សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិតាំងសេ ស្រុកអណ្ដូងមាស ខេត្តរតនគិរី មានព្រំដែនជាប់នឹងប្រទេសវៀតណាម អះអាងថា ពលរដ្ឋវៀតណាម នៅតែឆ្លងដែនចូលមកកាប់យកឈើក្នុងដីខ្មែរ ហើយដឹកជញ្ជូនចូលទៅទឹកដីវៀតណាម។
ក្រុមសហគមន៍ចោទប្រកាន់ទៅលើតម្រួតព្រំដែនខ្មែរនៅតំបន់នោះ ថាជាអ្នកឃុបឃិតជាមួយពលរដ្ឋវៀតណាម ទើបមិនមានការបង្ក្រាប។
សហគមន៍រស់នៅភូមិតាំងសេ នៅថ្ងៃទី៥ ខែសីហា អំពាវនាវឲ្យអាជ្ញាធរខេត្តរតនគិរី ស៊ើបអង្កេតករណីពលរដ្ឋវៀតណាម នៅតែបន្តឆ្លងដែនចូលមកកាប់ឈើក្នុងដីខ្មែរខុសច្បាប់ ដោយគ្មានការទប់ស្កាត់ពីសមត្ថកិច្ចមូលដ្ឋានឡើយ។
តំណាងសហគមន៍ លោក កាឡាន ឌៀន ចោទប្រកាន់មន្ត្រីប៉ុស្តិ៍ការពារព្រំដែនផាតាម ថាជាអ្នកនៅពីក្រោយសកម្មភាពរបស់ពលរដ្ឋវៀតណាម ដែលបានឆ្លងដែននៅវេលាយប់ មកកាប់ឈើ ហើយដឹកជញ្ជូនដោយរ៉ឺម៉កសណ្ដោង ឬរទេះគោ និងរទេះគោយន្ត។ លោកថា សហគមន៍ល្បាតក្នុងព្រៃ ប្រទះឃើញ និងចាប់រឹបអូសសម្ភារៈប្រព្រឹត្តបទល្មើសព្រៃឈើពីពលរដ្ឋវៀតណាម ទាំងនោះ ប្រគល់ជូនអាជ្ញាធរមូលដ្ឋានច្រើនករណី៖ «សហគមន៍មិនឲ្យវៀតណាម ចុះមកធ្វើក្នុងព្រៃកម្ពុជា ទេ។ សហគមន៍ហាម ប៉ុន្តែហាមមិនបាន ពីព្រោះប៉ុស្តិ៍ផាតាម បើកឲ្យរហូត ដល់ពេលយើងទៅសួរប៉ុស្តិ៍ផាតាម ប៉ុស្តិ៍ផាតាម ថាមិនមែនពួកខ្ញុំបើកទេ គេមកលួចលាក់ទេ»។
កាលពីខែកក្កដា សហគមន៍ភូមិតាំងសេ បានរឹបអូសត្រាក់ទ័រមួយគ្រឿង និងឧបករណ៍ស្ទូច និងឧបករណ៍កាត់ឈើរបស់ជនជាតិវៀតណាម ម្នាក់ឈ្មោះ ធិញ ដែលបានចូលមកស្នាក់នៅក្នុងភូមិ ហើយត្រូវរ៉ូវជាមួយអាជ្ញាធរចូលកាប់ឈើនៅពេលយប់ ហើយដឹកជញ្ជូនឆ្លងដែនតាមចន្លោះច្រករបៀងព្រំដែនប៉ុស្តិ៍ផាតាម និងប៉ុស្តិ៍ផាសាវ។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែសីហា មិនអាចទាក់ទងមេបញ្ជាការប៉ូលិសការពារព្រំដែនវរៈ៦២៣ លោក ងួន សុវណ្ណា សុំបញ្ជាក់ពីការចោទប្រកាន់នេះបានទេ។
ក៏ប៉ុន្តែ មេភូមិតាំងសេ លោក រចំ ហឺច ទទួលស្គាល់ថា កន្លងទៅ សហគមន៍ពិតជារឹបអូសបានគ្រឿងសម្ភារៈរបស់ពលរដ្ឋវៀតណាម ឆ្លងដែនមកកាប់ឈើក្នុងដីខ្មែរប្រាកដមែន។ លោកថា បានធ្វើកំណត់ហេតុរឿងនេះជូនមន្ត្រីរដ្ឋបាលព្រៃឈើ ក៏ប៉ុន្តែវត្ថុតាងបទល្មើស ត្រូវបានគេរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនៅឡើយ៖ «សហគមន៍ល្បាតគេចុះទៅមុន ព្រលឹមឡើងគេជួបតែម្តង។ ថ្ងៃមេព្រៃមកធ្វើកំណត់ហេតុហើយ»។
