ពលរដ្ឋ​រស់នៅ​ចង្កេះ​ភ្នំ​ធំ​ខេត្ត​បន្ទាយមានជ័យ​បារម្ភ​គ្រោះថ្នាក់​ដោយសារ​អាជីវកម្ម​កិន​ថ្ម​លក់

ដោយ ហ៊ុំ ចំរើន
2016.10.19
អាជីវកម្ម​ថ្ម​ភ្នំ បន្ទាយមានជ័យ ២០១៦ ៨៥៥ ទីតាំង​ក្រុមហ៊ុន លឹម សេង ធ្វើ​អាជីវកម្ម​ថ្ម​នៅ​ភ្នំ​ធំ ឃុំ​ប្រាសាទ ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
RFA/Hum Chamroeun

ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ចង្កេះ​ភ្នំ​ធំ ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ព្រួយ​បារម្ភ​ជា​ខ្លាំង​ខ្លាច​ក្រែង​ថ្ម​ភ្នំ​នេះ​បាក់​ធ្លាក់​សង្កត់​មនុស្ស​ស្លាប់ ប្រសិន​បើ​ក្រុមហ៊ុន​នៅ​តែ​ធ្វើ​អាជីវកម្ម​ថ្ម​បន្ត​ទៀត។ ការ​ព្រួយ​បារម្ភ​នេះ កើត​ឡើង​បន្ទាប់​ពី​ថ្ម​ភ្នំ​ធំ​បាក់​សង្កត់​មនុស្ស​ចំនួន ៣​នាក់​កាល​ពី​ពេល​ថ្មីៗ​នេះ។

ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​វាយ​កម្ទេច​ថ្ម​ឈ្មោះ លឹម សេង ដែល​ថ្ម​បាក់​សង្កត់​មនុស្ស​ស្លាប់​កាល​ពី​ថ្ងៃ​រសៀល​ថ្ងៃ​ទី​១៦ តុលា នោះ នៅ​មិន​ទាន់​ដំណើរ​ការ​ឡើង​វិញ​នៅ​ឡើយ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ តុលា។ ចំណែក​ឧបករណ៍​គ្រឿងចក្រ និង​បុគ្គលិក​មួយ​ចំនួន​របស់​ក្រុមហ៊ុន​នេះ នៅ​ប្រចាំ​ការ​ទីតាំង​ដើម​នៅ​ឡើយ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​តំបន់​នោះ ព្រួយ​បារម្ភ​ខ្លាច​ក្រុមហ៊ុន លឹម សេង បន្ត​អាជីវកម្ម​របស់​ខ្លួន​ទៅ​មុខ​ទៀត​នាំ​ឲ្យ​ហិនហោច​ភ្នំ ហើយ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់។

ពលរដ្ឋ​ម្នាក់​រស់នៅ​ចង្កេះ​ភ្នំ​ធំ​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ​ពី​ទីតាំង​ដែល​ថ្ម​បាក់​សង្កត់​មនុស្ស​ស្លាប់​នៅ​ឃុំ​ប្រាសាទ ស្រុក​មង្គលបូរី លោក ទិត ង៉ូយ ពាក់​អាវ​ដៃ​ខ្លី​ឈរ​បែរ​មុខ​ទៅ​រក​ភ្នំ​ខាង​មុខ​ផ្ទះ ផ្ដល់​សម្ភាស​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ តុលា ដែល​ថ្ម​បាក់​សង្កត់​មនុស្ស​ស្លាប់​នោះ លោក​អង្គុយ​នៅ​ក្នុង​ផ្ទះ ស្រាប់​តែ​ឮ​សំឡេង​បាក់​ភ្នំ​លាន់​ដូច​រន្ទះ​បាញ់​ពី​ចំណុច​កើត​ហេតុ។ លោក​អះអាង​ថា សំឡេង​ដែល​លាន់​ដូច​គេ​បាញ់​កាំភ្លើង​ធំ​នោះ ឮ​ខុស​ប្លែក​ពី​ធម្មតា ហើយ​ធ្វើ​ឲ្យ​ផ្អើល​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​នោះ​រត់​ទៅ​មើល​យ៉ាង​ច្រើន​កកកុញ។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ បញ្ឈប់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​នៅ​តំបន់​នោះ​បន្ត​ទៀត៖ «ផ្ទះ​ខ្ញុំ​អី ចង់​ប្រេះ​អស់​ហើយ​ដោយសារ​គេ​វាយ​កម្ទេច​ថ្ម​លក់ ហើយ​មាន​ពេល​ខ្លះ​នាំ​គ្នា​រត់​ចេញ​ពី​ផ្ទះ​ក៏​មាន​ដែរ។ លើក​នេះ​បាក់​ខ្លាំង​ណាស់ ខ្ញុំ​នៅ​ក្នុង​ផ្ទះ​ទេ តែ​អង្គុយ​មើល​ទៅ​ឃើញ​ថ្ម​បាក់​ធ្លាក់​មក​ក្រោម​គួរ​ឲ្យ​ខ្លាច»

