អ្នក​នេសាទ​នៅ​ខេត្ត​ភាគ​ឦសាន​ប្រទេស​បារម្ភ​ខ្លាច​ត្រី​ប៉ាសេអ៊ី​ផុត​ពូជ

ការ​អភិវឌ្ឍ​នៅ​តាម​ដង​ទន្លេ​នា​ខេត្ត​ភាគ​ឦសាន​ប្រទេស​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ចរន្ត​ទឹក​ទន្លេ និង​ជា​ពិសេស ការ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​នេសាទ​យ៉ាង​ធ្ងន់ធ្ងរ។ នៅ​ទន្លេ​ទាំង​បី​នៅ​ខេត្ត​ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី ប្រភេទ​ត្រី​កម្រ និង​មាន​តម្លៃ​ខ្ពស់​មួយ​ចំនួន ដូច​ជា​ត្រី​ប៉ាសេអ៊ី ជាដើម កាន់​តែ​ក្រ​ខ្សត់​ស្ទើរ​ផុត​ពូជ។

0:00 / 0:00

ត្រី​ប៉ាសេអ៊ី គឺ​ជា​ប្រភេទ​ត្រី​កម្រ ប៉ុន្តែ​ត្រី​នេះ​មាន​តម្លៃ​ខ្ពស់​នៅ​ទីផ្សារ ដោយសារ​តែ​ត្រី​នេះ​មាន​រសជាតិ​ឆ្ងាញ់។ អ្នក​នេសាទ​អាច​ប្រមូល​ផល​ត្រី​ប៉ាសេអ៊ី បាន​តែ​នៅ​តាម​ដង​ទន្លេ​នៃ​តំបន់​ភាគ​ឦសាន​ប្រទេស ដូច​ជា​នៅ​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង។

គេ​អាច​ប្រមូល​ផល​ត្រី​ប៉ាសេអ៊ី បាន​នៅ​រដូវ​ប្រមូល​ផល​ត្រី​ចំនួន​ពីរ​លើក គឺ​ចន្លោះ​ខែ​មករា ដល់​ខែ​កុម្ភៈ និង​ចន្លោះ​ខែ​ឧសភា ដល់​ខែ​មិថុនា រៀង​រាល់​ឆ្នាំ។ ក៏ប៉ុន្តែ សម្រាប់​វគ្គ​ទី​មួយ​នៃ​ការ​ប្រមូល​ផល​ត្រី​ប៉ាសេអ៊ី ឆ្នាំ​នេះ អ្នក​នេសាទ​បាន​កត់​សម្គាល់​ថា ត្រី​ប៉ាសេអ៊ី កាន់​តែ​ខ្សត់​ទៅៗ ប្រៀបធៀប​ផល​ត្រី​នេះ​កាល​ពី​ឆ្នាំ​២០១៣។

អ្នក​នេសាទ​ឈ្មោះ លាក់ រស់​នៅ​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង មាន​ប្រសាសន៍​បញ្ជាក់​ថា បរិមាណ​ត្រី​ប៉ាសេអ៊ី បាន​ថយ​ចុះ​ប្រមាណ ៩០% នា​ឆ្នាំ​នេះ ពីព្រោះ​កម្រ​មាន​អ្នក​នេសាទ​ចាប់​បាន​ត្រី​នេះ​ដូច​បណ្ដា​ឆ្នាំ​មុនៗ​ឡើយ។ លោក​បន្ត​ថា អ្នក​នេសាទ​ខ្លះ​ដាក់​មង​ក្នុង​មួយ​ថ្ងៃ​មិន​អាច​ជាប់​បាន​ត្រី​ប៉ាសេអ៊ី មួយ​ក្បាល​ឡើយ៖ «មួយ​រដូវ​នេះ បើ​និយាយ​ឲ្យ​ចំ​ទៅ ក្នុង​ទូក​មួយ​យ៉ាង​ច្រើន​បាន​បួន​ប្រាំ ដូច​ថា ក្នុង ១០០ វា​ទៅ ៩៩ ហើយ​វា​បាត់​ហ្នឹង តាំង​ពី​ធ្វើ​ចរន្ត​អគ្គិសនី​ឯ​ខាង​លើ​ហ្នឹង​មក រួច​ខាង​ឡាវ គេ​ធ្វើ​ទៀត​ហ្នឹង​បាត់​សូន្យ​តែ​ម្តង​ទៅ​ណា! ត្រី​ឆ្នាំ​នេះ»

