អង្គការសង្គមស៊ីវិល និងបណ្ដាញសហគមន៍នេសាទ ស្នើសុំឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ ស្ដីពីជលផល និងបង្កើតអនុក្រឹត្យក្របខ័ណ្ឌច្បាប់ផ្សេងៗទៀត ដើម្បីធានាការគ្រប់គ្រងធនធានជលផល។ លើសពីនេះ ក្រុមសង្គមស៊ីវិលបញ្ជាក់ថា ដើម្បីឲ្យមាននិរន្តរភាព គួរឲ្យអង្គការសង្គមស៊ីវិល ចូលរួមក្នុងការគ្រប់គ្រងជលផល។
បណ្ដាញប្រជានេសាទ និងបណ្ដាញអង្គការសង្គមស៊ីវិល នៅថ្ងៃទី២៧ ខែមិថុនា ហែញត្តិយកទៅដាក់ជូនព្រឹទ្ធសភា រដ្ឋសភា ទីស្ដីការគណៈរដ្ឋមន្ត្រី និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី សុំឲ្យធ្វើវិសោធនកម្មច្បាប់ ស្ដីពីជលផលឆ្នាំ២០០៦ និងបង្កើតអនុក្រឹត្យក្របខ័ណ្ឌច្បាប់ផ្សេងៗទៀត ដើម្បីធានាដល់ការគ្រប់គ្រងធនធានជលផលប្រកបទៅដោយនិរន្តរភាព ស្របទៅតាមស្ថានភាពបច្ចុប្បន្ន និងការកែទម្រង់ស៊ីជម្រៅ ឲ្យមានការចូលរួមពេញលេញពីតំណាងប្រជានេសាទ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ។
ការដាក់ញត្តិនេះ បានធ្វើឡើងក្រោយពីកិច្ចប្រជុំតុមូលរវាងមន្ត្រីជលផល អង្គការសង្គមស៊ីវិល សហគមន៍នេសាទទូទាំងប្រទេស បានពិភាក្សាលម្អិតទៅលើការបំផ្លាញជលផល ទាំងទឹកសាប និងសមុទ្រមានកំណើនខ្លាំង ក្រោយពីរដ្ឋាភិបាលលុបចោលឡូនេសាទមកនេះ។
ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សូចែត ថ្លែងថា ដោយសារតែវិស័យជលផល កំពុងតែមានភាពអនាធិបតេយ្យនៅក្នុងប្រើប្រាស់ឧបករណ៍ខុសច្បាប់ចាប់យកត្រីទឹកសាប និងសមុទ្រ ទើបសហគមន៍ទាមទារឲ្យធ្វើវិសោធនកម្មច្បាប់ជលផល៖ «ប៉ុន្តែដោយឡែកក្រោយកំណែទម្រង់ យើងឃើញថា មានច្បាប់ទម្លាប់ដូចជាការប្រើប្រាស់ឧបករណ៍ជាលក្ខណៈគ្រួសារ ត្រូវបានបើកទូលាយអ៊ីចឹង ហើយមួយទៀត ដែននេសាទត្រូវបានបើកទូលាយ។ គាត់អាចនេសាទបានច្រើនជាងមុន។ យើងទទួលស្គាល់ថា គាត់ប្រមូលផលបានច្រើនជាងមុន ប៉ុន្តែយើងត្រូវពិចារណាការប្រមូលផលបានច្រើនជាងមុន គឺអាស្រ័យលើការបង្កើនឧបករណ៍ និងពង្វាតដែននេសាទកាន់តែធំ។ ប៉ុន្តែបើយើងសម្លឹងទៅមើលពីធនធាននៅក្នុងបឹងទន្លេសាប ពីស្ថានភាពត្រី ដូចយ៉ាងខ្ញុំរស់នៅក្នុងបឹងទន្លេសាប ដេកនៅលើទឹក រស់នៅលើទឹកជាមួយ ហើយនៅជាមួយអ្នកនេសាទផ្ទាល់តែម្តង ឃើញថា ត្រីនៅក្នុងបឹងទន្លេសាបកាន់តែថយចុះជាលំដាប់ពី១ឆ្នាំទៅ១ឆ្នាំ»។
