ក្រសួងធនធានទឹក និងឧតុនិយម ព្យាករថា ភ្លៀងនឹងធ្លាក់កាន់តែច្រើននៅតាមតំបន់ខ្ពង់រាប និងវាលទំនាប ព្រមទាំងតំបន់សមុទ្រចាប់ពីចុងសប្ដាហ៍នេះទៅ។ ក្រសួងក៏បានប្រកាសឲ្យបណ្ដាខេត្តចំនួន១០ ប្រុងប្រយ័ត្ន ពីព្រោះវាអាចបង្កឲ្យមានជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី៩ ខែតុលា ដល់ទី១២ ខែតុលា។
ការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា បណ្ដាខេត្តចំនួន១០ ដែលត្រូវប្រុងប្រយ័ត្ននោះរួមមាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ស្ពឺ និងផ្នែកខ្លះនៃខេត្តបន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបង។
សេចក្ដីប្រកាសកាលពីថ្ងៃទី៥ ខែតុលា របស់ក្រសួងធនធានទឹក ចេញនៅក្រោយពេលដែលយុវជន ២នាក់បាត់បង់ជីវិតដោយសារលង់ទឹកនៅទំនប់បង្ហៀរទឹក ១០០ម៉ែត្រ អូរក្រាំងអំបិល ខេត្តកំពង់ស្ពឺ នៅពេលមានភ្លៀងធ្លាក់ជាគំហុកប៉ុន្មានថ្ងៃចុងក្រោយនេះ។
ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានប្រាប់អាស៊ីសេរី នៅថ្ងៃទី៦ ខែតុលា ថា ទោះបីជាភ្លៀងធ្លាក់ជាគំហុកប៉ុន្មានថ្ងៃចុងក្រោយនេះ បន្តកើតឡើង ប៉ុន្តែនេះគឺជាជំនន់ទឹកភ្លៀង ដូច្នេះការស្រកនឹងឆាប់រហ័សបន្ទាប់ពីឈប់ភ្លៀង។ លោកបញ្ជាក់ថា ពលរដ្ឋពិតជាជៀសមិនផុតពីរងផលប៉ះពាល់នោះទេ ប៉ុន្តែបច្ចុប្បន្ន ពួកគាត់មិនទាន់រងការប៉ះពាល់អ្វីធ្ងន់ធ្ងរឡើយ។
ទោះបីជាជំនន់ទឹកភ្លៀងមិនបានប៉ះពាល់ធ្ងន់ធ្ងរដល់លំនៅឋាន និងផលស្រូវប្រជាពលរដ្ឋ ប៉ុន្តែលោកថា ក្រសួងសោកស្ដាយចំពោះការស្លាប់យុវជន ២នាក់ ដោយសារលង់ទឹកនៅទំនប់បង្ហៀរទឹកអូរក្រាំងអំបិល នៅខេត្តកំពង់ស្ពឺ ដោយសារខ្វះការប្រុងប្រយ័ត្ន ខណៈជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ស្ពឺ មានស្ថានភាពកាន់តែគួរឲ្យបារម្ភ។
យ៉ាងណា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ស្នើឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងជៀសវាងទៅកម្សាន្តនៅតំបន់ដែលមានទឹកជំនន់ខ្លាំង៖ « ខ្ញុំ បានទទួល ដំណឹង កាលពី ថ្ងៃទី ៥ ថាមានយុវជន ២នាក់ស្លាប់ ក្រសួងមានការសោកស្ដាយ តែយ៉ាង ណា ក្រសួងគ្រាន់ចង់ផ្ដាំ និងអំពាវនាវ ទៅប្រជាពលរដ្ឋ ថា ក្រសួងមិនមែនចង់ហាមឃាត់មិនឲ្យទៅដើរកម្សាន្តនោះទេ តែគ្រាន់តែចង់អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពេលដែលទៅកម្សាន្តនៅតំបន់ទឹកជំនន់ ព្រោះអាចមានទឹកហូរខ្លាំងរអិល ជាដើម ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ »។
ជាមួយគ្នានេះដែរ នាយខុទ្ទកាល័យ និងជាអនុប្រធានព័ត៌មាន និងទំនាក់ទំនងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី អះអាងថា បច្ចុប្បន្ន កម្ពុជា មិនទាន់មានទឹកជំនន់នោះទេ គឺគ្រាន់តែមានការជន់លិចដោយទឹកភ្លៀងបន្តិចបន្តួចប៉ុណ្ណោះ។ លោកបញ្ជាក់ថា ឆ្នាំនេះប្រហែលជាទឹកតិចផង ព្រោះថាខេត្តទាំង១០ នោះ គឺមានស្ថានភាពលិចផ្លូវថ្នល់ និងទឹកភ្លៀងហូរកាត់ផ្លូវ ប៉ុន្តែមិនមានប៉ះពាល់ជាធំដុំនោះទេ៖ « ជំនន់ទឹកភ្លៀងហ្នឹងមិនទាន់ជាដល់ការប្រកាសអាសន្នអីនៅឡើយទេ គ្រាន់តែ មានការ លិចផ្ទះពលរដ្ឋពី ១០ ទៅ ២០ខ្នងនៅតាម កន្លែងនីមួយៗ និងខូចផ្លូវលំ និងផ្លូវ ក្រួស ក្រហម ប៉ុន្តែមិនចោទជាបញ្ហា នោះឡើយ »។
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អះអាងថា ក្រសួងប្រកាសឲ្យអាជ្ញាធរតាមបណ្ដាខេត្តដែលប្រឈមទាំងអស់ ត្រៀមលក្ខណៈជាមុន ដូចជាត្រៀមកម្លាំងសមត្ថកិច្ច ហើយណែនាំឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់លើបញ្ហានេះ ស្វែងរកទីទួលសុវត្ថិភាពជូនពលរដ្ឋ និងផ្សព្វផ្សាយឲ្យពួកគាត់ប្រុងប្រយ័ត្នចំពោះស្ថានភាពជំនន់ទឹកភ្លៀងនេះ។
ជាងនេះទៀត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ ឲ្យបន្តការប្រុងប្រយ័ត្ន ពិសេសយកចិត្តទុកដាក់មើលកុមារតូចៗបង្ការគ្រោះថ្នាក់ផ្សេងៗ។
ប៉ុន្តែស្ថាប័នទាំងពីរនេះ មិនទាន់បានបញ្ជាក់ច្បាស់ពីទំហំខាតបង់ថវិកាជាតិលើបញ្ហានេះ និងចំនួនថវិកាដើម្បីត្រៀមដោះស្រាយបញ្ហាគ្រោះធម្មជាតិនៅឆ្នាំ២០១៦ នេះនៅឡើយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
