ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ចោទ​ក្រុមហ៊ុន​របស់​ចិន​ថា​កាប់​ឈើ​ឧទ្យាន​ជាតិ​រាម

0:00 / 0:00

ប្រជាពលរដ្ឋ​ឃុំ​រាម ខេត្ត​ព្រះសីហនុ ចោទ​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន ឈ្មោះ យិះ​ចៀ (Yee Jia) ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ថា​បាន​កាប់​ឈើ​អនាធិបតេយ្យ​ផ្ទុយ​ពី​កិច្ចសន្យា ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល។

បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ សន្យា​ពិនិត្យ​ពី​សកម្មភាព​មិន​ប្រក្រតី​នៃ​សកម្មភាព​កាប់​ឈើ​របស់​ក្រុមហ៊ុន យិះ​ចៀ នៅ​ក្នុង​ឧទ្យាន​ជាតិ​រាម ដើម្បី​មាន​វិធានការ។

សំឡេង​ម៉ាស៊ីន​អារ​ឈើ ឬ​រណា​ង៉ោង បាន​លាន់​ឮ​រំពង​ចេញ​ពី​តំបន់​ខ្លះ​នៃ​ឧទ្យាន​ជាតិ​ព្រះសីហនុ ឬ​ឧទ្យាន​ជាតិ​រាម ដែល​ក្រុមហ៊ុន យិះ​ចៀ របស់​ប្រទេស​ចិន ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​អភិវឌ្ឍ​វិស័យ​ទេសចរណ៍។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ជា​បុគ្គលិក​ក្រុមហ៊ុន យិះ​ចៀ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា រាល់​ថ្ងៃ​នេះ ក្រុមហ៊ុន យិះ​ចៀ បាន​កាប់​ឈើ​អនាធិបតេយ្យ​នៅ​ក្នុង​ឧទ្យាន​ជាតិ​រាម​ពិត​មែន។

កម្មករ​ស៊ី​ឈ្នួល​កាប់​ឈើ​ឲ្យ​ក្រុមហ៊ុន យិះ​ចៀ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​ផ្តល់​លុយ​ចំនួន ២០​ម៉ឺន​រៀល ក្នុង​ការ​ផ្ដួល​រំលំ ឬ​ច្រៀក​ឈើ​១​ម៉ែត្រ​គូប។ ការ​ពុះ​ច្រៀក​នោះ មិន​មាន​ឈើ​ប្រណីត​ទេ ប៉ុន្តែ​ជា​ប្រភេទ​ឈើ​គគីរ​សាច់ ឬ​ដើម​ចំបក់ ជាដើម។

បុគ្គលិក​ក្រុមហ៊ុន យិះ​ចៀ ថ្លែង​ថា សកម្មភាព​របស់​ក្រុមហ៊ុន យិះ​ចៀ ហាក់​មាន​ភាព​អាថ៌កំបាំង ព្រោះ​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​នេះ គឺ​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ដើរ​ឆ្លង​កាត់​ដោយ​សេរី​ទេ សូម្បី​តែ​បុគ្គលិក ឬ​កម្មករ​ក្រុមហ៊ុន​ក្តី។ ប្រជាពលរដ្ឋ​បញ្ជាក់​ថា នៅ​តាម​ច្រក​ចេញ​ចូល​ទៅ​កាន់​ក្រុមហ៊ុន គឺ​បាន​ពង្រាយ​សមត្ថកិច្ច​ប្រដាប់​អាវុធ​ឈរ​យាម​កាម​តឹងរ៉ឹង។ សូម្បី​តែ​អាជ្ញាធរ​មូលដ្ឋាន ឬ​មន្ត្រី​សង្គម​ស៊ីវិល​ជាដើម ក៏​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​នោះ​ទេ។

ទាក់ទិន​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ទាហាន​យាម​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​របស់​ក្រុមហ៊ុន យិះ​ចៀ បាន​ហាម​មិន​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​រាម ដែល​ជូន​ដំណើរ​មន្ត្រី​អង្គការ​លីកាដូ (Licadho) និង​អាដហុក (Adhoc) ដើម្បី​ចូល​ជួប​ពលរដ្ឋ​រស់នៅ​តាម​ភូមិ​មួយ​ចំនួន​មាន​ទីតាំង​ក្នុង​បរិវេណ​ក្រុមហ៊ុន យិះ​ចៀ ទេ ព្រោះ​ជា​បទបញ្ជា​មេ និង​ក្រុមហ៊ុន។

អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ឃុន សារឿន ទទួល​ស្គាល់​ថា ឆ្មាំ​យាម​ក្រុមហ៊ុន យិះ​ចៀ មាន​ឯកសណ្ឋាន​កងទ័ព ពិត​ជា​បាន​ដាក់​បម្រាម​តឹងរ៉ឹង គឺ​មិន​ឲ្យ​មនុស្ស​ចេញ​ចូល​ទៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន យិះ​ចៀ តាម​ផ្លូវ​កៅស៊ូ​ដែល​ក្រុមហ៊ុន​នេះ​ស្ថាបនា​ពិត​មែន។ បន្ថែម​លើ​នេះ ក្រុមហ៊ុន យិះ​ចៀ ពិត​ជា​បាន​កាប់​ឈើ​នៅ​ក្នុង​ឧទ្យាន​ជាតិ​រាម ដែល​ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​វិនិយោគ ដើម្បី​សង់​សំណង់​ផ្សេងៗ​នៅ​ក្នុង​ក្រុមហ៊ុន​ថែម​ទៀត។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បង្ហាញ​មន្ទិល​សង្ស័យ​ចំពោះ​សកម្មភាព​របស់​ក្រុមហ៊ុន យិះ​ចៀ ថា​បាន​អនុវត្ត​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​វិនិយោគ​ជាមួយ​រដ្ឋាភិបាល។ លោក​ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ ពិសេស​ប្រមុខ​រាជ​រដ្ឋាភិបាល ជួយ​ស៊ើប​អង្កេត​ចំពោះ​សកម្មភាព​ក្រុមហ៊ុន យិះ​ចៀ ដែល​មាន​ភាព​អាថ៌កំបាំង​ឲ្យ​បាន​ឆាប់។

ទាក់ទិន​បញ្ហា​នេះ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា មិន​បាន​ដឹង​រឿង​នេះ​ទេ ប៉ុន្តែ​លោក​ថា​នឹង​បញ្ជូន​មន្ត្រី​ចុះ​ពិនិត្យ​សកម្មភាព​របស់​ក្រុមហ៊ុន យិះ​ចៀ ឲ្យ​ដឹង​ការ​ពិត។ លោក​សង្កត់​ធ្ងន់​ថា បើ​សិន​ជា​មាន​ករណី​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដូច​ពលរដ្ឋ​លើក​ឡើង​ពិត​មែន គឺ​ក្រុមហ៊ុន ​យិះ​ចៀ បាន​អនុវត្ត ឬ​ធ្វើ​សកម្មភាព​រំលោភ​លើ​កិច្ចសន្យា​វិនិយោគ​ជាមួយ​រដ្ឋាភិបាល។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុមហ៊ុន យិះ​ចៀ របស់​ប្រទេស​ចិន ជុំវិញ​បញ្ហា​ទាំង​ឡាយ​ដែល​ប្រជាពលរដ្ឋ​បាន​ចោទ និង​មន្ទិល​សង្ស័យ​របស់​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ទេ។

ប៉ុន្តែ កម្លាំង​ទាហាន​ដែល​ស្លៀក​ពាក់​ប៉ារ៉ា​ប្រចាំ​ការ​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ចេញ​ចូល​ក្រុមហ៊ុន យិះ​ចៀ ឲ្យ​ដឹង​ថា ពួក​គេ​បាន​ទទួល​បញ្ជា​ពី​មេ និង​ថៅកែ​ក្រុមហ៊ុន គឺ​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ ឆ្លង​កាត់​ចូល​ទៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​បាន​ទេ លើក​លែង​តែ​ពលរដ្ឋ​មាន​លំនៅឋាន​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន យិះ​ចៀ ទើប​អនុញ្ញាត​ឲ្យ​ឆ្លង​កាត់​ជា​ធម្មតា។

ក្រុមហ៊ុន យិះ​ចៀ ធូរីហ្សឹម ឌឹវេឡុបមេន របស់​ប្រទេស​ចិន បាន​ទទួល​សិទ្ធិ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​វិនិយោគ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ ដែល​មាន​ទំហំ​ផ្ទៃ​ដី​សរុប​ចំនួន ៣.៣០០​ហិកតារ​ក្នុង​រយៈពេល ៩៩​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។