អាជ្ញាធរ​រឹត​បន្តឹង​ចំពោះ​ឡាន​ដឹក​ថ្ម​ខ្សាច់​និង​ដី​គ្មាន​សណ្ដាប់ធ្នាប់

0:00 / 0:00

នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​ក្រសួង​មហាផ្ទៃ ចាប់​ផ្ដើម​ផាក​ពិន័យ​លើ​រថយន្ត​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​ដឹក​ថ្ម ខ្សាច់ និង​ដឹក​ដី​លើស​ការ​កំណត់​តាម​ការ​ណែនាំ​របស់​ក្រសួង​រ៉ែ និង​ថាមពល។ ក្រសួង​រ៉ែ និង​ថាមពល​រក​ឃើញ​ថា ការ​ដឹក​ជញ្ជូន​ខុស​បច្ចេកទេស​នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ ខូច​ស្ពាន និង​ខូច​ផ្លូវ ទៀត​ផង។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ទទួល​បន្ទុក​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ព្រមាន​ថា ថ្ងៃ​ទី​៥ ខែ​មេសា គឺ​ជា​យុទ្ធនាការ​ដ៏​ក្ដៅ​គគុក​ថ្មី​មួយ​ជំហាន​ទៀត ប្រឆាំង​រថយន្ត​ដឹក​រ៉ែ​សំណង់​លើស​ចំណុះ ដូច​ជា​ប្រភេទ​រថយន្ត​ដឹក​ដី ខ្សាច់ និង ថ្ម​ជាដើម។

ប្រធាន​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោក នៃ​ក្រសួង​មហាផ្ទៃ លោក រុន រ័ត្នវាសនា ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ថា ស្ថាប័ន​ជំនាញ​ក្រសួង​មហាផ្ទៃ នឹង​ចាប់​អនុវត្ត​ផាក​ពិន័យ​ទៅ​លើ​រថយន្ត​ដែល​ដឹក​សម្ភារៈ​ផ្គត់ផ្គង់​សំណង់ ក្នុង​នោះ​មាន​រថយន្ត​ដឹក​ដី ថ្ម និង​ខ្សាច់ ជាដើម។

លោក​បន្ត​ថា ការ​រឹត​បន្តឹង​នេះ ក្រៅ​តែ​ពី​ដើម្បី​លើក​សោភណភាព និង​ថែរក្សា​បរិស្ថាន​ហើយ ថែម​ទាំង​ជា​ការ​បញ្ចៀស​បញ្ហា​ប្រឈម​​នានា ដល់​អ្នក​ដំណើរ​នៅ​តាម​ដង​ផ្លូវ​ទៀត​ផង៖ «ខ្ញុំ​ឃើញ​មួយ​រយៈកាល​ហ្នឹង​ឃើញ​ថា ផល​ប៉ះពាល់​ហ្នឹង​ច្រើន។ ច្រើន​យ៉ាង​ម៉េច? យើង​ឃើញ​ថា អ្នក​បើកបរ ជាពិសេស​ឡាន​ដឹក​ដី ដឹក​ខ្សាច់ និង​ដឹក​ក្រួស​នេះ​តែងតែ​បង្ក​ឲ្យ​បងប្អូន​យើង​មិន​សប្បាយ​ចិត្ត»

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ក្រសួង​រ៉ែ និង​ថាមពល បាន​កោះហៅ​ម្ចាស់​អាជីវកម្ម​រ៉ែ​សំណង់​គ្រប់​ប្រភេទ​មក​ណែនាំ និង​ដាក់​ចេញ​នូវ​ឱសានវាទ មុន​នឹង​ដាក់​ចេញ​គោលការណ៍​ផាក​ពិន័យ​នៅ​ទូទាំង​ប្រទេស។ រដ្ឋលេខាធិការ នៃ​ក្រសួង​រ៉ែ និង​ថាមពល បញ្ជាក់​ថា នេះ​ពុំ​មែន​ជា​លើក​ទី១​ទេ​ដែល​ម្ចាស់​អាជីវកម្ម ត្រូវ​កោះ​ហៅ​ដើម្បី​ពិគ្រោះពិភាក្សា។ ម្យ៉ាង​វិញ​ទៀត មុន​នឹង​សមត្ថកិច្ច​កំណត់​ផាក​ពិន័យ​នៅ​ពេល​នេះ គឺ​មុន​មួយ​ថ្ងៃ​នៃ​ការ​ចុះ​អនុវត្ត​​ច្បាប់ ក្រសួង​រ៉ែ និង​ថាមពល សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោក នៃ​ក្រសួង​មហាផ្ទៃ បាន​ចុះ​ណែនាំ​រួច​មក​ហើយ។

