មន្ត្រីសង្គមស៊ីវិលគាំទ្រចំពោះសេចក្តីសម្រេចរបស់ក្រសួងបរិស្ថាន ដាក់តំបន់ការពារធម្មជាតិចំនួន ៣ ជាឧទ្យានជាតិ មានតំបន់កោះរ៉ុង និងតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ដើម្បីអភិរក្ស និងថែរក្សាឲ្យបានគង់វង្ស។
មន្ត្រីឃ្លាំមើលការងារអភិវឌ្ឍន៍សង្គមមួយចំនួននាខេត្តព្រះសីហនុ ស្នើឲ្យមន្ត្រីពាក់ព័ន្ធអនុវត្តសេចក្ដីសម្រេចរបស់ក្រសួងបរិស្ថាន ឲ្យមានប្រសិទ្ធភាពដើម្បីរក្សាតំបន់ព្រៃធម្មជាតិកោះរ៉ុង និងតំបន់ទឹកសាបបឹងព្រែកទប់ឲ្យបានគង់វង្ស។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី សាទរចំពោះសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប៉ុន្តែសូមឲ្យមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព។ ជាងនេះ ក្រសួងបរិស្ថាន ត្រូវមានយន្តការឲ្យបានច្បាស់លាស់ ដើម្បីរក្សាផ្ទៃបឹង និងផ្ទៃរងទឹកភ្លៀងឲ្យបានគង់វង្ស៖ «អ៊ីចឹងទោះបីផ្ទៃបឹងដែលត្រូវកំណត់ទុកនេះធ្វើឡើងមានការយឺតយ៉ាវបន្តិចមែន ប៉ុន្តែយើងមានការរីករាយ ព្រោះទោះបីទំហំផ្ទៃបឹងបានរួមតូច តែយើងក៏អាចរក្សាផ្ទៃបឹងនៅសេសសល់ពីការរំលោភនេះឲ្យបានគង់វង្ស និងកុំឲ្យបាត់បង់តទៅទៀតនាថ្ងៃខាងមុខ។ បឹងព្រែកទប់នេះសម្រាប់ពលរដ្ឋខេត្តព្រះសីហនុ នឹងនៅតែបន្តឃ្លាំមើលដំណើរការការពារ និងយន្តការការពារផ្ទៃបឹងព្រែកទប់នៅសេសសល់របស់រដ្ឋាភិបាល ឬអាជ្ញាធរខេត្តមានប្រសិទ្ធភាព ឬមានភាពច្បាស់លាស់ដែរឬទេ»។
ស្រដៀងគ្នានេះដែរ លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខាខេត្តព្រះសីហនុ ក៏ប្រកាសគាំទ្រក្រសួងទេសចរណ៍ ដែលបានសម្រេចដាក់ព្រៃធម្មជាតិនៅលើកោះរ៉ុងជាឧទ្យានជាតិ និងអភិរក្សតំបន់ទឹកសាបបឹងព្រែកទប់នៅពេលនេះ។ លោកស្នើឲ្យក្រសួងបរិស្ថាន ត្រូវបញ្ជូនមន្ត្រីស្អាតស្អំតាមដានការអនុវត្តទៅលើសេចក្តីសម្រេចរបស់ក្រសួងបរិស្ថាន ឲ្យមានប្រសិទ្ធភាព ព្រោះកន្លងមក មានមន្ត្រីមានអំណាចបានបន្តឃុបឃិតគ្នាពុះច្រៀកដីចំណីមាត់បឹងព្រែកទប់ និងដីព្រៃនៅលើតំបន់កោះរ៉ុងដើម្បីធ្វើកម្មសិទ្ធិឯកជន៖ «ទាំងដីនៅតំបន់កោះរ៉ុង និងដីចំណីផ្ទៃរងទឹកភ្លៀងរួមជាមួយផ្ទៃបឹងព្រែកទប់ទាំងមូលនេះ សូមឲ្យកាត់ឆ្វៀលឲ្យបានច្បាស់លាស់អំពីតំបន់ដែលប្រជាជនរស់នៅ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ ត្រូវកាត់ឆ្វៀលជូនពលរដ្ឋប្រើប្រាស់ឲ្យបានត្រឹមត្រូវ។ ហើយតំបន់ដែលដាក់ឲ្យអភិរក្សជាឧទ្យានជាតិ ជាពិសេសផ្ទៃរងទឹកភ្លៀងបឹងព្រែកទប់ ដែលត្រូវរំលោភបំពានពីសំណាក់ជនខិលខូចមួយចំនួនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺត្រូវរឹបអូសយកមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញ ទោះមានចេញប័ណ្ណកម្មសិទ្ធិរួចហើយក្តី ឬមិនទាន់ចេញឲ្យប្រើប្រាស់ក្តី»។
