សង្គមស៊ីវិលកម្ពុជា គាំទ្រចំពោះការតវ៉ារបស់អង្គការឃ្លាំមើលពិភពលោក ក្លូបប៊ល វីតណែស្ស (Global Witness = GW) ប្រឆាំងទៅនឹងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាគ្រប់គ្រងព្រៃឈើ ហៅជាភាសាអង់គ្លេសថា ហ្វរែស្ត ស្ទីវវើដស៊ីប ខោនស៊ល (Forest Stewardship Council) នៅក្នុងប្រទេសអាល្លឺម៉ង់ (Germany) ដែលបានផ្តល់ការបញ្ជាក់ទទួលស្គាល់ក្រុមហ៊ុនរដ្ឋវៀតណាម ឈ្មោះវៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group) សាជាថ្មី។
ការបញ្ជាក់ទទួលស្គាល់នេះ មានន័យថា ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ត្រូវបានចាត់ទុកថាជាក្រុមហ៊ុនដែលមានការទទួលខុសត្រូវ គោរពច្បាប់ និងសិទ្ធិមនុស្សក្នុងផ្នែកអាជីវកម្មព្រៃឈើ ឬកៅស៊ូ ខណៈដែលក្រុមហ៊ុនមួយនេះកំពុងរងការចោទប្រកាន់ថា បានរំលោភសិទ្ធិប្រជាពលរដ្ឋ និងបំផ្លិចបំផ្លាញព្រៃឈើជាច្រើនក្នុងប្រទេសកម្ពុជា និងឡាវ។
ការសាទរនេះ ធ្វើឡើងបន្ទាប់ពីអង្គការ ក្លូបប៊ល វីតណែស្ស ដែលកាលពីពេលថ្មីៗ បានធ្វើការតវ៉ាជាផ្លូវការទៅកាន់ក្រុមប្រឹក្សាគ្រប់គ្រងព្រៃឈើ ឲ្យបំភ្លឺចំពោះការបញ្ជាក់ការទទួលស្គាល់របស់ពួកគេ ទៅឲ្យក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប។
សេចក្តីប្រកាសព័ត៌មានរបស់ ក្លូបប៊ល វីតណែស្ស ដែលបានចេញផ្សាយកាលពីសប្ដាហ៍មុនបញ្ជាក់ថា ក្រុមប្រឹក្សាគ្រប់គ្រងព្រៃឈើអះអាងថា ខ្លួនគឺជាអង្គការផ្តល់ការបញ្ជាក់ឈានមុខគេលើពិភពលោក ចំពោះការគ្រប់គ្រងព្រៃឈើប្រកបដោយការទទួលខុសត្រូវ ប៉ុន្តែ ក្លូបប៊ល វីតណែស្ស ថាក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន បានរឹបអូសយកដីធ្លីពីពលរដ្ឋ និងជនជាតិដើមដោយបំពាន បានកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ រួមមានឈើប្រណិត ទាំងក្នុងតំបន់ និងក្រៅតំបន់សម្បទានដែលពួកគេទទួលបាន។
ក្រុមប្រឹក្សាគ្រប់គ្រងព្រៃឈើ គឺជាអង្គការពហុភាគីក្រៅរដ្ឋាភិបាល មានមូលដ្ឋានក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ក្នុងបំណងធ្វើការងារលើការគ្រប់គ្រងព្រៃឈើនៅលើពិភពលោក ប្រកបដោយការទទួលខុសត្រូវ ពិសេសគឺផ្តល់ការធានាដល់អតិថិជននៅលើពិភពលោកថា ផលិតផលព្រៃឈើ ដូចជាឈើ ដូងប្រេង និងកៅស៊ូ ដែលពួកគេទិញ សុទ្ធតែជាផលិតផលរបស់ក្រុមហ៊ុនដែលប្រកាន់ខ្ជាប់ការគោរពច្បាប់សង្គម និងបរិស្ថានពិតប្រាកដ មិនមែនបានមកពីក្រុមហ៊ុនដែលកាប់ឈើខុសច្បាប់ ដែលរំលោភបំពានលើសិទ្ធិមនុស្ស ឬការបំផ្លាញព្រៃឈើមានតម្លៃឡើយ ដែលកត្តាទាំងនេះ ក្លូបប៊ល វីតណែស្ស ថាវាផ្ទុយទៅនឹងអ្វីដែលក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប បានអនុវត្តកន្លងមក។ ក្លូបប៊ល វីតណែស្ស ថាក្រុមប្រឹក្សានេះអាចប្រឈមនឹងការបាត់បង់កេរ្តិ៍ឈ្មោះរបស់ខ្លួន ប្រសិនបើនៅតែបន្តពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់វៀតណាម។
នាយកអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី យល់ឃើញថា ការតវ៉ារបស់អង្គការ ក្លូបប៊ល វីតណែស្ស ដោយសារស្ថាប័នអន្តរជាតិមួយនេះចង់ឲ្យមានតម្លាភាពទៅលើដំណើរការធ្វើអាជីវកម្មឈើ គ្រឿងសង្ហារិម និងកៅស៊ូ ជាដើម។ លោក អៀង វុទ្ធី ចាត់ទុកអន្តរាគមន៍របស់ ក្លូបប៊ល វីតណែស្ស គឺជាការរួមចំណែកជំរុញឲ្យមានការគោរពច្បាប់ និងការគោរពសិទ្ធិមនុស្សរបស់ ក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប។