ប្រធាន​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោក លោក រុន រ័ត្នវាសនា ឲ្យ​ដឹង​ថា រថយន្ត​ដែល​ល្មើស​លក្ខណៈ​បច្ចេកទេស ធុន​មធ្យម ក្នុង​ឡាន​មួយ​គ្រឿង​ត្រូវ​ផាក ៧៥.០០០​រៀល ចំណែក​រថយន្ត​ធុន​ធំ​​វិញ ត្រូវ​ផាក ១២៥.០០០​រៀល។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៥ ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​សារចរ​ណែនាំ​ម្ដង​រួច​មក​ហើយ ស្ដីពី​ការ​ដឹកជញ្ជូន​លើ​ផ្លូវ​សាធារណៈ​ចំពោះ​រថយន្ត​ធ្វើ​អាជីវកម្ម​ខ្សាច់ ថ្ម និង ដី។ បម្រាម​ដែល​បាន​ដាក់​ចេញ គឺ​​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​ស្មើ​ទ្រុង និង​មិន​ឲ្យ​សំពីងសំពោង ហើយ​ត្រូវ​គ្រប់​តង់​ឲ្យ​បាន​សមរម្យ​មុន​នឹង​ធ្វើ​ដំណើរ​លើ​ផ្លូវ​សាធារណៈ។

អ្នក​បើកបរ​ឲ្យ​រថយន្ត​ដឹក​ខ្សាច់ លោក ឡុញ វឌ្ឍនៈ ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច​ហៅ​ណែនាំ​បាន​ផ្ដល់​បទសម្ភាសន៍​ថា មូលហេតុ​ដែល​មិន​អាច​អនុវត្ត​បាន​គោលការណ៍​ដែល​ក្រសួង​ដាក់​ចេញ​នេះ ដោយសារ​ក្រុមហ៊ុន​ចង់​​បំពេញ​តម្រូវការ​របស់​អ្នក​បញ្ជាទិញ ដែល​ចង់​បាន​ដី​ខ្សាច់ ឬ ថ្ម ហៀរ​ឡាន។ផ្ទុយ​ទៅ​វិញ បើ​ឡាន​ដែល​ដឹក​ដូច​អ្វី​ដែល​ក្រសួង​បាន​កំណត់​ដឹក​​ស្មើ​ទ្រុង​នោះ គឺ​អ្នក​បញ្ជាទិញ​តែង​ប្រតិកម្ម និង​មិន​ពេញចិត្ត៖ «កន្លង​មក​យើង​ធ្វើ​ខ្លះ​មិន​ធ្វើ​ខ្លះ។ វា​មិន​មែន​យើង​ថា ប្រចាំ​គ្នា​ទេ ដោយសារ​តម្រូវការ​របស់​អតិថិជន តម្រូវការ​អតិថិជន​គេ​ចង់​បាន​ច្រើន ដល់​អ៊ីចឹង​យើង​មិន​អាច​ដាក់​តិច​បាន​ទេ»

ទាក់ទិន​រឿង​នេះ ម្ចាស់​អាជីវកម្ម​ដី​លោក ស្រឺន ស្រឿន បញ្ជាក់​ថា លោក​ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​នេះ ឲ្យ​បាន​ស្មើភាព​ចំពោះ​គ្រប់​ការដ្ឋាន ដី ខ្សាច់ និង ថ្ម។ លោក ស្រឺន ស្រឿន ហាក់​បន្ទោស​លើ​អ្នក​បើកបរ​ថា ការ​ធ្វេសប្រហែស​ក្នុង​ការ​គ្រប​តង់​នៅ​ពេល​ដឹក​ដី​ចេញ វា​ជា​កំហុស​របស់​អ្នក​បើក​រថយន្ត។

