ធម្មយាត្រា​ព្រះសង្ឃ​ដើម្បី​ការពារ​ព្រៃឡង់

បណ្ដាញ​ព្រះសង្ឃ ក្រុម​យុវជន និង​សហគមន៍​ព្រៃឈើ នាំ​គ្នា​ធ្វើ​យុទ្ធនាការ​បំបួស​ដើម​ឈើ ចាប់​រណា​យន្ត នៅ​តំបន់​ព្រៃឡង់ ក្នុង​ខេត្ត​ព្រះវិហារ ដើម្បី​ថែរក្សា​ព្រៃឡង់ នៅ​សេសសល់។ ក្រោយ​ទទួល​បាន​លទ្ធផល និង​ចាប់​បាន​វត្ថុ​តាង​បទល្មើស​ជាក់ស្ដែង​នៅ​នឹង​កន្លែង បណ្ដាញ​ព្រះសង្ឃ​ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​ស្ថាប័នរដ្ឋ​មួយ​ចំនួន ប៉ុន្តែ​ក្នុង​ចំណោម​ស្ថាប័ន​ទាំង​នោះ មាន​រដ្ឋបាល​ព្រៃឈើ​ដែល​ចេញ​មក​ទទួល​ញត្តិ ដោយ​រដ្ឋ​សភា និង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំ​មាន​អ្នក​ចេញ​មក​ទទួល​ទេ។

សំឡេង​សូត្រ​ធម៌​លាន់ឮ​ទ្រហឹង​ពេញ​ព្រៃ រំលេច​ដោយ​ស្បង់​ចីពរ​លឿង​ច្រាល​ឆ្អៅ​ពេញ​ក្នុង​ព្រៃ​របស់​ព្រះសង្ឃ ដែល​ប្រជុំ​គ្នា​ក្នុង​ធម្មយាត្រា បំបួស​ដើម​ឈើ​នៅ​ក្នុង​ព្រៃឡង់៖ «»។

ព្រះធម៌​ដែល​ព្រះសង្ឃ​ស្វាធ្យាយ​នេះ មាន​ន័យ​ថា សូម​ឲ្យ​ដើម​ឈើ​នេះ​ក្លាយ​ទៅ​ជា​របស់​សាសនា ហើយ​នាំ​មក​នូវ​សុខ​សន្តិភាព​សម្រាប់​មនុស្ស និង​សត្វ​លើ​សកលលោក ហើយ​សុំ​ឲ្យ​ដើម​ឈើ​រស់​នៅ​ជា​អមត។ ដើម​ឈើ​ដែល​ត្រូវ​បាន​បំបួស​ទាំង​នោះ ជា​ប្រភេទ​ឈើ​ធំ គ្មាន​ម្ចាស់​អាស្រ័យ​ផល គឺ​មាន​ន័យ​ថា ប្រសិនបើ​ឈើ​នេះ​មាន​មនុស្ស​ចោះ​យក​ជ័រ ព្រះសង្ឃ​មិន​បំបួស​ទេ។

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់​ម្នាក់​ក្នុង​ខេត្ត​ព្រះវិហារ លោក ឈុន ជិន ដែល​បាន​ចុះ​ល្បាត​ក្នុង​ធម្មយាត្រា​ជាមួយ​នឹង​ព្រះសង្ឃ ឲ្យ​ដឹង​ថា ជា​ញឹកញាប់​ក្រុម​លោក​តែង​នាំ​គ្នា​ចុះ​ល្បាត​ព្រៃ និង​ចាប់​បាន​ម៉ាស៊ីន​អារ​ឈើ។ ប្រជា​សហគមន៍​រូប​នេះ​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ព្រៃឡង់​នឹង​វិនាស​អស់​នៅ​ថ្ងៃ​ណា​មួយ ខណៈ​ដែល​បទល្មើស​កើត​ឡើង​ពេញ​ព្រៃ៖ «»។

​ក្រុម​អ្នក​ស្រលាញ់​ព្រៃឡង់ នាំ​គ្នា​ចូល​ព្រៃ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា និង​ចេញ​ពី​ព្រៃ​វិញ​ថ្ងៃ​ទី​៥ ខែ​កក្កដា ធ្វើ​ដំណើរ​ដោយ​គោយន្ត​ដើម្បី​ល្បាត​ការពារ​ព្រៃឈើ​ក្នុង​តំបន់​នោះ ហើយ​បាន​ប្រទះ​ឃើញ​ឈើ​ខ្លះ​ទៀត​ដួល​ដេក​ពេញ​ដី ដោយ​ស្នាដៃ​មនុស្ស​អារ​ផ្ដួល​រំលំ។ ទី​នោះ​ជា​តំបន់​ព្រៃ​ជ្រៅ​ពោរពេញ​ដោយ​ដើម​ឈើ​ធំៗ ខ្ពស់​ត្រង់​ឡើង​ទៅ​លើ ដុះ​តាម​ប្រភេទ​របស់​វា។ ដើម​ខ្លះ​មនុស្ស​ពីរ​នាក់​អោប​មិន​ជុំ​ផង។

