ក្រោយពីមានការបិទការបូមខ្សាច់អនាធិបតេយ្យគ្មានអាជ្ញាប័ណ្ណមក តម្លៃខ្សាច់បានឡើងថ្លៃពីតម្លៃ ៧,៥ដុល្លារទៅជាង ១០ដុល្លារក្នុង១ម៉ែត្រគូប។ ស្របគ្នានេះ ខ្សាច់មានលក់នោះក៏មិនអាចផ្គត់ផ្គង់នៅទីផ្សារសំណង់បាន។
ករណីនេះ ក្រសួងរ៉ែ និងថាមពល បានសម្រេចផ្តល់អាជ្ញាប័ណ្ណនៅថ្ងៃទី១០ ខែមេសា ជូនកំពង់ផែស្វយ័តភ្នំពេញ ដើម្បីបូមខ្សាច់ផ្គត់ផ្គង់វិស័យសំណង់ក្នុងស្រុក។
មន្ត្រីក្រសួងរ៉ែ និងថាមពល ប្រកាសក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ ថា ខ្សាច់ទន្លេចំនួន ២ម៉ឺនម៉ែត្រគូប នឹងផលិតដោយកំពង់ផែស្វយ័តភ្នំពេញក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់វិស័យសំណង់នៅកម្ពុជា។
ការប្រកាសនេះ បានធ្វើឡើងក្រោយពីក្រសួងរ៉ែ និងថាមពល បានទទួលសិទ្ធិពីរដ្ឋាភិបាល ឲ្យគ្រប់គ្រងភាពអនាធិបតេយ្យបូមខ្សាច់ទន្លេ ដែលបង្កឲ្យច្រាំងទន្លេខូចខាត។ បន្ទាប់ពីបានទទួលសិទ្ធិគ្រប់គ្រងខ្សាច់មក ក្រសួងនោះបានសើរើក្រុមហ៊ុន និងអាជីវកម្មខ្សាច់ដែលមិនមានអាជ្ញាប័ណ្ណ ចាប់មនុស្ស ១៦នាក់ និងដកហូតសាឡង់ ៦គ្រឿង បញ្ជូនទៅតុលាការ សកម្មភាពបូមខ្សាច់ទន្លេអនាធិបតេយ្យបានថយ ហើយក្រសួងបានសុំឲ្យអាជីវករ និងក្រុមហ៊ុនដែលអាជ្ញាប័ណ្ណហួសសុពលភាព ផ្អាកអាជីវកម្មដោយរង់ចាំការសិក្សាផលប៉ះពាល់បរិស្ថាន សេដ្ឋកិច្ច និងសង្គម ដែលមានរយៈពេលពី ៣ ទៅ ៦ខែ។
លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ថ្លែងថា បានជាក្រសួងផ្តល់អាជ្ញាប័ណ្ណបូមខ្សាច់ជូនកំពង់ផែស្វយ័តភ្នំពេញ បូមខ្សាច់ក្នុងរយៈពេលពីរឆ្នាំ ព្រោះកំពង់ផែស្វយ័តភ្នំពេញបានសិក្សារួចហើយពីផលប៉ះពាល់ទាំងឡាយ ទើបក្រសួងរ៉ែ និងថាមពល ផ្តល់អាជ្ញាប័ណ្ណបូមខ្សាច់ជូនអង្គភាពរដ្ឋមួយនេះ ឲ្យបូមខ្សាច់ក្នុងទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម ពីច្រកក្អមសំណ ខេត្តកណ្ដាល ទៅទល់ទន្លេបិទ ខេត្តកំពង់ចាម។ លោកថា ការស្ដារបាតទន្លេនោះ ដើម្បីសម្រួលផ្លូវនាវាចរណ៍ផង និងបានខ្សាច់ជួយសម្រួលការខ្វះខ្សាច់បច្ចុប្បន្នក្នុងវិស័យសំណង់ផង៖ «អាជ្ញាប័ណ្ណទី១ នៅឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម និងឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។ រកាកោង ជាចំណុចព្រំដែនរវាងខេត្តទាំងពីរ រវាងស្រុកទាំងពីរ គឺជាកន្លែងដែលយើងធ្លាប់បានទៅមើលលើកមុនម្តងហើយ ជាមួយខាងសារព័ត៌មានយើង ហើយចំណុចនេះគឺមានដីខ្សាច់ដុះច្រើន ហើយស្ទះដល់នាវាចរណ៍។ យើងបានធ្វើការសិក្សារួចហើយ គឺផលប៉ះពាល់ពុំមានទេ គឺយើងអាចនឹងស្ដារនៅតំបន់ហ្នឹងបាន។ អាជ្ញាប័ណ្ណទី២ គឺជូននៅកន្លែងភូមិខ្សុំ ឃុំបន្ទាយដែក រហូតដល់ប្រឡាយកោះកែវ ឋិតនៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ អ៊ីចឹងចំណុចនេះ គឺធានាអំពីការធ្វើដំណើរនាវាចរណ៍ពីក្អមសំណមកផែភ្នំពេញ»។
ក្នុងការទទួលយកអាជ្ញាប័ណ្ណបូមខ្សាច់ពីទន្លេនេះ អគ្គនាយកកំពង់ផែស្វយ័ត លោក ហ៊ី ប៉ាវី ថ្លែងថា ក្រោយចូលឆ្នាំខ្មែរ នឹងមានខ្សាច់ ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់វិស័យសំណង់ក្នុងស្រុក។ រីឯតម្លៃលក់ខ្សាច់ គឺគិតតែខ្សាច់ដែលដឹកដល់កន្លែង និងចូកដាក់លើរថយន្តរួចរាល់ គឺ ១ម៉ែត្រគូបថ្លៃចន្លោះពី ៤,៥ដុល្លារ ទៅ ៥,៥ដុល្លារ៖ «អ៊ីចឹងបើសិនជាតម្លៃនេះ យើងនិយាយថា ៤,៥ ទៅ ៥,៥ នេះ អាចនឹងបូកថ្លៃដឹកជញ្ជូនពីដេប៉ូទៅតាមខណ្ឌ។ អាហ្នឹងអ្នកប្រើប្រាស់គាត់អាចចេញថ្លៃដឹកដោយខ្លួនឯង គាត់មានឡានខ្លួនឯង ឬគាត់ជួលឡានអីយ៉ាងម៉េច នេះអាស្រ័យលើគាត់»។
ពន្យល់បន្ថែមពីការផ្តល់អាជ្ញាប័ណ្ណ លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ឲ្យដឹងថា ក្រសួងនេះសម្រេចផ្តល់អាជ្ញាប័ណ្ណជូនកំពង់ផែស្វយ័តភ្នំពេញឲ្យបូមខ្សាច់ ព្រោះកំពង់ផែស្វយ័តមានការសិក្សាផលប៉ះពាល់បរិស្ថាន សេដ្ឋកិច្ច និងសង្គម តាមដងច្រាំងទន្លេមេគង្គខាងលើ និងមេគង្គខាងក្រោមរួចហើយ ដែលរដ្ឋាភិបាលបានឲ្យអង្គភាពមួយនេះស្ដារបាតទន្លេសម្រួលផ្លូវនាវាចរណ៍។ ហើយក្រសួងរ៉ែ និងថាមពល ឲ្យច្បាប់ធ្វើអាជីវកម្មខ្សាច់ទន្លេទៅកំពង់ផែស្វយ័ត អាចអនុវត្តបានតែពីរឆ្នាំទេ។
បន្ថែមលើនោះ លោក ឌិត ទីណា ឲ្យដឹងថា អាជីវកម្ម និងក្រុមហ៊ុនទាំងឡាយដែលអាជ្ញាប័ណ្ណផុតសុពលភាព ត្រូវរង់ចាំរហូតការសិក្សាផលប៉ះពាល់ដែលមន្ត្រីអន្តរក្រសួងកំពុងសិក្សាក្នុងរយៈពេល ៣ ទៅ ៦ខែ ទើបអាចផ្តល់អាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្មបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