កាល​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៨ អ្នក​នេសាទ​នៅ​តាម​ទន្លេ​ទាំង​បី​នៃ​ខេត្ត​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជាពិសេស ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​ទាំង​បី​នេះ បាន​បង្ហាញ​ពី​មោទនភាព​ថា ធនធាន​ធម្មជាតិ​នៅ​ដង​ទន្លេ​ដែល​អ្នក​ភូមិ​រស់​នៅ​សម្បូរ​ត្រី មិន​ដូច​បច្ចុប្បន្ន​ឡើយ។

អ្នក​ភូមិ​អាច​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ចាប់​ត្រី​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ប្រចាំ​ថ្ងៃ​បាន​ដោយ​មិន​បាច់​ចំណាយ​ប្រាក់​ទិញ​ពី​ផ្សារ ជាពិសេស​ត្រី​ប៉ាសេអ៊ី នៅ​រដូវ​នេសាទ អ្នក​ភូមិ​អាច​ដាក់​មង​បង់​សំណាញ់​បាន​ត្រី​នេះ សម្រាប់​បរិភោគ និង​សល់​លក់​ចេញ​ទៅ​ទីផ្សារ​បាន​ទៀត​ផង។

អ្នក​នេសាទ​នៅ​ឃុំ​ជ័យឧត្ដម ខេត្ត​រតនគិរី លោក តន់ ជាង មាន​ប្រសាសន៍​កត់​សម្គាល់​ថា នៅ​ក្នុង​ខែ​មករា នេះ ជា​រដូវ​នេសាទ​បាន​ត្រី​ប៉ាសេអ៊ី ប៉ុន្តែ​ឆ្នាំ​នេះ​ភាគ​ច្រើន​អ្នក​នេសាទ​មិន​អាច​ចាប់​បាន​ត្រី​ប៉ាសេអ៊ី ដូច​មុន​ឡើយ។ លោក​ចាប់​អារម្មណ៍​ដែរ​ថា ការ​ថយ​ចុះ​នៃ​បរិមាណ​ត្រី​ប៉ាសេអ៊ី គឺ​ជា​សញ្ញាណ​ឲ្យ​ដឹង​ថា ប្រភេទ​ត្រី​នេះ​នឹង​អាច​ផុត​ពូជ ប្រសិន​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មិន​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ប្រភេទ​ត្រី​កម្រ​មួយ​ទេ៖ «ពី​ដើម​សម្បូរ មួយ​ថ្ងៃ​រក​បាន​បួន​ដប់​គីឡូក្រាម​ណា! បង់​មួយ​សំណាញ់​ត្រូវ​បាន​ប្រាំ​ប្រាំមួយ​ដប់​ក្បាល អា​ប៉ុន​កំភួន​ដៃ​តូចៗ​ហ្នឹង។ វា​បាត់​ប៉ុន្មាន​ឆ្នាំ​ហើយ ប៉ុន្តែ​នៅ​រក​បាន​ខ្លះ ប៉ុន្តែ​ឆ្នាំ​នេះ​អត់​ទាន់​ឃើញ​មួយ​ផង ត្រី​រៀល​ក៏​អត់​ទាន់​ឃើញ​មាន​ឡើង​ដែរ»