អគ្គនាយករងរដ្ឋបាលជលផល លោក អ៊ឹង ទ្រី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានកែទម្រង់វិស័យជលផលពីរដងមកហើយ។ លើកទី១ នៅឆ្នាំ២០០០ បានកាត់ និងលុបឡូនេសាទអស់ ៧៨ឡូ មានផ្ទៃដី ៥៤១.២០៦ហិកតារ ដើម្បីបែងចែកផលត្រីជូនពលរដ្ឋ និងការដាំដុះ។ ក្រោយមក រដ្ឋាភិបាលបង្កើតជាសហគមន៍នៅមូលដ្ឋាន ដើម្បីឲ្យជួយទប់ស្កាត់បទល្មើសនេសាទ។ នៅថ្ងៃទី៧ មីនា ឆ្នាំ២០១២ រដ្ឋាភិបាលបានលុបចោលឡូនេសាទលើកទី២ មានចំនួន ៨០ឡូ ស្មើនឹងផ្ទៃដី ៤១២.៥៣៤ហិកតារ។ លោកបន្តថា ទោះជារដ្ឋាភិបាលខិតខំលុបឡូនេសាទនេះ ដើម្បីឲ្យជីវភាពប្រជានេសាទបានប្រសើរក៏ដោយ បទល្មើសនេសាទនៅតែកើតមាន ដោយសារតែប្រជានេសាទបំផ្លាញខ្លួនឯងផង និងមន្ត្រីជលផលខ្វះកម្លាំងចុះល្បាតផង។
លោកអះអាងថា ទោះជាយ៉ាងនេះក្តី ធនធានត្រីទឹកសាប និងសមុទ្រ បានកើនចំនួនច្រើននៅក្នុងបឹងទន្លេសាប និងតំបន់ឆ្នេរ ដោយសារការចាប់បានឧបករណ៍នេសាទខុសច្បាប់ និងការចូលរួមជួយទប់ស្កាត់បទល្មើសនេសាទ ពីសហគមន៍ ពីអង្គការសង្គមស៊ីវិល ពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន៖ «កន្លែងអភិរក្សរបស់យើង គឺមានទាំងអស់ ៥០កន្លែង នៅពេលកាត់លើកទី២នេះ ដែលមានផ្ទៃដី ៩៧.៥០៣ហិកតារ។ អ៊ីចឹងបើយើងបូកសរុប និងកន្លែងអភិរក្ស ៨ចាស់របស់យើងទៀត វាទីជា ៥៨កន្លែងអភិរក្ស»។
នាយកអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) លោក ឱម សាវ៉ាត ថ្លែងថា ការព្រួយបារម្ភចំពោះបទល្មើសនេសាទនៅកម្ពុជា ដោយសារតែអ្នកអនុវត្តច្បាប់ជលផលនៅមានកម្រិត ធ្វើឲ្យជនខិលខូចរំលោភច្បាប់ បើកដៃឲ្យមានការលំហូរចូលទាំងឧបករណ៍នេសាទទំនើប ទាំងទូកនេសាទធំៗ និងកម្មករនេសាទដ៏ប៉ិនប្រសព្វពីប្រទេសជិតខាង ចូលមកដណ្ដើមចាប់យកធនធានសមុទ្រ និងទឹកសាប បង្កឲ្យពលរដ្ឋក្រីក្រនៅតែមិនអាចប្រកបរបរនេសាទចិញ្ចឹមជីវិតបាន បើទោះបីប្រមុខរដ្ឋាភិបាល លុបចោលឡូនេសាទស្ទើរតែទាំងអស់ក្តី។ បញ្ហានេះ ទើបបណ្ដាញអង្គការសង្គមស៊ីវិល បណ្ដាញប្រជានេសាទស្នើសុំឲ្យព្រឹទ្ធសភា រដ្ឋសភា ទីស្ដីការគណៈរដ្ឋមន្ត្រី និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជួយធ្វើវិសោធនកម្មច្បាប់ជលផល ហើយជួយផ្តល់សិទ្ធិឲ្យអង្គការ សង្គមស៊ីវិល មានសិទ្ធិពេញលេញក្នុងការចូលរួមគ្រប់គ្រងធនធានជលផល។