រីឯ​ប៉ូលិស​យាម​ឲ្យ​ក្រុមហ៊ុន លឹម សេង ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ គឺ​លោក អ៊ុក អាន ឈរ​នៅ​ខាង​មុខ​រោង​ការដ្ឋាន​កិន​ថ្ម ពាក់​ម៉ាស់​ពណ៌​ខៀវ បែរ​មុខ​ទៅ​រក​ភ្នំ មាន​ប្រសាសន៍​ថា ថ្ម​ធ្លាក់​សង្កត់​ខូច​អេស្កាវាទ័រ​ចំនួន ២​គ្រឿង និង​មនុស្ស​ស្លាប់​ចំនួន ៣​នាក់ រួម​មាន​លោក លឹម ប៊ុនឡុង អាយុ ២៦​ឆ្នាំ លោក ហែម គឹមឡេង អាយុ ៥២​ឆ្នាំ និង​លោក ថន រដ្ឋា អាយុ ៣៦​ឆ្នាំ ដែល​អ្នក​ទាំង ៣​នាក់​កំពុង​ធ្វើ​ការ​នៅ​កន្លែង​កើត​ហេតុ​នៅ​ភូមិ​ភ្នំធំត្បូង ឃុំ​ប្រាសាទ ស្រុក​មង្គលបូរី កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ តុលា៖ «ពេល​ដែល​ថ្ម​បាក់​នោះ អ្នក​នៅ​ធ្វើ​ការ​គាត់​កំពុង​តែ​កាយ​ថ្ម​ដាក់​ឡាន​ធម្មតា ស្រាប់​តែ​បាក់​ថ្ម​មក​តែ​ម្ដង ហើយ​ថ្ម​កប់​អេស្កាវាទ័រ​ជិត​សឹងតែ​មើល​មិន​ឃើញ»

ទាក់ទង​នឹង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន លឹម សេង ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ លោក ជា គឹមហេង ផ្ដល់​បទសម្ភាសន៍​ថា ថ្ម​បាក់​សង្កត់​មនុស្ស​ស្លាប់​នេះ កើត​ឡើង​ដោយ​ចៃដន្យ​ដោយ​ពុំ​មាន​បុគ្គលិក​ណា​ទៅ​វាយ​បំបែក​ថ្ម​នោះ​ទេ។ លោក​អះអាង​ថា ខាង​ក្រុមហ៊ុន​ជា​អ្នក​ទទួល​ខុស​ត្រូវ​រាល់​ការ​ចំណាយ​ថវិកា​ទាំងអស់ សម្រាប់​ធ្វើ​បុណ្យ​សព​ជូន​សាច់ញាតិ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​ថា​ខាង​ក្រុមហ៊ុន​មិន​ទាន់​កំណត់​ថ្ងៃ​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​ឡើង​វិញ​ថ្ងៃ​ណា​ច្បាស់លាស់​នៅ​ឡើយ​ទេ៖ «គាត់​នៅ​ធ្វើ​ការ​ខាង​លើ​ម្នាក់ និង​ខាង​ក្រោម​ម្នាក់ ហើយ​គាត់​បបួល​ពូ​គាត់​ឡើង​ទៅ​លេង​ម្នាក់​ទៀត ដើម្បី​ឲ្យ​បាន​គ្នា​ច្រើន។ ហើយ​គាត់​ក៏​ឡើង​ទៅ​ជាមួយ​ក្មួយ ក៏​ជួប​បញ្ហា​នេះ​តែ​ម្ដង»

