អង្គការមិនមែនរដ្ឋាភិបាល បង្ហាញលទ្ធផលនៃការស្រាវជ្រាវទាក់ទិនការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតមានសារធាតុពុលខ្លាំង បានគំរាមកំហែងធ្ងន់ធ្ងរដល់សត្វព្រៃ និងប៉ះពាល់សុខភាពពលរដ្ឋ បន្ទាប់ពីពលរដ្ឋបានយកថ្នាំសម្លាប់សត្វល្អិតដាក់ក្នុងទឹកត្រពាំងដើម្បីចាប់សត្វព្រៃ។ អង្គការមិនមែនរដ្ឋាភិបាល ទទូចឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ដើម្បីរួមចំណែកអភិរក្សសត្វកម្រជិតផុតពូជ និងសុខភាពពលរដ្ឋ។
អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ឲ្យដឹងនៅថ្ងៃទី៣ សីហា ថា សមាគមអភិរក្សសត្វព្រៃ និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល កំពុងស្រាវជ្រាវរកប្រភពចែកចាយថ្នាំសម្លាប់សត្វល្អិតដែលមានកម្រិតជាតិពុលខ្ពស់ និងស្វែងរកដំណោះស្រាយក្នុងការគ្រប់គ្រងហានិភ័យផ្សេងៗបង្កឡើងដោយថ្នាំសម្លាប់សត្វល្អិតនោះ។
មន្ត្រីទំនាក់ទំនងនៃអង្គការសមាគមអភិរក្សសត្វព្រៃ លោក អេង ម៉េងអ៊ី បារម្ភថា ឥទ្ធិពលថ្នាំសម្លាប់សត្វល្អិតដែលមានឈ្មោះជាភាសាអង់គ្លេសថា ខាបូហ្វ័ររេន (Carbofuran) មានសារធាតុពុលខ្លាំង ដែលអាចសម្លាប់សត្វព្រៃក្នុងរយៈពេលខ្លី ជាពិសេសសត្វស្លាប។ លោកថា បើគេយកថ្នាំសម្លាប់សត្វល្អិតនោះដាក់ចូលត្រពាំង ហើយសត្វព្រៃបានផឹកទឹកត្រពាំងនោះ វានឹងបណ្ដាលឲ្យងាប់។ លោកថា អង្គការលោកកំពុងរកយុទ្ធសាស្ត្រសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូមួយចំនួន ដើម្បីរកដំណោះស្រាយរួមគ្នាទប់ស្កាត់ការប្រើប្រាស់ថ្នាំពុលនេះនៅតំបន់ដែលងាយរងគ្រោះ៖ « កង្វះខាតការយល់ដឹង និងការប្រើប្រាស់ គឺថាគាត់យកថ្នាំសម្លាប់សត្វល្អិតហ្នឹងទៅដាក់ក្នុងទឹកត្រពាំង នៅក្នុងព្រៃដើម្បីចាប់សត្វ។ ដល់ពេលគាត់ដាក់ក្នុងត្រពាំងទៅ វាពុលទៅលើសត្វព្រៃដែលផឹកទឹកត្រពាំងហ្នឹង។ ទី២ ប្រជាជនក្នុងព្រៃដែលប្រមូលអនុផលព្រៃឈើ គាត់ហូបទឹកហ្នឹងពុលដូចគ្នា »។
របាយការណ៍ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ របស់អង្គការសមាគមអភិរក្សសត្វព្រៃបង្ហាញថា សត្វព្រៃ ៦ក្បាល ក្នុងនោះមានប្រភេទសត្វងាយរងគ្រោះ ដូចជា សំពោចធំ សត្វកុកពាក់អំបោះ និងសត្វត្មាត ត្រូវឆ្មាំអភិរក្សប្រទះឃើញងាប់នៅត្រពាំងក្នុងព្រៃអភិរក្សកាលពីឆ្នាំ២០១៥។ ការវិភាគនៅមន្ទីរពិសោធន៍បង្ហាញថា