ពលរដ្ឋ​បារម្ភ​ពី​ការ​សង់​ផែ​ថ្ម​ក្រុមហ៊ុន​រ៉ូយ៉ាល់​ប៉ះពាល់​បរិស្ថាន​និង​ទេសចរណ៍​ខេត្ត​ព្រះសីហនុ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត នៅ​គ្រា​ដែល​ឃើញ​ការ​សាងសង់​ផែ​ថ្ម​សម្រាប់​កប៉ាល់ ឬ​ទូក​ទេសចរណ៍​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អភិវឌ្ឍន៍​កោះ​រ៉ុង (Royal Group) បន្ត​សកម្មភាព​នៅ​លើ​ឆ្នេរ​អូរត្រេះ។ ពួក​គេ​លើក​ឡើង​ថា សំណង់​នេះ​បាន​បំផ្លាញ​បរិស្ថាន​ឆ្នេរ និង​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ចូល​ទៅ​កម្សាន្ត​តំបន់​នោះ។

មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​សកម្មភាព​សង់​ផែ​កប៉ាល់​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ នៅ​លើ​ឆ្នេរ​អូរត្រេះ ថា​បាន​ផ្គើន​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ស្តី​អំពី​ការ​ដក​ហូត​ឆ្នេរ​ដាក់​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍។

ក្តី​ព្រួយ​បារម្ភ​របស់​មន្ត្រី​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ ជាពិសេស​ភ្ញៀវ​ទេសចរ​ដូច្នេះ កើត​ឡើង​នៅ​គ្រា​ពួក​គេ​សង្កេត​ឃើញ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​បណ្ដុះ​បង្គោល​ថ្ម​ចេញ​ពី​តំបន់​ឆ្នេរ​អូរត្រេះ ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​ជាច្រើន​បង្គោល មិន​ខ្វល់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​តំបន់​ឆ្នេរ​អូរត្រេះ ដែល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អភិវឌ្ឍន៍​កោះ​រ៉ុង កំពុង​សង់​ផែ​កប៉ាល់ នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​មករា បាន​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ជួយ​ទប់ស្កាត់​សំណង់​នេះ​ឲ្យ​បាន​ឆាប់។ លោក​ថា ទីតាំង​ការដ្ឋាន​នេះ​ស្ថិត​ក្នុង​ភូមិ​៦ សង្កាត់​៤ ក្រុង​ព្រះសីហនុ។

បញ្ហា​នេះ លោក ប៊ួន ណារិទ្ធិ មន្ត្រី​អង្គការ​លីកាដូ មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​អ្នក​ឧកញ៉ា គិត ម៉េង ហ៊ាន​សង់​កំពង់ផែ​កប៉ាល់​របស់​ខ្លួន​នៅ​លើ​ឆ្នេរ​អូរត្រេះ ដែល​មាន​ខ្សាច់​ស​ក្បុស ហើយ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ និយម​ចូល​ទៅ​កម្សាន្ត​នេះ? មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បាន​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជួយ​ទប់ស្កាត់​ការដ្ឋាន​សំណង់​ផែ​កប៉ាល់​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​កំពុង​បំផ្លាញ​ដល់​បរិស្ថាន​ឆ្នេរ​អូរត្រេះ ឲ្យ​បាន​ទាន់​ពេលវេលា៖ «លោក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហាក់​កំពុង​រំលោភ​យក​ដី​ឆ្នេរ​អូរត្រេះ ហើយ​សាងសង់​ផែ​ទូក​ទេសចរណ៍​ផ្គើន​ទៅ​នឹង​សេចក្តី​ប្រកាស​របស់​រាជ​រដ្ឋាភិបាល ក្រសួង​ទេសចរណ៍ និង​ក្រសួង​មហាផ្ទៃ ដែល​ជំរុញ​ឲ្យ​អភិបាល​ខេត្ត​ព្រះសីហនុ ដក​ហូត​យក​ដី​ឆ្នេរ​របស់​អ្នក​មាន​អំណាច ដែល​រំលោភ​យក​ដី​ឆ្នេរ​កន្លង​មក ដាក់​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​វិញ»

សកម្មភាព​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group Koh Rong Development Company) សាងសង់​ផែ​ថ្ម​ទូក​ដឹក​ភ្ញៀវ​ទេសចរ នា​ឆ្នេរ​អូរត្រេះ ស្ថិត​នៅ​ភូមិ​៦ សង្កាត់​៤ ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៦។
សកម្មភាព​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group Koh Rong Development Company) សាងសង់​ផែ​ថ្ម​ទូក​ដឹក​ភ្ញៀវ​ទេសចរ នា​ឆ្នេរ​អូរត្រេះ ស្ថិត​នៅ​ភូមិ​៦ សង្កាត់​៤ ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៦។ (RFA/Den Ayuthyea)

