គណៈកម្មការទីបីនៃរដ្ឋសភាដែលគ្រប់គ្រងលើផ្នែកវិនិយោគកសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន និងធនធានទឹក នឹងចុះទៅពិនិត្យស្ថានភាពអភិវឌ្ឍវារីអគ្គិសនីនៅតំបន់អារ៉ែង ដែលកំពុងមានជម្លោះរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនសាងសង់អគ្គិសនីនាថ្ងៃទី១៧វិច្ឆិកា។ ការចុះស៊ើបអង្កេតនោះ មានការចូលរួមពីមន្ត្រីរដ្ឋាភិបាលមកពីក្រសួងចំនួនពីរចូលរួមដែរ គឺមានក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ប្រធានគណៈកម្មការទីបីនៃរដ្ឋសភាលោក ប៉ុល ហំម មានប្រសាសន៍ថា ការចុះស្រាវជ្រាវនោះ គឺស៊ើបអង្កេតរកភស្តុតាង ជាក់លាក់មួយ អំពីផលប៉ះពាល់ អំពីគម្រោងសាងសង់នៅតំបន់អារ៉ែង មុននឹងស្នើឲ្យរដ្ឋាភិបាលពិចារណាផ្អាកគម្រោងទាំងនោះ។ សំឡេង
គម្រោងអភិវឌ្ឍទំនប់វារីអគ្គិសនីតំបន់អារ៉ែង មានតម្លៃ៤០០លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលកម្ពុជា បានផ្ដល់សិទ្ធិទៅក្រុមហ៊ុនចិន ឈ្មោះស៊ិនណូហៃដ្រូ (Sinohydro Corporation)។ ប៉ុន្តែអង្គការសង្គមស៊ីវិលជាច្រើន យល់ឃើញថា គម្រោងសាងសង់នោះ នឹងផ្ដល់ផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ប្រមាណ១ពាន់៣រយគ្រួសារ និងនិងផ្ទៃដីប្រមាណ២ម៉ឺនហិកតារ ក្នុងចំណោមផ្ទៃដីសរុប១០ម៉ឺនហិកតារ នឹងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
