អង្គការ​អភិរក្ស​សត្វ​ព្រៃ​បារម្ភ​ពី​ការ​ប្រើប្រាស់​ថ្នាំ​ពុល​សម្លាប់​សត្វ​ល្អិត​ប៉ះពាល់​ដល់​សត្វ​ព្រៃ

0:00 / 0:00

អង្គការ​មិន​មែន​រដ្ឋាភិបាល បង្ហាញ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ទាក់ទិន​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​មាន​សារធាតុ​ពុល​ខ្លាំង បាន​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សត្វ​ព្រៃ និង​ប៉ះពាល់​សុខភាព​ពលរដ្ឋ បន្ទាប់​ពី​ពលរដ្ឋ​បាន​យក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដាក់​ក្នុង​ទឹក​ត្រពាំង​ដើម្បី​ចាប់​សត្វ​ព្រៃ។ អង្គការ​មិន​មែន​រដ្ឋាភិបាល ទទូច​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​បន្ទាន់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ដើម្បី​រួម​ចំណែក​អភិរក្ស​សត្វ​កម្រ​ជិត​ផុត​ពូជ និង​សុខភាព​ពលរដ្ឋ។

អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ (WCS) ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ សីហា ថា សមាគម​អភិរក្ស​សត្វ​ព្រៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល កំពុង​ស្រាវជ្រាវ​រក​ប្រភព​ចែក​ចាយ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​មាន​កម្រិត​ជាតិ​ពុល​ខ្ពស់ និង​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​ផ្សេងៗ​បង្ក​ឡើង​ដោយ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នោះ។

មន្ត្រី​ទំនាក់ទំនង​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ លោក អេង ម៉េងអ៊ី បារម្ភ​ថា ឥទ្ធិពល​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា ខាបូហ្វ័ររេន (Carbofuran) មាន​សារធាតុ​ពុល​ខ្លាំង ដែល​អាច​សម្លាប់​សត្វ​ព្រៃ​ក្នុង​រយៈពេល​ខ្លី ជាពិសេស​សត្វ​ស្លាប។ លោក​ថា បើ​គេ​យក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នោះ​ដាក់​ចូល​ត្រពាំង ហើយ​សត្វ​ព្រៃ​បាន​ផឹក​ទឹក​ត្រពាំង​នោះ វា​នឹង​បណ្ដាល​ឲ្យ​ងាប់។ លោក​ថា អង្គការ​លោក​កំពុង​រក​យុទ្ធសាស្ត្រ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​មួយ​ចំនួន ដើម្បី​រក​ដំណោះស្រាយ​រួម​គ្នា​ទប់ស្កាត់​ការ​ប្រើប្រាស់​ថ្នាំ​ពុល​នេះ​នៅ​តំបន់​ដែល​ងាយ​រងគ្រោះ៖ « កង្វះ​ខាត​ការ​យល់​ដឹង និង​ការ​ប្រើប្រាស់ គឺ​ថា​គាត់​យក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ហ្នឹង​ទៅ​ដាក់​ក្នុង​ទឹក​ត្រពាំង នៅ​ក្នុង​ព្រៃ​ដើម្បី​ចាប់​សត្វ។ ដល់​ពេល​គាត់​ដាក់​ក្នុង​ត្រពាំង​ទៅ វា​ពុល​ទៅ​លើ​សត្វ​ព្រៃ​ដែល​ផឹក​ទឹក​ត្រពាំង​ហ្នឹង។ ទី​២ ប្រជាជន​ក្នុង​ព្រៃ​ដែល​ប្រមូល​អនុផល​ព្រៃ​ឈើ គាត់​ហូប​ទឹក​ហ្នឹង​ពុល​ដូច​គ្នា »