ទាក់ទិនករណីនេះដែរ អភិបាលស្រុកអណ្ដូងមាស លោក នង ដារិទ្ធ មានប្រសាសន៍បញ្ជាក់ថា កន្លងទៅនេះ សហគមន៍មិនព្រមសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីទប់ស្កាត់ករណីនេះទេ។ ម្យ៉ាងទៀត សហគមន៍ក៏មិនមានព័ត៌មានជាក់លាក់ស្ដីពីបទល្មើសឆ្លងដែននេះដូចគ្នា៖ «ប៉ូលិសយើងឃុំញ៉ាង មានប៉ុន្មានដើរអស់ គាត់ឲ្យដំណឹងមកថាអ៊ីចេះៗ ទៅវាល្អ ប្រាប់មកថាកន្លែងណាៗគេទៅមើលហេតុផលច្បាស់លាស់។ គាត់ចេះតែដើរស្រែកតែអ៊ីចឹង»។
របាយការណ៍អង្កេតរបស់មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (adhoc) ខេត្តរតនគិរី បង្ហាញថា ជនជាតិវៀតណាម ម្នាក់មានឈ្មោះ ធិញ ជាឈ្មួញរកស៊ីឈើមានតម្លៃឆ្លងដែន បានចូលមកស្នាក់នៅក្នុងភូមិតាំងសេ មានការដឹងឮពីមន្ត្រីភូមិឃុំ ជាពិសេសតម្រួតព្រំដែន បានអនុញ្ញាតឲ្យឈ្មោះ ធិញ ឆ្លងដែនចេញចូលតំបន់នោះបានគ្រប់ពេលវេលា។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក លោក ឆាយ ធី ខេត្តរតនគិរី មានប្រសាសន៍បញ្ជាក់ថា សហគមន៍បានធ្វើពាក្យប្ដឹងពីជនជាតិវៀតណាម ឈ្មោះ ធិញ នេះថា ជាមេខ្លោងកាប់ឈើនាំចូលទៅប្រទេសវៀតណាម ដោយមានការគាំពារពីមន្ត្រីមូលដ្ឋាន និងតម្រួតព្រំដែននៅតំបន់នោះ។ លោកថា កំពុងអង្កេតករណីនេះដើម្បីធ្វើរបាយការណ៍ សុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចពាក់ព័ន្ធ ឲ្យចាត់វិធានការផ្លូវច្បាប់ទៅលើជនជាប់សង្ស័យនេះ៖ «គឺនៅតំបន់នោះដឹកនាំកាប់ឈើដោយថៅកែវៀតណាម ខាងសហគមន៍ក៏បានរឹបអូសគ្រឿងសម្ភារៈមួយចំនួន អ៊ីចឹងហើយសហគមន៍កំពុងរៀបចំពាក្យបណ្ដឹងអ្នកនៅមូលដ្ឋាន បណ្តែតបណ្តោយឲ្យវៀតណាម ចូលធ្វើឈើនៅតំបន់ហ្នឹង»។
របាយការណ៍របស់សហគមន៍ភូមិតាំងសេ ចាប់ពីដើមឆ្នាំ២០១៥ រហូតមក ក្រុមល្បាតសហគមន៍រឹបអូសបានម៉ូតូ រណារយន្តកាត់ឈើ ត្រាក់ទ័រ និងឧបករណ៍ស្ទូចឈើពីពលរដ្ឋវៀតណាម កំពុងកាប់ឈើក្នុងដីខ្មែរ។ វត្ថុតាងទាំងនោះ សហគមន៍ប្រគល់ជូនអាជ្ញាធរភូមិឃុំ ក៏ប៉ុន្តែមិនឃើញមានចំណាត់ការបង្ក្រាបករណីនេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
