អ្នក​ភូមិ​កោះគ​ព្រមាន​តវ៉ា​រហូត​បិទ​ផ្លូវ​បើ​អាជ្ញាធរ​មិន​បញ្ឈប់​ការ​បូម​ខ្សាច់​នៅ​តំបន់​ពួក​គាត់

ដោយ ឡេង ម៉ាលី
2017.06.11
តវ៉ា​បញ្ឈប់​បូម​ខ្សាច់ ស្អាង ២០១៧ ១៤៤០ អ្នក​ភូមិ​កោះគ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល លើក​បដា​តវ៉ា​រក​អន្តរាគមន៍​ពី​អាជ្ញាធរ ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ពី​បាត​ទន្លេ​ក្នុង​តំបន់​ពួក​គាត់​រស់នៅ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA

អ្នក​ភូមិ​កោះគ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល ជាង ១០០​នាក់ នាំ​គ្នា​លើក​បដា​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ដើម្បី​រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ពី​បាត​ទន្លេ​ក្នុង​តំបន់​ពួក​គាត់​រស់នៅ ដោយសារ​តែ​ពួក​គាត់​ព្រួយ​បារម្ភ​អំពី​ការ​បាក់​ច្រាំង​ទន្លេ។

អ្នក​ភូមិ​កោះគ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ទាំង​ជាង ១០០​នាក់ ដែល​រស់នៅ​ជាប់​មាត់​ទន្លេ​បាសាក់​ត្រើយ​ខាង​លិច តាម​បណ្ដោយ​ផ្លូវ​លេខ​២១ (A) នាំ​គ្នា​លើក​បដា​តវ៉ា ព្រោះ​តែ​ពួក​គាត់​បារម្ភ និង​ខ្លាច​បាក់​ដី​ច្រាំង និង​ផ្ទះ​ចូល​ទៅ​ក្នុង​ទន្លេ​ជា​បន្ត​ទៀត។

លោកស្រី លាង ស៊ុនហេង អ្នក​ភូមិ​កោះគ មាន​ប្រសាសន៍​នៅ​ឯ​កន្លែង​ច្រាំង​ទន្លេ​ដែល​បាន​បាក់​កាល​ពី​ពេល​ថ្មីៗ​ថា ការ​តវ៉ា​នេះ​ព្រោះ​ចង់​បាន​អន្តរាគមន៍​ពី​អាជ្ញាធរ ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ពី​បាត​ទន្លេ​ក្នុង​តំបន់​ពួក​គាត់​ត​ទៅ​ទៀត«បញ្ឈប់​ពី​ថ្ងៃ​ហ្នឹង​ទៅ ឈប់​បូម​ខ្សាច់ ព្រោះ​បូម​ខ្សាច់​ហ្នឹង​ប៉ះ​ពារ​ដល់​ប្រជាពលរដ្ឋ​បាក់​ដី​បាក់​ផ្ទះ​ច្រើន​ណាស់ តាម​ដង​ទន្លេ​អត់​មាន​ដី​នៅ​ទេ។ ឥឡូវ​ចាប់​ស្រុត​អស់​ច្រើន​ណាស់»

បដា​ដែល​ពួក​គាត់​លើក​នៅ​ទីនោះ​សរសេរ​ថា "បូម​ខ្សាច់ បំផ្លាញ​សហគមន៍ និង​ទន្លេ​ពួក​ខ្ញុំ" "យើង​មិន​ចង់​បាន​ការ​បូម​ខ្សាច់​ទេ" ហើយ​ថា "ការ​បូម​ខ្សាច់ រំខាន​មក​ដល់​ពួក​ខ្ញុំ"

អ្នក​មាន​ផ្ទះ​នៅ​ច្រាំង​ទន្លេ គឺ​លោក វ៉ាន់ ភា និង​លោក លី ហួត មាន​ប្រសាសន៍​ថា ពួក​លោក​ដែល​រស់នៅ​ទីនោះ រង​ការ​លំបាក និង​ការ​រំខាន​ជាច្រើន​ពី​ម៉ាស៊ីន​បូម​ខ្សាច់«ក្រៅ​ពី​សំឡេង បញ្ហា​រំខាន គឺ​គាត់​ចេញ​ចូល​សាឡង់​ដែល​គាត់​ដឹក​ខ្សាច់​មក​ពេញៗ​ហ្នឹង ធ្វើ​ឲ្យ​ប៉ះពាល់​ច្រាំង​នៅ​ក្បែរៗ​ហ្នឹង ដែល​អាច​នឹង​ឲ្យ​បាក់។ គាត់​បូម​ពី​កណ្ដាល​មក គាត់​យក​អា​ដី​បូម​ឡើង​វិញ។ បូម​អ៊ូ​ដើម្បី​ចេញ​ខ្សាច់​ទៅ វា​ញ័រ ហើយ​រំខាន​ថ្លង់ គឺ​និយាយ​ស្ដាប់​គ្នា​អត់​បាន ហើយ​ក្នុង​មួយ​ថ្ងៃ​ហ្នឹង គឺ​បូម​ពី​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង ៦​ល្ងាច​វិញ។ សំណូមពរ​គាត់​ថា​ឲ្យ​ឈប់​រយៈពេល​ម៉ោង ១១ ទៅ​ដល់​ម៉ោង ១២​កន្លះ ក៏​អត់​ដែល​បាន​ឈប់​ទេ។ តែ​បាន​បូម គឺ​ចេញ​មួយ​ចូល​មួយ​រហូត»