សាកសព​ជន​រងគ្រោះ​ទាំង ៣​នាក់​ក្រោយ​ពី​សមត្ថកិច្ច​ត្រួត​ពិនិត្យ​ហើយ ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ព្រះពុទ្ធសាសនា​នៅ​ផ្ទះ​នៃ​សព ឋិត​នៅ​ភូមិ​ភ្នំធំត្បូង ឃុំ​ប្រាសាទ។ សាច់ញាតិ​នៃ​សព​មិន​ដាក់​ពាក្យ​ប្ដឹង​ជុំវិញ​ករណី​នេះ​ទេ ក្រោម​ហេតុផល​ធ្លាប់​រស់នៅ និង​មាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​នេះ​ច្រើន​ឆ្នាំ។

ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បន្ទាយមានជ័យ លោក សុត វឌ្ឍនា មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ លឹម សេង មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​រ៉ែ និង​ថាមពល ត្រឹមត្រូវ។ ទោះ​ជា​យ៉ាង​ណា លោក​អះអាង​ថា ករណី​នេះ​ខាង​ក្រសួង​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ផ្អាក​ធ្វើ​អាជីវកម្ម​មួយ​រយៈ ដើម្បី​ទុក​ពេល​ឲ្យ​គណៈកម្មការ​របស់​ក្រសួង​ចុះ​ត្រួត​ពិនិត្យ​ដល់​ទីកន្លែង​រួច​រាល់​សិន ប៉ុន្តែ​ការ​ដាក់​ពិន័យ ឬ​ដក​អាជ្ញាប័ណ្ណ​បញ្ឈប់​ឲ្យ​ធ្វើ​អាជីវកម្ម​យ៉ាង​ណា​នោះ គឺ​លោក​ពុំ​ទាន់​ហ៊ាន​សម្រេច​ថា​យ៉ាង​ណា​នៅ​ឡើយ៖ «ការ​ពិត​គាត់​ធ្វើ​មាន​ថ្នាក់​ត្រូវ​របស់​ពួក​គាត់ ប៉ុន្តែ​សន្ទះ​ថ្ម​មាន​ជម្រាល​ខ្លាំង ហើយ​សន្ទះ​ស្ដើង ដល់​អ៊ីចឹង​វា​ធ្វើ​ឲ្យ​ស្រទាប់​ថ្ម​វា​ងាយ​នឹង​រអិល​តែ​ម្ដង»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់​សម្គាល់​ថា មូលហេតុ​ដែល​ថ្ម​ភ្នំ​បាក់​សង្កត់​មនុស្ស​ស្លាប់​នេះ គឺ​ជា​ការ​ធ្វេសប្រហែស​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ អំពី​ហានិភ័យ​បង្ក​គ្រោះថ្នាក់​អាយុ​ជីវិត​មនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​អះអាង​ថា ករណី​នេះ​ខាង​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ដោយ​មិន​អាច​ប្រកែក​បាន​ឡើយ៖ «អ៊ីចឹង​ត្រូវ​មាន​អ្នក​ទទួល​ខុស​ត្រូវ ដោយ​មិន​មែន​គ្រាន់​តែ​យក​លុយ​ទៅ​បុណ្យ ហើយ​ចប់​រឿង​នេះ​ទេ។ ចំណែក​មន្ត្រី​ទាំងអស់​នោះ​ក៏​ត្រូវ​ដក​តំណែង​ចេញ ហើយ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​ដែល​បាន​ចែង»

បច្ចុប្បន្ន ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​នៅ​ភ្នំ​ធំ ស្រុក​មង្គលបូរី ដែល​មាន​ច្បាប់​អនុញ្ញាត​មាន ៤​ក្រុមហ៊ុន​ធំៗ រួម​មាន​ក្រុមហ៊ុន អិត លឿ ក្រុមហ៊ុន គោ ណៃ ក្រុមហ៊ុន នុក ទូច និង​ក្រុមហ៊ុន លឹម សេង។

លោក ស៊ុំ ច័ន្ទគា អះអាង​ថា ក្រៅ​អំពី​ក្រុមហ៊ុន​អាជីវកម្ម​កិន​ថ្ម​នៅ​ស្រុក​មង្គលបូរី នៅ​មាន​ទីតាំង​ជាច្រើន​កន្លែង​ទៀត​មាន​ជាអាទិ៍ ភ្នំ​នៅ​ក្រុង​សិរីសោភ័ណ និង​ភ្នំ​មួយ​ចំនួន​ក្នុង​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ជាដើម ក៏​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ដូច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។