ស្ថាបនិក​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ឲ្យ​ដឹង​ថា សកម្មភាព​ការពារ​ធន​ធម្មជាតិ​នេះ ទទួល​បាន​ជោគជ័យ ព្រោះ​ដើម​ឈើ​ធំៗ ត្រូវ​បាន​បំបួស បទល្មើស​ព្រៃឈើ​ក៏​បង្ក្រាប​បាន ព្រមទាំង​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​ក្រុម​យុវជន​ទៀត​ផង។

ព្រះតេជព្រះគុណ​មាន​ថេរដីកា​បន្ត​ថា ការ​បំបួស​ដើម​ឈើ​នេះ ជា​ការ​ផ្សារភ្ជាប់​រវាង​ព្រៃឈើ និង​ព្រះពុទ្ធ​សាសនា។ ទោះ​បែប​នេះ​ក្តី ព្រះតេជព្រះគុណ​កំពុង​ព្រួយ​បារម្ភ ខណៈ​ដែល​សំឡេង​អារ​ឈើ​កំពុង​លាន់ឮ​ពេញ​ព្រៃ៖ «»។

​លទ្ធផល​នៃ​ធម្មយាត្រា ព្រះសង្ឃ​បំបួស​ដើម​ឈើ​បាន​ ២០០​ដើម វាស់​ផ្ទៃ​តំបន់​ព្រៃឡង់ បាន ១០​ហិកតារ ក្នុង​នោះ​រក​ឃើញ​ឈើ​ធំៗ ៩៨​ដើម មាន​ប្រភេទ​ឈើ​សំខាន់​មួយ​ចំនួន គឺ​ឈើទាល ឈើ​ដូងចែម និង​ឈើ​បេង​ជាដើម។

ក្នុង​ពេល​ព្រះសង្ឃ​កំពុង​សូត្រ​ធម៌​បំបួស​ដើមឈើ​ក្នុង​ព្រៃ សំឡេង​អារ​ឈើ​ក៏​លាន់ឮ​តំណាល​គ្នា​នឹង​សំឡេង​ព្រះធម៌​ដែរ។ ភ្លាមៗ​ព្រះសង្ឃ ប្រជា​សហគមន៍ និង​យុវជន នាំ​គ្នា​សម្រុក​ទៅ​រក​កន្លែង​ដែល​មាន​សំឡេង​អារ​ឈើ​នោះ៖ «»។

​ព្រះតេជព្រះគុណ ឌឺត ឌុល ដែល​តាម​ទាន់​សកម្មភាព​កាប់​ឈើ​រៀបរាប់​ពី​សកម្មភាព​បង្ក្រាប​បទល្មើស​ថា ក្រុម​អ្នក​កាប់​ឈើ​គ្រាន់​តែ​ឃើញ​ព្រះសង្ឃ និង​ប្រជា​សហគមន៍ ពួកគេ​នាំ​គ្នា​រត់ចោល​ម៉ាស៊ីន​អារ​ឈើ​ដោយ​មិន​និយាយ​អ្វី​ទាំង​អស់៖ «»។

​របាយការណ៍​របស់​តំណាង​ភ្នាក់ងារ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បង្ហាញ​ថា ព្រៃឡង់​ជា​ព្រៃ​ដែល​ស្អាង​ជាង​គេ​ទី​១០ ក្នុង​សកលលោក សំបូរ​ដោយ​ជីវចម្រុះ។ របាយការណ៍​ដដែល​នេះ ក៏​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដែរ ចំពោះ​តំបន់​ព្រៃឈើ​ដ៏​កម្រ​មួយ​នេះ ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ។ រី​ឯ​របាយការណ៍​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​វិញ​បង្ហាញ​ថា ទំហំ​ព្រៃ​ឡង់​បច្ចុប្បន្ន​នៅ​សល់​តែ​ប្រមាណ ៣៦​ម៉ឺន​ហិកតារ​ប៉ុណ្ណោះ ដែល​ពី​មុន​នៅ​ក្នុង​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ​ព្រៃឡង់ គឺ​មាន​ផ្ទៃដី​ទំហំ​ជាង ៦១​ម៉ឺន​ហិកតារ។