សត្វព្រៃទាំងនោះត្រូវគេបំពុលងាប់ដោយសារថ្នាំសម្លាប់សត្វល្អិតដែលមានជាតិពុលខ្លាំង និងប៉ះពាល់សុខភាពពលរដ្ឋ និងសត្វចិញ្ចឹមអ្នកស្រុក។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឡោ រស្មី ដើម្បីសុំការបញ្ជាក់បញ្ហានេះបានទេនៅថ្ងៃទី៣ សីហា ព្រោះទូរស័ព្ទចូលច្រើនដងពុំមានអ្នកទទួល។
ប្រធានកម្មវិធីប្រចាំកម្ពុជា នៃអង្គការអភិរក្សសត្វស្លាបអន្តរជាតិ (BirdLife International) លោក ប៊ូ វីរសក្ស កត់សម្គាល់ថា ពលរដ្ឋនៅស្រុកសៀមប៉ាង បានប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតបំពុលឆ្កែ និងសត្វព្រៃ បណ្ដាលឲ្យសត្វត្មាតជាង ១០ក្បាលងាប់ជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥។ លោកបារម្ភថា មូលហេតុចម្បងបណ្ដាលឲ្យចំនួនសត្វត្មាតធ្លាក់ចុះ មកពីការប្រើប្រាស់ថ្នាំពុលនោះ នៅគ្រាដែលពលរដ្ឋមូលដ្ឋានបានប្រើប្រាស់ថ្នាំនោះបំពុលឆ្កែ និងគោ ហើយសត្វត្មាតបានស៊ីសត្វដែលគេបំពុលនោះ បណ្ដាលឲ្យងាប់ភ្លាមៗ។ លោកថា អង្គការលោក និងអង្គការដៃគូផ្សេងទៀត គ្រោងផលិតជាវីដេអូអប់រំទាក់ទិនគុណវិបត្តិនៃការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនោះ៖ « ប្រើថ្នាំកសិកម្មហ្នឹង ធ្វើឲ្យសត្វស្លាប់ទៅ សត្វព្រៃមួយចំនួន ត្មាតជាដើម បានទៅស៊ីសាកសពគោដែលបានស្លាប់ហ្នឹងទៅ ធ្វើឲ្យស្លាប់បន្តសត្វត្មាតហ្នឹង »។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា លទ្ធផលនៃការស្រាវជ្រាវនេះជាសញ្ញាបង្ហាញពីការព្រួយបារម្ភ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះសង្គ្រោះសត្វព្រៃ និងសុខភាពសាធារណៈ។ លោកអំពាវនាវឲ្យពលរដ្ឋ ប្រុងប្រយ័ត្នការប្រើប្រាស់ថ្នាំប្រភេទនេះទៅបំពុលសត្វព្រៃ ហើយបរិភោគវា ព្រោះអាចប៉ះពាល់សុខភាពធ្ងន់ធ្ងរ និងប៉ះពាល់សត្វព្រៃ៖ « មានបងប្អូនខ្លះប្រើអាហ្នឹងសម្លាប់សត្វព្រៃ។ ការងាប់សត្វព្រៃជារឿងមួយដែលបាត់បង់ជីវចម្រុះសត្វយើង។ មួយទៀតអ្នកដែលយកមកបរិភោគហ្នឹង ក៏វាប៉ះពាល់សុខភាពដែរ »។
អង្គការសមាគមអភិរក្សសត្វព្រៃ ឲ្យដឹងទៀតថា ថ្នាំសម្លាប់សត្វល្អិតប្រភេទនេះត្រូវបានគេហាមប្រើក្នុងប្រទេសជាច្រើននៅលើពិភពលោក មានសហរដ្ឋអាមេរិក កាណាដា និងនៅតំបន់អឺរ៉ុប ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
