គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បើកកិច្ចប្រជុំបច្ចេកទេសពិគ្រោះយោបល់ ស្តីអំពី ការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីស្វែងរកជំនួយបរទេសមកអភិវឌ្ឍតំបន់ឆ្នេរ។
កិច្ចប្រជុំនេះ ធ្វើឡើងស្របពេលឆ្នេរសមុទ្រតាមខេត្តមួយចំនួន ពិសេសឆ្នេរខេត្តព្រះសីហនុ ត្រូវឈ្មួញ និងមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាល ហ៊ុមព័ទ្ធរបងថ្ម និងសង់វីឡាធំស្កឹមស្កៃធ្វើជាកម្មសិទ្ធិស្ទើរទាំងស្រុងទៅហើយ។
កិច្ចប្រជុំបច្ចេកទេស ដែលមានមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធនៃខេត្តជាប់មាត់សមុទ្រទាំង៤ នៃប្រទេសកម្ពុជា មានខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង ធ្វើឡើងនៅនាសណ្ឋាគារហ្គូលដិនស៊ី (Golden Sea) ខេត្តព្រះសីហនុ។
លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលចូលរួមបើកកិច្ចពិគ្រោះយោបល់បច្ចេកទេសនេះ ឲ្យដឹងកាលពីព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីពិនិត្យលើខ្លឹមសារអនុសាសន៍ ៨ចំណុច ដែលលោកនាយករដ្ឋមន្ត្រីបានដាក់ឲ្យអនុវត្តនៅក្នុងកិច្ចប្រជុំមហាសន្និបាតលើកទី៩ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ព្រមទាំងកិច្ចប្រជុំក្រុមការងារមហាអនុតំបន់មេគង្គ កាលពីខែធ្នូ ឆ្នាំ២០១៣ នៅរមណីយដ្ឋានឋានសួគ៌បូកគោ ខេត្តកំពត។
ក្នុងចំណោមអនុសាសន៍ ៨ចំណុច របស់ប្រមុខដឹកនាំ គឺបានជំរុញដល់ក្រសួង ឬស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាសម្រេចឲ្យបាន ឆ្នេរសមុទ្រកម្ពុជា ជាឆ្នេរស្អាតគ្មានថង់ប្លាស្ទិកហើរតាមខ្យល់។ ជាងនេះ ស្ថាប័នពាក់ព័ន្ធ ត្រូវដាក់ចេញនូវកម្មវិធីថ្នាក់ជាតិ ឬយុទ្ធនាការសម្អាតឆ្នេរ ក្រោមប្រធានបទ ស្រឡាញ់ផ្ទៃសមុទ្រខៀវស្រងាត់ ថែរក្សាឆ្នេរខ្សាច់ និងការបង្កើតមូលនិធិអភិរក្សតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងសហការបង្កើតឲ្យមានឧទ្យានជាតិក្រោមបាតសមុទ្រ សម្រាប់ទាក់ទាញទេសចរជាដើម៖ «ខេត្តក្រុងនីមួយៗត្រូវកំណត់គោលដៅឲ្យច្បាស់ថា ទីកន្លែងណាមួយដែលជាទីតាំងការអភិរក្ស និងការអភិវឌ្ឍតំបន់ឆ្នេរ។ ហើយនៅក្នុងអនុសាសន៍សម្ដេចតេជោ ក៏គាត់លើកអំពីទីតាំងប្រជុំកោះរ៉ុង ជាទីតាំងមួយអាចបង្កើតជាឧទ្យានក្រោមសមុទ្រ ឬឧទ្យានសមុទ្រ។ នេះគឺជាអាទិភាពមួយរបស់ខេត្ត ដើម្បីរៀបចំការងារនេះ។ ហើយទី២ ខេត្តព្រះសីហនុ ក៏មានអាទិភាពមួយទៀត គឺការរៀបចំឆ្នេរគំរូ ដែលជាគោលដៅមួយនៅក្នុងការចាប់ផ្តើមនៃការអនុវត្តដែរ។ ហេតុដូច្នេះហើយ បានជាយើងចង់ឃើញថា បណ្ដាខេត្តក្រុង ៣ទៀត ក៏នឹងអាចមានតំបន់អាទិភាពសម្រាប់ការអភិរក្ស និងអភិវឌ្ឍដែរ»។
មន្ត្រីពាក់ព័ន្ធមកពីតាមខេត្តជាប់មាត់សមុទ្រទាំង៤ ក៏បានលើកឡើងពីកង្វល់ ដោយសារការរំលោភកាន់កាប់តំបន់ឆ្នេរមួយចំនួនដោយមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យធន ដែលធ្វើឲ្យឆ្នេរសមុទ្រមួយចំនួន ឬនៅតាមតំបន់ឆ្នេរខ្លះ មិនមានឆ្នេរជូនភ្ញៀវដើរកម្សាន្តបានដោយសេរី ជាដើម។ បន្ថែមលើនេះ ក៏ទទួលស្គាល់ពីអនាម័យឆ្នេរ មន្ត្រីពាក់ព័ន្ធគ្រប់គ្រងមិនទាន់បានល្អ ដោយសារតែខ្វះការសហការ និងចូលរួមពីផ្នែកពាក់ព័ន្ធ និងប្រជាពលរដ្ឋ ជាដើម។
