ​រស់នៅ​ទឹក​ស៊ី​ជើង ក្មេង​លង់​ទឹក​ក្នុង​មួយ​ថ្ងៃ ២​ដង ម្តង​ក៏​មាន​ដែរ និយាយ​ប្រាប់​គាត់​យ៉ាង​ម៉េច គាត់​អត់​មាន​គិត​អាណិត​ប្រជាពលរដ្ឋ​ដែល​នៅ​ក្នុង​ភូមិ​ហ្នឹង​ទេ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​ពី​ពលរដ្ឋ​បែប​នេះ ចៅ​សង្កាត់​រង​ទី​១ សង្កាត់​ដង្កោ អ្នកស្រី សឿង សេរី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពុំ​បាន​ព្រងើយ​កន្តើយ​ចំពោះ​ទឹក​លិច​សហគមន៍​ខ្វា នេះ​ឡើយ។ អ្នកស្រី​ទទួល​ស្គាល់​ថា តំបន់​ភូមិ​ខ្វា និង​ភូមិ​សំបួរ ឬ​ហៅ​ថា​តំបន់​បឹង​តាម៉ាត នេះ ពី​មុន​មក​មិន​ដែល​មាន​ទឹក​លិច​ទេ ទើប​តែ​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ទឹក​លិច ដោយ​មាន​អ្នក​ទិញ​ដី​តំបន់​នោះ​ជីក​ស្រះ​បូម​ទឹក​ទៅ​លក់​ឲ្យ​ខាង​រោងចក្រ ប៉ុន្តែ​បច្ចុប្បន្ន ខាង​រោងចក្រ​ឈប់​ទិញ ហើយ​ក៏​មាន​ទឹក​ហូរ​មក​ពី​គ្រប់​ច្រកល្ហក​ហូរ​ចាក់​មក រហូត​មាន​បាក់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ផង។

អ្នកស្រី​បន្ត​ថា បញ្ហា​នេះ អាជ្ញាធរ​ក៏​បាន​ដោះស្រាយ​ឲ្យ​ម្ចាស់​ស្រះ​ចាក់​ដី​ទប់​បាន​មួយ​ចំនួន​ធំ​ហើយ ហើយ​ការ​រំដោះ​ទឹក​នេះ​ជា​បញ្ហា​លំបាក​ធំ​មួយ ដែល​ត្រូវ​សិក្សា​រក​លូ​ចាស់ ឬ​អោយ​អ្នក​បច្ចេកទេស​ជំនាញ​សិក្សា​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ចេញ​ដោយ​សុវត្ថិភាព មិន​ប៉ះពាល់​ដល់​អ្នក​ភូមិ​ផ្សេង​ទៀត និង​ខូចខាត​ផ្លូវ​ព័ទ្ធ​ជុំវិញ​តំបន់​នោះ ដែល​ទើប​នឹង​សាងសង់​រួច៖ «បឹង​តាម៉ាត ហ្នឹង វា​ធំ​ធេង​ពេក បើ​សិន​ជា​យើង​ព្យាយាម​បូម​អស់​ប៉ុន្មាន​ក៏​តែ​ទឹក​ពេញ​ដែរ ពិសេស​ចំពោះ​មុខ​យើង​នេះ ការ​កាយ​លូ​ធ្វើ​ផ្លូវ​២១៧ នេះ បំបែក​លូ​អស់​ទៅ ដល់​ពេល​ទឹក​វា​ត្រូវ​តែ​បុក​ទៅ​ខាង​កើត​ហ្នឹង​ទាំងអស់ ធ្លាក់​ទៅ​បឹង​តាម៉ាត​ទាំងអស់ ទោះ​បី​អត់​ភ្លៀង​ក៏​ទឹក​នៅ​តែ​ចូល​ទៅ​ហ្នឹង​ទាំងអស់។ អ៊ីចឹង​មីង​គ្រាន់​តែ​ជម្រាប​ថា​អាជ្ញាធរ​មិន​ព្រងើយ​កន្តើយ​ពី​បញ្ហា​នេះ​ទេ»

ទោះ​យ៉ាង​ណា អ្នក​ភូមិ គឺ​លោកស្រី ចាន់ សុផា បង្ហាញ​ទស្សនៈ​ថា ដំណាក់​កាល​នេះ​ជា​សម័យ​អភិវឌ្ឍន៍ ពលរដ្ឋ​ខ្មែរ​មិន​គួរ​ណា​ទទួល​ទុក្ខ​លំបាក​បែប​នេះ​ទេ ហើយ​ក៏​មិន​គួរ​អភិវឌ្ឍ​កន្លែង​មួយ ហើយ​ទុក​អោយ​កន្លែង​មួយ​ទៀត​រង​ទុក្ខ​វេទនា​អ៊ីចឹង​ឡើយ។

ចំណែក​បុរស​ជា​អ្នក​ភូមិ​ឈ្មោះ ចាន់ សុផល មាន​ប្រសាសន៍​ដែរ​ថា យ៉ាង​ណា​ក៏ដោយ អាជ្ញាធរ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ទឹក​លិច​ភូមិ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ឲ្យ​បាន​ឆាប់ ដោយ​មិន​ត្រូវ​អូស​បន្លាយ​ពេលវេលា​ឲ្យ​អ្នក​ភូមិ​រស់នៅ​ត្រាំ​ក្នុង​ទឹក ដោយ​គ្មាន​កាល​កំណត់ ប្រឈម​នឹង​បញ្ហា​សុខភាព​ចុះ​ដុនដាប​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខូចខាត​ទ្រព្យ​សម្បត្តិ​ដែល​ខំ​បង្ហូរ​ញើស​ឈាម​ជាច្រើន​ឆ្នាំ​មក​ហើយ ឲ្យ​រលាយ​បាត់​បង់​ក្នុង​មួយ​រយៈពេល​ខ្លី​នោះ​ទេ។

ក្រុម​អ្នក​ភូមិ​ព្រមាន​ថា បើ​អាជ្ញាធរ​មូលដ្ឋាន​មាន​សង្កាត់ ខណ្ឌ មិន​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ទេ ពួក​គាត់​នឹង​នាំ​គ្នា​ឡើង​តវ៉ា​ដល់​សាលា​រាជធានី​ភ្នំពេញ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។