លោក ឱម សាវ៉ាត៖ «ព្រោះកាលណាត្រីមេពូជវារងនូវការឆក់នេះហើយ បើយើងចាប់បានយកទៅហូប វាហូបបាត់ហើយ ក៏ប៉ុន្តែវានៅអារបួស វាធ្វើឲ្យវាពិការ បានន័យថា វាមិនអាចបន្តពូជបានក្នុងរយៈពេល១ ទៅ ៣ឆ្នាំ ទៅតាមកម្រិតនៃការទទួលរងនូវឥទ្ធិពលចរន្តអគ្គិសនីឆក់វា។ អ៊ីចឹងបើយើងឃើញក្នុងស្ថានភាពបែបនេះហើយ ដែលយើងចង់តែចូលរួមចំណែក ថាត្រូវធ្វើយ៉ាងម៉េច ដើម្បីទប់ស្កាត់ការឆក់ នេះជាផ្នែកមួយ។ មួយទៀត ការប្រើឈឹបយន្ត ឬក៏គេប្រើរួមផ្សំអគ្គិសនីនៅផ្នែកខាងក្រោម ដែលវាអាចឆក់ដល់ត្រីមេពូជផងដែរ។ អ៊ីចឹងទាំងអស់ហ្នឹងវាជះឥទ្ធិពលមិនល្អដល់ពពួកមច្ឆាជាតិ ដែលជាត្រីមេពូជនៅក្នុងរដូវពងកូននេះ»។
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី ថ្លែងថា ការវិនិយោគវារីអគ្គិសនីសង់ស្ទាក់ទឹកទន្លេមេគង្គ សំណង់កោះពេជ្រ សង់លយចូលទៅក្នុងទឹកទន្លេ ការផ្តល់ដីកោះ តំបន់ឆ្នេរ ទៅអ្នកវិនិយោគ ការបូមខ្សាច់ក្នុងទន្លេ ជាដើម បញ្ហាទាំងនេះវារុញច្រានឲ្យធនធានជលផលទាំងទឹកសាប និងទឹកប្រៃ បាត់បង់ដោយស្របច្បាប់។ ទន្ទឹមនោះ អ្នកអនុវត្តច្បាប់មួយចំនួន គិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ច្រើនជាងប្រយោជន៍រួម វាជាកត្តានៃក្តីបារម្ភពីវិនាសកម្មធនធានជលផល៖ «ប្រជានេសាទយើងកំពុងតែអត់មានត្រីលក់ ចំណូលរបស់គាត់វាទាប ចុះហេតុអីបណ្តោយឲ្យជនជាតិគេមកដណ្ដើមស៊ីទៀត នៅពេលដែលគេមានជីវភាពខ្ពស់។ ថៃ ជីវភាពគេខ្ពស់ជាងយើង វៀតណាម គេមានជីវភាពខ្ពស់ជាងយើង ឲ្យវាហូរមកស៊ីរបស់យើងដែលយើងកំពុងតែក្រហ្នឹង»។
ក្នុងវេទិកាតុមូលថ្នាក់ជាតិ ស្ដីពីការព្រួយបារម្ភចំពោះបទល្មើសនេសាទនៅកម្ពុជា បណ្ដាញប្រជានេសាទ និងបណ្ដាញអង្គការសង្គមស៊ីវិល ស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានតឹងរ៉ឹង និងទូលាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំពោះមន្ត្រីរដ្ឋាភិបាលណាដែលបានឃុបឃិត ប្រព្រឹត្តបទល្មើសនេសាទ។ បង្កើនការផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើពុករលួយ ឲ្យដល់ថ្នាក់ក្រោមជាតិ។ លើកទឹកចិត្តឲ្យមានការផ្តល់ព័ត៌មាន ស្ដីពីអំពើពុករលួយផ្នែកជលផល ជាដើម។ វេទិកានោះ បានសុំទៅក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងធនធានទឹក ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតស៊ុយអែត និងស្ថានទូតសហគមន៍អឺរ៉ុប ផ្តល់ការគាំទ្រដល់សហគមន៍ និងអង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាអភិរក្សធនធានជលផលនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