លោក អៀង វុទ្ធី៖ «ជាធម្មតា យើងធ្វើការទៅលើបញ្ហាសិទ្ធិមនុស្ស យើងចង់ឃើញឲ្យមានតម្លាភាព និងការទទួលស្គាល់ស្របតាមគោលការណ៍ ព្រោះថា ប្រសិនបើមានការតវ៉ា ប្ដឹងផ្តល់ មិនថាក្នុងប្រទេសកម្ពុជា យើងទេ ក្រុមហ៊ុន វីអជី (VRG) នេះ គឺមានបញ្ហាចម្រូងចម្រាសច្រើនមែនទែននៅក្នុងប្រទេសឡាវ ផងដែរ។ អ៊ីចឹងយើងចង់ឲ្យធ្វើការពិនិត្យឡើងវិញទៅលើការផ្តល់សិទ្ធិទទួលស្គាល់ ឬក៏អាជ្ញាប័ណ្ណទាក់ទងនឹងការនាំចេញឈើ ឬមួយក៏សង្ហារិមទៅដល់ប្រទេសអឺរ៉ុប។ អ៊ីចឹងយើងចង់ឃើញថា តើក្រុមហ៊ុនទាំងអស់ហ្នឹងគាត់ធ្វើការមានការគោរពសិទ្ធិពលរដ្ឋដែរឬទេ? ជាពិសេស គឺក្រុមហ៊ុន វីអជី នេះ កំពុងតែមានបញ្ហាចម្រូងចម្រាសនៅក្នុងប្រទេសកម្ពុជា»។
របាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក ក្លូបប៊ល វីតណែស្ស ប្រចាំឆ្នាំ២០១៣ បានបង្ហាញថា ក្រុមអភិជន ឬក្រុមអ្នកមានវណ្ណៈខ្ពស់នៅសហស្សវត្សទី២១នេះ បានមកពីលាភសក្ការៈនៃការដាំដុះដំណាំកៅស៊ូ។ ជាក់ស្ដែង ក្រុមហ៊ុនវៀតណាម បានទទួលដីសម្បទានសេដ្ឋកិច្ចពីប្រទេសកម្ពុជា និងប្រទេសឡាវ។ ភាពមានបានរបស់ក្រុមហ៊ុនវៀតណាម ទាំងនេះ ដោយសារតែមានការគាំទ្រពីសហគមន៍អន្តរជាតិ តាមរយៈការទិញផលិតផលកៅស៊ូដែលមានតម្លៃយ៉ាងហោចណាស់ ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ដោយឡែក ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចដាំកៅស៊ូរបស់វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) និងក្រុមហ៊ុនកៅស៊ូដែលគ្រប់គ្រងដោយរដ្ឋអំណាចវៀតណាម ឈ្មោះ វៀតណាម រ៉ាប់ប៊ឺ គ្រូប។ ក្រុមហ៊ុនទាំងពីរនេះ បានទទួលដីសម្បទានសេដ្ឋកិច្ចដាំកៅស៊ូប្រមាណ ២សែនហិកតារនៅប្រទេសកម្ពុជា។ ហើយក្រុមហ៊ុនទាំងពីរនេះ បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនតំណាងរបស់ខ្លួន ក្នុងការទទួលដីសម្បទានសេដ្ឋកិច្ចដាំកៅស៊ូនៅប្រទេសកម្ពុជា និងប្រទេសឡាវ ចំនួន ៤៦ក្រុមហ៊ុន។
ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប កាលពីពេលកន្លងទៅនេះ បានប្រកាសដោះស្រាយចំពោះអ្នកដែលទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ខ្លួន ក្នុងនោះរួមមាន អ្នករងគ្រោះអាចដាក់ពាក្យបណ្ដឹង និងចោទសួរសំណួរនានាដល់ក្រុមហ៊ុនដោយផ្ទាល់ ហើយក្រុមហ៊ុនវិញ សន្យាថានឹងឆ្លើយតបនៅក្នុងរយៈពេល ៣០ថ្ងៃ។ អង្គការសង្គមស៊ីវិល បានសាទរចំពោះវិធានការនេះ។ ចំណែកអង្គការ ក្លូបប៊ល វីតណែស្ស ក៏បានបញ្ចេញសេចក្ដីថ្លែងការណ៍អបអរសាទរ កាលពីថ្ងៃទី២១ សីហា ឆ្នាំ២០១៤។ ទោះជាយ៉ាងណា ក្លូបប៊ល វីតណែស្ស បានលើកឡើងថា បើទោះជាក្រុមហ៊ុនដាំកៅស៊ូវៀតណាម បានប្រកាសដោះស្រាយបញ្ហាជម្លោះដីធ្លីក៏ដោយ ប៉ុន្តែអង្គការនេះនៅតែព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ និងការកាប់ឆ្ការព្រៃនៅក្នុងចម្ការកៅស៊ូរបស់ក្រុមហ៊ុនទាំងអស់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
