អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា​បារម្ភ​ពី​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​អារ៉ែង​និង​អាតៃ

ក្រោយ​ពី​ចុះ​សិក្សា​អំពី​ផល​ប៉ះពាល់​ធនធាន​ធម្មជាតិ ដោយសារ​ទំនប់​វារីអគ្គិសនី​អាតៃ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ និង​ទីតាំង​គ្រោង​សង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង ក្នុង​ខេត្ត​កោះកុង អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា ត្រៀម​រៀប​ចំ​យុទ្ធសាស្ត្រ​ការពារ​ធនធាន​ធម្មជាតិ នៅ​តំបន់​ស្ទឹង​អារ៉ែង ជូន​រដ្ឋាភិបាល​កម្ពុជា។

0:00 / 0:00

អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ធនធាន​ធម្មជាតិ និង​ចៀសវាង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​ភូមិ​ដ្ឋាន​របស់​គាត់ ដើម្បី​យក​ទីតាំង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ខេត្ត​កោះកុង។

តំណាង​អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា លោក យុក សេងឡុង ថ្លែង​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ថា ការ​ចុះ​សិក្សា​១​សប្ដាហ៍​នៅ​ទំនប់​វារីអគ្គិសនី​អាតៃ ខេត្ត​ពោធិ៍សាត់ និង​ការ​រស់​នៅ​របស់​ជនជាតិ​ជង ក្នុង​តំបន់​គ្រោង​សង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង មក សមាជិក​អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា ដែល​មាន​ជិត ៣០​អង្គការ​ជាតិ និង​អន្តរជាតិ កំពុង​ប្រជុំ​ដើម្បី​រៀប​ចំ​យុទ្ធសាស្ត្រ​ដាក់​ជូន​រាជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ជួយ​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​ស្ទឹង​អារ៉ែង ដែល​គ្រោង​នឹង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង។ យុទ្ធសាស្ត្រ​នោះ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ផល​ប៉ះពាល់​ធនធាន​ធម្មជាតិ និង​ការ​ជម្លៀស​ពលរដ្ឋ​កាន់​តែ​តិច។

លោក​បន្ត​ថា ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង នឹង​ធ្វើ​ឲ្យ​ធនធាន​ធម្មជាតិ​ដង​ភ្នំ​ក្រវាញ​ភាគ​កណ្ដាល បាត់​បង់។ លោក​បន្ថែម​ថា តំបន់​ស្ទឹង​អារ៉ែង គួរ​តែ​ប្ដូរ​ពី​ទំនប់​វារីអគ្គិសនី​ទៅ​តំបន់​ទេសចរណ៍​ធម្មជាតិ​វិញ អាច​មាន​ប្រយោជន៍​ដល់​សហគមន៍​ជនជាតិ​ដើម​ជង ផង ហើយ​រដ្ឋាភិបាល​នឹង​រក្សា​បាន​ធនធាន​ព្រៃ​ធម្មជាតិ​ផង៖ «ផល​ប៉ះពាល់​ដែល​នឹង​ត្រូវ​កើត​មាន​ដល់​តំបន់​ស្ទឹង​ឆាយ​អារ៉ែង ពិសេស​ជាង​គេ គឺ​ជីវចម្រុះ​ធនធាន​ធម្មជាតិ​ប្រភេទ​សត្វ​កម្រ និង​ប្រជាជន​ដើម​របស់​យើង ដែល​រស់​នៅ​ក្នុង​តំបន់​ស្ទឹង​ឆាយ​អារ៉ែង ក្នុង​ស្រុក​ថ្មបាំង»

ស្ថាបនិក​នៃ​អង្គការ​មាតា​ធម្មជាតិ លោក អេឡិច ថ្លែង​ថា នៅ​សប្ដាហ៍​ទី​២ និង​ទី​៣ ក្នុង​ខែ​ធ្នូ អង្គការ​នេះ​នឹង​មាន​ការ​ធ្វើ​ដំណើរ​ពី​កន្លែង​គ្រោង​សង់​ទំនប់​វារីអគ្គិសនី ចាប់​ពី​ភូមិ​ចំណារ ជា​ភូមិ​ចុង​ក្រោយ​នៃ​ឃុំ​ប្រឡាយ ស្រុក​ថ្មបាំង ខេត្ត​កោះកុង ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ក្នុង​រយៈពេល​ជាង ២​សប្ដាហ៍​ក្នុង​ដំណើរ​ចម្ងាយ​ផ្លូវ​ប្រមាណ ៣០០​គីឡូម៉ែត្រ។ ការ​ធ្វើ​ដំណើរ​ដោយ​ជើង​នោះ ក្នុង​បំណង​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ចិន និង​ទៅ​ក្រសួង​ខ្លះ​ក្នុង​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​ចុង​ក្រោយ និង​ធនធាន​រ៉ែ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង។

