ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​មណ្ឌលគិរី​ប្ដឹង​នគរបាល​ឃុំ​ពី​បទ​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍

0:00 / 0:00

ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ក្រងទេស ឃុំ​ក្រងទេស ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ចោទ​ប្រកាន់​នាយ​នគរបាល​ប៉ុស្តិ៍​ក្រងទេស ថា​បាន​កាប់​យក​ឈើ​ពី​ក្នុង​ព្រៃ​សហគមន៍​ដោយ​គ្មាន​ការ​អនុញ្ញាត។

ប្រជា​សហគមន៍​អះអាង​ថា ឈើ​ដែល​កាប់​យក​ចេញ​ពី​ព្រៃ​នោះ បាន​លក់​ទៅ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​តាម​រយៈ​ពាក្យ​ប្ដឹង​របស់​សហគមន៍​ភូមិ​ក្រងទេស ដាក់​ជូន​អភិបាល​ខេត្ត​មណ្ឌលគិរី ឲ្យ​ចាត់​វិធានការ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​មន្ត្រី​នគរបាល ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា អ្នក​ភូមិ​ក្រងទេស ជាង ១២០​នាក់ បាន​ផ្ដិត​មេដៃ​ប្ដឹង​មេ​ប៉ុស្តិ៍​ប៉ូលិស​ឃុំ​ក្រងទេស គឺ​លោក យឹម បាន តាម​រយៈ​មេ​ភូមិ​មេ​ឃុំ និង​អាជ្ញាធរ​ស្រុក ទាមទារ​ឲ្យ​ដក​តំណែង និង​ដាក់​វិន័យ​មន្ត្រី​នគរបាល​នេះ ក្រោម​ហេតុផល​ថា​មន្ត្រី​នគរបាល​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​ឆ្លង​ដែន និង​កាប់​ឈើ​ធ្វើ​ជន្លង់​ម្រេច​អស់​រាប់​ពាន់​ដើម រួម​ទាំង​ប្រើ​ពាក្យ​ប្រមាថ​សហគមន៍​ដែល​ប្រទះ​ឃើញ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍។

តំណាង​សហគមន៍ លោក គ្រិះ ផន នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា រៀបរាប់​ថា អ្នក​ភូមិ​មាន​ភស្តុតាង​គ្រប់គ្រាន់ ទាក់ទិន​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​របស់​មន្ត្រី​នគរបាល​នេះ ក៏ប៉ុន្តែ​ពាក្យ​ប្ដឹង​របស់​អ្នក​ភូមិ​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន ឋិត​នៅ​ក្នុង​ដៃ​របស់​អាជ្ញាធរ​ស្រុក ក៏ប៉ុន្តែ​អាជ្ញាធរ​ស្រុក​មិន​ទាន់​ចាត់​វិធានការ​បញ្ជូន​បន្ត​ទៅ​អាជ្ញាធរ​ខេត្ត​នៅ​ឡើយ។

លោក​បន្ត​ថា សហគមន៍​បាន​ធ្វើ​លិខិត​សុំ​ឲ្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​រក​យុត្តិធម៌ ចំពោះ​សកម្មភាព​រំលោភ​របស់​មន្ត្រី​មូលដ្ឋាន​នេះ៖ «គាត់​បទល្មើស​ខ្លាំង​ណាស់ ហើយ​គាត់​គាប​សង្កត់​ប្រជាពលរដ្ឋ​ខ្លាំង​ទៀត។ សម្រាប់​គាត់​លូក​តាម​ចិត្ត ប្រពន្ធ​រក​ស៊ី​ឈើ កូន​ក៏​ទិញ​ឈើ។ ខ្លួន​គាត់​ទៀត​បញ្ជា​ឲ្យ​កូន​ចៅ​នៅ​តំបន់​ការពារ​ត្រពាំង​ឈូក ហើយ​អូរ​រង្ហែង អូរ​អង្រត់ កាត់​ផ្ដួល​លក់​ឲ្យ​វៀតណាម អា​ត្រាក់​វៀតណាម មក​ចូល​យក។ ដល់​គាត់​នាំ​អ៊ីចឹង ប្រជាពលរដ្ឋ​គេ​ចង់​បាន​ដែរ ដល់​គេ​ចូល​រក​ដែរ​គាត់​ចាប់»

ទាក់ទិន​ការ​ចោទ​ប្រកាន់​នេះ វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា មិន​អាច​ទាក់ទង លោក យឹម បាន សុំ​បំភ្លឺ​ករណី​នេះ​បាន​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ អភិបាល​រង​ស្រុក​ពេជ្រាដា លោក ខាំ ដារ៉ា អះអាង​ថា អាជ្ញាធរ​ស្រុក​គ្រោង​អញ្ជើញ​សហគមន៍ និង​អ្នក​ពាក់ព័ន្ធ មក​ដោះស្រាយ​បញ្ហា​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា។ លោក​កត់​សម្គាល់​ថា សហគមន៍​បាន​ប្ដឹង​ផ្ទាល់​មាត់​មក​អាជ្ញាធរ​ស្រុក និង​មិន​ឃើញ​មាន​លិខិត​ប្ដឹង​ផ្លូវ​ការ​អ្វី​ឡើយ៖ «បាន​ដឹង ក៏ប៉ុន្តែ​បណ្ដឹង​អត់​មាន​លិខិត​ស្នាម​អ្វី​មក​ប្ដឹង ប្រជាពលរដ្ឋ​គាត់​មក​ប្ដឹង​នឹង​មាត់ អភិបាល​គាត់​ថា​នឹង​ចូលរួម​ដោះស្រាយ»

ទាក់ទិន​ករណី​នេះ​ដែរ ស្នងការ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក ញ៉ែម វាន្នី មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​ស្នងការដ្ឋាន មិន​ទាន់​ឃើញ​ពាក្យ​ប្ដឹង​របស់​សហគមន៍​នៅ​ឡើយ ក៏ប៉ុន្តែ​លោក​ទទួល​បាន​ព័ត៌មាន​ថា សហគមន៍​គ្រោង​ប្ដឹង​មន្ត្រី​ប៉ូលិស​មែន។ លោក​អះអាង​ថា បាន​ចាត់​មន្ត្រី​អង្កេត​ករណី​នេះ​ហើយ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​របាយការណ៍​នៅ​ឡើយ៖ «វា​ប៉ះ​ពារ​គ្នា​អ្នក​រក​ស៊ី​ឈើ​ហ្នឹង មិន​សប្បាយ​ចិត្ត​ដោយសារ​តែ​កម្លាំង​យើង​អនុវត្ត​ទៅ​វា​ធ្ងន់ធ្ងរ វា​តឹងរ៉ឹង​ពេក ហើយ​ខ្លួន​ឯង​ហ្នឹង​ក៏​មាន​អ្វី​ប៉ះពាល់​តិចតួច​អ៊ីចឹង​ដែរ អ៊ីចឹង​បាន​ជា​គេ​ចោទ​ប្រកាន់​ហ្នឹង។ ព័ត៌មាន​ក្រៅ​ផ្លូវការ​ទេ»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ទទួល​លិខិត​សុំ​ជួយ​អន្តរាគមន៍​ពី​តំណាង​សហគមន៍​រួច​ហើយ។ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា លោក​បាន​ធ្វើ​លិខិត​អន្តរាគមន៍​ពាក្យ​ប្ដឹង​របស់​សហគមន៍ ជូន​អាជ្ញាធរ​ខេត្ត ស្នងការ​ប៉ូលិស និង​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។