អង្គការ​អន្តរជាតិ​ថា​សកម្មជន​ការពារ​បរិស្ថាន​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់

បណ្ដាញ​ការពារ​សកម្មជន​បរិស្ថាន​ពិភពលោក​មួយ​ឈ្មោះ Not 1 More ឬ​ហៅ​កាត់​ថា អិន.វ័ន.អិម (N 1 M) ប្រកាស​នៅ​ថ្ងៃ​១៩ មេសា ថា សកម្មជន​ការពារ​បរិស្ថាន​នៅ​កម្ពុជា កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់។

បណ្ដាញ អិន.វ័ន.អិម (N 1 M) ឲ្យ​ដឹង​ថា កន្លង​មក​នេះ​នៅ​កម្ពុជា មាន​សកម្មជន​បរិស្ថាន​មួយ​ចំនួន​ត្រូវ​បាន​គេ​លប​វាយ​ប្រហារ និង​ចាប់​ដាក់​ពន្ធនាគារ ក្នុង​នោះ​រួម​មាន កញ្ញា ផន សុភ័ក្ត្រ ត្រូវ​បាន​គេ​លប​កាប់​ប្រអប់​ជើង​ដោយ​កាំបិត​ផ្គាក់ បន្ទាប់​ពី​រូប​នាង និង​សមាជិក​ក្រុម​ខ្លួន ដក​ហូត​យក​រណារ​យន្ត​ពី​អ្នក​កាប់​ឈើ​ខុស​ច្បាប់​មួយ​ក្រុម។ សកម្មជន​ការពារ​បរិស្ថាន ៣​រូប​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​ជាប់​ពន្ធនាគារ បន្ទាប់​ពី​ពួក​គេ​ព្យាយាម​ការពារ​ព្រៃ​កោងកាង​ពី​ការ​កាប់​បំផ្លាញ។

ថ្មីៗ​នេះ ម្ចាស់​ពាន​រង្វាន់ The Goldman Environmental Prize ឆ្នាំ​២០១៦ និង​ជា​ទីប្រឹក្សា​ស្ថាបនិក​របស់ អិន.វ័ន.អិម (N 1 M) គឺ​លោក អ៊ូច ឡេង ក៏​ធ្លាប់​ទទួល​រង​ការ​គំរាម​សម្លាប់​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ដែរ។ លោក អ៊ូច ឡេង បាន​ប្រើ​ពេលវេលា​ជាង ២​ទសវត្សរ៍ ប្រថុយ​ជីវិត​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​នៅ​កម្ពុជា។

បណ្ដាញ អិន.វ័ន.អិម (N 1 M) បញ្ជាក់​ទៀត​ថា នឹង​ជួយ​ការពារ​សុវត្ថិភាព លោក អ៊ូច ឡេង ហើយ​និង​បង្កើត​ចលនា​ទាមទារ​ដោះ​លែង​សកម្មជន​ការពារ​បរិស្ថាន ៣​រូប​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល មាន​យុទ្ធនាការ​ការពារ​សកម្មជន​បរិស្ថាន​ដទៃ​ទៀត​ដែរ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន បណ្ដាញ អិន.វ័ន.អិម (N 1 M) ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៤ មាន​សកម្មជន​ការពារ​បរិស្ថាន​ជុំវិញ​ពិភពលោក ចំនួន ១១៦​នាក់ ត្រូវ​បាន​សម្លាប់ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៥ គឺ​ជា​ឆ្នាំ​ដែល​សកម្មជន​ការពារ​បរិស្ថាន ត្រូវ​បាន​សម្លាប់​ច្រើន​ជាង​គេ ដោយ​គិត​ជា​មធ្យម​មាន​សកម្មជន​បរិស្ថាន ៣​នាក់​ត្រូវ​បាន​សម្លាប់​ជា​រៀង​រាល់​សប្ដាហ៍។

បណ្ដាញ អិន.វ័ន.អិម (N 1 M) គឺ​ជា​អង្គការ​ដែល​បម្រើ​ផល​ប្រយោជន៍​ដល់​សហគមន៍ ដោយ​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ​នៅ​ប្រទេស អេកូស ស្ថិត​ក្រោម​ជំនួយ​របស់​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។