វិធានការទប់ស្កាត់សកម្មភាពកាប់រានព្រៃលិចទឹក ត្រូវបានអង្គការ "សម្ព័ន្ធប្រជានេសាទកម្ពុជា" លើកយកមកធ្វើជាប្រធានបទពិភាក្សាក្នុងវេទិកាសាធារណៈមួយ ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សុចែត បានលើកឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា ថា គោលបំណងនៃវេទិកាសាធារណៈនេះ គឺដើម្បីបង្កលក្ខណៈឲ្យអាជ្ញាធរជំនាញ អ្នកពាក់ព័ន្ធ និងតំណាងសហគមន៍ បានជួបពិភាក្សាគ្នារិះរកមធ្យោបាយទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹក ឬហៅថាព្រៃរនាម ក្នុងតំបន់៣ យកធ្វើជាកម្មសិទ្ធិ។
លោកថា ក្ដីកង្វល់របស់ប្រជានេសាទនាពេលបច្ចុប្បន្ន គឺការថយចុះនូវផលត្រីដែលធ្លាប់តែសម្បូណ៌យ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ជាពិសេសគឺតំបន់បឹងទន្លេសាប ដោយសារតែការបាត់បង់ព្រៃរនាមលិចទឹកនេះ៖ «បើសិនជាយើងមិនទប់ស្កាត់ទេ អនាគតព្រៃលិចទឹកនៅតំបន់៣ នឹងវិនាសអស់។ វានឹងធ្វើឲ្យប៉ះពាល់ដល់បឹងទន្លេសាប ទាំងមូល។ យើងយកគោលដៅនៅកន្លែងនេះធ្វើជាបទពិសោធន៍ ប្រសិនបើមានជោគជ័យ យើងនឹងយកទៅអនុវត្តកន្លែងផ្សេងទៀតនៅជុំវិញបឹងទន្លេសាប...»។
បន្ទាប់ពីរាជរដ្ឋាភិបាលចេញបទបញ្ជាលេខ០១ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១០ ស្ដីពីការចាត់វិធានការការពារតំបន់ជុំវិញបឹងទន្លេសាប និងបន្ទាប់ពីក្រុមការងារចុះបោះបង្គោលព្រំកំណត់ដែនព្រៃលិចទឹកក្នុងខេត្តពោធិ៍សាត់ រួចមក សកម្មភាពនៃការកាប់រានព្រៃលិចទឹកមានការថយចុះ។ ប៉ុន្តែ ថ្មីៗនេះ សកម្មភាពកាប់រានព្រៃលិចទឹកបានកើតមានឡើងវិញយ៉ាងស្ងាត់កំបាំង ដែលបណ្ដាលឲ្យដីព្រៃលិចទឹករាប់ពាន់ហិកតារនៅជុំវិញបឹងទន្លេសាប ត្រូវបាត់បង់។ ដោយឡែកព្រៃលិចទឹក ឬហៅថាព្រៃរនាមរាប់រយហិកតារ នៅក្នុងខេត្តពោធិ៍សាត់ ក៏កំពុងរងការបាត់បង់ផងដែរ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ លោក ភុំ វិមល បានឲ្យដឹងថា កាលពីឆ្នាំ២០០៦ ប្រជាពលរដ្ឋ ៧៩គ្រួសារ ដែលបានរស់នៅ និងកាន់កាប់ដីចំនួន ៨៥ហិកតារ ក្នុងតំបន់៣ ចំណុចឫស្សីមួយរយគុម្ព ស្ថិតក្នុងឃុំកញ្ជរ ស្រុកកណ្ដៀង។ លោកថា នេះជាចំណុចផ្ដើមរីករាលដាលនៃការកាប់រានព្រៃលិចទឹកយកធ្វើកម្មសិទ្ធិនាពេលបច្ចុប្បន្ន៖ «២០០៦ ដល់ ២០១២ ដីស្រែដែលគាត់ធ្វើ គឺតែ ៨៥ហិកតារ ទេ ក្នុងនោះមាន ៧៩គ្រួសារ។ តែដល់ឆ្នាំ២០១២ ដីស្រែគាត់កើនឡើងដល់ទៅជាង ២០០ហិកតារ នេះមិនមានន័យថាគាត់លួចកាប់រានថែម។ ខ្ញុំកំពុងធ្វើសាវតារជាតិបញ្ហាដីនេះ ហើយខ្ញុំនឹងមិនអនុគ្រោះឲ្យអ្នកធ្វើអំពើនេះទេ...»។
ប្រភពពីអាជ្ញាធរជំនាញផ្នែកជលផលស្រុកកណ្ដៀង បានឲ្យដឹងថា មានប្រជាពលរដ្ឋជាជនជាតិចាម ចំនួន ៧៩គ្រួសារ បាននាំគ្នាកាប់រានដោយប្រើម៉ាស៊ីនគោយន្តឈូសឆាយព្រៃលិចទឹកនៅតំបន់ដីចន្លោះរវាងសហគមន៍នេសាទស្រីចឹក និងសហគមន៍នេសាទពោធិ៍របង។ ការឈូសឆាយនេះ ច្រើនធ្វើសកម្មភាពនៅពេលយប់។
ទាក់ទិនចំពោះបញ្ហាកាប់រានព្រៃលិចទឹកនេះ អភិបាលស្រុកកណ្ដៀង លោក សុខ លីមុត មានប្រសាសន៍ថា អនុក្រឹត្យលេខ១៩៧ របស់រាជរដ្ឋាភិបាល ការកាន់កាប់ដីក្នុងតំបន់៣ ត្រូវបានហាមឃាត់ដាច់ខាត៖ «ខ្ញុំនឹងអនុវត្តតាមអនុក្រឹត្យលេខ១៩៧ ដោយមិនអនុញ្ញាតឲ្យមានការកាប់រានព្រៃនៅក្នុងតំបន់៣ ទេ បើនៅតែអនុគ្រោះ គឺមិនអាចដោះស្រាយបញ្ហាបានទេ។ យើងមិនងាយធ្វើវិសោធនកម្មអនុក្រឹត្យលេខ១៩៧ នេះទេ...»។
អនុក្រឹត្យលេខ១៩៧ របស់រាជរដ្ឋាភិបាល បានកំណត់ដែនព្រៃលិចទឹកក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប មានទំហំ ៦៤៧.៤០៦ហិកតារ។ ដោយឡែកខេត្តពោធិ៍សាត់ មានព្រៃលិចទឹកសរុប ៩៤.០៤២ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
