សំណល់បន្លែស្អុយរលួយ និងថង់ប្លាស្ទិកនៅមាត់ទន្លេផ្សារក្រោម ក្រុងកំពង់ឆ្នាំង កំពុងបង្កផលប៉ះពាល់ដល់បរិស្ថាន និងភ្ញៀវទេសចរ ប៉ុន្តែមេការកម្មករគ្រប់គ្រងសកម្មភាពដោះដូរបន្លែផ្លែឈើ និងត្រីសាច់ ដែលបង្កឲ្យមានសំណល់កាន់តែច្រើននៅតំបន់នោះ អះអាងថា គេបានណែនាំដល់អាជីវករឲ្យទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងបានសម្អាត រួចដុតចោលជាប្រចាំ។
ក្រុមអាជីវករដែលកំពុងបោះតង់ និងដាក់ឆត្រលក់បន្លែត្រីសាច់នៅមាត់ទឹកជាង ៤០កន្លែង ឲ្យដឹងនៅថ្ងៃទី២ ខែមករា ថា ប្រភពនៃការបញ្ចេញសំរាម ឬថង់ប្លាស្ទិកច្រើន គឺអ្នកដើរលម្ហែ និងអង្គុយលេងតាមមាត់ទន្លេ បានបោះសំរាម និងសំណល់នំចំណីចូលទន្លេពេលហូបរួច។ ក្រុមអាជីវករថា ការពិត ថង់ប្លាស្ទិក និងសំណល់មិនរលាយយ៉ាងច្រើន បានធ្លាក់កប់នៅមាត់ទន្លេដោយសារតែសកម្មភាពរបស់មនុស្ស។
អាជីវករលក់សាច់ជ្រូក បន្លែ ត្រសក់ស្រូវ និងពងទា មានប្រសាសន៍ស្រដៀងគ្នាថា ចាប់ពីខែធ្នូ នៃឆ្នាំនីមួយៗ ទឹកទន្លេចាប់ផ្ដើមស្រក ហើយពួកគាត់ក៏ចាប់ផ្ដើមដាក់កន្លែងលក់ដូរទៅតាមកម្ពស់ទឹក តែបានគ្រប់គ្រងសំរាមត្រឹមត្រូវ ដោយប្រមូលដុតចោល ឬយកទៅដាក់ក្នុងធុងសំរាមនៅខាងលើច្រាំងទន្លេ។ នៅពេលទឹកស្រក ទើបឃើញថង់ប្លាស្ទិកកកទាំងដុំ និងហើររប៉ាត់រប៉ាយដែលកប់ចោលជាច្រើនឆ្នាំហើយនោះកាន់តែច្រើនឡើង៖ «មិនមែនទេ ពួកអ្នកទេសចរវិញណោះ ចុះឡើងស៊ីនំចំណីអីរួចបោះចុះមករហូត ហើយអ្នកខាងក្រោមប្រមូលដុតរហូត។ តាមពិតជាអ្នកពួកអ្នកទេសចរ ពេលល្ងាចឡើងទៅ មើលទាំងខ្សែអង្គុយ។ សំរាមបោសរាល់ថ្ងៃនៅតែមាន។ ចង់ឲ្យស្អាត យើងត្រូវចេះជួយគ្នាសម្អាត បើពឹងលើម្នាក់ៗក៏វាអត់ស្អាតដែរ ព្រោះសំរាមមានច្រើន ត្រូវការមនុស្សជួយច្រើន»។
ទាក់ទងបញ្ហានេះ មេការគ្រប់គ្រងកម្មករ និងសណ្ដាប់ធ្នាប់នៅកំពង់ផែផ្សារក្រោម ក្រុងកំពង់ឆ្នាំង គឺលោក សួន ចំណាន បញ្ជាក់ថា បញ្ហាសំរាម និងសំណល់ដែលនៅសល់ពីក្រុមអាជីវករខ្ចប់យកទៅដាក់ក្នុងធុងសំរាមនៅខាងលើច្រាំងទន្លេមិនអស់នោះ មានក្រុមកម្មកររបស់លោកតែងតែប្រមូលដុតចោលនៅរាល់ពេលថ្ងៃល្ងាច៖ «(បញ្ហាសំរាម) បើនិយាយទៅរួមផ្សំទាំងអ្នកលក់ និងអ្នកទេសចរ ជួនកាលធុងសំរាមមានគាត់អត់ដាក់ទេ»។
ចំណែកអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ទទួលបន្ទុកកិច្ចការអប់រំ និងត្រួតពិនិត្យការបំពុល គឺលោក គឹម ច័ន្ទបូផាត ថ្លែងថា បញ្ហាសំរាមនៅតំបន់កំពង់ផែផ្សារក្រោម គឺជាបន្ទុករបស់អ្នកដេញថ្លៃបានផ្នែកដឹកជញ្ជូនភ្ញៀវទេសចរ ប៉ុន្តែលោកថា សំរាម និងថង់ប្លាស្ទិកនៅទីនោះមានចំនួនតិចតួចប៉ុណ្ណោះ ហើយក៏មានឡានចេញចូលដឹកសំរាមទាំងនោះយកទៅចោលជាប្រចាំដែរ៖ «អើ! ក្មួយឯងដឹងស្រាប់ហើយ វាមិនដែលបានល្អទេ ពេលខ្លះយើងទៅត្រួតពិនិត្យ ឬថាឲ្យទៅបានស្អាតកន្លះខែ ឬមួយខែអ៊ីចឹងទៅ។ សម្រាប់ឆ្នាំ២០១៦ នៅពេលមានកញ្ចប់ថវិកាអនាម័យក្រុងមក គឺយើងនឹងដាក់ធុងសំរាមត្រង់ហ្នឹងឲ្យបានត្រឹមត្រូវ ហើយធុងសំរាមដាក់ស្លាកសញ្ញាហ្នឹង»។
បរិមាណសំរាមនៅទូទាំងក្រុងកំពង់ឆ្នាំង មានចន្លោះពី ៨ ទៅ ១០តោនក្នុងមួយថ្ងៃ ហើយមិនទាន់មានកន្លែងទុកដាក់ឲ្យបានត្រឹមត្រូវនៅឡើយទេ។ អាជ្ញាធរខេត្តកំពង់ឆ្នាំង សង្ឃឹមថានឹងមានកន្លែងកែច្នៃ ឬទុកដាក់សំរាមបានត្រឹមត្រូវលើផ្ទៃដីទំហំប្រមាណ ១០ហិកតារនៅក្នុងឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧ ខាងមុខ ដោយមានជំនួយនៃគម្រោងអភិវឌ្ឍន៍ក្រុងកំពង់ឆ្នាំង របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ថា យូ.អិន.ឌី.ភី (UNDP)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