លោក​បន្ត​ថា ប្រទេស​កម្ពុជា ពិត​ណាស់​ត្រូវ​ការ​អភិវឌ្ឍ និង​កំពុង​ខ្វះ​ភ្លើង​អគ្គិសនី​ប្រើប្រាស់ ប៉ុន្តែ​មិន​គួរ​សង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​ព្រៃ​ធម្មជាតិ​ដែល​សេសសល់​ចុង​ក្រោយ​ទេ៖ «ប្រសិន​បើ​រដ្ឋាភិបាល​ចង់​អភិវឌ្ឍ​ក្នុង​គោល​បំណង​កាត់​បន្ថយ​ភាព​ក្រីក្រ​តំបន់​អារ៉ែង មាតា​ធម្មជាតិ​ក៏​ដូច​ជា​សហគមន៍​ចូល​រួម​ដែរ ប៉ុន្តែ​យើង​មិន​មែន​អភិវឌ្ឍ​ធ្វើ​វារីអគ្គិសនី តែ​យើង​អភិវឌ្ឍ​ធ្វើ​ជា​កន្លែង​ទេសចរណ៍​ធម្មជាតិ សម្រាប់​ជា​ប្រយោជន៍​សហគមន៍ ហើយ​និង​ប្រយោជន៍​ខេត្ត​កោះកុង ដែល​អនាគត​នឹង​ទទួល​បាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ច្រើន ដើម្បី​យើង​កាត់​បន្ថយ​ភាព​ក្រីក្រ ហើយ​និង​អភិវឌ្ឍ​សេដ្ឋកិច្ច»

ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង នឹង​ផលិត​បាន​ថាមពល​អគ្គិសនី​បាន ១០៨​មេហ្គាវ៉ាត់ នៅ​ក្នុង​រដូវ​វស្សា។ តែ​បើ​នៅ​រដូវ​ប្រាំង ថាមពល​អគ្គិសនី​ផលិត​បាន ៦០​មេហ្គាវ៉ាត់​ទេ។ គម្រោង​ទំនប់​នោះ​បាន​សិក្សា​ផល​ប៉ះពាល់​តាំង​ពី​ឆ្នាំ​២០០៦ ដោយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន ឈ្មោះ ឆាយណា ផៅវើ ហ្រ្គីដ (China Power Grid) បន្ទាប់​មក​ក្រុមហ៊ុន​ចិន ឈ្មោះ ឆាយណា ហ្គ័ទៀន ហីដ្រូផៅវើ (China GOUDIAN Hydropower)។

ប្រភព​ពី​មន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ថា ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង តាម​ការ​លើក​គម្រោង​សាងសង់ គ្រោង​ចំណាយ​ថវិកា​អស់​ជាង ៤០០​លាន​ដុល្លារ គិត​ទាំង​សំណង ការ​អូស​ខ្សែ និង​ផល​ប៉ះពាល់​ផ្សេង​ទៀត។ លោក​ថា គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង កំពុង​សិក្សា​នា​ពេល​បច្ចុប្បន្ន​ដោយ​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​ឈ្មោះ ស៊ីនណូហាយដ្រូ រីសស (Sinohydro Resources )។ ការ​សិក្សា​ថ្មី​នេះ គឺ​ឲ្យ​លម្អិត និង​ស៊ី​ជម្រៅ​ពី​ផល​ប៉ះពាល់​ធនធាន​ព្រៃ​ឈើ និង​មនុស្ស​ក្នុង​តំបន់​ឲ្យ​កាន់​តែ​តិច។ ទើប​រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​ចុះ​ហត្ថលេខា​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​ចូល​សង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​ស្ទឹង​អារ៉ែង នៅ​ឡើយ។

អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា នឹង​ដាក់​យុទ្ធសាស្ត្រ​ការពារ​ធនធាន​ធម្មជាតិ​ដង​ភ្នំ​ក្រវាញ​ភាគ​កណ្ដាល ជូន​ទៅ​រដ្ឋាភិបាល​កម្ពុជា នៅ​ចុង​សប្ដាហ៍​ទី​៤ នៃ​ខែ​វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។