បណ្ដាប្រទេសទាំង៥នោះ មានកម្ពុជា ថៃ ឡាវ វៀតណាម និង មីយ៉ាន់ម៉ា ឬភូមា។ កិច្ចប្រជុំនេះ មានការសម្របសម្រួលពីឯកអគ្គរដ្ឋទូត នៃសហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ។
ទីប្រឹក្សារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញទៅចូលរួមកិច្ចប្រជុំនោះ គឺលោក សុក ស៊ីផាន់ណា។ លោកបានមានប្រសាសន៍ប្រាប់សន្និសីទកាសែត កាលពីព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ថា ការជួបប្រជុំរបស់បណ្ដាប្រទេសទន្លេមេគង្គក្រោម ថ្ងៃនេះ គឺនឹងជជែកលើចំណុចជាច្រើនដោយផ្ដោតលើផ្នែកសុខភាព ការអប់រំ និងកិច្ចការពារបរិស្ថានជាដើម។

លោក សុក ស៊ីផាន់ណា បានបញ្ជាក់ថា ការជួបជជែកគ្នានោះ គឺបណ្ដាប្រទេសទាំង៥ នឹងស្វែងរកផលវិជ្ជមាន ដើម្បីឱ្យអាចទទួលបានផលចំណេញទាំងអស់គ្នា៖ «ដូចខាងអប់រំអ៊ីចឹង យើងចង់រកមធ្យោបាយយ៉ាងម៉េចដើម្បីពង្រឹងអ្នកជំនាញបច្ចេកទេសយើង ក្នុងភាសាអង់គ្លេសជាដើម។ ដូចជាខាងទឹកជាដើម ពេលដែលយើងទឹកជំនន់ខ្លាំងទន្លេមេគង្គ វាប៉ះពាល់បរិស្ថានទាំងអស់គ្នា អ៊ីចឹងនិយាយជាសរុបទៅ គឺយើងរកយន្តការយ៉ាងម៉េច ដើម្បីសហប្រតិបត្តិការ ដើម្បីទាញយកផលចំណេញផ្នែកអភិវឌ្ឍន៍។ ព្រោះយើងត្រូវដឹងថា ក្នុងបរិបទអាស៊ាននេះ វាមានអាស៊ានជឿនលឿន ហើយនិងអាស៊ាន ៤ក្រោយ មិនទាន់ជឿនលឿន។ អ៊ីចឹងយើងយកយន្តការហ្នឹង ដើម្បីជួយបង្គ្រប់ជំរុញធ្វើម៉េចឱ្យប្រទេសអាស៊ានមិនទាន់ជឿនលឿននោះ ឱ្យបានតាមគេឆាប់ទាន់»។

សហរដ្ឋអាមេរិកបានផ្ដោតការយកចិត្តទុកដាក់ទៅលើកិច្ចការពារបរិស្ថាន និងទឹក នៅក្នុងបណ្ដាប្រទេសទន្លេមេគង្គក្រោមនេះ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម អ៊ីថត (William E.Todd) បានថ្លែងថា រដ្ឋាភិបាលអាមេរិកបានផ្ដល់ជំនួយប្រមាណ ៥០លានដុល្លារ ទៅលើគំរោងនៃកិច្ចការពារធនធានធម្មជាតិ បរិស្ថាន និងទឹក នៅក្នុងតំបន់នៃទន្លេមេគង្គក្រោមនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
