ក្រសួង​ទេសចរណ៍​បើក​យុទ្ធនាការ​សម្អាត​ឆ្នេរ​និង​កោះ

ដោយ ដែន អយុធ្យា
2014.10.14
យុទ្ធនាការ​សម្អាត​ឆ្នេរ​កោះ​រ៉ុង ៦២០ ពលរដ្ឋ និង​អាជីវករ​ចូលរួម​យុទ្ធនាការ​សម្អាត​អនាម័យ​បរិស្ថាន​ឆ្នេរ នា​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៤។
RFA/Den Ayuthyea

មន្ត្រី​ក្រសួង​ទេសចរណ៍ បើក​យុទ្ធនាការ ឬ​ចលនា​ដល់​ប្រជាពលរដ្ឋ ចូលរួម​សម្អាត​ឆ្នេរ​សមុទ្រ​ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​មាន​អនាម័យ​ល្អ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន។

ប្រជាពលរដ្ឋ ឬ​អាជីវករ​រស់នៅ​តំបន់​ឆ្នេរ ឬ​តំបន់​កោះ បាន​ប្រកាស​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ។

មន្ត្រី​ក្រសួង​ទេសចរណ៍ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ និង​កោះ ថែ​រក្សា​អនាម័យ​ឆ្នេរ និង​ទឹក​សមុទ្រ កុំ​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ និង​បោះ​សំរាម​ដែល​អាច​ធ្វើ​ឲ្យ​សមុទ្រ​ប្រែ​ជា​កខ្វក់ ហើយ​ភ្ញៀវ​ទេសចរ​ខ្ពើម​មិន​មក​កម្សាន្ត។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ដឹក​នាំ និង​អំពាវនាវ​ឲ្យ​មាន​ការ​សម្អាត​ឆ្នេរ​នេះ ក្នុង​ពេល​លោក​ជួប​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ប្រជាពលរដ្ឋ និង​អាជីវករ​រស់​នៅ​លើ​កោះ​រ៉ុង កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៤ ខែ​តុលា ឆ្នាំ​២០១៤។

លោក ថោង ខុន បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​រស់​នៅ​តាម​ឆ្នេរ ឬ​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ឲ្យ​ចូលរួម​សម្អាត​ឆ្នេរ ឬ​រក្សា​បរិស្ថាន​ឆ្នេរ​សមុទ្រ​ឲ្យ​មាន​អនាម័យ និង​សោភណភាព​ល្អ។ លោក​ថា កាក​សំណល់ ឬ​ទឹក​ស្អុយ មិន​ត្រូវ​បង្ហូរ​អនាធិបតេយ្យ​ចូល​សមុទ្រ​ទេ និង​ស្នើ​ឲ្យ​ពលរដ្ឋ ឬ​អាជីវករ ត្រូវ​មាន​អណ្ដូង​សម្រាប់​ចម្រោះ​ទឹក​កខ្វក់ មុន​នឹង​បង្ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​នៅ​តាម​ផ្ទះ ឬ​ទីកន្លែង​ប្រកប​អាជីវកម្ម​រៀងៗ​ខ្លួន​នា​ថ្ងៃ​អនាគត៖ «រឿង​ឆ្នេរ​នេះ​ដើម្បី​ទាក់ទាញ​ទេសចរណ៍​ឲ្យ​បាន​ច្រើន គឺ​យើង​មាន​បញ្ហា​ច្រើន​ឲ្យ​បាន​ធ្វើ។ ប៉ុន្តែ​ជា​ដំបូង​បំផុត គឺ​បញ្ហា​កត្តា​បរិស្ថាន​តែ​ម្តង។ បរិស្ថាន​នៅ​ទីនេះ គឺ​ការ​សម្អាត​ឆ្នេរ​ឲ្យ​បាន​ស្អាត​ជា​រៀង​រាល់​ថ្ងៃ​ជា​រឿង​មួយ។ រឿង​មួយ​ទៀត ត្រូវ​គិត​ពី​បញ្ហា​លូ​ទឹក និង​ទឹក​សំអុយ ដែល​ហូរ​ចេញ​ពី​ផ្ទះ​ភ្ញៀវ និង​ផ្ទះ​ប្រជាជន តើ​ទឹក​នេះ​យក​ទៅ​ណា? ហើយ​បង​ប្អូន​ប្រជាជន​គាត់​យល់​ហើយ គាត់​ថា គាត់​ជីក​រណ្តៅ​ដើម្បី​ដាក់​ទឹក​ហ្នឹង​ទៅ។ ប៉ុន្តែ​ទឹក​ហ្នឹង​វា​ក៏​ត្រូវ​ជ្រាប​មក​តាម​ខ្សាច់​ដែរ»

លោក ថោង ខុន បន្ថែម​ថា យុទ្ធនាការ​សម្អាត​បរិស្ថាន​តាម​ឆ្នេរ​សមុទ្រ​នេះ ក្រសួង​នឹង​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ចលនា​ដល់​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​តាម​ខេត្ត​ជាប់​មាត់​សមុទ្រ មាន​ខេត្ត​កែប កំពត ខេត្ត​ព្រះសីហនុ និង​កោះកុង ឲ្យ​មាន​សោភណភាព​ឆ្នេរ ដើម្បី​ទាក់ទាញ​ទេសចរណ៍​ឲ្យ​បាន​ច្រើន​ថែម​ទៀត។