ឆ្នេរសមុទ្រប្រទេសកម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់ (Senegal) ដោយក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក។ ចំណាត់ថ្នាក់ល្អស្អាតនេះ ដោយសារតែឆ្នេរសមុទ្រកម្ពុជា ជាឆ្នេរសម្បូរបែបនៃជីវចម្រុះ ភាពប្រណិតនៃបរិស្ថានធម្មជាតិ តម្លៃអេកូឡូស៊ី សេដ្ឋកិច្ចសង្គម វប្បធម៌ ប្រពៃណីក្នុងតំបន់ និងភាពទាក់ទាញផ្នែកទេសចរណ៍។
ផ្ដើមពីបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវសារាចរណែនាំ ស្ដីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យអនុវត្តគោលការណ៍គ្រប់គ្រង ប្រើប្រាស់ ថែរក្សា ការពារ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា រួមមានដែនគោក កោះ និងដែនទឹកឲ្យបានត្រឹមត្រូវ។ ចំណុចមួយក្នុងសារាចរណែនាំរបស់រដ្ឋាភិបាល បានសង្កត់ធ្ងន់ និងហាមឃាត់មិនឲ្យមានការសាងសង់សំណង់រឹងផ្សេងៗនៅជាប់មាត់សមុទ្រជាកម្មសិទ្ធិនោះទេ។ ហើយបានកំណត់ឆ្នេរជំរាលយ៉ាងតិចបំផុត ៣០ម៉ែត្រ ចាប់ពីខ្សែបន្ទាត់ទឹកជោរខ្ពស់បំផុតទៅខាងដីលើគោក និង ២០ម៉ែត្រ ចាប់ពីចំណុចកំពូលនៃផ្ទៃចោតមកខាងលើគោក ជាដើម។
ទោះជាបែបនេះក្តី គេសង្កេតឃើញថា ឆ្នេរសមុទ្រតាមខេត្តមួយចំនួន ត្រូវគ្រប់គ្រងដោយឯកជន និងមន្ត្រីមានអំណាចរដ្ឋាភិបាលធ្វើព័ទ្ធរបងហ៊ុមព័ទ្ធឆ្នេរ និងចាក់ដីតាមឆ្នេរសមុទ្រ ដើម្បីសង់វីឡាធំស្កឹមស្កៃ ពិសេសសកម្មភាពនេះមាននៅតាមឆ្នេរខេត្តព្រះសីហនុ។ ជាងនេះ បរិស្ថានឆ្នេរមិនទាន់មានអនាម័យ ហើយសកម្មភាពបង្ហូរទឹកស្អុយចូលសមុទ្រ នៅតែបន្តកើតមាន និងគ្មានការហាមឃាត់។
លោក កែម ឡី អ្នកសិក្សាការអភិវឌ្ឍសង្គម ថ្លែងរិះគន់ចំពោះការគ្រប់គ្រងតំបន់ឆ្នេរមិនបានត្រឹមត្រូវរបស់មន្ត្រីជំនាញនៅតាមខេត្តជាប់មាត់សមុទ្រ។ លោកបន្តថា ភាពអសកម្មទាំងនេះរាប់បញ្ចូលមន្ត្រីជំនាញខ្វះការទទួលខុសត្រូវ និងប្រជាពលរដ្ឋនៅខ្វះការយល់ដឹងក្នុងការជួយថែរក្សាអនាម័យឆ្នេរ ឬការទុកដាក់កាកសំណល់ ជាដើម៖ «ទាល់តែយើងផ្សព្វផ្សាយឲ្យបានច្រើន ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹង។ ឧទាហរណ៍ នៅតាមឃុំគេមានលុយ ២ម៉ឺនដុល្លារអាមេរិកក្នុងមួយឃុំសម្រាប់១ឆ្នាំ ប៉ុន្តែយើងមិនដែលយកលុយហ្នឹងសូម្បីតែ ១ដុល្លារ ដើម្បីផ្សព្វផ្សាយពីរឿងថែទាំបរិស្ថាន ឬអនាម័យហ្នឹងឲ្យប្រជាពលរដ្ឋដឹងឮអីទេ»។
ឆ្នេរសមុទ្រកម្ពុជា ត្រូវបានប្រសិទ្ធិនាមថា ជាតារារះនាទិសនិរតីនៃប្រទេសកម្ពុជា។ ប៉ុន្តែទោះជាបែបនេះក្តី មានមតិរិះគន់ថា បរិស្ថាន និងសោភណភាពនៅតាមឆ្នេរសមុទ្រកម្ពុជា បច្ចុប្បន្ននេះ គឺមិនសក្ដិសមប្រសិទ្ធិនាមជាតារារះនាទិសនិរតីទេ។ ជាងនេះ រឹតតែមិនសក្ដិសមជាឆ្នេរស្រស់ស្អាតលំដាប់ពិភពលោកនោះដែរ ព្រោះក្រៅពីបរិស្ថានឆ្នេរគ្មានអនាម័យ គឺតំបន់ឆ្នេរភាគច្រើន ត្រូវគ្រប់គ្រងដោយឯកជន និងស្ទើរតែគ្មានកន្លែងសម្រាប់ផ្តល់ជូនភ្ញៀវទេសចរដើរ ឬងូតទឹកកម្សាន្តឲ្យបានទូលំទូលាយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