ក្រោយពី​ចប់​ធម្មយាត្រា​បំបួស​ឈើ​ក្នុង​ព្រៃឡង់​រួច​មក បណ្ដាញ​ព្រះសង្ឃ​បាន​ដង្ហែ​ញត្តិ​ស្ដីពី​លទ្ធផល​នៃ​ការ​បំបួស​ដើម​ឈើ និង​វត្ថុតាង ជា​ម៉ាស៊ីន​អារ​ឈើ​ប្រាំ​គ្រឿង យក​ទៅ​បង្ហាញ​ស្ថាប័ន​ជាតិ​ធំៗ ដូចជា​រដ្ឋ​សភា ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋបាល​ព្រៃឈើ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា។

​ទោះបីជា​យ៉ាង​ណា​ក្តី ក្នុង​ចំណោម​ស្ថាប័ន​ដែល​ព្រះសង្ឃ​ដង្ហែ​ក្បួន​ដាក់​ញត្តិ មាន​តែ​រដ្ឋបាល​ព្រៃឈើ​ទេ​ដែល​មាន​មន្ត្រី​ចេញ​មក​ទទួល​ញត្តិ។ ប៉ុន្តែ​មន្ត្រី​រូប​នេះ​បដិសេធ​មិន​ប្រាប់​ឈ្មោះ ឬ​តួនាទី​ដល់​សារព័ត៌មាន​ទេ គ្រាន់តែ​បញ្ជាក់​ថា នឹង​យក​ញត្តិ​នោះ​ទៅ​ជូន​មន្ត្រី​ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ព្រៃឈើ៖ «»។

កត្តា​ទាំង​នេះ​ជំរុញ​ឲ្យ​បណ្ដាញ​ព្រះសង្ឃ​រិះគន់​ស្ថាប័ន​ទាំង​នោះ​យ៉ាង​ខ្លាំង។ នៅ​ពេល​ក្រុម​ក្បួន​ព្រះសង្ឃ​ធ្វើ​ធម្ម​យាត្រា​មក​ដល់​វិមាន​រដ្ឋសភា ពុំ​មាន​តំណាងរាស្ត្រ​រូប​ណា​ចេញ​មក​ទទួល​ញត្តិ​ព្រះសង្ឃ​ឡើយ ក្រៅ​ពី​មន្ត្រី​រដ្ឋសភា​ចេញ​មក​ថតរូប​ភាព​ក្រុម​ព្រះសង្ឃ។

​ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ទទួល​បន្ទុក​វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក លោក ប៉ុល ហំម ឲ្យ​ដឹង​ថា នៅ​ពេល​បណ្ដាញ​ព្រះសង្ឃ​មក​ដាក់​ញត្តិ​នៅ​រដ្ឋ​សភា លោក​មិន​បាន​ដឹង​ពី​ការ​ដាក់​ញត្តិ​នេះ​ទេ។ លោក ប៉ុល ហំម បញ្ជាក់​ថា ធម្មតា​នៅ​ពេល​មាន​ការ​ដាក់​ញត្តិ​ដូច​នេះ គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​ទទួល​បន្ទុក​អង្កេត និង​ទទួល​ពាក្យ​បណ្ដឹង​ជា​អ្នក​ចេញ​ទទួល​រួច​ហើយ​ទើប​ចាត់ចែង​ទៅ​គណៈកម្មការ​ផ្សេងៗ​តាម​ជំនាញ៖ «»។

​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ​និង​សាសនា លោក សុះ មុះសិន គាំទ្រ​សកម្ម​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​សង្គម មិន​មែន​ជា​ការ​បម្រើ​ក្រុម​ណា​មួយ។ អ្នក​នាំ​ពាក្យ​រូប​នេះ​ស្នើ​ឲ្យ​បណ្ដាញ​ព្រះសង្ឃ​ធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​របស់​រដ្ឋ៖ «»។

​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ បាន​ប្រមូល​ម៉ាស៊ីន​អារ​ឈើ​ទាំង​នោះ​យក​ទៅ​ទុក​វិញ និង​អះអាង​ថា នឹង​រៀបចំ​ឲ្យ​មាន​រូបភាព​បំបួស​ដើម​ឈើ​ត​ទៅ​ទៀត នៅ​ក្នុង​ខេត្ត​នៅ​តំបន់​ព្រៃឡង់ ដូចជា ខេត្ត​ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​កំពង់ធំ។ ព្រះសង្ឃ​ក៏​មិន​ភ្លេច​ទៅ​ពិនិត្យ​ឡើង​វិញ​នូវ​ព្រៃឈើ​ដែល​បាន​បំបួស​រួច​ហើយ ដើម្បី​ចង់​ដឹង​ថា ឈើ​ទាំង​នោះ​នៅ​គង់វង្ស ឬ​ត្រូវ​ជនខិលខូច​កាប់​បំផ្លាញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។