ទាក់ទិន​បញ្ហា​នេះ ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ចូល​ទៅ​កម្សាន្ត​តាម​ឆ្នេរ​អូរត្រេះ នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​មករា ក៏​បាន​បង្ហាញ​អារម្មណ៍​ហួស​ចិត្ត កាល​បើ​ឃើញ​បង្គោល​ថ្ម​រាប់​សិប​ដើម ត្រូវ​បាន​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បណ្ដុះ​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​នា​ឆ្នេរ​អូរត្រេះ ដែល​មាន​ខ្សាច់​ស​ក្បុស និង​មាន​ទឹក​ថ្លា​ឆ្លុះ ហើយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់។

គ្រូបង្រៀន​ម្នាក់​ដែល​ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ បាន​សំណូមពរ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​តាម​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​នេះ មុន​នឹង​អនុញ្ញាត​ច្បាប់​ដល់​បុគ្គល ឬ​ក្រុមហ៊ុន​សាងសង់​សំណង់​អ្វី​មួយ​នៅ​តាម​ឆ្នេរ ឬ​បឹង​ធម្មជាតិ ជាដើម ត្រូវ​ចុះ​ពិនិត្យ​ជាក់ស្តែង​ពី​ផល​ប៉ះពាល់​ជា​មុន។ ជាង​នេះ​ទៀត ត្រូវ​ជៀស​ឲ្យ​ផុត​ពី​សំណូក​ពុក​រលួយ នាំ​ឲ្យ​ហិនហោច​ដល់​ទ្រព្យ​សម្បត្តិ​ជាតិ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។

មន្ត្រី​រាជការ និង​ពលរដ្ឋ​ច្រើន​ទៀត​ដែល​ឈឺ​ឆ្អាល​លើ​បញ្ហា​ករណី​បំផ្លាញ​បរិស្ថាន​ឆ្នេរ​អូរត្រេះ នេះ បាន​ស្នើ​ឲ្យ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ស្នើសុំ​គោលការណ៍​ពី​ប្រមុខ​ដឹក​នាំ ដើម្បី​ទប់ស្កាត់​សកម្មភាព​សង់​ផែ​ទូក ឬ​ផែ​កប៉ាល់​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប លោក គិត ម៉េង ជា​បន្ទាន់។

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ មាន​ប្រសាសន៍​ថា សកម្មភាព​សង់​ផែ​កប៉ាល់ ឬ​ផែ​ទូក​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ពិត​ជា​បាន​សង់​រំលោភ និង​ប៉ះពាល់​ដល់​ឆ្នេរ​អូរត្រេះ ពិត​មែន។ អ្នក​វិភាគ​រូប​នេះ បាន​ទទូច​ដល់​រាជ​រដ្ឋាភិបាល ត្រូវ​ពិនិត្យ​ទៅ​លើ​សកម្មភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​កំពុង​សង់​កំពង់ផែ និង​អភិវឌ្ឍ​នៅ​លើ​កោះ​រ៉ុង បាន​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ​ធ្ងន់ធ្ងរ៖ «ខ្ញុំ​មើល​ទៅ​សកម្មភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មើល​ទៅ​មិន​មែន​ខុស​ត្រូវ​ត្រឹម​តែ​ច្បាប់​ការពារ​បេតិកភណ្ឌ​ជាតិ​នោះ​ទេ ប៉ុន្តែ​វា​ខុស​ទៅ​នឹង​គោលការណ៍​របស់​រដ្ឋាភិបាល ឲ្យ​ចាក​ចេញ​ពី​ឆ្នេរ​នីមួយៗ​ចំនួន ៥០​ម៉ែត្រ​ថែម​ទៀត។ ហើយ​សកម្មភាព​ឈូស​ឆាយ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គឺ​ឈូស​បំផ្លាញ​ឆ្នេរ​តែ​ម្តង»

អ្នក​វិភាគ​មិន​សំចៃ​មាត់​រូប​នេះ សង្កេត​ឃើញ​ថា បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សេចក្តី​សម្រេច​ផ្សេងៗ​របស់​រាជ​រដ្ឋាភិបាល អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ មិន​ទាន់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។