ប្រជាពលរដ្ឋ និង​ជា​អាជីវករ​ប្រកប​អាជីវកម្ម​ផ្សេងៗ​នៅ​លើ​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ បាន​គាំទ្រ​យុទ្ធនាការ​សម្អាត​ឆ្នេរ និង​បរិស្ថាន​តាម​មាត់​សមុទ្រ​របស់​ថ្នាក់​ដឹក​នាំ​ក្រសួង​ទេសចរណ៍។ ប៉ុន្តែ​លោក​ថា សម្រាប់​ប្រជាពលរដ្ឋ ឬ​អាជីវករ​ដែល​ធ្វើ​អាជីវកម្ម​តូចតាច គឺ​មិន​មាន​លទ្ធភាព​ទិញ​អាង ឬ​អណ្ដូង​សិប្បនិម្មិត​សម្រាប់​ចម្រោះ​ទឹក​កខ្វក់​នោះ​ទេ និង​ស្នើ​ឲ្យ​ក្រសួង​ទេសចរណ៍ ឬ​រដ្ឋាភិបាល ជួយ​ទំនុក​បម្រុង៖ «អត់​សូវ​យល់​ដឹង​ពី​វិធី និង​បច្ចេកទេស​សម្អាត​ឆ្នេរ​ហ្នឹង​ទេ។ ដូចជា​កាក​សំណល់​រាវ​ជាដើម។ តាម​ប្រសាសន៍​ឯកឧត្តម គាត់​ថា​ឲ្យ​ទិញ​ធុង​ជ័រ ដើម្បី​ចម្រោះ​ទឹក​វត្ថុ​រាវ​ហ្នឹង​ឲ្យ​វា​ចេញ​ទៅ​ស្អាត ហើយ​ឲ្យ​វា​ហូរ​ចេញ​ទៅ​សមុទ្រ​បាន​ស្អាត»

ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ លោក នូ សុផល ក៏​ថ្លែង​គាំទ្រ​យុទ្ធនាការ​សម្អាត​បរិស្ថាន និង​ឆ្នេរ​ជា​អចិន្ត្រៃយ៍​នៅ​ពេល​នេះ។ លោក​ថា យុទ្ធនាការ​នេះ​នឹង​បង្កើត​បាន​ទូលំទូលាយ​ដល់​ពលរដ្ឋ ឬ​អាជីវករ​ប្រកប​អាជីវកម្ម​នានា​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ និង​បណ្ដា​កោះ​នានា៖ «ឯកឧត្តម​រដ្ឋមន្ត្រី ក៏ដូចជា​លោក​អភិបាល​ខេត្ត លោក​មាន​ផែនការ និង​ចក្ខុវិស័យ​របស់​លោក​ច្បាស់ គឺ​ធ្វើ​ម៉េច​យើង​ការពារ​បរិស្ថាន សម្អាត​បរិស្ថាន​ឆ្នេរ​ហ្នឹង​ឲ្យ​មាន​ការ​សម្អាត​ជា​ប្រចាំ យើង​ទាំងអស់​គ្នា​គាំទ្រ ទាំងអស់​ហ្នឹង​កន្លង​ទៅ យើង​បាន​ចលនា​ឲ្យ​មន្ត្រី​រាជការ និង​អាជីវករ​ទាំងអស់​ហ្នឹង យើង​ដាក់​កម្មវិធី​សម្អាត​ឆ្នេរ​ជា​ប្រចាំ​ហ្នឹង គឺ​តាម​ប្រសាសន៍​ណែនាំ​របស់​ឯកឧត្តម​ជា​ប្រចាំ»

ឆ្នេរ​នៅ​កោះ​រ៉ុង ក្នុង​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៤
ឆ្នេរ​នៅ​កោះ​រ៉ុង ក្នុង​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៤
RFA

បញ្ហា​នេះ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​សម្អាត​បរិស្ថាន​តាម​ឆ្នេរ​សមុទ្រ និង​កោះ ក៏​បាន​គាំទ្រ​យុទ្ធនាការ​សម្អាត​ឆ្នេរ​នេះ​ដែរ។ លោក​ថ្លែង​សារ​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ ឬ​អាជីវករ​ធ្វើ​អាជីវកម្ម​នៅ​តាម​មាត់​សមុទ្រ ឬ​កោះ​ទាំងអស់ ត្រូវ​សម្អាត​បរិស្ថាន​អនាម័យ​ជា​រៀង​រាល់​ថ្ងៃ៖ «ចឹង​យើង​អាច​ធ្វើ​ទាំងអស់​គ្នា​ទេ​ទៅ​ថ្ងៃ​មុខ។ មក​ថ្ងៃ​ក្រោយ​មាន​អាង​សម្រាប់​ច្រេះ​ទឹក​ហ្នឹង​ល្អ​ទេ។ មាន​ទាំងអស់​គ្នា​មែន​ឬ? ចឹង​អរគុណ​ហើយ»

ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា សរុប​មាន​ប្រវែង ៤៤០​គីឡូ​ម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ​រួម​មាន ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប។ ខេត្ត​ទាំង ៤​នេះ ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់។

ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ មាន​ជំនឿ​ថា យុទ្ធនាការ​ជំរុញ ឬ​បង្កើត​ឲ្យ​មាន​អនាម័យ​បរិស្ថាន​នៅ​តាម​តំបន់​ឆ្នេរ និង​កោះ ព្រម​ទាំង​ការ​កំណត់​នូវ​តម្លៃ​ម្ហូប​អាហារ ឬ​តម្លៃ​សេវា​ស្នាក់នៅ​មាន​តម្លៃ​សមរម្យ នឹង​ជំរុញ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ កើន​ខ្ពស់​នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។