ទាក់ទិនបឹងព្រែកទប់នេះដែរ កន្លងមកលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានព្រមានមិនបញ្ចេញឈ្មោះដល់មន្ត្រី ឬអ្នកពាក់ព័ន្ធសកម្មភាពរំលោភយកដីឆ្នេរសមុទ្រ និងដីចំណីមាត់បឹងព្រែកទប់ជាដើម ត្រូវដកខ្លួនចេញជាបន្ទាន់បើចង់សុខខ្លួន បើមិនដូច្នេះទេ មន្ត្រី ឬអ្នកជាប់ពាក់ព័ន្ធបទល្មើសទាំងនោះ នឹងត្រូវរងទុក្ខទោសធ្ងន់ទៅតាមច្បាប់។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធ ក៏ស្នើដល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រះសីហនុ ត្រូវអនុវត្តសេចក្តីសម្រេចដាក់ព្រៃឈើនៅលើកោះរ៉ុង និងតំបន់ព្រែកទឹកសាបបឹងព្រែកទប់ ឲ្យក្លាយជាឧទ្យានជាតិ និងអភិរក្សឲ្យបានគង់វង្សនៅពេលនេះ៖ « រដ្ឋាភិបាលត្រូវតែជីកកាយយកអាចម៍ដីចេញពីផ្ទៃរងទឹកភ្លៀងបឹងព្រែកទប់ឲ្យបានទូលំទូលាយឡើងវិញ ហើយត្រូវដាំដើមឈើនៅជុំវិញបឹងទឹកសាប ឬបឹងធម្មជាតិមួយនេះឲ្យបានច្រើនឡើងវិញ។ បឹងនេះដើមឡើយមានផ្ទៃធំទូលាយណាស់ ប៉ុន្តែនៅពេលមានមន្ត្រីមានអំណាចមួយចំនួន បានឃុបឃិតចាក់ដីរំលោភយកធ្វើកម្មសិទ្ធិជាបន្តបន្ទាប់រួចមក ផ្ទៃបឹងទាំងមូល និងផ្ទៃរងទឹកភ្លៀងបឹងព្រែកទប់ ត្រូវបានរួមតូចមកដល់ពេលនេះ។ បញ្ហានេះ រដ្ឋាភិបាលត្រូវតែរឹបអូសដីចំណីមាត់បឹងព្រែកទប់របស់ឈ្មួញ និងមន្ត្រីមានអំណាចនៅជាប់មាត់បឹងព្រែកទប់ មករដ្ឋគ្រប់គ្រង និងអភិរក្សបឹងទឹកសាបមួយនេះឲ្យបានគង់វង្សនាថ្ងៃអនាគត សម្រាប់ជាប្រភពទឹកស្អាតប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ » ។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានស្នើដល់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ត្រូវតាមដានសកម្មភាពមន្ត្រីថ្នាក់ក្រោមនាខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធឲ្យបានជាប្រចាំ ដើម្បីឈានដល់អនុវត្តសេចក្តីសម្រេចរបស់ក្រសួងបរិស្ថាន បានដាក់ចេញ ឲ្យមានប្រសិទ្ធភាពនៅថ្ងៃខាងមុខ។
ឆ្លើយតបសេចក្តីសម្រេចរបស់ក្រសួងបរិស្ថាន លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ អះអាងថា នឹងអនុវត្តទៅតាមសេចក្តីសម្រេចរបស់ក្រសួងបរិស្ថាន បានដាក់ចេញ ហើយករណីនេះ នឹងចូលរួមសហការអនុវត្តឲ្យមានប្រសិទ្ធភាព៖ « អ្វីដែលរដ្ឋាភិបាលបានចេញជាបទបញ្ជា ឬជាអនុក្រឹត្យក្តី និងព្រះរាជក្រឹត្យក្តី ក្នុងនាមជាអាជ្ញាធរ នឹងខំរួមគ្នាពង្រឹងការអនុវត្តទៅតាមការណែនាំទាំងនេះឲ្យមានប្រសិទ្ធភាព ដោយរួមគ្នាការពារថែរក្សាឲ្យបានគង់វង្សទាំងអស់គ្នា»។
កាលពីថ្ងៃទី១៥ ខែកញ្ញា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានសម្រេចបង្កើតតំបន់ការពារធម្មជាតិចំនួន ៣ថ្មីបន្ថែមទៀត មានឧទ្យានជាតិកោះរ៉ុង តំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ខេត្តព្រះសីហនុ និងតំបន់បេតិកភណ្ឌភ្នំត្បែង នៅខេត្តព្រះវិហារ ឲ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។
យ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលនៅខេត្តព្រះសីហនុ ថ្លែងថា នឹងរង់ចាំមើលការអនុវត្តទៅលើសេចក្តីសម្រេចដាក់តំបន់កោះរ៉ុងជាឧទ្យានជាតិ និងតំបន់ទឹកសាបបឹងព្រែកទប់ មានប្រសិទ្ធភាពដែរឬទេ?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