យុវជន​មាតា​ធម្មជាតិ គឺ​លោក ថុន រដ្ឋា បដិសេធ​ការ​សង្ស័យ​ថា លោក​ជា​អ្នក​ដឹកនាំ​ការ​តវ៉ា​នេះ ហើយ​ថា​លោក​ជា​យុវជន​ត្រូវ​តែ​ឈឺ​ឆ្អាល​ចំពោះ​ការ​បារម្ភ​ពី​ការ​បូម​ខ្សាច់​នេះ«គ្មាន​ការ​អូស​ទាញ​ពី​ខ្ញុំ​ទេ គឺ​គាត់​ប្រើ​ការ​ឈឺ​ចាប់​របស់​គាត់​រយៈពេល​ជិត​មួយ​ឆ្នាំ​នៃ​ការ​បូម​ខ្សាច់ ដែល​ធ្វើ​ឲ្យ​គាត់​មាន​បញ្ហា​ទាក់ទង​នឹង​ការ​បាក់​ដី​ដូច​យើង​ឃើញ​ស្រាប់ ហើយ​មួយ​ទៀត​ទឹក​ល្អក់​នៅ​កន្លែង​ហ្នឹង បរិស្ថាន​ប៉ះពាល់ ហើយ​គាត់​ថា​ខ្សាច់​មួយ​ចំនួន គឺ​បូម​តែ​កន្លែង​ដដែលៗ។ អា​ហ្នឹង​វា​ជា​ការ​ឈឺ​ចាប់ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ថា​ជា​យុវជន មិន​ថា​ជា​នរណា ស្ថាប័ន​ណា​ទេ គាត់​អាច​មាន​សិទ្ធិ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ចូលរួម​ការងារ​ការពារ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ដែល​ទន់​ខ្សោយ ដែល​ត្រូវ​បាន​ខាង​រដ្ឋ​រំលោភ​ធ្វើ​បាប​រំលោភ​ពួក​គាត់»

អ្នក​ភូមិ​វ័យ ៧៨​ឆ្នាំ លោក ស្រ៊ុន ប្រៀបធៀប​ថា តាំង​ពី​ដូនតា​លោក​មក តំបន់​កោះគ មិន​សូវ​បាក់​ច្រាំង​ទេ ហើយ​បាក់​ខ្លាំង​ក្រោយ​ពេល​មាន​ការ​បូម​ខ្សាច់«តាំង​ពី​សម័យ សីហនុ មក វា​មិន​ដែល​បាក់​ថ្នល់​ជាតិ​នេះ​ទេ។ វា​បាក់​ដែរ បាក់​ជាយៗ​បន្តិចៗ ហើយ​វា​ដុះ​វិញ។ ដល់​ឥឡូវ​វា​ខ្លាំង​រូង​ប្រេះ​រហូត​ជិត (ឃុំ) សិត្បូ ឯណោះ ប្រេះ​ដី​ហែក​ទៅ​ទន្លេ​តែ​ម្ដង ហើយ​ក្នុង​នេះ កណ្ដាល​ថ្នល់​នេះ ស្វាន​តែ ១៥​ម៉ែត្រ គឺ​សុទ្ធតែ​ខ្សាច់ តែ​បូម​ទៅ​វា​ទាញ​ទៅ​ហើយ»

