អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ថាលោកគាំទ្រលិខិតចំហរបស់ស្ថាប័នសង្គមស៊ីវិលចំនួន៤៧ ដែលទាមទារឲ្យរដ្ឋមន្ត្រីចេញមុខបំភ្លឺជុំវិញរឿងបាត់លុយលក់ខ្សាច់ជាង ៧៥០លានដុល្លារក្នុងរយៈពេល ៨ឆ្នាំកន្លងទៅ។ លោកថា ក្រសួងនឹងឆ្លើយតបលិខិតនេះនៅថ្ងៃទី៣ ឬទី៤ វិច្ឆិកា ខាងមុខ។
ថ្លែងមកកាន់អាស៊ីសេរី នៅថ្ងៃពុធ ទី២ វិច្ឆិកា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា មានប្រសាសន៍ថា លិខិតចំហរបស់សង្គមស៊ីវិលត្រូវបានថ្នាក់ដឹកនាំក្រសួងដឹងឮ ហើយឯកភាពថា សំណួរទាំងអំបាលម៉ានដែលសង្គមស៊ីវិលបានលើកឡើង មានលក្ខណៈសមស្រប ដែលក្រសួងចាំបាច់យកចិត្តទុកដាក់តាមដាន និងជាពិសេសស្វែងរកចម្លើយពិតជូនប្រជាពលរដ្ឋ៖ «អត់យូរទេ ព្រោះវាជារឿងមួយដែលក្រសួងយកចិត្តទុកដាក់ឲ្យអាទិភាព ព្រោះវាពាក់ព័ន្ធទៅនឹងថវិកាជាតិ ហើយវាធំធេង អ៊ីចឹងយើងត្រូវពិនិត្យឲ្យឆាប់។ ស្អែក ឬខានស្អែក យើងនឹងមានចម្លើយ»។
ទោះបីជាមិនទាន់មានការឆ្លើយតបជាផ្លូវការពីក្រសួង លោក ម៉េង សក្តិធារ៉ា បានផ្តល់ការវាយតម្លៃជាបឋមថា មូលហេតុអ្វីខ្លះអាចជាបញ្ហាបណ្ដាលឲ្យមានភាពខុសគ្នានៃតួលេខនាំចេញ និងទិញចូលខ្សាច់រវាងកម្ពុជា និងសិង្ហបុរី បែបនេះ។
មូលហេតុមួយដែលអាចកើតឡើង គឺការរត់ពន្ធខ្សាច់ខុសច្បាប់ចេញពីកម្ពុជា ទៅប្រទេសសិង្ហបុរី ឬការរត់ពន្ធចេញប្រទេសដទៃទៀតទៅសិង្ហបុរី តែជ្រកក្រោមឈ្មោះកម្ពុជា។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល រូបនេះបញ្ជាក់ថា ក្រសួងមានតែតួលេខខ្សាច់នាំចេញដែលស្របច្បាប់ប៉ុណ្ណោះ ដូចនេះភាពខុសគ្នានៃតួលេខ អាចបណ្ដាលមកពីខ្សាច់ដែលនាំចេញខុសច្បាប់។
មូលហេតុមួយទៀតដែលអាចកើតឡើង គឺបណ្ដាលមកពីអំពើពុករលួយឃុបឃិតគ្នារវាងមន្ត្រីក្នុងជួររដ្ឋាភិបាល និងឈ្មួញដែលរកស៊ីនាំចេញខ្សាច់នោះ។
បន្ថែមពីលើនេះ ភាពខុសគ្នានៃតួលេខនេះ ក៏អាចបង្កមកពីកំហុសបច្ចេកទេសក្នុងការកត់ត្រា និងរាយការណ៍ផងដែរ ទាំងមកពីភាគីកម្ពុជា និងភាគីខមត្រេដ (comtrade)របស់អង្គការសហប្រជាជាតិ។
ឆ្លើយតបនឹងរឿងនេះ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ដែលជាហត្ថលេខីមួយរូបនៃលិខិតចំហមួយនោះ ឲ្យដឹងថា មូលហេតុដែលលោកសង្ស័យជាងគេ គឺការរត់ពន្ធខ្សាច់ដោយខុសច្បាប់ពីកម្ពុជា ទៅប្រទេសសិង្ហបុរី តាមរយៈអំពើពុករលួយ។
ចំពោះមូលហេតុអាចកើតឡើងមួយទៀត គឺកំហុសបច្ចេកទេសក្នុងការកត់ត្រា និងរាយការណ៍ លោក សន ជ័យ ថាក្រសួងត្រូវស្វែងរកទិន្នន័យពិតមកការពារខ្លួន ហើយលើសពីនោះទៅទៀត ក្រសួងត្រូវយកទិន្នន័យនោះមកវាយតម្លៃថា តើការនាំចេញខ្សាច់ពិតជាចំណេញដល់កម្ពុជា មែនដែរឬទេ?៖ «យើងចង់ជួយឲ្យក្រសួងដឹង ក្រែងមានក្រុមបងធំណាគេលួចនាំយកខ្សាច់ចេញ គេចពីប្រព័ន្ធត្រួតពិនិត្យរបស់ក្រសួង។ យើងចង់ឲ្យរដ្ឋាភិបាលពិចារណាដែរថា ការនាំចេញខ្សាច់វាចំណេញប៉ុណ្ណា បើធៀបនឹងការប៉ះពាល់កន្លងមកដល់សហគមន៍»។
លិខិតចំហរបស់សង្គមស៊ីវិល បានដាក់ជូនទៅក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី៣១ តុលា ក្រោយពីស្ថាប័នសង្គមស៊ីវិលទាំងនេះ ព្រមទាំងប្រជាពលរដ្ឋមិនទាន់បានទទួលការបកស្រាយច្បាស់លាស់ណាមួយពីរដ្ឋាភិបាល ទាក់ទងនឹងទិន្នន័យដ៏ចម្រូងចម្រាសពីការនាំចេញខ្សាច់ទៅប្រទេសសិង្ហបុរី នៅឡើយ។
រដ្ឋាភិបាលកម្ពុជា អះអាងថា ខ្លួនបាននាំចេញខ្សាច់មានបរិមាណជាង ៣លានតោនទៅប្រទេសសិង្ហបុរី នៅចន្លោះឆ្នាំ២០០៧-២០១៥ ប៉ុន្តែរយៈពេលដូចគ្នានេះ អង្គការសហប្រជាជាតិ វិញរកឃើញថា ប្រទេសសិង្ហបុរី បានទិញខ្សាច់ពីកម្ពុជា រហូតទៅដល់ជាង ៧៣លានតោន ដែលបាត់ទឹកប្រាក់រហូតទៅដល់ ៧៥០លានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។