លោក​ថា ចំពោះ​ម្ចាស់​ការដ្ឋាន​គឺ​តែង​ណែនាំ​ជា​និច្ច រាល់​ពេល​ដឹក​ចេញ​ម្ដងៗ៖ «និយាយ​ទៅ​ពេល​ចេញ​ពី​រណ្ដៅ​ការដ្ឋាន​គាត់​មក គាត់​ឲ្យ​គ្រប និង​បិទ​ឲ្យ​ជិត កុំ​ឲ្យ​ធ្លាក់​ដី​នៅ​តាម​ដង​ផ្លូវ។ ប៉ុន្តែ​ណាស់​តែ​កូនចៅ និង​តៃកុង​ឡាន ពេល​ណា​គាត់​គ្របៗ​ទៅ ពេល​ណា​គាត់​ខ្ជិល​គ្រប គាត់​មក​ហួស​អ៊ីចឹង​ទៅ»

របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល​ឲ្យ​ដឹង​ថា ការ​ចុះ​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​នេះ គឺ​ចំនួន​រថយន្ត​ល្មើស​ច្បាប់ បាន​ថយ​ចុះ​ពី ៩៦​គ្រឿង កាល​ពី​ថ្ងៃ​ទី​៤ មេសា មក​នៅ​ត្រឹម ២២​គ្រឿង សម្រាប់​ថ្ងៃ​ទី​៥ មេសា។ ទន្ទឹម​នឹង​នោះ មាន​រថយន្ត​ខ្វះ​លក្ខណៈ​បច្ចេកទេស ដូច​ជា​កង់​សឹក និង​ផ្នែក​ដទៃ​ទៀត នៃ​តួ​រថយន្ត​ជាដើម គឺ​សមត្ថកិច្ច​ចាប់​ផាក​ពិន័យ​ចំនួន ២៧​គ្រឿង និង ២​គ្រឿង​ផ្សេង​ទៀត ត្រូវ​ឃាត់​ទុក ដោយសារ​ល្មើស​ច្បាប់​ក្នុង​កម្រិត​ធ្ងន់។

ពលរដ្ឋ​ដែល​រស់នៅ​អម​សង្ខាង​ផ្លូវ​ជាតិ​លេខ​២ នៃ​សង្កាត់​ព្រែកហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល លោក សួន សុខា សាទរ​ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច​នៅ​ពេល​នេះ។ លោក​បន្ត​ថា ការ​រឹត​បន្តឹង​ច្បាប់​ចំពោះ​ការ​ដឹក​លើស​ចំណុះ និង​សំពីងសំពោង​នេះ នឹង​ជួយ​ឲ្យ​បរិស្ថាន​បាន​ប្រសើរ ជាពិសេស​អាច​ជួយ​ពង្រឹង​គុណភាព​ផ្លូវ​បាន​យូរ​អង្វែង​ថែម​ទៀត​ផង៖ «ខ្ញុំ​ថា​ល្អ ព្រោះ​កាល​ណា​គាត់​ដឹក​ដី​លើស​ចំណុះ ហើយ​មិន​គ្រប​នាំ​ឲ្យ​ដី​ហុយ​ប៉ះពាល់​អ្នក​ដំណើរ​តាម​ផ្លូវ»

រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា អះអាង​ថា ការ​អនុវត្ត និង​រឹត​បន្តឹង​ការ​ដឹក​ជញ្ជូន​នេះ គឺ​ត្រូវ​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស ហើយ​ធ្វើ​ជា​ប្រចាំ។ លើស​ពី​នេះ រថយន្ត​ដែល​ល្មើស​គោលការណ៍​នេះ នឹង​ត្រូវ​ផាក​ពិន័យ​មិន​យោគយល់​ទៀត​នោះ​ទេ។

គោល​បំណង​ចម្បង​គឺ​ដើម្បី​ជួយ​កាត់​បន្ថយ​បញ្ហា​ប្រឈម​នានា ដែល​បណ្ដាល​ពី​ការ​ដឹក​លើស​កំណត់ ហើយ​ដី​ហុយ ​ដែល​ប៉ះពាល់​ចំពោះ​អ្នក​ធ្វើ​ដំណើរ នៅ​តាម​ដង​ផ្លូវ​សាធារណៈ ជា​ពិសេស​គឺ​ដល់​ពេល​ដែល​កម្ពុជា ត្រូវ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។