ត្រង់​ចំណុច​នេះ លោក កែម ឡី សង្កេត​ឃើញ​ថា អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ អតីត​អភិបាល​ខេត្ត​ព្រះសីហនុ លោក ឈិត សុខុន ដែល​ចូល​និវត្តន៍ និង​មន្ទីរ​សាធារណការ ជាដើម មិន​គួរ​លើក​ដៃ​ស៊ីញេ​អនុញ្ញាត​ច្បាប់​សាងសង់​ផែ​កប៉ាល់​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប សង់​ផែ​នៅ​លើ​តំបន់​ឆ្នេរ​អូរត្រេះ ដែល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ និយម​ចូល​ទៅ​កម្សាន្ត និង​ចុះ​ងូត​ទឹក​សមុទ្រ​ដ៏​ពេញ​និយម​មួយ​នេះ​ទេ៖ «ឆ្នេរ គឺ​ជា​តំបន់​សាធារណៈ​របស់​រដ្ឋ មិន​មែន​អាច​ទៅ​ឲ្យ​ឯកជន​បាន​ទេ គឺ​លើក​លែង​តែ​ដី​ឆ្ងាយ​ពី​ឆ្នេរ។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​ម្នាក់​ប្រព្រឹត្ត​នូវ​កំហុស​ឆ្គង ដែល​មិន​ស្រប​តាម​ច្បាប់​ឆ្នេរ គឺ​មិន​គួរ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធំៗ ដែល​ភាគ​ច្រើន​ធ្វើ​នំ​អត់​ម្សៅ និង​រំលោភ​លើ​ឆ្នេរ​នោះ​ទេ។ យើង​មើល​ឃើញ​ថា ទាំង​ឆ្នេរ​អូរត្រេះ និង​ឆ្នេរ​កោះ​តូច​ជាដើម គឺ​ការ​សាងសង់​ផែ​ទូក​ដឹក​ភ្ញៀវ​ទេសចរ គឺ​បាន​សង់​រំលោភ​ទៅ​លើ​ដី​ឆ្នេរ និង​ចូល​ជ្រៅ​ទៅ​ក្នុង​ទឹក​សមុទ្រ»

យ៉ាង​ណា​ក៏ដោយ​ចុះ លោក ប៊ួន ណារិទ្ធិ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ បាន​សំណូមពរ​ឲ្យ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ត្រូវ​ពិចារណា​រក​ទីតាំង​ផ្សេង​ពី​ឆ្នេរ​អូរត្រេះ សម្រាប់​ផ្តល់​ជូន​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បី​សង់​កំពង់ផែ​ទូក​ទេសចរណ៍​ជំនួស​វិញ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ​អូរត្រេះ និង​ភ្ញៀវ​ទេសចរ​ចូល​ទៅ​កម្សាន្ត​តំបន់​នោះ ហើយ​បញ្ហា​នេះ គួរ​តែ​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ដែល​បន្ត​វេន​មក​ដឹក​នាំ​ខេត្ត​នេះ ត្រូវ​លុប​ចោល​ច្បាប់​សាងសង់​ផែ​កប៉ាល់​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចេញ​ពី​តំបន់​ឆ្នេរ​អូរត្រេះ ជា​បន្ទាន់។

សកម្មភាព​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group Koh Rong Development Company) សាងសង់​ផែ​ថ្ម​ទូក​ដឹក​ភ្ញៀវ​ទេសចរ នា​ឆ្នេរ​អូរត្រេះ ស្ថិត​នៅ​ភូមិ​៦ សង្កាត់​៤ ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៦។
សកម្មភាព​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group Koh Rong Development Company) សាងសង់​ផែ​ថ្ម​ទូក​ដឹក​ភ្ញៀវ​ទេសចរ នា​ឆ្នេរ​អូរត្រេះ ស្ថិត​នៅ​ភូមិ​៦ សង្កាត់​៤ ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៦។ (RFA/Den Ayuthyea)

លោក ប៊ួន ណារិទ្ធិ៖ «ខ្ញុំ​មើល​ឃើញ​ចំណុច​នេះ ហាក់​មិន​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​នោះ​ទេ ដែល​ក្រុមហ៊ុន​មាន​សិទ្ធិ​សាងសង់​ផែ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ប៉ុន្តែ​ប្រជាពលរដ្ឋ​ត្រូវ​អាជ្ញាធរ​មក​ហាម​ឃាត់​គ្រប់​បែប​យ៉ាង។ ស្នើសុំ​ឲ្យ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឬ​ក្រសួង​មហាផ្ទៃ ជាដើម ត្រូវ​ពិនិត្យ​មើល​សកម្មភាព​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឲ្យ​បាន​ច្បាស់។ ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន​នេះ​រំលោភ​យក​ឆ្នេរ​បាន ហើយ​មក​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​លក់​ដូរ? ទង្វើ​នេះ​ជា​គំរូ​ដ៏​អាក្រក់​សម្រាប់​ប្រជាជន​នៅ​ទូទាំង​ប្រទេស ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា អ្នក​មាន​អំណាច​នៅ​តែ​មាន​សិទ្ធិ​អំណាច​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​បាន ប៉ុន្តែ​ពលរដ្ឋ​មិន​អាច​ធ្វើ​ទៅ​បាន»

ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា រូប​លោក​ប្រឆាំង​ដាច់​ខាត​មិន​ឲ្យ​មាន​បុគ្គល ឬ​ក្រុមហ៊ុន​ណា​មួយ មក​បំផ្លាញ​បរិស្ថាន​តំបន់​ឆ្នេរ​សមុទ្រ​ក្នុង​អាណត្តិ​ដឹក​នាំ​របស់​លោក​ទេ។ លោក​បន្ត​ថា ករណី​សំណង់​ផែ​កប៉ាល់​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នេះ រូប​លោក​ធ្លាប់​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត ផ្អាក​មិន​ឲ្យ​ក្រុមហ៊ុន​នេះ​សង់​ផែ​ទូក​ទេសចរណ៍​មាន​ទីតាំង​នៅ​ភូមិ​៦ សង្កាត់​៤ ចំ​កណ្ដាល​ឆ្នេរ​អូរត្រេះ ដែល​មាន​ខ្សាច់​ស​ក្បុស​នេះ​ម្តង​រួច​ហើយ។ លោក​បញ្ជាក់​ថា កន្លង​មក​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវ​ស្វែងរក​ទីតាំង​ថ្មី ដើម្បី​សង់​ផែ​ទូក​ដឹក​អ្នក​ដំណើរ​របស់​ខ្លួន ជំនួស​ទីតាំង​នៅ​ឆ្នេរ​អូរត្រេះ។

បញ្ហា​ដែល​ឈាន​ដល់​អាច​សង់​ផែ​កប៉ាល់ ឬ​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ចំ​កណ្ដាល​ឆ្នេរ​អូរត្រេះ នេះ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៥ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​សរសេរ​លិខិត​ផ្ញើ​ជូន លោក ឈិត សុខុន អតីត​អភិបាល​ខេត្ត​ព្រះសីហនុ តាម​រយៈ លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ខេត្ត​ព្រះសីហនុ យោង​តាម​លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ស្នើសុំ​សាងសង់​ផែ​ទូក​ទេសចរណ៍​មួយ​កន្លែង​មាន​ទីតាំង​នៅ​ភូមិ​៦ សង្កាត់​៤ ដើម្បី​បម្រើ​សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​មក​កោះ​រ៉ុង និង​ដឹក​ជញ្ជូន​សម្ភារៈ​បម្រើ​ឲ្យ​ការ​អភិវឌ្ឍ​កោះ​រ៉ុង។ សំណើ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​រាជធានី​ភ្នំពេញ បាន​ទៅ​ដល់​ដៃ លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណការ ខេត្ត​ព្រះសីហនុ ចុះ​ហត្ថលេខា​ឯកភាព​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ និង​បញ្ជូន​បន្ត​ទៅ​ដល់​ដៃ លោក ឈិត សុខុន អតីត​អភិបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ចុះ​ហត្ថលេខា​អនុញ្ញាត​ច្បាប់​សាងសង់​ជូន​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៥ មុន​ពេល​រូប​លោក​ត្រូវ​គ្រប់​អាយុ​ចូល​និវត្តន៍។

យ៉ាង​ណា​ក៏ដោយ​ចុះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ សង្កត់​ធ្ងន់​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​សំណង់​រឹងមាំ​សង់​នៅ​តាម​ឆ្នេរ ឬ​បឹង​ធម្មជាតិ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ប៉ះពាល់​ដល់​សោភ័ណភាព​ឆ្នេរ ជាពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ កើត​ឡើង​ទៀត​ទេ។ ជាង​នេះ លោក​ស្នើ​ដល់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន ចូលរួម​សហការ​ការពារ​បរិស្ថាន​ឆ្នេរ​ឲ្យ​មាន​អនាម័យ និង​មាន​សោភ័ណភាព​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។

យ៉ាង​ណា​ក៏ដោយ​ចុះ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នឹង​តាម​ដាន​ចំណាត់​ការ​របស់​រាជ​រដ្ឋាភិបាល ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថា​អាច​ទប់ស្កាត់​សកម្មភាព​សាងសង់​ផែ​ថ្ម​ទូក​ទេសចរណ៍​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់ លោក គិត ម៉េង នា​ឆ្នេរ​អូរត្រេះ នោះ មាន​ប្រសិទ្ធភាព​ដែរ ឬ​ក៏​យ៉ាង​ណា?៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។