លោក អ៊ូច ឡេង ទទួល​បាន​ពាន​រង្វាន់​ឆ្នើម​ផ្នែក​ការពារ​បរិស្ថាន

ដោយ ខែ សុណង
2016-04-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។
ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។
Photo: RFA

លោក អ៊ូច ឡេង ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​សកម្មជន ៥​នាក់​ផ្សេង​ទៀត ដែល​បាន​ទទួល​ពាន​រង្វាន់​ធំ​បំផុត​នៅ​លើ​ពិភពលោក សម្រាប់​ផ្ដល់​ឲ្យ​សកម្មជន​បរិស្ថាន។ ពាន​រង្វាន់​នេះ​មាន​ឈ្មោះ​ថា ឌឹ ហ្គោលមេន អ៊ិនវាយរ៉ូមិនថល ប្រាយ៍ (The Goldman Environmental Prize)

លោក អ៊ូច ឡេង ដែល​បច្ចុប្បន្ន​ជា​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ត្រូវ​បាន​គណៈកម្មការ​នៃ ឌឹ ហ្គោលមេន អ៊ិនវាយរ៉ូមិនថល ប្រាយ៍ ផ្ដល់​ពាន​រង្វាន់​ឲ្យ ដោយសារ​លោក​ហ៊ាន​ឈ្មុសឈ្មុល​ស៊ើប​អង្កេត​រក​ឯកសារ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។

ឌឹ ហ្គោលមេន អ៊ិនវាយរ៉ូមិនថល ប្រាយ៍ ជា​ពាន​រង្វាន់​ធំ​បំផុត​នៅ​លើ​ពិភពលោក​សម្រាប់​ផ្ដល់​ឲ្យ​សកម្មជន​បរិស្ថាន។ ការ​ទទួល​ពាន​នេះ គឺ​ជា​ការ​បង្កើន​សំឡេង​បន្ថែម​ទៀត​សម្រាប់​អ្នក​ដឹក​នាំ​ការពារ​បរិស្ថាន​នៅ​ថ្នាក់​មូលដ្ឋាន។

លោក អ៊ូច ឡេង ជា​ជនជាតិ​ខ្មែរ​ទី​ពីរ​ហើយ​ដែល​ទទួល​ពាន​រង្វាន់​ធំ​បំផុត​លើ​ពិភពលោក បន្ទាប់​ពី លោក ទុយ សិរីវឌ្ឍនា ជា​នាយក​ប្រចាំ​ប្រទេស​កម្ពុជា នៃ​អង្គការ ហ្វូណា អែន ហ្ល័រ៉ា អ៊ិនធឺណេសិណល (Fauna & Flora International) ដែល​បាន​ទទួល​បាន​ពាន​រង្វាន់​នេះ​ដែរ កាល​ពី​ឆ្នាំ​២០១០ ក្នុង​ការងារ​អភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា។

នៅ​ក្នុង​គេហទំព័រ ឌឹ ហ្គោលមេន អ៊ិនវាយរ៉ូមិនថល ប្រាយ៍ បាន​សរសេរ​ថា ក្រៅ​ពី​លោក​ហ៊ាន​ឈ្មុសឈ្មុល​ស៊ើប​អង្កេត​រក​ឯកសារ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា លោក​បាន​បង្ហាញ​ពី​អំពើ​ពុក​រលួយ​ក្នុង​ការ​ប្លន់​យក​ដី​របស់​សហគមន៍​តាម​ជនបទ ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​យ៉ាង​ច្រើន។

អ្នក​ទទួល​ពាន​រង្វាន់​ជាមួយ លោក អ៊ូច ឡេង ក្នុង​ឆ្នាំ​នេះ​មាន​មនុស្ស ៥​នាក់​ផ្សេង​ទៀត​ដែល​មក​ពី​អឺរ៉ុប អាមេរិក​កណ្ដាល និង​ខាង​ត្បូង អាមេរិក​ខាង​ជើង អាហ្វ្រិក និង​ប្រជាជាតិ​លើ​កោះ​ទ្វីប​អឺរ៉ុប និង​អាហ្វ្រិកា គឺ​មក​ពី​ប្រទេស​ស្លូវ៉ាគី (Slovakia) ប៉េរូ (Peru) សហរដ្ឋ​អាមេរិក (USA) ព័រតូរីកូ (Puerto Rico) និង​ប្រទេស​តង់ហ្សានី (Tanzania)។ ការ​ប្រកាស​ទទួល​ស្គាល់​នេះ ធ្វើ​ឡើង​នៅ​ខែ​មេសា រាល់​ឆ្នាំ ស្រប​ពេល​ទិវា​ភព​ផែនដី​នៅ​​ទីក្រុង​សានហ្វ្រានស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក។

ពាន​រង្វាន់​ដែល​មាន​ឈ្មោះ​ថា អូរ៉ូបូរ៉ឹស (Ouroboros) ជា​ចំណាក់​ស្ពាន់​រូប​សត្វ​ពស់​ខាំ​កន្ទុយ​ខ្លួន​ឯង។ ពាន​រង្វាន់​នេះ ក៏​ទទួល​បាន​ទឹក​ប្រាក់​ចំនួន ១៧​ម៉ឺន ៥​ពាន់​ដុល្លារ សម្រាប់​បន្ត​ការងារ​ការពារ​បរិស្ថាន។

អ្នក​ផ្ដួចផ្ដើម​បង្កើត​ឲ្យ​មាន​ពាន​រង្វាន់ ឌឹ ហ្គោលមេន អ៊ិនវាយរ៉ូមិនថល ប្រាយ៍ នេះ គឺ​លោក រីឆាត ហ្គោលមេន (Richard N. Goldman) និង​ភរិយា អ្នកស្រី រ៉ូដា ហ្គោលមេន (Rhoda H. Goldman)

នៅ​ក្នុង​គេហទំព័រ ឌឹ ហ្គោលមេន អ៊ិនវាយរ៉ូមិនថល ប្រាយ៍ បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ចូល​ចិត្ត​ធ្វើ​ការ​ផ្ដោត​លើ​ការ​ការពារ​ប្រព័ន្ធ​អេកូ និង​ពូជ​សត្វ​ដែល​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ទាំងឡាយ​ណា​ដែល​នាំ​ឲ្យ​ខូចខាត ឬ​បំផ្លិច​បំផ្លាញ ធ្វើ​ការ​លើក​ស្ទួយ​គោល​នយោបាយ និង​យុត្តិធម៌​សម្រាប់​បរិស្ថាន។ អ្នក​ទទួល​ពាន​នេះ ភាគ​ច្រើន​គឺ​ជា​បុរស និង​ស្ត្រី​មក​ពី​ភូមិ​ដាច់​ស្រយាល ឬ​ទីក្រុង ប៉ុន្តែ​ពួក​គេ​ធ្វើ​ការ​ជ្រើសរើស​យក​ការ​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​សុវត្ថិភាព​ខ្លួន ដើម្បី​ការពារ​បរិស្ថាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

>. ប្រជាពលរដ្ឋ សូម គោរព លោក អ៊ូច ឡេង ជាកូនខ្មែរ គំរូ ល្អ !

Apr 19, 2016 07:21 AM

គេហទំព័រ​ទាំងមូល