របាយការណ៍​ចុះ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៦ របស់​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​បង្ហាញ​ថា សត្វ​ព្រៃ ៦​ក្បាល ក្នុង​នោះ​មាន​ប្រភេទ​សត្វ​ងាយ​រងគ្រោះ ដូចជា សំពោច​ធំ សត្វ​កុក​ពាក់​អំបោះ និង​សត្វ​ត្មាត ត្រូវ​ឆ្មាំ​អភិរក្ស​ប្រទះ​ឃើញ​ងាប់​នៅ​ត្រពាំង​ក្នុង​ព្រៃ​អភិរក្ស​កាល​ពី​ឆ្នាំ​២០១៥។ ការ​វិភាគ​នៅ​មន្ទីរ​ពិសោធន៍​បង្ហាញ​ថា សត្វ​ព្រៃ​ទាំង​នោះ​ត្រូវ​គេ​បំពុល​ងាប់​ដោយសារ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​មាន​ជាតិ​ពុល​ខ្លាំង និង​ប៉ះពាល់​សុខភាព​ពលរដ្ឋ និង​សត្វ​ចិញ្ចឹម​អ្នក​ស្រុក។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម លោក ឡោ រស្មី ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣ សីហា ព្រោះ​ទូរស័ព្ទ​ចូល​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ប្រធាន​កម្មវិធី​ប្រចាំ​កម្ពុជា នៃ​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ (BirdLife International) លោក ប៊ូ វីរសក្ស កត់​សម្គាល់​ថា ពលរដ្ឋ​នៅ​ស្រុក​សៀមប៉ាង បាន​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​បំពុល​ឆ្កែ និង​សត្វ​ព្រៃ បណ្ដាល​ឲ្យ​សត្វ​ត្មាត​ជាង ១០​ក្បាល​ងាប់​ជា​បន្តបន្ទាប់ ចាប់​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥។ លោក​បារម្ភ​ថា មូលហេតុ​ចម្បង​បណ្ដាល​ឲ្យ​ចំនួន​សត្វ​ត្មាត​ធ្លាក់​ចុះ មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ពុល​នោះ នៅ​គ្រា​ដែល​ពលរដ្ឋ​មូលដ្ឋាន​បាន​ប្រើប្រាស់​ថ្នាំ​នោះ​បំពុល​ឆ្កែ និង​គោ ហើយ​សត្វ​ត្មាត​បាន​ស៊ី​សត្វ​ដែល​គេ​បំពុល​នោះ បណ្ដាល​ឲ្យ​ងាប់​ភ្លាមៗ។ លោក​ថា អង្គការ​លោក និង​អង្គការ​ដៃគូ​ផ្សេង​ទៀត គ្រោង​ផលិត​ជា​វីដេអូ​អប់រំ​ទាក់ទិន​គុណ​វិបត្តិ​នៃ​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នោះ៖ « ប្រើ​ថ្នាំ​កសិកម្ម​ហ្នឹង ធ្វើ​ឲ្យ​សត្វ​ស្លាប់​ទៅ សត្វ​ព្រៃ​មួយ​ចំនួន ត្មាត​ជាដើម បាន​ទៅ​ស៊ី​សាកសព​គោ​ដែល​បាន​ស្លាប់​ហ្នឹង​ទៅ ធ្វើ​ឲ្យ​ស្លាប់​បន្ត​សត្វ​ត្មាត​ហ្នឹង »

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ជា​សញ្ញា​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ ដែល​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​បន្ទាន់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​សង្គ្រោះ​សត្វ​ព្រៃ និង​សុខភាព​សាធារណៈ។ លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ ប្រុង​ប្រយ័ត្ន​ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​ទៅ​បំពុល​សត្វ​ព្រៃ ហើយ​បរិភោគ​វា ព្រោះ​អាច​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ និង​ប៉ះពាល់​សត្វ​ព្រៃ៖ « មាន​បង​ប្អូន​ខ្លះ​ប្រើ​អា​ហ្នឹង​សម្លាប់​សត្វ​ព្រៃ។ ការ​ងាប់​សត្វ​ព្រៃ​ជា​រឿង​មួយ​ដែល​បាត់បង់​ជីវចម្រុះ​សត្វ​យើង។ មួយ​ទៀត​អ្នក​ដែល​យក​មក​បរិភោគ​ហ្នឹង ក៏​វា​ប៉ះពាល់​សុខភាព​ដែរ »

អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ ឲ្យ​ដឹង​ទៀត​ថា ថ្នាំ​សម្លាប់​សត្វ​ល្អិត​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ហាម​ប្រើ​ក្នុង​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក មាន​សហរដ្ឋ​អាមេរិក កាណាដា និង​នៅ​តំបន់​អឺរ៉ុប ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។