អ្នក​ដាំ​បន្លែ​នៅ​ភូមិ​កោះគ លោក ហែម ហឿន បារម្ភ​ពី​ការ​បាក់​ផ្ទះ​ចូល​ទន្លេ បន្ទាប់​ពី​មាន​ផ្ទះ​ចំនួន ៩​ខ្នង បាក់​កាល​ពី​ពេល​ថ្មីៗ​នេះ«ខ្ញុំ​ដាំ​បន្លែ​ដាំ​អី ហើយ​ធ្វើ​ផ្ទះ​មាត់​ទន្លេ កាលណា​បាក់ ខ្ញុំ​មាន​លុយ​ឯណា​ធ្វើ​ផ្ទះ? ផ្ទះ​មួយៗ តែ​កូន​ខ្ទម​មួយ​ធ្វើ​អស់​មួយ​ពាន់​ទៅ​ពីរ​ពាន់​ដុល្លារ យើង​មិន​ចង់​បាន​នៅ​ផង។ អ៊ីចឹង​ខ្ញុំ​សំណូមពរ​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ការ​បូម​ខ្សាច់។ បូម​បាក់​អស់​ហើយ​ផ្ទះ​ប្រជាពលរដ្ឋ មិន​មែន​តែ​ផ្ទះ​ខ្ញុំ​មួយ​ទេ»

នៅ​ថ្ងៃ​ដែល​អ្នក​ភូមិ​តវ៉ា មាន​សាឡង់​បូម​ខ្សាច់​ជាង ១០​គ្រឿង​នៅ​ចត​ទីនោះ ប៉ុន្តែ​មិន​បាន​បូម​ទេ ដោយ​កម្មករ​ប្រាប់​ថា ម៉ាស៊ីន​ខូច។ ទាំង​អ្នក​ភូមិ និង​កម្មករ មិន​ដឹង​ថា​ក្រុមហ៊ុន​មាន​ឈ្មោះ​អ្វី​ទេ។

ឆ្លើយតប​ការ​តវ៉ា និង​រក​អន្តរាគមន៍​របស់​អ្នក​ភូមិ​កោះគ អំពី​បញ្ហា​បូម​ខ្សាច់​នេះ អភិបាល​រង​ខេត្ត​កណ្ដាល លោក ខឹម ច័ន្ទគិរី ប្រាប់​ទៅ​អ្នក​ភូមិ​ថា បាត​ទន្លេ​នៅ​តំបន់​ច្រាំង​បាក់​ដែល​ពលរដ្ឋ​តវ៉ា​នេះ​មាន​ជម្រៅ​ជ្រៅ​ហើយ ហើយ​ខេត្ត​មិន​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​បូម​ខ្សាច់​នៅ​ទីនេះ​ទេ។ លោក​នឹង​យក​បញ្ហា​នេះ​បញ្ជូន​ទៅ​ក្រសួង​រ៉ែ និង​ឋាមពល«កន្លែង​នេះ​ហានិភ័យ ខ្ញុំ​ទទួល​ស្គាល់។ អ៊ីចឹង​បើ​សិន​មាន​ការ​ល្មើស​ពី​ក្រុមហ៊ុន​ណា​មួយ​បន្ត​ល្មើស​នឹង​បទបញ្ជា គឺ​ត្រូវ​បិទ​ទាំងស្រុង​តែ​ម្ដង។ ដាក់ black list (ដាក់​ក្នុង​បញ្ជី​ខ្មៅ) បើ​សិន​ជា​មាន​ការ​ចាំបាច់។ អា​នេះ (ខ្ញុំ) ចង់​បញ្ជាក់​ជូន​អ៊ីចឹង ហើយ​យើង​ខិតខំ​ដោះ​រហូត បង​ប្អូន​នៅ​ទីនេះ​ជ្រាប​ហើយ ខ្ញុំ​មក​ញឹក​ជាង​គេ​ជាមួយ​ឯកឧត្ដម ហេង ចាន់ធួន។ តែ​បើ​ថា​ឲ្យ​ឥត​ខ្ចោះ​តែ​ម្ដង វា​អត់​ទាន់​បាន ប៉ុន្តែ​យើង​ខិតខំ​រក​ចំណុច​ប្រសព្វ​ជួប​ដើម្បី​ស្រាយ»

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​អភិបាល​រង​ខេត្តដដែល​ថា ការ​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​បូម​ខ្សាច់​បាន រដ្ឋាភិបាល​ជា​អ្នក​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​បរិស្ថាន ហៅ​កាត់​ថា EIA។ លោក​មិន​អាច​ឆ្លើយ​ប្រាប់​ពី​បញ្ហា​នេះ​បាន​ទេ ព្រោះ​លោក​មិន​មែន​ជា​អ្នក​ជំនាញ​បច្ចេកទេស។

អ្នក​ភូមិ​បាន​សម្រេច​រំសាយ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ដដែល ដោយ​រង់ចាំ​មើល​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​ដែល​ចុះ​មក​អន្តរាគមន៍។ ប៉ុន្តែ​អ្នក​ភូមិ​ថា​នឹង​តវ៉ា​រហូត​ដល់​បិទ​ផ្លូវ ប្រសិន​បើ​ការ​បូម​ខ្សាច់​នេះ​នៅ​តែ​បន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។