តំណាង​សហគមន៍​នេសាទ​ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង អ្នកស្រី ខា ស្រស់ បង្ហាញ​ទុទ្ទិដ្ឋិនិយម​ថា មិន​មែន​តែ​ត្រី​ប៉ាសេអ៊ី ទេ សូម្បី​ត្រី​ផ្សេង​ទៀត​ដែល​មាន​សម្បូរ​នៅ​ក្នុង​ទន្លេ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ក៏​បាន​ថយ​ចុះ​រៀង​រាល់​ឆ្នាំ។ អ្នកស្រី​បាន​ស្តី​បន្ទោស​ទៅ​លើ​ការ​អភិវឌ្ឍ​នៅ​តាម​ដង​ទន្លេ ជាពិសេស​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ពី​ប្រទេស​វៀតណាម ឡាវ គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ធនធាន​ត្រី​ក្នុង​ទន្លេ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ៖ «ត្រី​ប៉ាសេអ៊ី ឆ្នាំ​២០០៨-២០០៩ នេះ នៅ​មាន​ទេ វាល់​គីឡូ​ក្នុង​ម្នាក់ៗ​បួន​ដប់​គីឡូ​ក្នុង​មួយ​ថ្ងៃ សា​មើល​ចុះ​មើល​ឡើង​ត្រូវ​រហូត។ចាប់​ពី​ឆ្នាំ​២០១២-២០១១ មក ខ្សត់​បន្តិច ដប់​ពីរ​ខ្សត់​បន្តិច ដប់​បី​ខ្សត់​បន្តិច ដប់​បួន​នេះ​ដូច​អត់​សូវ​បាន​ឃើញ​ផង អ្នក​ដាក់​មង​គ្នា​អ្នក​នេសាទ»

កាល​ពី​ឆ្នាំ​កន្លង​ទៅ ត្រី​ប៉ាសេអ៊ី ទម្ងន់​មួយ​គីឡូក្រាម​ឡើង​ទៅ​មាន​តម្លៃ​ប្រមាណ ៤០ ទៅ ៥០​ដុល្លារ និង​ត្រី​ប៉ាសេអ៊ី ទម្ងន់​តិច​ជាង​កន្លះ​គីឡូ មាន​តម្លៃ​ពី ៥​ម៉ឺន​រៀល​ដល់ ៧​ម៉ឺន​រៀល​នៅ​ទីផ្សារ​ខេត្ត​ស្ទឹងត្រែង ឬ​ខេត្ត​រតនគិរី។

មន្ត្រី​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី មាន​ការិយាល័យ​នៅ​ខេត្ត​រតនគិរី លោក មៀច មាន ថ្លែង​កត់​សម្គាល់​ថា ចរន្ត​ទឹក​ទន្លេ​ប្រែប្រួល និង​គុណភាព​ទឹក​ទន្លេ​ល្អក់ រួម​ទាំង​ការ​ប្រើប្រាស់​សារធាតុ​គីមី​នៅ​ក្នុង​ទន្លេ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជម្រក​ពង​កូន​ត្រី​ក្នុង​ទន្លេ ហេតុ​នេះ​ត្រី​ប៉ាសេអ៊ី ជា​ប្រភេទ​ត្រី​កម្រ​ទៀត​នោះ ពិត​ជា​ត្រូវ​ផុត​ពូជ​ដោយសារ​បរិស្ថាន​ទន្លេ​មិន​អំណោយ​ផល​សម្រាប់​ការ​រក​ចំណី និង​បន្ត​ពូជ។ លោក​កត់​សម្គាល់​ទៀត​ថា កន្លង​ទៅ​នេះ ការ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ដូច​ជា​ការ​បោក​គ្រាប់បែក ប្រើ​ចរន្ត​អគ្គិសនី​ឆក់​ត្រី និង​ឧបករណ៍​ដាក់​របាំង​រាំង​ព្រួល ឬ​អួន​រាំង​ខ្ទប់​អូរ​ទន្លេ ក៍​ជា​ប្រភព​បំបាត់​ពូជ​ត្រី​ទាំង​នោះ​ដូច​គ្នា៖ «ជាពិសេស គឺ​ខាង​ស្ថាប័ន​ជលផល​គ្រប់គ្រង​ឲ្យ​បាន​មែន​ទែន ទាក់ទង​ទៅ​នឹង​បទ​ល្មើស​នេសាទ។ វា​ទាក់ទង​ទៅ​ដល់​គណៈកម្មការ​ទន្លេ​មេគង្គ ក៏​ដូច​ខាង​រដ្ឋាភិបាល​ខ្មែរ​យើង​ហ្នឹង មើល​រឿង​ទាក់ទង​បញ្ហា​រឿង​ពុល​ទឹក​ចេញ​ពី​ទំនប់​ឲ្យ​បាន វា​អាច​ការពារ​បាន»

កាល​ពី​ឆ្នាំ​២០១៣ តួលេខ​របស់​មន្ត្រី​ខណ្ឌ​ជលផល​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ផល​ត្រី​ដែល​ប្រមូល​បាន​មាន​ចំនួន​ជាង ៥០០​តោន ប្រហាក់​ប្រហែល​ឆ្នាំ​២០១២ ក៏ប៉ុន្តែ​មន្ត្រី​ជំនាញ​នេះ​មិន​បាន​ស្រាវជ្រាវ​ពី​តួលេខ​ផល​ត្រី​ប៉ាសេអ៊ី ដោយ​ឡែក​នោះ​ទេ។ យ៉ាង​នេះ​ក៏ដោយ អ្នក​នេសាទ​នៅ​តំបន់​ទន្លេ​បី​អះអាង​ថា មុន​ឆ្នាំ​២០០៨ នៅ​ខែ​នេសាទ​ត្រី​ប៉ាសេអ៊ី ក្នុង​មួយ​ថ្ងៃ អ្នក​នេសាទ​ម្នាក់ៗ​អាច​ដាក់​មង​បាន​ត្រី​ប៉ាសេអ៊ី ពី ៣ ទៅ ៥​គីឡូក្រាម។

យ៉ាង​នេះ​ក្តី នាយ​ខណ្ឌ​ជលផល​ខេត្ត​រតនគិរី លោក ងួន សុគន្ធ ទទួល​ស្គាល់​ថា បរិមាណ​ត្រី​ប៉ាសេអ៊ី ពិត​ជា​បាត់​បង់​ច្រើន​ប្រៀបធៀប​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ។ លោក​ទទួល​ស្គាល់​ដែរ​ថា ការ​ប្រែប្រួល​បរិស្ថាន​ទន្លេ គឺ​ជា​មូលហេតុ​សំខាន់​នាំ​ឲ្យ​បរិមាណ​ត្រី​នៅ​តំបន់​ទន្លេ​បី​ថយ​ចុះ​ប្រាកដ​មែន៖ «ខ្សត់​ណាស់​ត្រី​ហ្នឹង ត្រី​ប៉ាសេអ៊ី មិន​សូវ​មាន​ទេ​បើ​ត្រី​ខុស​ពី​ហ្នឹង មាន​ដូច​ជា​ត្រី​ឆ្ពិន ត្រី​រៀល ឡើង ច្រើន​តាម​ដង​ទន្លេ​សេសាន ស្រែពក ណា! រឿង​បារម្ភ​ខ្ញុំ​បារម្ភ​ហើយ ប៉ុន្តែ​ធ្វើ​ម៉េច​វា​អាច​ប៉ះពាល់​ខ្លះ ហើយ​គ្រាន់​តែ​រដ្ឋាភិបាល​យើង​គាត់​អភិវឌ្ឍ​ប្រទេស»

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​ប្រើប្រាស់​និមិត្ត​សញ្ញា​រូប​ត្រី​ប៉ាសេអ៊ី ដាក់​តាំង​បង្ហាញ​នៅ​កណ្ដាល​ទី​រួម​ខេត្ត​បញ្ជាក់​ថា ខេត្ត​នេះ​ជា​តំបន់​សក្ដានុពល​មាន​ត្រី​ដ៏​មាន​តម្លៃ និង​មាន​រសជាតិ​ឆ្ងាញ់។ ក្រៅ​ពី​នេះ គេ​សង្កេត​ឃើញ​សិប្បករ​បាន​ឆ្លាក់​រូប​ត្រី​ប៉ាសេអ៊ី លក់​ជា​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​អ្នក​ទេសចរ​ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្ត​ភាគ​ឦសាន​នេះ​ដែរ។

ក៏ប៉ុន្តែ សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ទន្លេ​បី​សម្ដែង​ការ​សោកស្ដាយ ប្រសិន​ត្រី​ប៉ាសេអ៊ី ផុត​ពូជ​បាត់​ទៅ។ ក្រុម​អ្នក​នេសាទ​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ក្រៅ​ពី​ត្រី​ប៉ាសេអ៊ី នៅ​មាន​ប្រភេទ​ត្រី​ប៉ាវ៉ា​មុខ​មួយ ត្រី​ប៉ាវ៉ា​មុខ​ពីរ និង​ត្រី​ប៉ាកក ឬ​ត្រី​ថ្ម ក៏​ប្រឈម​មុខ​ទៅ​នឹង​វិនាស​ផុត​ពូជ​ដូច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។